rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ទណ្ឌកម្ម​បស្ចិមលោក​សំដៅ​ផ្លាស់ប្តូរ​ប្រធានាធិបតី​នៅ​រុស្ស៊ី ប៉ុន្តែ​មិន​សម្រេច

ដោយ កែវ ឆាយា

ថ្លែង​បី​ថ្ងៃ​មុន ក្នុង​បរិវេណ វេទិកា​សេដ្ឋកិច្ខពិភពលោក នៅ​ក្រុង ដាវ៉ូស ប្រទេស​ស្វ៊ីស តំណាង ជាន់ខ្ពស់ម្នាក់​នៃ​មជ្ឈដ្ឋាន​ជំនួញ​រុស្ស៊ី បាន​ប្រកាស​ឲ្យ​ត្រចៀក​អន្តរជាតិ​ដឹងឮ ថា ទណ្ឌកម្ម​ដែល​បស្ចិមលោក ពួតដៃ​គ្នា​ដាក់​ទល់​នឹង​រុស្ស៊ី គឺ ជា​មហា​សង្គ្រាម​សេដ្ឋកិច្ច​ដើម្បី​បង្កើត​ជា​ការ​លំបាក​ដល់ ជីវភាព​រស់នៅ របស់ប្រជាជន​រុស្ស៊ី ហើយ​បំបះ​គេ ឲ្យ​ក្តៅក្រហាយ ស្អប់ ថ្នាក់ដឹកនាំ​របស់​ខ្លួន ដែល​នៅ​ទីបំផុត នាំ​ទៅ​កាន់ ការ​ផ្លាស់ប្តូរ​អំណាច​កំពូល​នៅ​រុស្ស៊ី ហើយ​ជំនួស​ទៅ​ដោយ នរណា ដែល​ត្រូវ​ចិត្ត​បស្ចិមលោក។

ប៉ុន្តែ ក្រោយ ពី កន្លង​ផុត​អស់​ជិត ៤ ឆ្នាំ ទៅ ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​មាន​ទឹកមាត់ប្រៃ បែប​យ៉ាង ធនាគារពិភពលោក និង មូលនិធិរូបិយវត្ថុ​អន្តរជាតិ បាន​កត់​សម្គាល់​ថា ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី សឹង​គ្មាន​ប្រសិទ្ធិភាព​ឡើយ។ ចំណែក អ្នកនាំពាក្យ​ប្រមុខរដ្ឋ​រុស្ស៊ី គូស​បញ្ជាក់​ថា បញ្ជី​ទណ្ឌកម្ម​ថ្មី ដែល ក្រុង​វ៉ាស៊ីនតោន​នឹង​ប្រកាស ថ្ងៃ ២៩ មករា ខាងមុខ ក្រោម​ឈ្មោះ​ចំអ​កថា របាយការណ៍​ក្រេមឡាំង គឺ ពាក់ព័ន្ធនឹង ការ​បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី ខែមិនា​ឆ្នាំ​នេះ តែម្តង។

ទណ្ឌកម្ម ដាក់​ដោយ សរអា និង បណ្តា​សម្ព័ន្ធមិត្ត​អាមេរិកាំង​នៅ​បស្ចិមលោក ប្រឆាំង​រុស្ស៊ី គឺ មិន​គ្រាន់តែ ជា​ទណ្ឌកម្ម​ប៉ុណ្ណោះ​ទេ តែ​ជា មហាសង្គ្រាម​សេដ្ឋកិច្ច ដែល​តាំង​គោលដៅ ផ្លាស់ប្តូរ​អំណាច នៅ​រុស្ស៊ី សេចក្តី​នេះ ថ្លែង​ដោយ ប្រធាន​ធនាគារ VTB ជា​ធនាគារ​ទី២​នៅ​រុស្ស៊ី លោក Andrei Kostine ក្នុង បរិវេណ វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ក្រុង ដាវ៉ូស​ប្រទេស ស្វ៊ីស ថ្ងៃ ២៣ មករា ជា​ថ្ងៃ​បើក ការងារ វេទិកា​នេះ។ គាត់​លំអិត​ថា បស្ចិមលោក តាម​រយៈ​ទណ្ឌកម្ម ខំ​ដាក់​គំនាប​យ៉ាង​ខ្លាំង​លើ ប្រទេស​រុស្ស៊ី ដើម្បី ឲ្យ ក្នុង​សហព័ន្ធ​រុស្ស៊ី មាន​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល ប្រធានាធិបតី ដោយ​ជំនួស ទៅ​ដោយ​នរណាដែល ត្រូវ​ចិត្ត បស្ចិមលោក។ លោក​ប្រមុខ VTB គូស​បញ្ជាក់​ថា អ្វីៗ​ដែល​កំពុង​កើត​មាន គឺ លយ​ចេញពី ក្របខ័ណ្ឌ​សង្គ្រាម ដ្បិត ក្នុង សង្គ្រាម​នេះ គេ​គ្រាន់​តែ​កម្រិត​លទ្ធភាព នាំ​ចេញ ឬ​នាំ​ចូល ប៉ុណ្ណោះ។

