rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាកាសធាតុ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រុមអ្នកវិទ្យាសាស្ត្រ៖​កម្ពស់​​ទឹកសមុទ្រ​​​នឹង​កើន​ឡើង​​​​ ​ទោះ​​​​ធ្វើតាម​​​កិច្ចព្រមព្រៀង​​អាកាសធាតុ​ក្រុង​ប៉ារីស​​

media
រូបថត​អង្កការ​​ Nasa បង្ហាញ​ពី​ការ​​រលាយ​ទឹកកក​នៅ​កោះ​ Svalbard នៅ​នរវែស ឆ្នាំ​២០១៥។ REUTERS/NASA/Handout

ក្រុម​អ្នកវិទ្យាសាស្ត្រ​វិទ្យាស្ថាន​Potsdam បាន​ចុះផ្សាយ​ការ​សិក្សា​ទាក់ទង​នឹង​ការកើន​កម្ពស់​ទឹកសមុទ្រ និង​បាន​ព្រមាន​ថា បើ​ទោះ​ជា​អនុវត្ត​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ក៏​កម្ពស់​ទឹកសមុទ្រ​​នឹង​កើនឡើង គឺ​អាច​កើន​ពី​៧០សង់ទីម៉ែត្រ ទៅ​១,២ម៉ែត្រ នៅ​ឆ្នាំ​២៣០០​ខាងមុខ។ ​កន្លងមក​ មានការ​សិក្សា​បង្ហាញ​ពី​ការកើន​កម្ពស់​ទឹកសមុទ្រ​ខ្លះៗ​ហើយដែរ។


ក្រុមអ្នកស្រាវជ្រាវ​វិទ្យាស្ថាន​Potsdam លើកឡើងថា ​បើ​ទោះ​ជា​គោរព​​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ ​ដើម្បី​កុំអោយ​​ផែនដីឡើង​កំដៅ​ពេក​​ ក៏​ទឹកសមុទ្រ​នៅ​តែ​កើន​កម្ពស់ ដោយសារ​ថា ផ្ទាំងទឹកកក​​នៅតែ​ត្រូវ​រលាយ។ ​ទឹកសមុទ្រ​អាច​ឡើង​​ដល់​កម្ពស់​ជាង​មួយម៉ែត្រ នៅ​ឆ្នាំ​២៣០០​ខាងមុខ។ ​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​​​​ ​ការ​កើន​កម្ពស់​ទឹក សមុទ្រគឺអាស្រ័យ​ថា តើ​គេអាច​កាត់បន្ថយ​​ការ​សាយភាយ​​​​ឧស្ម័ន​កាបូនិក CO2 ​ក្នុង​បរិយាកាស​ បាន​រហ័ស​កម្រិតណា។ គួរ​​បញ្ជាក់​​ថា ​ឧស្ម័ន​កាបូនិក​ បំពុល​បរិយាកាស​ ​បង្ក​ជា​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ប្រភព​នៃ​ការឡើង​​កំដៅ​ភពផែនដី។ ​​ ​ ​​

កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស ឆ្នាំ​២០១៥ ​មានទិសដៅ​ទប់ស្កាត់​ការ​កើន​​សីតុណ្ហភាព​ផែនដី​អោយ​នៅក្រោម​២អង្សារ រឹ​​​១,៥អង្សារ ​ពីពេលនេះ ដល់​ឆ្នាំ​២១០០។ កិច្ចព្រមព្រៀង​នេះ​​ត្រៀម​ផងដែរ​ករណី​​​ឧស្ម័ន​ផ្ទះកញ្ចក់​សាយភាយ​ខ្លាំងបំផុត និង​រហ័ស​បំផុត។ ​ទាក់ទង​បញ្ហា​នេះ ​ក្រុម​អ្នកស្រាវជ្រាវការ​ប្រែប្រួល​អាកាសធាតុ​នៃ​​​​​វិទ្យាស្ថាន​​Potsdam លើកឡើង​ថា ​​​រាល់លើក ​បើ​មាន​ការ​យឺតយ៉ាវ​​​៥ឆ្នាំ ​កម្ពស់​ទឹក​សមុទ្រ​​​អាច​​កើន ២០សង់ទីម៉ែត្រ ពីឆ្នាំ​២០២០ ដល់ឆ្នាំ​២០៣៥។ ទឹកសមុទ្រ​បាន​កើនកម្ពស់​​ជាង​២០​សង់ទីម៉ែត្រ​​​រួចហើយ តាំង​ពី​​ចុង​សតវត្ស​ទី​១៩ មក​ដល់​បច្ចុប្បន្ន។

​ផែនដី​កើន​សីតុណ្ហភាព ធ្វើអោយ​ផ្ទាំងទឹកកក​តាមភ្នំ រឺ​នៅ​តំបន់​ប៉ូល​​ ​ត្រូវរលាយ ​ហើយ​ទឹក​ដែល​ចេញ​ពី​ការ​រលាយ​ផ្ទាំងទឹកកក​ ហូរ​ទៅ​សមុទ្រ ធ្វើអោ​យទឹកសមុទ្រ​ឡើង​កម្ពស់។ ផែនដី​ឡើង​កម្តៅ​ ធ្វើអោយ​សីតុណ្ហភាព​​ទឹកសមុទ្រ​ឡើងកំដៅ​ដូចគ្នា ធ្វើអោយ​ទឹក​រីកមាឌ ដែល​ជា​ហេតុ​ធ្វើអោយ​ទឹកសមុទ្រ​ឡើង​កម្ពស់​ដូចគ្នា។ ​បញ្ហា​គឺថា តំបន់​នៅ​តាម​មាត់ទឹក តាម​កោះ ដែល​មាន​មនុស្ស​រស់នៅសន្ធឹកសន្ធាប់​​ ដូចជា​នៅ​តាម​បង់ក្លាដែស រឺ​ទន្លេនីល​ រងការគំរាម​កំហែង៕ ​​