rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង ស៊ីរី រុស្ស៊ី អាវុធ​គីមី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការផលិត​អាវុធ​គីមី នៅ​ស៊ីរី

media
ប្រជាជន​ស៊ីរី​នៅ អាមេរិក​ធ្វើ​បាតុកម្ម​ដើម្បី បរិហារ​រិះគន់​រដ្ឋាភិបាល​ស៊ីរី​ក្នុង​បទ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ីរី ©WIN MCNAMEE / GETTY IMAGES NORTH AMERICA / AFP

រដ្ឋាភិបាល​បារាំង នៅថ្ងៃ​អង្គារ​ទី​២៣ មករា បាន​ចេញ​ក្រឹត្យ​មួយ បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន ចំនួន ២៥ និង​អ្នកទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន ស៊ីរី ផ្សេងទៀត ដែល​ជាប់​សង្ស័យ ថា បាន​ផលិត​អាវុធ​គីមី។ រដ្ឋាភិបាល​បារាំង ដដែល នៅថ្ងៃ​នេះ ជា​អ្នកផ្តួចផ្តើម​គំនិត រៀបចំ​សន្និសីទ​អន្តរជាតិ ដើម្បី​និយាយ​ពី​និទណ្ឌភាព និង​ការប្រើប្រាស់​អាវុធ​គីមី នៅក្នុង​ប្រទេស​ស៊ីរី។ សន្និសីទ​នេះ​បើកធ្វើ នៅ​មួយ​ថ្ងៃ​ក្រោយ របប​ស៊ីរី ត្រូវ​បាន​ចោទ​ប្រកាន់​ជាថ្មី ថា បាន​ប្រើប្រាស់​អាវុធ គីមី ដើម្បី​វាយប្រហារ​ទៅលើ​ក្រុមឧទ្ទាម នៅ​ភាគខាងកើត​ក្រុង​ដាម៉ាស កាលពី​ថ្ងៃ​ចន្ទ។


នៅក្នុង​សន្និសីទ រៀបចំឡើង​ដោយ​ក្រុងប៉ារីស និង​ដែល​មាន​ចូលរួម​ពី​រដ្ឋមន្រ្តី​ការបរទេស​​អាមេរិក លោក​រេច ធីល័រសុន អ្នកតំណាង​មក​ពី​ប្រទេសជិត ៣០ ត្រូវ​ជួប​ពិភាក្សា គ្នា ដើម្បី​រិះរក​វិធានការ ដាក់​ទណ្ឌកម្ម ទៅ​លើ​អ្នក​ដែល​ទទួល​ខុសត្រូវ​ឲ្យ​មាន​ការប្រើប្រាស់​អាវុធ គីមី នៅក្នុង​ប្រទេស​ស៊ីរី។ ជាក់ស្តែងទៅ អ្នកតំណាង​របស់​ប្រទេស​ទាំង​២៩ នឹង​ចែករំលែក​ព័ត៌មាន និង​បង្កើត​តារាង ឈ្មោះ​របស់​បុគ្គល ក្រុមហ៊ុន ដែល​ចូលរួម នៅក្នុង​ការប្រើប្រាស់​អាវុធ គីមី នៅ​ស៊ីរី និង​នៅ​កន្លែងផ្សេងទៀត ក្នុង​ពិភពលោក។

បារាំង​បាន​ធ្វើ​គំរូ​គេ ដោយ បាន​ចេញ​ក្រឹត្យ នៅថ្ងៃ​អង្គារ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន និង​អ្នកទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន ដែល​សង្ស័យថា បាន​ចូលរួម នៅក្នុង​ដំណើរការ​ផលិត​អាវុធ​គីមី។ ជារួម ក្រុមហ៊ុន​ចំនួន ២៥ និង​អ្នក​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន ស៊ីរី បារាំង លីបង់ និង​ចិន ដែល​ធ្វើ​ជំនួញ​ទៅលើ​ការនាំចូល ចែកចាយ​លោហៈ ឬ​អេឡិចត្រូនិក ត្រូវ​បាន​ចាត់ចូល​ក្នុង​បញ្ជីរ​ខ្មៅ របស់​រដ្ឋាភិបាល​បារាំង។ តាម​ក្រសួង​ការបរទេស​បារាំង មន្រ្តី​រដ្ឋាភិបាល​ស៊ីរី គ្មាន​ឈ្មោះ នៅក្នុង​បញ្ជីរ​ទណ្ឌកម្ម​របស់​បារាំង ដោយសារ​តែ​គេ​នៅ​មិនទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក តាម​ផ្លូវច្បាប់។