ទណ្ឌកម្ម​នេះ​ជា ការ​វាយប្រហារ ខ្នាត​ធំធេង​ក្រៃលែង មក​លើ​ប្រទេស​រុស្ស៊ី មក​លើ​សង្គម​រុស្ស៊ី ដោយគាបសង្កត់​យ៉ាង​ខ្លាំង ដើម្បី​ច្របាច់ ក សេដ្ឋកិច្ច​រុស្ស៊ី។ និយាយ​ឲ្យ​ចំ នេះ​ជា មហាសង្គ្រាម​សេដ្ឋកិច្ច។ រួច​ខ្ញុំ​និយាយ​នេះ គឺ​ដោយ​មធ្យ័ត ហើយ ប្រជាពលរដ្ឋ​រុស្ស៊ី ត្រូវ​តែ​យល់​ដឹង​អំពី​រឿង​នេះ ឲ្យ​បាន​ច្បាស់មែន​ទែន លោក Kostine ពន្យល់​បំភ្លឺ។ គាត់​បាន​ព្រមាន​អំពី ការ​កើន​ឡើង​នៃ ហានិភ័យ​ឆាបឆេះ​ជា​សង្គ្រាម​នៅ​ទ្វីប​អឺរ៉ុប ទាំង​ចង្អុល​ឲ្យ​ឃើញ​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មីៗ​ណា​ក៏​ដោយ​ប្រឆាំង ស្ថាប័ន​ហិរញ្ញវត្ថុរុស្ស៊ី គឺ​ប្រៀប​បាន​ជា​ការ​ប្រកាស​សង្គ្រាម។ ការ​ដាក់​ទណ្ឌកម្ម​ទល់​នឹង ពួក​អ្នកជំនួញ​រុស្ស៊ី ពី​ខាង​ភាគី​អាមេរិកាំង តាម​គោលការណ៍ ដែល​ថា​ពួក​គេ ជា​មិត្តជំនិត​របស់​លោក​ប្រធានាធិបតី ពូទីន ត្រូវ​លោក Kostine ចាត់​ទុក​ជា ទង្វើ​ឆ្កួត គ្មាន​ដឹង​ខ្យល់។

ក្នុង​សម្ភាសន៍ ទៅ Reuters សហគ្រិន​ថ្នាក់​លើ​ម្នាក់ ក្នុង​ក្រុមហ៊ុន​រុស្ស៊ី​ដ៏​ធំ បាន​បញ្ចេញ​យោបល់​ថា

យុទ្ធវិធី​អាមេរិកាំង ងាយ​យល់​សោះ គឺ តាម​គ្រប់​មធ្យោបាយ​ទាំងអស់ ត្រូវ​តែ​នាំ​ជា ការ​ឈឺ​ចាប់ ដល់ រាល់​អ្នក​ណា ដែល​គាំទ្រ​លោក ពូទីន ទាំង​រូប​វន្តបុគ្គល ទាំង​នីតិបុគ្គល ដើម្បី​នៅ​ទីបំផុត ឲ្យ​គេ​ទ្រាំ​លែងបាន រួច​នាំ​គ្នា​ថ្ងូរ​ថា ពួក​យើង​ឆ្អែត​ដល់ ក ហើយ។ ក្នុង​សន្និសីទកាសែត អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី លោក Dmitri Peskov បាន សំដែង​នូ​វជំនឿជឿជាក់់​ថា ដោយ​ដាក់​ទណ្ឌកម្ម​ទល់​នឹង ពួក​អ្នកជំនួញ និង ក្រុមហ៊ុន​រុស្ស៊ី អាជ្ញាធរ សរអា ប៉ុនប៉ង​បង្ក​ទំនាស់ រវាង លោក​ប្រមុខរដ្ឋ វ៉្លាឌីមៀរ ពូទីន និង ក្រុមអ្នក​រកស៊ី​គ្រាក់ៗ នៃ​ប្រទេស ហើយ​ការ​ខំ​ខ្នះខ្នែង​អាមេរិកាំង គឺ ពាក់ព័ន្ធ​នឹង ការ​បោះឆ្នោតប្រធានាធិបតី នា​ពេល​ខាង​មុខ នៅ​រុស្ស៊ី។

