rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បុរីវ៉ាទីកង់ ជនភៀសខ្លួន អន្តោប្រវេសន៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បុរីវ៉ាទីកង់៖​សម្តេចប៉ាប​ហ្រ្វង់ស័រ​អំពាវនាវ​ឲ្យ​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន

media
សម្តេចប៉ាប​ហ្រ្វង់ស័រ​អំពាវនាវ​ឲ្យ​ពិភពលោក​យក​ចិត្ត​ទុក​ចំពោះ​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន Reuters

នៅ​ក្នុង​ឱកាស​ទិវា​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​អន្តរជាតិ​លើកទី១០៤ នា​ថ្ងៃទី១៤ មករា ប្រមុខ​សង្ឃកាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​អំពាវនាវ​ដល់​ពិភពលោក​ឲ្យ​នំា​គ្នា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធីសូត្រធម៌​មួយ​នៅ​បុរីវ៉ាកង់​ស្ថិត​ក្នុង​ប្រទេស​អ៊ីតាលី​ដោយ​ព្រះអង្គ​បាន​រម្លឹក​ជា​ថ្មី​ថា ការ​បដិសេធ​មិន​ទទួល​យក​អ្នកដទៃ​ជា​អំពើ​បាប។


ជា​ថ្មី​ម្តង​ទៀត ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ជា​ប្រធានបទ​ស្នូល​ដែល​ប្រមុខ​សង្ឃកាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​រម្លឹក​នៅ​ក្នុង​ទិវា​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​អន្តរជាតិ​លើកទី១០៤។ សម្តេចប៉ាប​បាន​បញ្ជាក់​ច្បាស់ៗ​ថា ក្តីបារម្ភ និង​ភាព​មន្ទិលសង្ស័យ​មិនមែន​ជា​អំពើ​បាប​ទេ។ តែ​ការ​យក​ភាព​ភ័យខ្លាច​ធ្វើ​របាំង​មិន​ជួយ​អ្នក​ដទៃ គឺ​ជា​អំពើ​បាប។ ព្រះអង្គ​បាន​ពន្យល់​ថា វា​មិនមែន​ងាយស្រួល​ទេ​ក្នុង​ការ​ដាក់​ខ្លួន​ទៅ​ក្នុង​វប្បធម៌​របស់​អ្នក​ដទៃ ហើយ​វា​ក៏​លំបាក​ដែរ​ក្នុង​ធ្វើ​ខ្លួន​ឲ្យ​ដូច​នរណា​ម្នាក់​ដែល​ខុស​ពី​យើង។

មាន​ព្រះជន្ម ៨១ព្រះវស្សា សម្តេចប៉ាប​ហ្រ្វង់ស័រ​ដែល​ជា​ជនជាតិ​អាហ្សង់ទីន​មាន​ប្រភព​ពី​គ្រួសារ​អន្តោប្រវេសន៍​អ៊ីតាលី​បាន​អះអាង​ថា ជា​ញយដង យើង​តែង​បដិសេធ​មិន​ជួប​អ្នកដទៃ និង​តែងតែ​បិទទ្វារ​ផ្ទះ​ដើម្បី​ការពារ​ខ្លួន។ នៅ​ក្នុង​ឃ្លាឃ្លោង​ទាំង​អស់​នេះ សម្តេចប៉ាប​ហ្រ្វង់ស័រ​ចង់​សំដៅ​លើ​ប្រទេស​មួយ​ចំនួន​ដែល​បន្ត​បដិសេធ​មិន​ទទួល​យក​ជនអន្តោប្រវេសន៍ ឬ​មួយ​ក៏​ទទួល​យក​ដែរ តែ​មាន​ការ​សម្រិតសម្រាំង។

សូម​ជម្រាប​ជូន​ថា តាំង​ពី​ក្លាយ​ជា​ប្រមុខសង្ឃ​កាតូលិក​ក្នុង​ខែ​មីនា ឆ្នាំ ២០១៣ មក សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ដែល​បាន​រត់​តាម​សមុទ្រ​ពី​ប្រទេស​កំណើត​មក​កាន់​ទ្វីប​អឺរ៉ុប។ ប៉ុន្មាន​ខែ​ក្រោយ​ទទួល​តំណែង​ជា​ប្រមុខសង្ឃ​កាតូលិក សម្តេចប៉ាប​បាន​យាង​ទៅ​កាន់​កោះ Lampedusa ក្នុង​ប្រទេស​អ៊ីតាលី​ដែល​ជា​ច្រកចូល​សំខាន់​របស់​ជនអន្តោប្រវេសន៍។ ក្នុង​ខែ​មេសា ឆ្នាំ ២០១៦ សម្តេចប៉ាប​បាន​យាង​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ប្រទេស​ក្រិក​ដោយ​នាំ​មក​ជាមួយ​នូវ​គ្រួសារ​ជនជាតិ​ស៊ីរី​ចំនួន ៣គ្រួសារ​អ្នក​កាន់​សាសនាអ៊ីស្លាម។

នៅ​ថ្ងៃ​ចន្ទ ទី១៥ មករា​នេះ សម្តេចប៉ាប​ផ្តើម​ទស្សនកិច្ច​ចំនួន ៨ថ្ងៃ​នៅ​ក្នុង​ទ្វីបកំណើត​របស់​ព្រះអង្គ​ដោយ​ផ្តើម​ដំបូង​នៅ​ក្នុង​ប្រទេស​ប៉េរូ និង​ឈីលី។ គឺ​ដំណើរ​ទស្សនកិច្ច​លើក​ទី២២ព្រះអង្គនៅ​បរទេស៕