rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង្គការ​សហប្រជាជាតិ រុស្ស៊ី ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មន្រ្តីអង្គការ​សហប្រជាជាតិ​នឹង​ទៅចូលរួម​នៅ​សមាជ​ដើម្បី​ស៊ីរី នៅ​ប្រទេស​រុស្ស៊ី

media
ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ​លោក Staffan de Mistura (កណ្តាល) នឹង​ធ្វើ​ជាអ្នកតំណាង​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នៅក្នុង​សមាជ​រៀបចំឡើង​ដោយ​រុស្ស៊ី នៅទីក្រុង​សុតឈី នៅថ្ងៃ​ទី​៣០​មករា ©REUTERS/Alex Halada/Pool

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ បាន​សម្រេច​បញ្ជូន​ប្រេសិត​​​ឲ្យ​ទៅ​ចូលរួម​នៅក្នុង​សមាជ​ដើម្បី​សន្តិភាព​នៅ​ស៊ីរី ដែល​​ក្រុង​ម៉ូស្គូ រៀបចំឡើង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍ក្រោយ នៅទីក្រុង​សុតឈី។ នេះ​បើតាម​អ្នកនាំពាក្យ​របស់លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅថ្ងៃសៅរ៍។ ការសម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​​​ធ្វើឡើង​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ក្រុមប្រឆាំង​ស៊ីរី បាន​ប្រកាស​ធ្វើ​ពហិការ​មិន​​ទៅ​ចូលរួម នៅក្នុង​សមាជ​រៀបចំ​ឡើង​ដោយ​ម៉ូស្គូ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ប្រធានាធិបតី​​​​ស៊ីរី លោក​​បាស្ហាអាល់ អាសាដ។


ទៅតាម​​ការអញ្ជើញ​​ពី​​រដ្ឋាភិបាល​​រុស្ស៊ី​ អគ្គលេខាធិការ​របស់​អង្គការ​សហប្រជាជាតិ​​​បាន​សម្រេច​ចិត្ត​បញ្ជូន​លោក​Staffan Mistrua​អន្តរការី​សម្រាប់​វិបត្តិ​ស៊ីរី ឲ្យ​ទៅ​ជា​អ្នកតំណាង​ នៅក្នុង​សមាជ​ដើម្បី​សន្តិភាព​នៅ​ស៊ីរី ដែល​ក្រុង​ម៉ូស្គូ​បាន​ផ្តួចផ្តើម​​រៀបចំ​ឡើង​នៅ​សប្តាហ៍​ក្រោយ នៅ​ទីក្រុង​សុតឈី។ តាមអ្នកនាំពាក្យ Stephane Dujarric លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​សម្រេច​បញ្ជូន​អ្នកតំណាង​ទៅ​ចូលរួម​នៅក្នុង​សមាជ នៅក្នុង​ក្តី​សង្ឃឹមថា សមាជ​នៅ​ក្រុង​សុតឈី​នឹង​ផ្តល់​លទ្ធផល​ជាវិជ្ជមាន​ ជា​វិភាគទាន​សម្រាប់​ជួយ​ចម្រើនបន្ថែម​​ដល់​ការចរចា​សន្តិភាពដើម្បី​ស៊ីរី ដែល​អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង​វីយ៉ែន។

កាលពីថ្ងៃ​ព្រហស្បតិ៍ កិច្ចប្រឹងប្រែង​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ស្វែងរក​សន្តិភាព​ឲ្យ​នៅ​ស៊ីរី​បាន​បរាជ័យ​ជា​លើក​ទី៩ បន្ទាប់​ពី​ភាគី​ជម្លោះ គឺ​រដ្ឋាភិបាល​ស៊ីរី​ និង​ក្រុម​បក្ស​ប្រឆាំង​ស៊ីរី ដែល​នៅ​ខ្វែងគំនិត​គ្នាទៅលើ​ជោគវាសនា​របស់​លោក​បាស្ហា អាល់អាសាដ បាន​គ្រវីក្បាល ដាច់ណាត់ មិន​ជួបចរចា​គ្នា​ដោយ​ផ្ទាល់។

ផ្ទុយពី​ជំហរ​របស់​អង្គការ​សហប្រជាជាតិ ក្រុមបក្សប្រឆាំង​ស៊ីរី​វិញ ដែល​ជា​ភាគី​ចរចាមួយ​នៅក្នុង​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​ស៊ីរី បាន​ប្រកាសនៅ​ព្រឹលឹម​ថ្ងៃ​សៅរ៍ ថា ខ្លួន​នឹង​ពហិការ មិន​ទៅចូលរួម​នៅក្នុង​សមាជ​ដែល​រៀបចំ​ដោយ​រុស្ស៊ី និង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​តួកគី និង​អ៊ីរ៉ង់ ។ ​ដើម្បី​​ចូលរួម​នៅក្នុង​សមាជ​រៀបចំ​ឡើង​ដោយ​ម៉ូស្គូ ក្រុម​ប្រឆាំង​ស៊ីរី បាន​ដាក់លក្ខខណ្ឌ​ ទាមទារ​ឲ្យរុស្ស៊ី​ ត្រូវ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ស៊ីរី ដែល​ជាសម្ព័ន្ធមិត្ត​របស់​រុស្ស៊ី ឲ្យ​បើក​ការចរចា​សន្តិភាព​តាម​ផ្លូវ​នយោបាយ​ ជាជាង​ប្រើ​កម្លាំង​យោធា​ ដែល​រដ្ឋាភិបាល​ស៊ីរី​កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ប្រទេស​សព្វថ្ងៃនេះ។

នៅមុន​ការសម្រេចចិត្ត​ចូលរួម​របស់​អង្គការ​សហប្រជាជាតិ សមាជ​​រៀបចំឡើង​ដោយ​ក្រុង​ម៉ូស្គូ​ត្រូវ​គេ​សង្ស័យថា នឹង​គ្មាន​ទម្ងន់​អ្វី គ្មាន​ប្រសិទ្ធិភាព​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី ដោយសារ​​តែ​គ្មាន​ការចូលរួម​​​ពី​ក្រុមបក្ស​ប្រឆាំង​ស៊ីរី ក្រុមប្រទេស​លោកខាងលិច និង​អង្គការ​សហប្រជាជាតិ ​ដែល​ជា​ភាគី​សំខាន់​នៅក្នុង​ដំណើរការ​ចរចា​សន្តិភាព​នៅ​ស៊ីរី។