rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង តួកគី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​ព្រមាន​តួកគី​ពី​ឆន្ទៈ​ចូល​ឈ្លានពាន​ប្រទេស​ស៊ីរី

media
លោក​ប្រធានាធិបតី​បារាំងម៉ាក្រុង​ Reuters

នៅ​ក្នុង​ប្រទេស​បារាំង លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​បាន​ចេញ​មុខ​ព្រមាន​តួកគី​ត្រង់ៗ​ពី​ឆន្ទៈ​ចូល​ឈ្លានពាន​ប្រទេស​ស៊ីរី។ ការ​ព្រមាន​របស់​ប្រមុខរដ្ឋ​បារាំង​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កម្លាំង​ទ័ពអាកាស​តួកគី រួម​ជាមួយ​កម្លាំង​សម្ព័ន្ធមិត្តអារ៉ាប់​កំពុង​បន្ត​ការ​វាយប្រហារ​លើ​ពួក​គួដឌីស្ថាន​នៅ​តំបន់​អាហ្រ្វីន​ក្នុង​ទឹកដី​ស៊ីរី។ សូម​ជម្រាប​ជូន​ថា ពួក​គួដឌីស្ថានស៊ីរី​ត្រូវ​បាន​អាមេរិក និង​ប្រទេស​លោកខាងលិច​មួយ​ចំនួន​ចាត់​ទុក​ជា​សម្ព័ន្ធមិត្ត​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​ជីហាតអង្គការ​រដ្ឋអ៊ីស្លាម។ តែ​​តួកគី​ចាត់​ទុក​ជា​ពួក​ភេរវជន។


ប្រតិកម្ម​ព្រមាន​របស់​លោក​ប្រមុខរដ្ឋ​បារាំង​ម៉ាក្រុង​ត្រូវ​បាន​កាសែត​បារាំង​មួយ​ឈ្មោះ Le figaro ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​លើ​គេហទំព័រ​របស់​ខ្លួន​នា​ថ្ងៃ​ពុធ ទី៣១ មករា។ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ច្បាស់ៗ​ថា លោក​មិន​ជំទាស់​ទេ ប្រសិន​បើ​ការ​វាយប្រហារ​របស់​ទ័ពតួកគី​មាន​គោលដៅ​កម្ទេច​ពួក​ភេរវជន​ដែល​កំពុង​គំរាមកំហែង​នៅ​តាម​បណ្តោយ​ព្រំដែន​តួកគី​មែន​នោះ តែ​អ្វី​ដែល​លោក​បារម្ភ គឺ​ខ្លាច​តែ​ប្រតិបត្តិការ​មួយ​នេះ​មាន​ឆន្ទៈ និង​គោលដៅ​ចូល​ឈ្លានពាន​ទឹកដី​ស៊ីរី។ បើ​វា​ដូច្នេះ​មែន កិច្ចសហប្រតិបត្តិការ​នោះ​ពិត​ជា​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​យើង​ជា​មិន​ខាន នេះ​ជា​ការ​បន្ថែម​របស់​លោក​ម៉ាក្រុង។

ជា​ថ្មី​ម្តង​ទៀត លោក​ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​ភាព​អត់ធ្មត់ រួច​លើក​ឡើង​ពី​ក្តីបារម្ភ​របស់​បារាំង។ តាម​លោក​ម៉ាក្រុង ប្រតិបត្តិការ​ដឹកនាំ​ដោយ​តួកគី​ពេល​នេះ​គួរ​តែ​មាន​ការ​ជជែក និង​ការ​សម្រេច​រវាង​ប្រទេស​អឺរ៉ុប ពិសេស​ក្រុម​សម្ព័ន្ធមិត្ត និង​ថា លោក​នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​នា​ពេល​ខាង​មុខ។ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ពី​បំណង​ចង់​ធ្វើ​ការ​ជាមួយ​ហ្សកដានី​ដែល​ជា​ប្រទេស​ទទួល​ជនភៀសខ្លួន​ច្រើន​ជាង​គេ និង​ដែល​លោក​ចាត់​ជា​តួអង្គសំខាន់​នៅ​ក្នុង​ដំណើរ​ស្វែង​រក​ដំណោះស្រាយ​រួម​មួយ​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអូឌីត អាមេរិក និង​ប្រទេស​អេហ្ស៊ីប។

លោក​ម៉ាក្រុង​បាន​យល់​ឃើញ​ថា ហេតុផល​ស្ថិរភាព និង​ការ ការពារ​ព្រំដែន​ដែល​លើក​ឡើង​ដោយ​តួកគី​ជា​រឿង​ត្រឹមត្រូវ តែ​គេ​មិន​អាច​មាន​សន្តិសុខ​នៅ​លើ​ទឹកដី​ខ្លួន​ឯង​ដោយ​មិន​គោរព​អធិបតេយ្យ​ប្រទេស​ស៊ីរី​ដោយ​ចូល​វ៉ៃ​ពួក​គួដឌីស្ថាន​ដែល​លែង​ជា​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នោះ​ទេ។ លោក​នាយករដ្ឋមន្រ្តី​តួកគី​ប៊ីណាលី យីលឌីរីម​បាន​ឆ្លើយ​តប​ភ្លាមៗ​ថា គំនិត​យល់​ឃើញ​របៀប​នេះ​របស់​លោក​ម៉ាក្រុង​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ និង​ថា ពិភពលោក​ដឹង និង​ត្រូវ​តែ​ដឹង​ថា តួកគី​មិនមែន​ធ្វើ​សកម្មភាព​ក្នុង​គោលដៅ​ឈ្លានពាន​ទេ។

តាម​លោក​យីលឌីរីម កម្មវត្ថុ​នៃ​ប្រតិបត្តិការ​របស់​តួកគី​នៅ​អាហ្រ្វីន​ក្នុង​ទឹកដី​ស៊ីរី​ពេល​នេះ​មិន​ខុស​គ្នា​នឹង​ប្រតិបត្តិការ​ដែល​តួកគី​បាន​ធ្វើ​នៅ​ប៉ែក​ខាងជើង​ស៊ីរី​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៦ នោះ​ឡើយ ពោល​កំចាត់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​កម្លាំង​ប្រដាប់អាវុធ​គួដឌីស្ថាន៕