អានតួអត្ថបទ
អេស្ប៉ាញ

ក្រុម​អ្នក​ទាមទារ​​​ឯករាជ្យ​​​កាតាឡូញ៉ា​​តែងតាំង​​ប្រធាន​​សភា​​

​ ថ្ងៃពុធនេះ ក្រុមឯករាជ្យ​ផ្តាច់ទឹកដី​និយម តំបន់​កាតាឡូញ៉ា អេស្ប៉ាញ បាន​តែងតាំង​​លោករ៉ូហ្សេ តូរ៉ង់ Roger Torrent អាយុ​៣៨ឆ្នាំ អោយធ្វើ​ជាប្រធាន​សភា។ ការតែងតាំង​នេះ​ប្រហែល​មិនបាន​ធ្វើអោយ​រដ្ឋអំណាច​អេស្ប៉ាញ​សប្បាយចិត្ត​ប៉ុន្មានទេ។

លោក Roger Torrent ត្រូវបាន​តែងតាំង​ជា​ប្រធាន​សភា​កាតាឡូញ៉ា
លោក Roger Torrent ត្រូវបាន​តែងតាំង​ជា​ប្រធាន​សភា​កាតាឡូញ៉ា Reuters
ផ្សាយពាណិជ្ជកម្ម

លោក​រ៉ូហ្សេ តូរ៉ង់ Roger Torrent អាយុ​៣៨ឆ្នាំ ត្រូវបាន​គណបក្ស​ផ្តាច់ទឹកដី​និយម​កាតាឡូញ៉ា​នៅ​អេស្ប៉ាញ បោះឆ្នោត​អោយ​ជាប់​ជា​ប្រធានសភា​តំបន់។ លោក​តូរ៉ង់​ចេញមកពី​គណបក្ស​សាធារណរដ្ឋ​ឆ្វេងកាតាឡូញ៉ា ហៅ​កាត់​ថា​​ ERC។ ​​តំណាងរាស្ត្រ​​​ផ្តាច់ទឹកដី​និយម ៨នាក់​សំខាន់ៗ របស់​​ក្រុមផ្តាច់ទឹកដី​និយម គ្មានវត្តមាន​ក្នុង​ដំណើរការ​តែងតាំង​នេះទេ។ ពួកគេទាំង៨នាក់ ​​កំពុង​ជាប់ឃុំ រឺ​ក៏​ភៀសខ្លួន​នៅ​បែលហ្ស៊ិក។ លោក​ពីកដឺម៉ុង​ជា​ប្រធាន​​​​តំបន់​កាតាឡូញ៉ា ​​​កំពុង​ភៀសខ្លួន​នៅ​បែលហ្ស៊ិក ហើយ​តំណាងរាស្ត្រ ៧នាក់​​​ទៀត អ្នកខ្លះ​ភៀសខ្លួន​នៅបែលហ្ស៊ិក អ្នកខ្លះទៀត​​ជាប់ឃុំ។ ​​

បន្ទាប់​ពី​ការតែងតាំងប្រធាន​សភា​នេះ ក្រុមផ្តាច់ទឹកដី​និយម​ក៏​នឹងត្រូវជ្រើសរើស​អ្នក​ដឺកនាំ​ដែលមានភារកិច្ច​សម្រេច​ជ្រើស​​ ​ប្រធានបទ​ពិភាក្សា​ក្នុង​សភា និងការគោរព​បទបញ្ជា​ផងដែរ។​​

រដ្ឋអំណាច​កណ្តាល​អេស្ប៉ាញប្រហែល​ពិបាក​ទទួល​យក​ដំណើរការ​​​តែងតាំង​ថ្នាក់ដឺកនាំ​ក្នុង​សភា​កាតាឡូញ៉ានេះ​ណាស់។ គួររំលឹកថា ​ក្រុមផ្តាច់ទឹកដី​និយម​បាន​ទទួល​សម្លេង​ឆ្នោត​៤៧,៥ភាគរយ ជាសម្លេង​ភាគច្រើន​ដាច់ខាត ក្នុង​ការបោះឆ្នោត​សភា​តំបន់​កាលពី​ខែធ្នូ​កន្លងទៅ។ ក្រុមផ្តាច់ទឹកដី​ទទួលបាន​៧០លើ​១៣៥​អាសនៈ។ ​ចំណែក​បក្ស​របស់​នាយករដ្ឋមន្ត្រី​រ៉ាហយ​វិញ បាន​ចាញ់ឆ្នោត​ ​ទទួល​បាន​តែ​៣អាសនៈ​​ប៉ុណ្ណោះ។

​ត្បិតថា ក្រុមផ្តាច់ទឹកដី​និយម​មានប្រៀប​ក្នុង​នយោបាយ​នៅ​​កាតាឡូញ៉ា ប៉ុន្តែ​ពួកគេ​​​​ត្រូវប្រឈម​នឹង​រដ្ឋអំណាច​កណ្តាល​អេស្ប៉ាញ បើ​ពួកគេ​ហ៊ានតែងតាំង​មេដឺកនាំ​ ​ពីកដឺម៉ុង អោយ​មានតំណែង​ក្នុង​សភា។

លោក​ពីកដឺម៉ុង​កំពុង​ភៀសខ្លួន​នៅបែលហ្ស៊ិក ​លោកត្រូវបាន​រដ្ឋាភិបាល​អេស្ប៉ាញ​ដកតំណែង​ពី​ប្រធាន​សភា​តំបន់ ក្រោយ​ការ​បោះឆ្នោតប្រជាមតិ​​ទាមទារ​ឯករាជ្យ ខែតុលា និង​ក្រោយ​សភា​កាតាឡូញ៉ា​ប្រកាស​ឯករាជ្យតំបន់។ ​រដ្ឋអំណាច​ក្រុងម៉ាឌ្រីត​មិនព្រម​អោយ​លោកត្រូវបាន​ជ្រើសរើស​តែងតាំង​នៅ​កាតាឡូញ៉ា​ទៀតទេ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