តាម​ការវាយតម្លៃ​របស់​ភាគី​បារាំង នៅ​ចន្លោះឆ្នាំ ២០១២ និង​ឆ្នាំ ២០១៧ គេ​បាន​រកឃើញ​មាន​ការវាយប្រហារ ដោយ​ប្រើប្រាស់​អាវុធ​គីមី ចំនួន ១៣០ នៅ​ក្នុង​ទឹកដី​ស៊ីរី។ អ្នកស៊ើប​អង្កេត របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​ដើម្បី​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី វិញ បាន​ចោទប្រកាន់​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ ថា បាន​វាយប្រហារ​ទៅលើ​គូសត្រូវ ​ដោយ​ប្រើ​អាវុធ​គីមី ចំនួន ៤លើក ដែលនៅក្នុង​នោះ ការវាយប្រហារ​ដោយ​ប្រើ​អាវុធគីមី កាលពីខែ​មេសា ឆ្នាំ​មុន បាន​សម្លាប់​មនុស្ស ៨០នាក់។

សូមអាន៖ ហេតុអ្វីបាន​ជា​ប្រតិបត្តិការ​កម្ទេច​អាវុធគីមីស៊ីរី​មាន​ភាព​យឺតយ៉ាវ​ខ្លំាង?

នៅថ្ងៃ​ចន្ទ ម្សិលមិញ របបស៊ីរី ត្រូវ​បាន​ចោទប្រកាន់​ជាថ្មីថា បាន​ប្រើប្រាស់​អាវុធ​គីមី នៅក្នុង​ការវាយប្រហារ​មួយ ទៅ​លើ​ក្រុមឧទ្ទាម ដែល​កំពុង​កាន់កាប់​ដី​មួយភាគ នៅ​ប៉ែកខាងកើត​ក្រុង​ដាម៉ាស។ អាមេរិក​បាន​រិះគន់ រុស្ស៊ីថា បាន​អាក់ខាន គ្មាន​ឥទ្ធិពល​ទៅលើ​រដ្ឋាភិបាល​ស៊ីរី។ រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត របស់​ស៊ីរី ធ្លាប់​បាន​បោះឆ្នោត​វេតូ ពីរដង នៅ​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ ដើម្បី រារាំង​កុំ​ឲ្យ​អ្នកជំនាញ​អន្តរជាតិ អាច​ចូល​ទៅ​ធ្វើការ​អង្កេត លើ​ការប្រើប្រាស់​អាវុធ​គីមី នៅ​ស៊ីរី។

ម៉ូស្គូ ដែល​កំពុង​គាំទ្រ​ផ្នែក​យោធា ដល់​រដ្ឋាភិបាល​ស៊ីរី បាន​ចោទប្រកាន់​អ្នកជំនាញ​ទាំងនោះ ថា លំអៀង។ នៅក្នុង​វិបត្តិ​ស៊ីរី រុស្ស៊ី​មាន​ជំហរ ផ្ទុយ​ពី ក្រុមប្រទេស​លោកខាង​លិច។ ក្រៅតែ​ពី​អន្តរាគមន៍​យោធា​ជួយ​រដ្ឋាភិបាល​ស៊ីរី រុស្ស៊ី ក៏​ជាអ្នកផ្តួចផ្តើម​គំនិត​ ​ស្វែងរក​ដំណោះស្រាយ​​ឲ្យ​ស៊ីរី នៅលើ​ផ្នែក​នយោបាយ។ នៅក្នុង​ពេល​ដែល​អង្គការ​សហប្រជាជាតិ នៅ​សប្តាហ៍នេះ ចាប់បើក​ឡើងវិញ ការចរចា​ស្វែងរក​សន្តិភាព​ឲ្យ​ស៊ីរី នៅ​​​សប្តាហ៍នេះ ម៉ូស្គូ​ឯណោះវិញ នឹង​ចាប់បើក​សមាជ មួយ​ផ្សេង​ទៀត នៅថ្ងៃ​អង្គារ​សប្តាហ៍ក្រោយ ដើម្បី​និយាយ​ពី​សន្តិភាព​នៅ​ស៊ីរី។ សមាជ​នៅ​ក្រុង​សុតឈី នឹង​មាន​ការចូលរួម​តែ​ពី​តួកគី និង​អ៊ីរ៉ង់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី និង​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​យោធា ជួយ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី តែប៉ុណ្ណោះ៕