អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ​នឹង​ទៅការពារ​អាមេរិក នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដាវ៉ូស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​បាន​បើក​ធ្វើ ២​ថ្ងៃ​មកហើយ នៅ​ក្រុង​ដាវ៉ូ Davos ប្រទេស​ស្វ៊ីស នឹង​ត្រូវបិទ​បញ្ចប់​នៅថ្ងៃ​សុក្រ​នេះ ជាមួយ​នឹង​ការថ្លែង​សុន្ទរកថា ដ៏​ទន្ទឹង​រង់ចាំ​របស់​ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ។ តាម​មន្រ្តីជាន់ខ្ពស់​អាមេរិក នៅចំពោះ​មុខ​អ្នកស្តាប់ ដែល​មាន​សុទ្ធ​តែ​មហាសេដ្ឋី ម្ចាស់ក្រុមហ៊ុន​គ្រាក់ៗ និង​ថ្នាក់ដឹកនាំ​បរទេស លោកដូណាល់​ត្រាំ នឹង​ថ្លែង​ការពារ​នយោបាយ​ទីផ្សារ​សេរី និង​បើកចំហរ។

លោកដូណាល់ ត្រាំ​នៅ​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​នៅថ្ងៃទី​២៥​មករា ២០១៨
លោកដូណាល់ ត្រាំ​នៅ​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​នៅថ្ងៃទី​២៥​មករា ២០១៨ © REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ថ្ងៃនេះ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស។ ឥស្សរជន និង​សុន្ទករថា ដែល​គេកំពុង​ទន្ទឹងរង់ចាំ​ខ្លាំង​នៅថ្ងៃ​បិទ​វេទិកា ថ្ងៃនេះ គឺ​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ។

ក្នុង​រយៈពេល​១៦​ឆ្នាំ​ចុងក្រោយ​នេះ លោកដូណាល់ ត្រាំ ជាប្រធានាធិបតី​ទី១ ដែល​បាន​ដាក់​ជើង​ជាន់​ដាវ៉ូស។ ប្រធានាធិបតី​អាមេរិក​មុនៗ ពីររូប គឺ​លោកGeorge W Bush ឬ​លោកបារ៉ាក់ អូបាម៉ា មិនដែល​ធ្វើដំណើរ​ទៅ​ចូលរួម នៅ​ក្នុងវេទិកា​សេដ្ឋកិច្ច ពិភពលោក នៅក្រុង​ដាវ៉ូសទេ។

អ្នកវិនិយោគ មហាសេដ្ឋី ម្ចាស់ក្រុមហ៊ុន ទន្ទឹង​ចង់​ស្តាប់​សំដី​របស់​ប្រធានាធិបតី​អាមេរិកាំង ដែល​ធ្លាប់​លើកនិយាយ​មិនឈប់ ពី​នយោបាយ ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​អាមេរិកាំង American first។ នយោបាយ​បិទទ្វារ គិត​តែ​ពីប្រយោជន៍​ផ្ទាល់ខ្លួន គឺ​ប្រយោជន៍​​របស់​អាមេរិក ដំបូងគេ គឺ​មិនមាន​ជា​សញ្ញាល្អ សម្រាប់​ក្រុមអ្នកធ្វើ​ជំនួញ នោះ ទេ ព្រោះ​វា​ជា​ឧបសគ្គ រារាំង មិន​ឲ្យ​មាន​ការដោះដូរ​សេរី និង​បើកចំហរ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច ពិភពលោក​បច្ចុប្បន្ននេះ។

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​លើកនេះ អ្នកចូលរួម នៅក្នុង​វេទិកា​ដាវ៉ូស ចង់​ស្តាប់លឺ​ផ្ទាល់​នឹង​ត្រចៀក ថា រដ្ឋបាល​លោកដូណាល់ ត្រាំ នឹង​នៅ​តែ​បន្ត​នយោបាយ​ការពារ​ប្រយោជន៍​ជាតិ​អាមេរិកាំងមុនគេ តទៅទៀត ឬ​ក៏​យ៉ាងណា? តើ​លោកដូណាល់ ត្រាំ នឹង​ថ្លែង​សុន្ទរកថា បើក​ចំហរ​ស្វាគម ឬ​ក៏​សុន្ទរកថា បែប​អត្មានិយម ដែល​នឹង​ធ្វើ​ឲ្យ​អាមេរិក ឯកោ ដូច​កាលដែល​លោក​បានធ្វើ កាល​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ?

