អានតួអត្ថបទ
អ៊ិុយក្រែន

អ៊ុយក្រែន សង់​ស្ថានីយ​អគ្គិសនី​ទី១ ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ ​នៅក្បែរ​Chernobyl

កម្មករ​ដែល​សុទ្ធតែ​ពាក់​អាវ​កាក់​ពណ៏​លឿងទុំ ​នាំគ្នា​ជាប់ដៃ​រវល់​យ៉ាង​ប្រញាប់​ប្រញាល់ ​នៅ ​ជុំវិញ ​ផ្ទាំង​ស្រូវពន្លឺព្រះអាទិត្យ​ ច្រើន​ឥតគណនា​ពណ៏​ខ្មៅ​អ៊ូញ ​ប៉ុន្តែ​ភ្លឺ។ ទេសភាព​នេះ ​មានន័យ​ថា ​អ៊ុយក្រែន ​ត្រៀមខ្លួន​ ដាក់​ឲ្យ​ដំណើរការ ​ស្ថានីយ​អគ្គិសនី​ទី១ ​ដើរ​ដោយ​កំដៅ​ព្រះអាទិត្យ​ នៅ​ត្រង់​តំបន់​ផ្ចាញ់​ដោយ​ធាតុ​វិទ្យុសកម្ម ​បណ្តាល​មក​ពី​ការ​ផ្ទុះឆេះ ​នៃ​ប្រតិករ​នុយក្លេអ៊ែរ​ ក្នុង​ស្ថានីយ​អគ្គិសនី​បរមាណូ​​Chernobyl ​កាលពី ​៣១ ​ឆ្នាំមុន​ គ្រាន់​នឹង​ផ្តល់​ជីវិត​ឡើងវិញ ​ដល់​ដែនដី ​ដែល​គេ​បោះបង់​ចោល​ទៅហើយ។

ផ្ទះស្រូូបពន្លឺ​ព្រះអាទិត្យ​ (photovoltaic panels) ដែលគេ​ដាក់​បញ្ឈរ​​ក្បែរ ​អតីត​រោងចក្រ​​នុយក្លេអ៊ែរ​ ​Chernobyl
ផ្ទះស្រូូបពន្លឺ​ព្រះអាទិត្យ​ (photovoltaic panels) ដែលគេ​ដាក់​បញ្ឈរ​​ក្បែរ ​អតីត​រោងចក្រ​​នុយក្លេអ៊ែរ​ ​Chernobyl GENYA SAVILOV / AFP
ផ្សាយពាណិជ្ជកម្ម

មាន​កម្លាំងភ្លើង​តែ ១ ​មេហ្កាវ៉ាត់ ​ស្ថានីយ​នេះ ​ស្ថិតនៅ​ចម្ងាយ​ខ្ទង់ ​១០០​ ម៉ែត្រ​ប៉ុណ្ណោះ ​ពី​ “គំរបដំបូល ” ថ្មី​ ធ្វើ​ពី​ដែក​ថែប ​ដែល​មិន​ជ្រាប​ទឹក​  ដែលគេ​បាន​សាងសង់ ​ដើម្បី​គ្រប​លើ​កាក​សំណល់​សល់​ពី​ការ​ផ្ទុះ​ នៃ​ប្រតិករ​នោះ​ នៅក្រុង​ Chernobyl ​ក្នុងឆ្នាំ​១៩៨៦ ​ដែល​ជា​មហន្តរាយ​នុយក្លេអ៊ែរ​ស៊ីវិល​ធំ​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ។

