rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តួកគី អ៊ីស្រាអែល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សម្តេច​​ប៉ាប ​François ​ស្វាគមន៍​​ប្រធានាធិបតី​​តួកគី​​លោក​ Erdogan ​នៅ​​វិមាន​​វ៉ាទីកង់​​​​

media
សម្តេច​ប៉ាប ​François ​និង​ប្រធានាធិបតី​តួកគី ​លោក​ Erdogan ​ជួប​ប្រាស្រ័យគ្នា​នៅ​វិមាន​វ៉ាទីកង់​នៅ​ថ្ងៃ​ទី​៥​កុម្ភៈ​ឆ្នាំ​ ២០១៨​ Osservatore Romano/Handout via Reuters ATTENTION EDITORS - THIS

នៅ​ថ្ងៃ​ចន្ទ​ទី​៥​កុម្ភៈ​ម្សិលមិញ ប្រធានាធិបតី​តួកគី​លោក Erdogan បាន​ជួប​ប្រាស្រ័យ​ជាមួយ​​សម្តេច​ប៉ាប​នៅវិមានVatican ក្នុង​ទីក្រុង​​រ៉ូម​​ប្រទេស​អ៊ីតាលី​ក្នុង​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​មួយ​។ បញ្ហា​ចំបង​នៃ​កិច្ចចរចា​រវាងឥស្សនជន​ទាំង​ពីរ​រូប​នេះ គឺ​​បញ្ហា​​ទីក្រុង​Jérusalem ដែល​ទីក្រុង​វ៉ាស៊ីនតោន​ទទួល​ស្គាល់​កាលពី​ដើម​ខែ​ធ្នូ​ថា​ជា​​រដ្ឋធានី​របស់​អ៊ីស្រាអែល។ តាំងពីនោះមក តួកគី​ នៅ​តែ​ពុំ​ទាន់​បាត់​ខឹង​ រីឯ​សម្តេច​ប៉ាប​វិញ ក៏​​​ជំទាស់​នឹង​​សេចក្តី​សម្រេចចិត្ត​របស់​អ៊ីស្រាអែល​នេះ​ដែរ។ ត្រង់ចំណុច​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​នេះ​ មាន​ជំហរដូចគ្នា។​


ទីក្រុង​រ៉ូម របស់​​​ប្រទេស​អ៊ីតាលី​ ដែល​​ទទួល​ស្វាគមប្រធានាធិបតី​តួកគី​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​​មិញ​ ត្រូវ​បាន​អាជ្ញាធរ​​ក្នុង​​ប្រទេស​ ធ្វើការ​ពង្រឹងនិង​​​ការពារ​សន្តិសុខ​យ៉ាងម័តធ្យ័ត​ដ៏​ខ្ពស់​​បំផុត។ ពីព្រោះ អាជ្ញាធរអ៊ីតាលី​ បាន​បិទជិតឈឹង​​ការ​ធ្វើ​ចរាចរ​នៅ​ជុំវិញ​វិមាន​​វ៉ាទីកង់​​របស់​​​​សម្តេច​ប៉ាប​។ នៅ​​ទីលាន​ Saint-Pierre ដែលស្ថិតនៅក្បែរ វ៉ាទីកង់នោះ​​ក៏​មាន​​សភាព​​ស្ងាត់​ជ្រងំដែរ។ ​គេ​ឃើញ​​តែ​ប៉ូលីស​អីតាលី​ជា​ច្រើន​សិប​នាក់ បាន​​ធ្វើការ​ឆែក​ឆេរ​​ ក្រុម​អ្នកទេសចរ។​ ហើយ​ទន្ទឹម​នេះ​ដែរ ​គេ​មើល​ឃើញ​​ឧត្ថម្ភភាគចក្រ​នានា បាន​​ហោះ​ប្រតិបត្តិការ​​​ក្រវែលនៅលើទីនោះ ដើម្បី​​ត្រួត​ពិនិត្យ​សភាពការណ៍ពីលើអាកាស។​