គឺ ថ្ងៃ ២៩ មករា ឆ្នាំ ២០១៨ នេះ ដែល​ក្រសួង​ហិរញ្ញវត្ថុ សរអា នឹង​បង្ហើយ​ឲ្យ​ចប់​ស្រេច​បាច់ ឯកសារ ក្រោម​ឈ្មោះ​ចំអក​ថា របាយការណ៍​ក្រេមឡាំង ដែល​នឹង​ចែង​អំពី​ឈ្មោះ​ក្រុមហ៊ុន និង ពួកអ្នកជំនួញ គ្រាក់ៗ​ថ្មីៗ​ទៀត នៅ​រុស្ស៊ី ដែល​ជំនិត​នឹង អំណាចកំពូល​នៅ​មូស្គូ។ ចំណែក​ទណ្ឌកម្ម​ចាស់​ប្រឆាំង​រុស្ស៊ី អស់​ជិត​៤ឆ្នាំ​មក​ហើយ តាម​មតិ ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​មាន​ទឹកមាត់ប្រៃ បែប​យ៉ាង ធនាគារពិភពលោក BM និង មូលនិធិរូបិយវត្ថុ​អន្តរជាតិ FMI នាំ​គ្នា​កត់​សម្គាល់​ថា ទណ្ឌកម្ម​នោះ មាន​ប្រសិទ្ធិភាព​ស្តួចស្តើងណាស់។ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទាំង​ពីរ​នេះ ថែម​ទាំង បាន​បង្កើន​ឲ្យ ប្រសើរ ឡើង ព្យាករណ៍ ស្តីអំពី​កំណើន ផលិតផលសរុប​ក្នុង​ស្រុក​របស់​រុស្ស៊ី ក្នុងឆ្នាំ ២០១៨ នេះ និង ក្នុង​ឆ្នាំ ក្រោយ ២០១៩។ ការ​វាយតម្លៃ​នេះ មាន​មូលដ្ឋាន​ជា​សំអាង​ជាក់លាក់។

ពួក​អ្ន​កវិភាគ របស់​ធនាគារពិភពលោក និង មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ យោង​ទៅ​លើ ការ​កើន​ឡើង តាំង​ពី ក្នុង​ឆមាសទី២ ឆ្នាំ ២០១៧ មក នៃ​តម្លៃ​ប្រេងឆៅ នៅ​ទីផ្សារ​ពិភពលោក ហេតុ​ដែល​នាំ​ចំណូល បាន​ក្រាស់ ក្រែល ដល់​ថវិកាជាតិ​រុស្ស៊ី។ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ តម្លៃ​នេះ គឺ​ឡើង​ដល់​ជាង ៧០ ដុល្លារសរអា ទៅ​ហើយ ក្នុង ១ បារីល ឬ ១ ធុង ដែល​ចំណុះ​បាន ១៥៩ លីត្រ។ តាម​ការ​សង្កេត​ឃើញ នៃ សេដ្ឋវិទូ​ដើម​ខ្សែ របស់ ធនាគារពិភពលោក គឺ​លោក Francesca Onsort ប្រទេស​រុស្ស៊ី ទទួល​ផល​បាន​ធំធាត់ ដោយសារ​ការ​កើន​ឡើង​នៃ តម្លៃ​វត្ថុធាតុដើម​ដែល​រុស្ស៊ី លក់​នៅ​ទីផ្សារ ពិភពលោក។ ជា​អាទិ៍ ការកើន​ឡើង​នៃ​តម្លៃ​ប្រេង ជា​មាសខ្មៅ​ កាល​ពី​ដំណាច់​ឆ្នាំមុន បាន​លើក​ទ្រនិច លេខ​សេដ្ឋកិច្ច​រុស្ស៊ី ឲ្យ​ល្អប្រសើរ។ មិន​តែ​ប៉ុណ្ណោះ នាំ​ជា​គុណប្រយោជន៍​ដល់​រុស្ស៊ី ក៏​ទាំង ស្ថានការណ៍ ក្នុង​សេដ្ឋកិច្ច​ពិពលោក គឺ​ការ​កើន​ឡើង​នៃ​ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម និង វិនិយោគ។

