អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពេលណា​​​​ទើបគេ​អាច​​បំបាត់​​គម្លាត​​រវាង​​អ្នកមាន​​និង​​អ្នកក្រ​​បាន?​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ២២​មករា​កន្លងទៅ គឺ​មួយថ្ងៃ​មុនមាន​​​​​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​​នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស ​អង្គការ​Oxfamបាន​ចេញ​របាយការណ៍​បង្ហាញ​​គម្លាត​រវាង​អ្នកមានបំផុត ​​និង​អ្នកក្របំផុត​ក្នុង​ពិភពលោក។ អង្គការ​Oxfam​បរិហារ​ថា ជា​គម្លាត​ធំធេង​មិនធ្លាប់​មាន​ទេ។ ​ទ្រព្យសម្បត្តិរឺ​ក៏​ធនធាន​​​៨២ភាគរយ ​​ដែល​ពិភពលោក​រកបាន​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ​ បានហូរ​ចូលទាំងស្រុង​ក្នុង​​ហោប៉ៅ​របស់​​ក្រុមអ្នកមាន​បំផុត។

ជនក្រីក្រ​នៅ​កុងហ្គោ
ជនក្រីក្រ​នៅ​កុងហ្គោ AFP/D. KANNAH
ផ្សាយពាណិជ្ជកម្ម

រៀងរាល់ឆ្នាំ ​អង្គការ​Oxfam​តែង​ចេញរបាយការណ៍​ស៊ើបអង្កេត​បង្ហាញ​គម្លាត​រវាង​អ្នកមាន​​និង​អ្នកក្រ។​ ​ឆ្នាំ២០១៧​កន្លងទៅ​ ​តួលេខ​គម្លាត​គួរកត់​សម្គាល់ខ្លាំងណាស់ ដោយសារ​តែ​របាយការណ៍​របស់​​​Oxfam បង្ហាញ​ថា ប្រជាជន​ជា​អ្នកមាន​បំផុត​លើ​ពិភពលោក ​ប្រហែល​ជា​មួយភាគរយ ​ទទួល​បាន​​ធនធាន​​ទ្រព្យសម្បត្តិ​ដែល​ពិភពលោក​រកបាន​​​ ​ដល់​ទៅ​៨២ភាគរយ តែ​បើ​​ស្ថានភាព​ជីវភាព​អ្នកក្រ​​បំផុតវិញ​​​ ​​គ្មានអ្វី​ប្រែប្រួល​ទាល់តែសោះ។ ​​ឧទាហរណ៍​ជាក់ស្តែង ​​​កម្មការិនី​នៅ​ប្រទេស​​បង់ក្លាដែសម្នាក់ ​​​ធ្វើការ​រកប្រាក់​ ​ពេញ​មួយជីវិត រក​បាន​ស្មើ​ត្រឺម​​​នឹង​ប្រាក់ចំណូល​៤ថ្ងៃ របស់​​ថៅកែ​ក្រុមហ៊ុន​យីហោ​សម្លៀកបំពាក់​ធំបំផុត ​​ក្នុង​ពិភពលោក​ប៉ុណ្ណោះ។ ​​

យោងតាម​របាយការណ៍​Oxfam ​ពីខែ​មិនា​ឆ្នាំ​២០១៦ ដល់​ខែ​មិនា​ឆ្នាំ២០១៧ ​​​គេឃើញ​មាន​​មហា​សេដ្ឋី​មានប្រាក់​រាប់ពាន់លាន​កើន​ចំនួន​​ម្នាក់​ថែមទៀត រៀងរាល់​២ថ្ងៃ​ម្តង។ ជា​មធ្យម ​​ទ្រព្យសម្បត្តិ​​​មហាសេដ្ឋី​ទាំងនេះ​ បានកើន​ឡើង​១៣ភាគរយ រាល់ឆ្នាំ គិតតាំង​ពី​ឆ្នាំ​២០១០។ នៅ​សហរដ្ឋ​អាមេរិក ​អ្នកមាន​៣នាក់ ដែល​មា​នទ្រព្យ​​ជាងគេ​បំផុត ​មាន​ទ្រព្យ​​ស្មើ​ទ្រព្យសម្បត្តិ​សរុប​របស់​បណ្តា​អ្នកក្រ​បំផុត​​ដែរ។ ​នៅ​បារាំង​វិញ មាន​ជនជាតិ​បារាំង​​៣២​នាក់ មានប្រាក់រាប់​​​ពាន់លាន ​មាន​ទ្រព្យសម្បត្តិ​​ច្រើនដូច​ទ្រព្យសម្បត្តិ​សរុប​របស់​ពលរដ្ឋ​​​​ក្រីក្រ​បំផុត​៤០ភាគរយ​ក្នុងស្រុកបារាំង​​ដែរ។ ​​​​ថៅកែ​ក្រុមហ៊ុន​ធំៗមួយចំនួន ដែល​មានប្រាក់​វាល់ពាន់លាន​ យើង​ក៏ប្រហែល​ស្គាល់ខ្លះ​​​​ដែរ​ ដូចជា​លោក Zuckerberg ថៅកែ​ហ្វេសប៊ុក លោក​ Bezos ថៅកែក្រុមហ៊ុន​​អាម៉ាហ្សូន​ រឺ​ក៏​លោក​ប៊ីល ​ហ្គេត​ជាដើម។