មួយវិញទៀត គេ​ទន្ទឹង​រង់ចាំ​ខ្លាំង ចង់​ស្តាប់​សុន្ទរកថា របស់​លោកដូណាល់ ត្រាំ គឺ​នៅ​បន្ទាប់​ពី​រដ្ឋបាល​របស់លោក នៅ​សប្តាហ៍នេះ បាន​បង្ក​ឲ្យ​មាន​ភាពច្របូកច្របល់ ខ្លាំង​នៅក្នុង​ទីផ្សារ​ភាគហ៊ុន។ រូបិយប័ណ្ណ​ដុល្លារ​បាន​ធ្លាក់​ចុះ​ខ្លាំង នៅទីផ្សារ​ហិរញ្ញវត្ថុ នៅ​បន្ទាប់​ពី​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាមេរិក​លោក Stevem Mnuchin ​បាន​និយាយ​ថា លុយ​ដុល្លារ​ចុះថោក នឹង​ធ្វើ​ឲ្យ​អាមេរិក​បាន​ប្រយោជន៍។ លុយដុលា្លរ​មាន​តម្លៃថោក នឹង​ជួយ ជំរុញ ការចេញ​ទំនិញ​អាមេរិក​ទៅ​ក្រៅប្រទេស និង​ធ្វើ​ឲ្យ​ទំនិញ​នាំចូល​អាមេរិក​មាន​តម្លៃ​ខ្ពស់ ជាង​ទំនិញ​ក្នុង​ស្រុក។

តម្លៃ​លុយ​ដុល្លារ​ចុះថោក គឺ​កំពុង​ឆ្លើយតប ស៊ីសង្វាក់​គ្នា នឹង​នយោបាយ​នយោបាយ​សេដ្ឋកិច្ច​ការពារ​ជាតិ​និយម​របស់​លោកដូណាល់ ត្រាំ។ ប៉ុន្តែ លោកដូណាល់ ត្រាំ នៅថ្ងៃ​ម្សិលមិញ នៅពេល​មក​ដល់​ទឹកដី​ស្វ៊ីស បាន​បកស្រាយ​ផ្ទុយ​ទៅ​វិញ ថា លោក​ចង់​ឲ្យ​លុយ​​ដុល្លារ មាន​តម្លៃ​ថ្លៃ។ ជា​ជាង​បន្ទោស រដ្ឋមន្រ្តី​សេដ្ឋកិច្ច​របស់ខ្លួន លោក​ដូណាល់ ត្រាំ បានត្រឹម​តែ​និយាយ​ថា គេ​បាន​ដកស្រង់​ខុស សំដី របស់​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​របស់​លោក។

ទី២​ទៀត គេ​រង់ចាំ​ខ្លាំង ស្តាប់​លោកដូណាល់ ត្រាំ ព្រោះ លោកដូណាល់ ត្រាំ ទើប​តែ​សម្រេច​បង្កើន​ពន្ធ​លើ​ទំនិញ​នាំចូល​ពីរប្រភេទ គឺ​ផ្ទាំងស្រូបកំដៅព្រះអាទិត្យ ដែល​ភាគ​ច្រើន​នាំចូល​ពី​ចិន ហើយ​និង​ម៉ាស៊ីនបោកខោអាវ ដែល​នាំច្រើន​ពី​ប្រទេស​កូរ៉េខាងត្បូង។ ការដំឡើងពន្ធ ទៅ​លើ​ទំនិញនាំចូល​ពី​បរទេស យ៉ាងដូច្នេះ មិនមែន​ជា​ដំណឹង​ល្អសម្រាប់ ក្រុមហ៊ុន​បរទេស ដែលកំពុង​នាំចូល​ផលិតផល​ទៅ​អាមេរិក​នោះទេ។ បន្ទាប់​ពី​ផ្ទាំងស្រូប​កំដៅ​ព្រះអាទិត្យ និង​ម៉ាស៊ីន​បោកខោអាវ គេ​កំពុង​បារម្ភ​ដែរ​ថា រដ្ឋបាល​​លោកដូណាល់​ត្រាំ នឹង​អាច​ដំឡើង​ពន្ធ​ទៅលើ​ការនាំចូល​ដែក និង​អាលុយមីញ៉ូម បន្ថែមទៀត។