គួរបញ្ជាក់ថា ​សម្តេច​ប៉ាប François បាន​ទទួល​ស្វាគមនិង​ជួបប្រាស្រ័យ ជាមួយ​ ​ប្រធានាធិបតី​​តួកគី លោក ​Erdogan ​នៅ ​វិមាន ​វ៉ាទីកង់ នេះ ​​ក៏ ​ជា​ ​លើក​ទី​មួយ​ដែរ​​ ​ចាប់​តាំង​​ពី ​៥៩ ​ឆ្នាំ ​កន្លង​មក។

ឥស្សរជន​ទាំង​ពីរ​រូប បាន​ធ្វើការ​ពិភាក្សា​ជាមួយគ្នា​អស់​រយៈពេល​ជិត​ ៤៥​នាទី​។ នៅ​ក្នុង​កិច្ច​ពិភាក្សាគ្នា​នេះ បើ​ទោះបី​ជា​​ពុំទាន់​​​​លេច​ធ្លាយ​​ព័ត៌មាន​​អ្វី​​ខ្លះ​ក៏​ដោយក្តី​ ក៏​គេ​អាចស្ទង់​​ដឹងបាន​​​ដែរ​ថា បញ្ហា​ដ៏ចំបង​មួយ​​នៅ​ក្នុង​កិច្ចពិភាក្សា​គ្នា​នេះ គឺ​​ច្បាស់​​ជា​ជាប់ពាក់ព័ន្ធ​​នឹង​បញ្ហា​​​ទីក្រុង​​Jerusalem ​នៅ​​អ៊ីស្រាអែល​​នេះ​​ឯង។ នៅ​​លើបញ្ហា ​Jérusalem  រហូត​មក​ទល់​ពេលនេះ ​សម្តេចប៉ាប​​និង​ប្រធានាធតិបតី​តួកី បាន​ទាម ទារ សុំ​ ​​អោយ​អ៊ីស្រាអែល​រក្សា​​ទុកនូវ​លក្ខន្តិកៈរបស់​​ទីក្រុង ​Jerusalem នេះ ឲ្យ​​​នៅ​​ដដែល​ដូចកាល​​ពី​មុន​។

គួររំលឹកថា ជំនួប​ប្រាស្រ័យ​របស់​ប្រធានាធិបតីតួកគី​នៅពេល​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​​​នៅ​ខណៈពេល​ដែល​តួកគី នៅតែ​បន្ត​​ការទម្លាក់​គ្រាប់បែក​នៅ​ក្នុង​តំបន់​ Afrin ​ក្នុង​ប្រទេស​ស៊ីរី។ ទង្វើ​​របស់​​តួកគី​នេះ​ បាន​ដុត​រោល​កំហឹង​​វិមាន​វ៉ាទីកង់​ ដែល​តែងតែ ​ក្រើន​រំលឹក​ជានិច្ច​ ដើម្បី​​​​កិច្ចចរចាសន្តិភាព​​និង​ការ​កាត់​បន្ថយ​ការ​​កើនឡើងនៃអំពើ​ហិង្សា។

ម្យ៉ាងទៀត ទស្សកិច្ច​របស់​លោក Erdogan នៅវិមាន វ៉ាទីកង់​នេះ ក៏​បាន​ជួបប្រទះ​នូវ​​បរិយាកាស​តាន​តឹងដែរ។​ដោយហេតុថា នៅពុំឆ្ងាយ​ប៉ុន្មាន​ពី​វិមាន​វ៉ាទីកង់ គេឃើញ ​ក្រុម​បាតុករ​សញ្ជាតិ​​គួដ​ចំនួន​ជាច្រើននាក់​ បាននាំគ្នា​ធ្វើ​បាតុកម្ម ​នៅ​ចុង​រសៀល​ម្សិលមិញ  ដើម្បី ​បរិហារ​​​ពី​"​ឧក្រឹដ្ឋកម្ម មួយរបស់​តួកគី​​នៅ​​តំបន់ ​Afrin ​ក្នុង​ប្រទេស​ស៊ីរី ​​ដោយហេតុ ថា​ តួកគី​នៅតែបន្តធ្វើការ​ទម្លាក់គ្រាប់បែក​នៅ​​តំបន់ Afrin ​ក្នុងប្រទេសស៊ីរី​៕​​​​​​​​​