អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រជាជន​​អៀរឡង់​​​កាន់​​សាសនា​​កាតូលិក​ តែ​​​​ចង់​អោយ​​ស្ត្រី​​រំលូត​កូន​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ចុងខែ​ឧសភា​ខាងមុខ​នេះ ​អៀរឡង់​នឹង​រៀបចំការបោះឆ្នោត​ប្រជាមតិ​ទាក់ទង​ច្បាប់​ហាមប្រាម​​​​​ការរំលូត​កូន ចែងក្នុង​វិសោធនកម្ម​ទី៨ក្នុង​រដ្ឋធម្មនុញ្ញ។ នេះ​បើ​យោងតាម​ការ​ប្រកាសរបស់​រដ្ឋាភិបាល​អៀរឡង់ កាលពី​ថ្ងៃចន្ទដើមសប្តាហ៍។ ការស្ទាបស្ទង់​មតិ​បង្ហាញ​ថា ប្រជាជន​​៥៦ភាគរយ ព្រមអោយ​ស្ត្រីដែល​មាន​ផ្ទៃពោះ​រហូត​ដល់​១២សប្តាហ៍ អាច​​មានសិទ្ធិ​យកកូន​ចេញ។​

គេអាច​ដឹង​ភេទ​ទារកទៅហើយ​​ ពេល​ទារក​ក្នុងផ្ទៃ​មាន​អាយុ​៧សប្តាហ៍។ តើ​អ្នកព្រមអោយ​គេ​​រំលូត​កូនតូច​នេះទេ?
គេអាច​ដឹង​ភេទ​ទារកទៅហើយ​​ ពេល​ទារក​ក្នុងផ្ទៃ​មាន​អាយុ​៧សប្តាហ៍។ តើ​អ្នកព្រមអោយ​គេ​​រំលូត​កូនតូច​នេះទេ? guetty/ MedicalRF
ផ្សាយពាណិជ្ជកម្ម

ខ្លឹមសារ​ច្បាប់​ហាមប្រាម​ការរំលូត​កូន​ ចែង​ឡើង​​ក្នុង​រដ្ឋធម្មនុញ្ញប្រទេស​អៀរឡង់ តាំង​ពី​ឆ្នាំ​១៩៨៣​ម្ល៉េះ។ ច្បាប់​ហាមប្រាម​ការរំលូតកូន ​ដាក់ទោស​ជនល្មើស​​រហូត​ដល់១៤ឆ្នាំ។ ​ច្បាប់​អៀរឡង់​​ មួយនេះ​ចេញ​ប្រើ​​តាំងពី​​ពេល​ដែល​វិហារ​កាតូលិក​ មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​សង្គម​។ ស្ត្រី​ម្នាក់​ដែល​​​រងការ​រំលោភ​ភេទ​ក៏ដោយ កូនក្នុងពោះ​មាន​លក្ខណៈ​មិនប្រក្រតី​ក៏ដោយ ស្ត្រី​​​មិនអាច​មានសិទ្ធិ​រំលូត​កូន​បានទេ។​ អៀរឡង់​ជា​ប្រទេស​កាន់​សាសនា​កាតូលិក ហើយ​ក៏​ជាប្រទេស​អភិរក្ស​ខ្លាំងក្លា​មួយ​​ដែរ ក្នុង​ចំណោម​ប្រទេស​នៅ​អឺរ៉ុប។ ​

​ប៉ុន្តែ ១០ឆ្នាំ​ចុងក្រោយ​នេះ ប្រជាជន​បាន​​ផ្លាស់ប្តូរ​​គំនិត​អភិរក្ស​​ខ្លះៗ ពិសេស​ទាក់ទង​នឹង​ការ​យកកូន​ចេញ​តែម្តង។ ​មូលហេតុ​​​ដោយសារ​មានករណី​ច្រើន​បាន​កើតឡើង។ ករណី​គួរកត់សម្គាល់ គឺ​នៅ​ឆ្នាំ​២០១២ មាន​ស្ត្រី​មានផ្ទៃពោះ​ម្នាក់​មាន​បញ្ហា​សុខភាព​បន្ទាន់ ​បាន​ស្លាប់ ដោយសារ​​គ្រូពេទ្យ​មិនព្រម​អោយ​គាត់​​យកកូន​ចេញ។ តាំងពី​ពេលនោះ​មក ​មាន​ចលនាតវ៉ា​​ជាច្រើន ​ទាមទារ​អោយ​ស្ត្រី​មាន​សិទ្ធិ​រំលូត​កូន។ ​​គួរបញ្ជាក់ដែរថា ​ដោយសារ​គ្មានសិទ្ធិ​យកកូន​ចេញ ស្ត្រី​អៀរឡង់​រាប់ពាន់​នាក់​បាន​នាំគ្នា​ទៅ​បរទេស ដូចជា​ទៅ​អង់គ្លេស​ ដើម្បី​​រំលូត​កូន​ចេញ។ ស្ត្រី​ខ្លះ ​​ទិញថ្នាំ​រំលូត​កូន​តាម​បណ្តាញ​អ៊ីនធ័រនែត​ទៀតផង។ ​