លោកដូណាល់ ត្រាំ​ចង់​ឲ្យ​មាន​ការដោះដូរ​សេរី ប៉ុន្តែ ស្មើភាព

នៅ​ប៉ុន្មាន​ម៉ោង​មុន​ការថ្លែង​សុន្ទរកថា របស់ប្រធានាធិបតី​អាមេរិក មន្រ្តីជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ ព័ត៌មាន​បារាំង AFPថា សុន្ទរកថា របស់​លោកដូណាល់ ត្រាំ នឹង​ផ្តោតទៅលើ​ការចង់​បាន​របស់​អាមេរិក នោះ គឺ​ទីផ្សារ​សេរី និង​បើកចំហរ ប៉ុន្តែ ក្នុង​លក្ខខណ្ឌ យុត្តិធម៌ និង​ស្មើភាព។ តាម​មន្រ្តីអាមេរិក នៅក្នុង​សុន្ទរកថា លោកដូណាល់ ត្រាំ​នឹងថ្លែង​បរិហារ រាល់ឧបសគ្គ​ដែល​រារាំង​ដល់​ការដោះដូរ​ដោយ​ស្មើភាព ដូចជា ការលួច​កម្មសិទ្ធិបញ្ញា ការចាប់បង្ខំ​ដោយ​មាន​ការផ្ទេរ​បច្ចេកវិទ្យា ហើយ​និង​នយោបាយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​បរទេស​មួយចំនួន សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក។ សារ​សំខាន់​របស់​លោកដូណាល់ ត្រាំ គឺ​អាមេរិក​ត្រៀម​ខ្លួន​រួចហើយ ដើម្បី​ធ្វើ​ជំនួញ​ជាមួយ​ពិភពលោក ជាពិសេស នៅក្រោយ​ពេល​អាមេរិក​កែប្រែច្បាប់​ពន្ធដា ដែល​នឹង​ជួយ​កាត់បន្ថយពន្ធ​លើ​ក្រុមហ៊ុន​ដែល​បោះទុន​វិនិយោគ​នៅ​អាមេរិក។

លោកដូណាល់ ត្រាំ​ចែចង់​ក្រុមហ៊ុន​បរទេស តាមរយៈ​ច្បាប់​ពន្ធស្រាល​លើ​ក្រុមហ៊ុន​វិនិយោគ​នៅ​អាមេរិក

នៅថ្ងៃ​ម្សិលមិញ នៅក្នុង​ពេល​ទទួល​ទានអាហារ​ជាមួយ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​អឺរ៉ុប​ធំៗ នៅ​ក្រុង​ដាវ៉ូស ដោយ​ប្រើ​ច្បាប់​កាត់​បន្ថយ​ពន្ធ លោកដូណាល់ ត្រាំ ក៏​កំពុង​ចែចង់​ទាក់ទាញ​ក្រុមហ៊ុន​បរទេសឲ្យ​ទៅ​វិនិយោគ នៅ​អាមេរិកដែរ។ វិនិយោគ​នៅ​អាមេរិក ដើម្បី​បង្កើតការងារ​ធ្វើ​ដល់​ប្រជាជន​អាមេរិកាំង។

នយោបាយ​កាត់បន្ថយ​ពន្ធ​សម្រាប់​ក្រុមហ៊ុន​ដែល​បោះទុន​វិនិយោគ​នៅ​អាមេរិក របស់​លោកដូណាល់ ត្រាំ​ជាដំណឹង​ល្អ​សម្រាប់​មហាសេដ្ឋី និង​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​ជំនួញ​រួចហើយ​នៅ​អាមេរិក។ នៅ​តុបាយម្សិលមិញ លោកដូណាល់ ត្រាំ​បាន​ទទួល​ពាក្យ​សរសើរ​ច្រើន​ពី​ម្ចាស់​ក្រុមហ៊ុន អ្នកធ្វើជំនួញ​ជាច្រើន ដែល​នៅក្នុង​នោះ ក៏​មាន​ផងដែរ ម្ចាស់​ក្រុមហ៊ុន​តូតាល់​របស់​បារាំង ដែល​គ្រោង​ចង់​បាន​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​សមុទ្រ​អាមេរិក។ ប៉ុន្តែ មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​សប្បាយ ស្វាគម​នយោបាយ​របស់​លោកដូណាល់ ត្រាំ​នោះទេ។ មហាសេដ្ឋី​ហិរញ្ញវត្ថុ ប្រាក់​រាប់ពាន់​លាន​ដុល្លារ ម្នាក់ គឺ​លោក​George Soros បាន​និយាយ​ថា លោក​ចាត់ទុក​”រដ្ឋបាល​លោកដូណាល់ ត្រាំ ថា ជា​គ្រោះថ្នាក់​សម្រាប់​ពិភពលោក”។

