អានតួអត្ថបទ
បារាំង​-ទុយនីស៊ី

ប្រធានាធិបតី​​បារាំង​​ទៅ​​​ទុយនីស៊ី​ ​គាំទ្រ​​ប្រជាធិបតេយ្យ​​​ដែល​​នៅ​​ផុយស្រួយ​​នៅឡើយ​

ថ្ងៃពុធ​នេះ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ទុយនីស៊ី ដើម្បី​សំដែង​ការ​គាំទ្រ​ដល់​លទ្ធិប្រជាធិបតេយ្យ​ដែល​​កើត​ចេញ​ពី​បដិវត្ត​ផ្កាម្លិះ​ឆ្នាំ២០១១។ ​​បារាំង​ចង់​ជួយ​ទុយនីស៊ី​​ កាត់​បន្ថយ​បញ្ហា​សេដ្ឋកិច្ច​និង​សង្គម។ ប្រជាជន​ទុយនីស៊ី​ទើប​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​ជីវភាព​ឡើងថ្លៃ​កាលពី​២សប្តាហ៍​មុន​ប៉ុណ្ណោះ។

ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង
ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង AFP/Ludovic Marin
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​​ប្រធានាធិបតី​បារាំង ​នៅ​ទុយនីស៊ី ថ្ងៃ​ពុធ​និង​ថ្ងៃព្រហស្បតិ៍​ស្អែក​នេះ មានទិសដៅ​​គាំទ្រ​​​ប្រជាធិបតេយ្យ​ទុយនីស៊ី​ ចង់​ជួយ​រដ្ឋាភិបាល​ទុយនីស៊ី​ កាត់បន្ថយ​អត្រា​អ្នក​គ្មានការងារធ្វើ ដែល​មាន​១៥ភាគរយ​ក្នុងស្រុក។ លោក​ម៉ាក្រុង ​នឹង​ជួប​តំណាងរាស្ត្រ​ និង​ថ្នាក់ដឹកនាំ​សង្គមស៊ីវិល​ទុយនីស៊ី។ ​ក្នុង​ឱកាស​នេះ ​បារាំង​និង​ទុយនីស៊ី ​នឹង​ចុះ​កិច្ចព្រមព្រៀង​​មួយ​ចំនួន ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិ​ការ​​ប្រឆាំង​ភេរវកម្ម វិស័យ​អប់រំ និង​វប្បធម៌។ ​វិមាន​អេលីហ្សេគូសបញ្ជាក់​ដែរថា បាន​អំពាវនាវ​អោយ​សហគ្រាស​បារាំង​ចូលទៅវិនិយោគ​នៅ​ទុយនីស៊ី​អោយបានច្រើន។ ​ ​ ​​ ​

ប្រជាធិបតេយ្យ​ទុយនីស៊ី កើតចេញ​ពី​បដិវត្ត​ផ្កាម្លិះ​ឆ្នាំ២០១១ ផ្តួល​ប្រធានាធិបតី​បិន អាលី ពី​អំណាច។ ប៉ុន្តែ ប្រជាធិបតេយ្យ​​នៅ​ផុយស្រួយនៅឡើយ ប្រជាជនក្នុងស្រុក​​​តវ៉ា​នឹង​ជីវភាពលំបាក តម្លៃ​ទំនិញ​ឡើងថ្លៃ ​​ដោយសារ​​នយោបាយ​ត្បិតត្បៀត​ថវិការបស់​រដ្ឋ។ ជានយោបាយ​ឆ្លើយតប​នឹង​លក្ខខណ្ឌ​របស់​ ​​មូលនិធិ​​​IMF ដែល​អោយ​ទុយនីស៊ី​ខ្ចីលុយ។ ​​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១៧ មាន​២​ភាគរយមែន​ ​តែ​អត្រា​យុវជន​គ្មានការងារធ្វើ​មាន​កម្រិត​ខ្ពស់​ដល់​ទៅ​៣០ភាគរយ។ យោងតាម​ក្រុមវិភាគ ប្រជាជន​ទុយនីស៊ី​​ប្រហែល​ជា​មិនសង្ឃឹម​ជំនួយ​បារាំង​ប៉ុន្មានទេ ព្រោះ​ថា ​បារាំង​ធ្លាប់​សន្យា​​ជំនួយ​មួយ ​កាលពី​ឆ្នាំ២០១១ ប៉ុន្តែនៅ​មិនឃើញ​ជួយ​នៅឡើយ។ ​ហើយ​ថ្មីៗ​នេះ ​ក៏​មាន​ការ​សន្យា​ពីបារាំង​ច្រើនដែរ ក្នុង​ក្របខណ្ឌ​ជំនួប​កំពូល​នៅ​ទុយនីស៊ី ឆ្នាំ​២០២០ តែ​មើលទៅ ​​ប្រជាជន​ទុយនីស៊ី ​​ក៏​ប្រហែល​មិន​សង្ឃឹម​ណាស់ណា​ដែរទេ។

បារាំង​ធ្លាប់ដាក់​អាណានិគម​នៅ​ទុយនីស៊ី ជាដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​ទុយនីស៊ី។ ទុយនីស៊ី​ជំពាក់​បំណុល​បារាំង​ប្រហែល​៨០០លាន​អឺរ៉ូ ​គិត​ត្រឹម​​ចុងឆ្នាំ​២០១៦។ ​សារព័ត៌មាន​​មួយចុះផ្សាយ​ថា ​ក្នុង​ពេល​លោក​អេម៉ានុយអែល ម៉ាក្រុង​ ទស្សនកិច្ចនៅ​ទុយនីស៊ី រដ្ឋាភិបាល​ទុយនីស៊ី​ចង់​ឆ្លៀត​​​រក​ដំណោះស្រាយ​​បំណុល ដោយ​ចង់​បង្វែរ​បំណុល​មួយចំនួន អោយ​ទៅជា​គម្រោង​វិនិយោគ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