អង្គការ​Oxfam​ប្រាប់ថា រាល់ឆ្នាំ ​អង្គការ​តែង​ជំរុញ​អោយ​មេដឺកនាំ​រដ្ឋាភិបាល​ប្រទេស​នានា ដែល​មកប្រជុំគ្នា ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​នៅ​ក្រុងដាវ៉ូស ប្រទេស​ស្វ៊ីស​ អោយពួកគេ​ចាត់វិធានការ​ដោះស្រាយ​​គម្លាត​នេះ។ ថ្នាក់ដឺកនាំ​រដ្ឋាភិបាល​ធំៗ​បាន​សន្យា​ដែរថា​នឹង​ដោះស្រាយ តែ​ការ​សន្យា​ដូច​ជា​សន្យា​​តាម​ខ្យល់ដូច្នោះដែរ។ តើ​​ពួកគេ​សន្យា​អោយ​រួច​ពីមាត់​រឺយ៉ាងណា ទើប​បានជា​គម្លាត​អ្នកមាន​អ្នកក្រ នៅតែ​មិនអាច​ដោះស្រាយ​បាន។​ ប្រហែល​អ្នកសន្យា​ទាំងនេះ​ ពិបាក​នឹង​សម្រេច​ពាក្យសន្យាបាន​ ​ពួកគេ​ប្រហែល​ជា​គិត​ថា សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ពិភពលោក ដំណើរការ​ទៅមុខ ដោយសារ​​តែ​​​​​ចំនួន​មហាសេដ្ឋី​កើនឡើង​ ដោយសារ​​​​ទ្រព្យសម្បត្តិ​មហាសេដ្ឋី​​កើនឡើង​​ហើយមើលទៅ។ ​​សម្រាប់​អង្គការ​​​​Oxfam ចំនួន​មហាសេដ្ឋី​កើនឡើង ទ្រព្យសម្បត្តិ​​មហាសេដ្ឋី​កើនឡើង មិន​មែន​ជាសញ្ញា​ថា សេដ្ឋកិច្ច​វិវត្តល្អ​​ទៅមុខ​ទេ។ ស្ថានភាព​នេះ​បង្ហាញ​ថា​​​​​លក្ខខណ្ឌ​​រស់នៅ​របស់​ជនក្រីក្រ​​​កាន់តែ​ដុនដាប​ទៅវិញទេ។ ​​

ថៅកែ​រឺ​ក៏​អ្នកដឺកនាំ​ក្រុមហ៊ុន​រកចំណូល​បាន​កាន់តែ​ច្រើន។ ​​កម្មករ កម្មការនី រឺ​បុគ្គលិក ​​ខំ​ធ្វើការអោយ​ថៅកែ ​​ស្ទើររកពេល​សម្រាក​គ្មាន​ តែ​ប្រាក់ខែពួកគេ​នៅឋេរ ​រឺកើន​តិចតួចប៉ុណ្ណោះ។ តើ​មាន​សមភាព​ដូចម្តេច​ទៅកើតទៅ? ការដែល​ប្រជាជន​ជា​អ្នកមាន​បំផុត ១ភាគរយ ក្នុងពិភពលោក ទទួលបាន​ធនធាន​​ពិភពលោក​ដល់ទៅ​៨២ភាគរយ ​​ឆ្នាំ​២០១៧កន្លងទៅ មិន​បង្ហាញ​ទេរឺ​ថា ក្រុមអ្នកមាន​​​រកចំណូល​បាន​ពី​ញើសឈាម​របស់​កម្មករ​ក្រីក្រ? នេះ​មិន​និយាយ​ពី​​​លក្ខខណ្ឌ​ការងារ​ដ៏លំបាក​របស់​កម្មករ​នៅតាម​ប្រទេស​ក្រីក្រ ដូចជា​បង់ក្លាដែស រឺ​ឥណ្ឌា ​​ដែល​ខំ​ធ្វើការ​ដើម្បី​លើកស្ទួយ​ភាព​រុងរឿង​របស់​សហគ្រាស​អ្នកមាន​ផង!