នយោបាយ​រួញខ្លួន របស់លោក​ដូណាល់ ត្រាំ គ្រោះថ្នាក់​មិនត្រឹម​ដល់​ការដោះដូរ​ពាណិជ្ជកម្ម ប៉ុន្តែ វា​គ្រោះថ្នាក់​ផងដែរ ដល់​សន្តិសុខ​ពិភពលោក។ អាមេរិក​ជាពិសេស​ប្រជាជន​អាមេរិកាំង​នឹង​បាន​ប្រយោជន៍​ពី​សកលភាវូបនីយកម្ម ពីការនាំចេញ​របស់​អាមេរិក ដោយ​យោង​ទៅលើ​ការដោះដូរ​សេរី។ ប៉ុន្តែ បើលោកដូណាល់ ត្រាំ នៅ​តែ​គិត​ថា ​អាមេរិក​ចាញ់ប្រៀប និង​ធ្វើ​នយោបាយ​បិទទ្វារ ដាក់​របាំង​ពន្ធ លើ​ការនាំចូល ដែល​ជា​ឧបសគ្គ​ដល់​ការដោះដូរ​សេរី នោះ គឺ​អាមេរិក ខ្លួនឯង​ទេ​ដែល​នឹង​នៅ​ឯកោរ ហើយ​នឹង​អាចរងគ្រោះ គ្មាន​កំណើន​សេដ្ឋកិច្ច​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ។

អឺរ៉ុប នាំមុខ​ដោយ​ បារាំង និង​អាល្លឺម៉ង់ បាន​ដើរ​នយោបាយ​ផ្ទុយពី​អាមេរិក របស់​លោកដូណាល់ ត្រាំ។ នៅថ្ងៃ​ម្សិលមិញ សុន្ទរកថា របស់​ប្រធានាធិបតី បារាំង និង​នាយករដ្ឋ​មន្រ្តី អាល្លឺម៉ង់ ដែល​ប្រកាស​បើកចំហរ គាំទ្រ ឲ្យ​មាន​ការដោះដូរ​សេរី ​នៅក្នុង​សម័យ​សកលភាវូបនីយកម្ម​បាន​ទទួល​ការស្វាគម​ខ្លាំង​ពី​ក្រុមអ្នកសេដ្ឋកិច្ច អ្នកធ្វើ​ជំនួញ ដែល​ចូលរួម​នៅ​ក្នុង​វេទិកា​ដាវ៉ូស។ នៅក្នុង​វិស័យ​ដោះដូរ​ពាណិជ្ជកម្ម អឺរ៉ុប ឬ​ចិនដែល​ជា​មហាអំណាចសេដ្ឋកិច្ច​ទី២ លើ​លោក កំពុង​ត្រៀម​ខ្លួន​រួចហើយ ដើម្បី​ស្នង​យក​តំណែង​ពីអាមេរិក ក្នុង​នាម​ជា​ប្រទេស​ការពារ​ការដោះដូរ​សេរី និង​គាំទ្រ​សកលភាវូបនីយកម្ម។ ចង់ ឬ​មិនចង់ ដោយសារ​តែ​នយោបាយ​រួញខ្លួន ការពារ​ប្រយោជន៍​ជាតិ​អាមេរិក​មុនគេ សុន្ទករថា របស់លោកដូណាល់ ត្រាំ ត្រូវ​បាំងលុប​ដោយ​សុន្ទរកថា​របស់​ប្រធានាធិបតី បារាំង និង​របស់​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ដែល​រិះគន់​គំរូ​សេដ្ឋកិច្ចពិភពលោក បែប “អាមេរិក មុន​គេ”​របស់​លោកដូណាល់ ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