អានតួអត្ថបទ

ប្រធានាធិបតី​បារាំង​បំពេញ​ទស្សនកិច្ច​នៅ​តំបន់ករ្ស​ដែល​​អ្នកទាមទារ​ផ្តាច់ទឹកដី​ឈ្នះ​ឆ្នោត

លោក អេម៉ានុយអែល ម៉ាក្រុង កំពុង​បំពេញ​ទស្សនកិច្ច​ ជា​លើក​ដំបូង នៅ​ថ្ងៃ​នេះ ក្នុង​នាម​ជា​ប្រធានាធិបតី ​នៅកោះ​ករ្ស (Corse) ដ៏ល្អ​​ប្រិមប្រិយ​របស់​បារាំង តែ​ជា​តំបន់​ ដែល​ចលនា​អ្នក​ទាមទារ​ផ្តាច់​ទឹក​ដី​ទើប​នឹង​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៧។ ករ្ស​ជា​ដែន​ដី​បារាំង​ដែល​មាន​លក្ខន្តិកៈ​នយោបាយ​ពិសេសខុស​ពី​តំបន់​ដទៃ​ទៀត ទាមទារ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ចង់​ចរចា​ជាមួយ​រដ្ឋាភិបាល​ ឱ្យ​ទទួលស្គាល់​លក្ខណៈ​ពិសេស​របស់​កោះ។

លោក​ប្រធានាធិបតី​បារាំង ម៉ាក្រុង សម្ភោធ​ទីលាន​ Claude Erignac នៅ​ករ្ស
លោក​ប្រធានាធិបតី​បារាំង ម៉ាក្រុង សម្ភោធ​ទីលាន​ Claude Erignac នៅ​ករ្ស © Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ដំបូង​ រយៈ​ពេល​ពីរ​ថ្ងៃ ​នៅ​លើ​កោះ​ករ្ស លោក​ប្រធានាធិបតី​បារាំង បានជ្រើសរើស​​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ លោក Claude Erignac មេ​ប៉ូលិស​តំបន់​ករ្ស ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ ជា​គម្រប់​ខួប​២០​ឆ្នាំ​គត់​ នៅ​ថ្ងៃ​អង្គារ​ទី ៦កុម្ភៈ​នេះ ជា​កិច្ច​ចាប់​ផ្តើម។ ​ជា​ជម្រើស​ប្រកប​ដោយ​ខ្លឹមសារ ដែល​លោក​ប្រាប់​ថា​បារាំង​​ប្រឆាំង​ដាច់​ខាត​នឹង​ទង្វើ​ឃាតកម្ម​លើ​តំណាង​រដ្ឋ។ លោក ក្លូត អេរីញ៉ាក់ ជា​តំណាង​ជាន់​ខ្ពស់​រដ្ឋាភិបាលដំបូង​គេ​បង្អស់ និង​តែ​មួយ​គត់​របស់​បារាំង ដែល​ត្រូវ​បាន​គេ​​លប​ធ្វើ​ឃាត គិត​ចាប់​តាំង​ពី​សង្គ្រាម​លោក​មក។

ប៉ុន្តែ​អ្វី​ដែល​គេ​​រង់​ចាំ​ពី​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ ដែល​ល្បី​ខាង​បើក​ចំហ​កិច្ចចរចា គ្មាន​ប្រកាន់​រឿង គឺ​ជំហរ​របស់​រដ្ឋាភិបាល​ ចំពោះ​កោះ។ អ្នក​ជាតិ​និយម​ករ្ស ដែល​ធ្លាប់​ជា​ក្រុម​ខុស​ច្បាប់​ប្រព្រឹត្ត​អំពើ​ភេរវកម្ម បានបើក​ទំព័រ​នយោបាយ​ថ្មី ចាប់​ពី​ឆ្នាំ ២០១៤​មក និង​បាន​ឈ្នះ​ឆ្នោត កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧​ មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​ករ្ស និង​ក្លាយ​ជា​អ្នក​ដឹក​នាំ​កោះ។

សូមអាន ៖ កោះ​ករ្ស​លើ​វិថី​នៃ​ការទាមទារឯករាជ្យ

​ក្រោយ​​ពេល​ជាប់​ឆ្នោត​ លោក​ប្រធានាធិបតី​ ម៉ាក្រុង បង្ហើប​បង្ហាញ​​នយោបាយ​​ស្តី​ពី​តំបន់​ករ្ស​យ៉ាង​តិច​តួច​បំផុត។ លោក ម៉ាក្រុង នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​តំបន់​ និង​ប្រធានសភា​ករ្ស នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។ ប៉ុន្តែ​គេ​ត្រូវ​រង់​ចាំ​​ ដល់​រសៀល​ថ្ងៃ​ពុធ​ស្អែក ទើប​លោក​ប្រធានាធិបតីនឹង​ថ្លែង​សុន្ទរកថា​​ស្តីអំពី​ទស្សនៈ​វិស័យ​របស់​រដ្ឋាភិបាល​ ចំពោះ​តំបន់​ករ្ស។ ជា​សុន្ទរកថា​ដែល​គ្រប់​គ្នា​ជាពិសេស​ក្រុង​ប៉ារីស រង់ចាំ​តាន​ដាន​បំផុត ព្រោះ​ជា​ឱកាស​ដែល​លោក​ប្រធានាធិបតី​ត្រូវ​បង្ហាញ​អំពី​ជំហរ​ស្តី​ពី​ក្របខ័ណ្ឌ​នៃ​ការ​សើរើ​រដ្ឋធម្មនុញ្ញ រាប់​ទាំង​កោះ​ករ្សផង ​ដូច​ដែល​អ្នក​ជាតិ​និយម​ករ្ស​ទាមទារ​ចង់​បាន​ដែរឬអត់។ ​

សូម​បញ្ជាក់​ថា ថ្វីបើ​កោះករ្ស​មាន​លក្ខន្តិកៈ​ពិសេស​ មាន​ស្វ័យភាព​ខ្លាំង​ខុស​ពី​តំបន់​ផ្សេង​របស់​បារាំង​មែន ប៉ុន្តែ​អ្នក​ជាតិ​និយម​ដែល​កំពុង​កាន់​អំណាច​​​ទាមទារ​ចរចា​ចង់​បាន​ស្វ័យភាព​បន្ថែម​ទៀត ដូច​ជា​ចង់​ឱ្យ​មាន​ការ​លើកលែង​ទោស​ដល់​អ្នក​ទោស​នយោបាយ បញ្ជូល​ភាសា​ករ្ស​ជា​ភាសា​ផ្លូវការ​ និងកម្មសិទ្ធ​លើ​​​អចលនទ្រព្យ ព្រម​ទាំង​​ចង់បាន​​​​អំណាចនីតិប្រតិបត្តិ​និង​ពន្ធដារ​​ករ្ស​ទទួល​ស្គាល់​ដោយ​រដ្ឋ ​និង​ដោយ​សហភាព​អឺរ៉ុប​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