រដ្ឋាភិបាល​​អៀរឡង់​មើលឃើញ​គ្រោះថ្នាក់ នៃ​ទង្វើ​ទាំងអស់នេះ។ បន្តិចម្តងៗ ​ថ្នាក់ដឹកនាំ​​​អៀឡង់ គណបក្ស​សំខាន់ៗជាច្រើន បាន​ប្តូរ​គំនិត ហើយ​បាន​បង្ហាញ​ការ​យល់ស្រប​​អោយ​​ស្ត្រី​ទទួលបាន​សិទ្ធិ​រំលូតកូន។ ជិត២ឆ្នាំ​មកនេះ រដ្ឋាភិបាលបាន​សន្យា​រៀបចំ​ប្រជាមតិ ព្រមអោយ​ប្រជាជន​សម្រេចថា តើ​ពួកគេ​​ព្រម​រក្សា​ទុក​​ច្បាប់​ហាមប្រាម​ការរំលូត​កូន​​ទៀត រឺ​យ៉ាងណា។ ​​យោងតាម​ការ​ស្ទាបស្ទង់​មតិ​មួយ ចេញផ្សាយ​កាលពី​សប្តាហ៍​មុន ប្រជាជនអៀរឡង់​​៥៦ភាគរយ ព្រមអោយ​ស្ត្រី​មានផ្ទៃពោះ​រហូត​ដល់​១២សប្តាហ៍ អាច​យកកូន​ចេញ​បាន។ តែ​​ប្រជាជន​២៩ភាគរយ​​ទៀត​​បាន​ជំទាស់​។ ទោះយ៉ាងនេះក្តី សម្រាប់​ការបោះឆ្នោត​ប្រជាមតិ​នៅចុងខែ​ឧសភា ខាងមុខ​ ប្រជាជន​អៀរឡង់​ប្រហែល​នឹង​​បោះគាំទ្រ​អោយ​ស្ត្រី​ទទួល​បាន​សិទ្ធិរំលូតកូន។

ក្នុងសហភាព​អឺរ៉ុប ​ប្រទេស​សមាជិក​​​ភាគច្រើន មាន​​បារាំង បែលហ្ស៊ិក ហ្វាំងឡង់ ដាណឺម៉ាក ​​រឺ​​ក៏​ហុងគ្រី បាន​អនុញ្ញាត​អោយ​ស្ត្រី​មានផ្ទៃពោះ​រហូត​ដល់​១២សប្តាហ៍ អាច​រំលូត​កូន​បាន។ ​​ប្រទេស​ដែល​តឹងតែង​ហាមប្រាម​ការរំលូត​កូន​​ នៅមាន​​ដូចជា​អៀរឡង់​ខាងជើង ​រឺ​ក៏​ប៉ូឡូញ។ ប៉ូឡូញ​​អនុញ្ញាត​​អោយស្ត្រី​​​យកកូន​ចេញ លុះត្រាណាតែ​ស្ត្រី​រង​ការ​រំលោភភេទ ​​​មានគ្រោះថ្នាក់​សុខភាព រឺ​ក៏​មាន​ផ្ទៃពោះ​ដោយសារខុសសីលធម៌​​មាន​ទំនាក់ទំនង​ភេទ​ជាមួយ​សមាជិកក្នុង​ក្រុមគ្រួសារ។ នៅ​អៀរឡង់​ខាងជើង​​​វិញ ស្ត្រី​ជា​ម្តាយ​​អាច​ជាប់គុក​មួយជីវិត បើហ៊ាន​យកកូនចេញ លើកលែង​តែ​គាត់​អាច​គ្រោះថ្នាក់​​អាយុជីវិត។ មានតែ​ប្រទេស​​ម៉ាល់ត៍​ទេ ដែល​ហាម​ប្រាមទាំងស្រុង​​​ការរំលូត​កូន ទោះ​ក្នុង​ករណី​ណា​ក៏ដោយ មិនដូច្នោះទេ អាច​ជាប់​គុក​​​៣ឆ្នាំ។​