បើនិយាយ​ពី​រដ្ឋតាម​ប្រទេស​មួយចំនួន​វិញ រដ្ឋខ្លះ​គិតតែ​ចង់​តម្លើងពន្ធទំនិញ​TVA ​​​រកថវិកាចូលជាតិ​ ចង់​បន្ថយពន្ធ​សហគ្រាស ​លើកទឹកចិត្តសហគ្រាស​​​​ទៅវិញ។ ​ទន្ទឹម​នឹង​​ពាក្យ​ដែល​យើងធ្លាប់​លឺ​ថា “អ្នកមាន​ចេះ​តែ​មាន​ទៅ”នោះ អង្គការ​Oxfamលើកឡើង​ដែរ ​ពីបញ្ហា​ផ្សេងទៀត ដូចជា​ការគេចពន្ធ ការលួច​យកលុយ​ទៅដាក់​​​តាមធនាគារ​នៅ​ក្រៅ​​ប្រទេស​​ ដើម្បី​​គេចពន្ធ​ជាដើម។ ​ដើម្បី​ដោះស្រាយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ ដើម្បី​ចែករំលែក​​ធនធានរឺ​ចំណូល​ពិភពលោក​អោយ​បានស្មើគ្នា ​រវាង​អ្នកមាន​និង​អ្នកក្រ អង្គការ​Oxfam បាន​បង្ហាញ​សំណើ​មួយចំនួន​ ក្នុងនោះ អង្គការ​ស្នើអោយ​អ្នកដឹកនាំ​ប្រទេស​និមួយៗ ​​​ចាត់ចែង​គ្រប់គ្រង​លើ​ក្រុមហ៊ុន​ពហុជាតិ។

​ក្នុង​​​សំណើ​ដែល​អង្គការ​ ផ្ញើអោយ​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​ គេ​ឃើញថា ​អង្គការ​Oxfamស្នើ​អោយ​មានការ​ចែករំលែក​ធនធាន​អោយ​សមភាពគ្នា​ក្នុង​សហគ្រាស រវាង​អ្នកដឺកនាំ និងបុគ្គលិក និង​ម្ចាស់ភាគហ៊ុន​ផងដែរ។ ការ​ពង្រឹង​វិធានការ​ប្រឆាំង​ការគេចពន្ធ ក៏​​ជាមធ្យោបាយ​ជួយ​រក​ថវិកា​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​សាធារណៈ​ ដែល​នេះ​ជា​ការចូលរួម​​​ដោះស្រាយ​គម្លាត​រវាងអ្នកមាន​និង​អ្នកក្រ។ Oxfam មើលឃើញ​ដែរថា ជាជាង​ផ្តោត​ការ​យកពន្ធ​លើ​ពន្ធ​ទំនិញ TVA គេគួរ​តែ​យកពន្ធ​លើ​ទ្រព្យ​សម្បត្តិ​​មហាសេដ្ឋី​កំពូលៗវិញ។​

មិនដឺងថា សំណើ​ទាំងនេះ អាច​ត្រូវបាន​មេដឹកនាំ​ប្រទេស​និមួយៗធ្វើតាម រឺ​យ៉ាងណា​ទេ ព្រោះ​អង្គការ​Oxfam បង្ហាញ​គម្លាត​អ្នកមាន​អ្នកក្រ​រាល់ឆ្នាំ តែ​ក៏​នៅ​តែ​មិនអាច​ដោះស្រា​យបញ្ហាវិសម​ភាព​នេះ​បាន៕ ​​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