ម៉្លោះហើយ បាន​ជា ក្នុង​របាយការណ៍​ខ្លួន ចេញ​ខែ​មករា​នេះ ក្រោម​ចំណងជើង Global Economic Prospects ធនាគារ ពិភពលោក បាន​ដំឡើង​ព្យាករណ៍​នៃ​កំណើន ផសស រុស្ស៊ី ពី ១,៤% ដល់ ១,៧% សម្រាប់​ឆ្នាំ​នេះ និង ពី ១,៤% ដល់ ១,៨% សម្រាប់​ឆ្នាំ​ក្រោយ។ ការ​វាយតម្លៃ​របស់ ធនាគារពិពលោក អំពី​សេដ្ឋកិច្ច​រុស្ស៊ី ជា​ទូទៅ គឺ ស៊ី​គ្នា​នឹង ការ​វាយតម្លៃ​របស់ មូលនិធិរូបិយវត្ថុ​អន្តរជាតិ។ ថ្លែងក្នុង​វេទិកាសេដ្ឋកិច្ច​ពិភពលោក នៅ​ក្រុង ដាវ៉ូស សេដ្ឋវិទូ​នាំមុខ របស់ មូលនិធិ​នេះ លោក Moris Obstfeld បាន​កត់​សម្គាល់​ថា ក្នុងឆ្នាំ ២០១៨ ផសស រុស្ស៊ី អាច កើនឡើង ១,៧% ឬ ០,១% ខ្ពស់ជាង ព្យាករណ៍​លើក​មុន។ មិន​តែ​ប៉ុណ្ណោះ រុស្ស៊ី​ត្រូវ​បាន​រាប់​បញ្ចូល ទៅ​ក្នុង ចំណោម​ប្រទេស ដែលមាន​សមត្ថភាព ក្នុង​ពីរឆ្នាំ​ចំពោះ​មុខ ក្លាយ ទៅ​ជា អ្នក​កាច់​ចង្កូត​កំណើន សេដ្ឋកិច្ច​ពិពលោក។ ស្ថិតក្នុង​បញ្ជី​នេះ របស់ FMI ក៏​ទាំង សរអា កាណាដា ប្រេស៊ីល តួកគី។ គួរ​កត់សម្គាល់​ថា ក្នុង​ឆ្នាំ​២០១៧ អង្គការ​សហប្រជាជាតិ បាន​បូក​គុណ​ឃើញ​ថា ដោយ​មក​ពី ទណ្ឌកម្ម ក្នុង​ទម្រង់​ជា បម្រាម​និង​ការរឹតត្បិត ប្រឆាំង​រុស្ស៊ី សហភាពអឺរ៉ុប និង សរអា បាន​បង់ខាត អស់​ជាង ១០០.០០០ លានដុល្លារ ឬ ប្រមាណ ២ ដង ច្រើនជាង ការ​បង់​ខាត​របស់​រុស្ស៊ី ដែល​មាន​ទំហំ​តែ ៥៥.០០០ លាន ដុល្លារ។

បើ​តាម​ផ្លូ​វដាក់​ទណ្ឌកម្ម បស្ចិមលោក​សង្ឃឹម បំបះ ប្រជាជន រុស្ស៊ី ឲ្យ​ផ្តួល​អំណាច សព្វថ្ងៃ គឺ​មុខ​ជា​ខកចិត្ត ហើយ ដ្បិត ស្រប​នឹង​លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ ក្នុង ការ​បោះឆ្នោត​ប្រធានាធិបតី ថ្ងៃមុខ បេក្ខជន​លោក ពូទីន នឹង​ទទួល​សម្លេង​គាំទ្រ ដល់​ទៅ ៧២,៣ % គឺ​លើស​ឆ្ងាយ​ពី​បេក្ខជន ជាង ១០ នាក់ ទៀត៕

ឥទ្ធិពល​នៃសង្គ្រាម​ពាណិជ្ជកម្ម​លើ​បណ្តា​ប្រទេស​អាស៊ាន

សរអា ផ្អាក ការបំពេញ ជាមួយ រុស្ស៊ី តាម សន្ធិសញ្ញា​ស្តីអំពី​មេឃ​ចំហ

ហេតុអ្វី បាន​ជា​កើតមាន​សោកនាដកម្ម​បាក់ស្ពាន​នៅ​អ៊ីតាលី?

