rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ការពារជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកដូណាល់ ត្រាំ៖​សហភាពអឺរ៉ុប​មាន​នយោបាយ​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព​ជាមួយ​អាមេរិក

media
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ Evan Vucci/AP

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​យល់​ឃើញ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នា​ពេល​បច្ចុប្បន្ន​ជា​ទំនាក់ទំនង​មិន​ស្មើភាព។ មិន​ស្មើភាព​ដោយ​លោក​ត្រាំ​បាន​មើល​ឃើញ​ថា អាមេរិក​ពិបាក​នឹង​នាំ​ផលិតផល​ខ្លួន​ចូល​ក្នុង​ទឹកដី​អឺរ៉ុប ចំណែក​អឺរ៉ុប​វិញ​បាន​នាំ​ផលិតផល​ខ្លួន​ចូល​អាមេរិក​ដោយ​មិន​បាច់​បង់ពន្ធ ឬ​មួយ​ក៏​បង់ពន្ធ​តិចតួច។ លោក​ត្រាំ​បាន​ព្រមាន​ត្រង់ៗ​ថា អាមេរិក​នឹង​មិន​អាច​បន្ត​ទទួល​យក​នយោបាយ​ពាណិជ្ជកម្ម​របៀប​នេះ​បាន​ទៀត​ឡើយ។


លោក​ដូណាល់ ត្រាំ​បាន​និយាយ​យ៉ាង​ដូច​នេះ​នៅ​ក្នុង​កិច្ចសន្ទនា​មួយ​ជាមួយ​ទូរទស្សន៍​អង់គ្លេស ITV កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ មករា​នា​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស និង​ដែល​ទូរទស្សន៍ ITV ទើប​ចាក់​ផ្សាយ​នា​យប់​ថ្ងៃ​អាទិត្យ ទី២៨ មករា។ នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​ដោយ​មិន​លាក់លៀម​ថា លោក​មាន​បញ្ហា​ជា​ច្រើន​ជាមួយ​សហភាព​អឺរ៉ុប ដោយ​ចាប់​ផ្តើម​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​មិន​ស្មើភាព។ មិន​ស្មើភាព​ព្រោះ​អាមេរិក​ពិបាក​ក្នុង​ការ​នាំ​ទំនិញ​របស់​ខ្លួន​ចូល​អឺរ៉ុប តែ​អឺរ៉ុប​បែរ​ជា​អាច​នាំ​ទំនិញ​ខ្លួន​ចូល​អាមេរិក​ដោយ​មិន​បាច់​បង់ពន្ធ ឬ​បង់ពន្ធ​តិច​ទៅ​វិញ។

លោក​ត្រាំ​បាន​ព្រមាន​ទុក​ជា​មុន​ថា លោក​មិន​អាច​ទុក​បណ្តោយ​ឲ្យ​អឺរ៉ុប​បន្ត​អនុវត្តន៍​នយោបាយ​ពាណិជ្ជកម្ម​របៀប​នេះ​ជាមួយ​អាមេរិក​ត​ទៅ​ទៀត​បាន​ឡើយ។ សូម​ជម្រាប​ជូន​ថា លោក​ត្រាំ​ដែល​បាន​ប្រកាន់​ជំហរ​គិត​ប្រយោជន៍​អាមេរិក និង​ពលរដ្ឋអាមេរិក​ជា​ធំ​តាម​រយៈ​ពាក្យ​ស្លោក « America first » តែង​តែ​ចោទ​ប្រទេស​មួយ​ចំនួន​ពី​បទ​មាន​ពាណិជ្ជកម្ម​មិន​ស្មើភាព​ជាមួយ​អាមេរិក ក្នុង​នោះ​ក៏​មាន​ចិន​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​អាមេរិក។ កាល​ពី​សប្តាហ៍​កន្លង​ទៅ រដ្ឋបាល​អាមេរិក​បាន​ដំឡើង​ពន្ធ​លើ​ផលិតផល​ពីរ​ប្រភេទ​នាំ​ចូល​ពី​ចិន គឺ​ផ្ទាំងស្រូបកំដៅ​ព្រះអាទិត្យ និង​ម៉ាស៊ីន​បោក​ខោអាវ។

នៅ​អឺរ៉ុប លោក​ដូណាល់ ត្រាំ​ធ្លាប់​បាន​ដំឡើង​សម្លេង​ដាក់​ប្រទេស​អាល្លឺម៉ង់​ដែល​កំពុង​មាន​សំណល់​ពាណិជ្ជកម្ម​ច្រើន​ជាមួយ​អាមេរិក និង​បាន​គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​អាល្លឺម៉ង់​នាំ​ចូល​អាមេរិក​ក្នុងថ​គោលដៅ​កាត់​បន្ថយ​វិសមភាព។ សំណួរ​ទាក់ទង​នឹង​ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​ឆ្លើយ​ថា បើ​លោក​ជា​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី Theresa May វិញ លោក​នឹង​មាន​ជំហរ​ម៉ឺងម៉ាត់​ជាង​លោកស្រី May ចរចា​ខុស​ពី​អ្វី​ដែល​លោកស្រី May បាន​ចរចា៕