ស្ថានីយ​បែប​នេះ​ អាច​ផ្គត់ផ្គត់​ចរន្ត​អគ្គសនី​ដល់​តម្រូវការ ​អ្នក​ស្រុក​ប្រមាណ ​២០០០ ​គ្រួសារ​រស់នៅ ​ក្នុង ​អាគារ​លំនៅ។ សេចក្តី​នេះ​រៀបរាប់​ ដោយ​លោក ​Evguen Variaguine ​នាយក​សហគ្រាស​ចម្រុះ ​អ៊ុយក្រែន-អាល្លឺម៉ង់ ​Solar Chernobyl ​ដែល​បាន​សមិទ្ធិ​គម្រោង​នេះ។ សហគ្រាស ​បាន​ចំណាយ​អស់​ ១លាន​អឺរ៉ូ​ ទៅក្នុង​ រចនាសម្ព័ន្ធ​នេះ ​ដែល​រួម​ក្តោប  ផ្ទាំងស្រូប​ពន្លឺ​ព្រះអាទិត្យ ​ចំនួន ​ដល់​ទៅ​ ៣៨០០ ​ផ្ទាំង ​សម្រាប់ស្រូប ​កំដៅ​ព្រះអាទិត្យ  ​ហើយ​បំលែង​​វា​ ​ឲ្យ​ទៅ​ជា​ ចរន្ត​អគ្គិសនី ​លើ​ផ្ទៃ​ដី ​១,៦ ហិកតា ​គឺ ​២ដង​ ធំជាង ​ ទីលាន​បាល់ទាត់។ គាត់សង្ឃឹម​ថា​ ស្ថានីយ​នេះ ​ដែល​នឹង​ត្រូវ​សម្ពោធ ​ក្នុង​ប៉ុន្មាន​សប្តាហ៏​ចំពោះមុខ ​នឹង​ហុច​ជា​ផ្លែផ្កា​បាន​ពេញ​លេញ ​ក្នុង៧​ឆ្នាំទៀត។

លោក​ Variaguine ​ក៏គូស​បញ្ជាក់​ថា ៖ ​សហគ្រាស​គាត់ ​គ្រោង​ពង្រីក​ស្ថានីយ​បែប​នេះ ​សរុបទៅ ​ឲ្យ​ឡើង​ ដល់​កម្លាំង​ភ្លើង ​១០០ ​មេហ្កាវ៉ាត់ ​នៅត្រង់​តំបន់​ជាទី​ដែល ​រស្មី​ព្រះអាទិត្យ​មាន​កម្រិត​ដូច ​នៅ​តំបន់​ខាងត្បូង ​ប្រទេស​អាល្លឺម៉ង់​អញ្ចឹង។

អ៊ុយក្រែន ​ខិតខំ​ផលិត​ថាមពល​ដោយ​កម្លាំង​ខ្លួន​ផ្ទាល់​ គឺ​ ក្រោយ​ពី​ឈប់ទិញ​យ៉ាង​គំហុក​ ឧស្ម័ន​របស់​រុស្ស៊ី ​ក្នុងផ្ទៃ ​នៃ​ភាព​តានតឹង​រក​លេខ​ដាក់​គ្មាន​ រវាង​ ក្រុងគៀវ ​និង​ ម៉ូស្គូ។ រដ្ឋ​នេះ ​ក៏ប្រាថ្នា ​ផ្តល់​ជីវិត​ឡើងវិញ​ដល់ ​តំបន់​បោះបង់​ក្នុង​រង្វង់ ​៣០គីឡូម៉ែត្រ​ ពី​ប្រតិករ​នុយក្លេអ៊ែរ​ដែល​ផ្ទុះនោះ ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ​១០០ គីឡូម៉ែត្រ​ ខាង​ជើង​​រដ្ឋធានី ​គៀវ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ បេឡារុស។

ប្រតិករ​នុយក្លេអ៊ែរ​នោះ ​បាន​ផ្ទុះឆេះ ​នៅថ្ងៃ ​២៦​ មេសា ​ឆ្នាំ​១៩៨៦ ​ដោយ​ធាតុ​វិទ្យុ​សកម្ម​របស់​វា ​បាន​បំពុល ​តាម​តួលេខ​ប៉ាន់ស្មាន​ខ្លះ ​គឺ​ដល់​ទៅ​ ៣ភាគ​៤ ​នៃ​ទ្វីប​អឺរ៉ុប។ ​ ក្រោយពី​មហន្តរាយ​នេះ ​អាជ្ញាធរ​សូវៀត ​កាលណោះ ​បាន​ជម្លៀស​អ្នក​ស្រុក​រាប់សែន​នាក់​ចេញ​ពី​ ដែនដី​ពុល​ជាង ​២០០០​គីឡូម៉ែត្រ​ក្រឡា។

តាម​យោបល់​រដ្ឋអំណាច​អ៊ុយក្រែន ​មនុស្ស ​អាច​ត្រឡប់​មក​រស់នៅ​ក្នុង​តំបន់​នេះ ​ ក្នុង​រយៈពេល​​២៤០ ​សតវត្ស​ទៀត ​ប៉ុន្តែ ​ឧស្សាហកម្ម​អាច​ដំណើរការ​ឡើងវិញ ​លុះណា​តែ​ក្នុង​ភាព​ប្រយ័ត្ន​ប្រយែង​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