ក្រៅក្របខណ្ឌ​សហភាព​អឺរ៉ុប​វិញ​ ប្រទេស​អង់ដរ បុរីវ៉ាទីកង់ និង​សាំងម៉ាតាំង ក៏​ហាម​ការរំលូតកូន ដូច​ប្រទេស​ម៉ាល់ត៍ដែរ។​ ក្រៅពី​ប្រទេស​អឺរ៉ុប​​ មាន​ប្រទេស​ជាង​១៥​ទូទាំងពិភពលោក ​​ហាមប្រាម​ការរំលូតកូន មាន​ដូចជា​ ហ្វីលីពីន ​កោះប៉ាឡាវ នៅ​អាស៊ី សេណេហ្កាល់ រឺ​ក៏​ម៉ាដាហ្កាស្កា។

ចំពោះ​អ្នកវិញ តើ​អ្នកយល់ព្រម​អោយ​ស្ត្រី​មាន​សិទ្ធិរំលូត​កូន​ទេ? ករណី​ស្ត្រី​មានផ្ទៃពោះ ជួបញ្ហា​សុខភាព ធ្ងន់ធ្ងរ ​​តំរូវអោយគាត់រំលូតកូន អ្នកខ្លះ​​​ប្រហែល​​​ជា​សម្រេច​ថា ត្រូវ​សង្គ្រោះ​​ជីវិត​ម្តាយ​ ដោយ​សុខចិត្ត​សម្លាប់​ទារក​ក្នុង​ផ្ទៃ​នោះ​​​ហើយ។ ការហ៊ាន​សម្លាប់​ជីវិត​ ​បង្ហាញ​ថា ​យើង​គ្មាន​ធម៌​មេត្តា​ ​ចំពោះ​ជីវិត​ក្មេងតូច​ម្នាក់ ដែល​ខំតោង​កំណើត​ក្នុង​ពោះ​ស្ត្រី​​ជាម្តាយ។ ​វា​ជា​​ការ​​ពិបាកដែរ ​​​នៅពេល​ត្រូវ​​ជ្រើសរើស​រវាង​ជីវិត​ម្តាយ និង​ជីវិត​​​ទារក​តូច។ អ្នកខ្លះ​​សម្អាងថា ក្មេងតូច​មានអាយុ​តិចតួច​​ ក្នុងពោះ មិនទាន់​មានរូបរាង​ ដូច្នេះ គួរ​រក្សា​ទុក​ជីវិត​ម្តាយ។ ​នេះ​​ជាការ​សម្រេចចិត្ត​ដ៏​ពិបាក​បំផុត។

ដូច្នេះហើយ សម្រាប់អ្នក​​​ដែល​មិនទាន់​មាន​គម្រោង​យក​កូន រឺ​​ដែល​មិនទាន់ច្បាស់​ក្នុង​ចិត្ត​ថា នឹង​ត្រូវ​​យកកូន ក្នុង​នាម​យើង​ជា​មនុស្ស​ពេញវ័យ ចាស់ចិត្ត​គំនិត​​ហើយនោះ ​យើង​ត្រូវ​ហ៊ាន​​ទទួលខុសត្រូវ ​​​​​​ប្រុងប្រយ័ត្ន​ រក​វិធី​ការពារអោយហើយ​​​ មុន​ពេល​រួមភេទ។ ​កុំដោយសារ​​ជ្រុលជ្រួស​មួយពេល បែរ​ជា​ប្រែក្លាយ​ខ្លួន​​ជា​ឃាតករ ​បំផ្លាញ​ជីវិត​ទារក​​តូចម្នាក់ ​​ដែល​គ្នា​មិនដឺងអីសោះ​ទៅវិញ។ គួរ​តែ​ពិចារណា​ឡើងវិញ​ ​កុំចេះតែ​​បំផ្លាញ​​​ជីវិតគេ​​​​ ដោយ​អាងថា​ ​យើង​អាច​​បង្កើត​​គេ​ពេលណា​ក៏បាន​នោះ !​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