ដង្ហើម​សេដ្ឋកិច្ច​ចិន ធ្លាក់​ចុះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល សម្រាប់​ខែ​កក្កដា​

អ៊ីរ៉ាក់​កំពុង​ក្លាយ​ជា​ប្រទេស​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​រវាង​អាមេរិក និង​អ៊ីរ៉ង់?

ប្រព័ន្ធ​សុខាភិបាល​បេឡារុស ស៊ីរូង​ដោយ​អំពើ​ពុករលួយ និង​ការិយាធិបតេយ្យ

សុបិន​ដ៏គ្រោះថ្នាក់​បំផុត​របស់​ឡាវ ដែល​ចង់ក្លាយ ​ជា​ជង្រុគ​នៃ​ទំនប់​វារីអគ្គីសនី​ប្រចាំ​អាស៊ី

អ្នកវិទ្យាសាស្រ្ត៖ ផែនដី​នឹង​ក្លាយ​ជា​បន្ទប់ឆ្ពុង បើសិន​​កំដៅ​កើនឡើង​៤​អង្សាទៀត

តើអ្វីទៅ ​ជា​យុទ្ធសាស្ត្រ​ពិត​ប្រាកដ​របស់​លោក​ដូណាល់ ត្រាំ ​ទល់​នឹង​បញ្ហា​អ៊ីរ៉ង់?

សកលភាវូបនីយកម្ម និង​ភាព​មិនពេញចិត្ត​របស់​ពលរដ្ឋ​ថ្នាក់ក្រោម​នៅ​បណ្តាប្រទេស​ជឿនលឿន

អ្នកកាសែតដែល​គេសម្លាប់នៅអាហ្វ្រិកកណ្តាល កំពុង​ស៊ើបអង្កេត​លើក្រុមហ៊ុន​ដែលស្និទ្ធ​នឹង​ក្រេមឡាំង

សំណុំរឿងបេណាឡា ៖ បក្សប្រឆាំង​ដាក់​ញាត្តិ​ចាប់​ថ្នាក់​រដ្ឋាភិបាល

តើ​​ការ​​សម្រុះ​​សម្រួល​​បន្ធូរ​បន្ថយ​​ភាព​តាន​តឹង​​ពាណិជ្ជកម្ម​រវាង​​សហរដ្ឋ​អាមេរិក-អឺរ៉ុប ​​អាច​​ទុក​ចិត្ត​​បាន​​ដែរ​​ឬ​​ទេ?​

ជំនួបត្រាំ-ពូទីន ១០ថ្ងៃមុន ត្រូវគេមើលឃើញ ជាការប៉ុនប៉ងកសាង”សណ្តាប់ធ្នាប់ថ្មី”ក្នុងលោក

អាកាសធាតុ​ក្តៅខ្លាំង​មិនធ្លាប់មាន​នៅ​ទូទាំង​ពិភពលោក​ជា​សញ្ញា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ

Global Witness ៖ ២០១៧ ឆ្នាំមរណៈរបស់អ្នកការពារបរិស្ថាន

ហេតុ​អ្វីបាន​ជា​​​ ចិន ចង់​​គ្រប់​គ្រងផ្តាច់​មុខ​​វិស័យ​ដឹកជញ្ជូន​នៅ​អាហ្វ្រិក?

ក្រុមហ៊ុន​ផលិត​យន្តហោះ ​Boeing ​និង​ Airbus ​បន្ត​ការប្រជែងគ្នា​នៅ​ពិព័រណ៍ ​Farnborough ​ប្រទេស​អង់គ្លេស​

សូរខ្ទរ និង​ ចំហាយ នៃ World Cup -2018 ដែលបានចប់ទៅនៅរុស្ស៊ី  

នីការ៉ាហ្កា៖ ប្តីប្រពន្ធ​មេដឹកនាំ ធ្វើមិនដឹងមិនឮ បើទោះ​មាន​ចលនា​តវ៉ា​ប្រឆាំង​៣ខែ​មក​ហើយ