rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តួកគី បារាំង សិទ្ធិសេរីភាព សេរីភាព​សារព័ត៌មាន សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង់ការ៉ាថា ប្រធានាធិបតី​បារាំង​យល់​មិន​បាន​ច្បាស់​ពី​សេរីភាព​សារព័ត៌មាន​នៅតួកគី

media
ប្រធានាធិបតី​តួកគី​នៅថ្ងៃទី២១​ធ្នូ ២០១៧ នៅក្រុង​អង់ការ៉ា © Kayhan Ozer/Presidential Palace/Handout via REUTERS ATTENTION

នៅមួយ​ថ្ងៃ​មុន ទស្សនកិច្ច​របស់​ប្រធានាធិបតី តួកគី នៅ​ទីក្រុង​ប៉ារីស ដែល​ត្រូវ​ធ្វើ​នៅថ្ងៃ​សុក្រ​ទី ៥​មករា  អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​តួកគី​បាន​បញ្ជាក់​រួច​ជាស្រេច ជំហរ​របស់​រដ្ឋាភិបាល​តួកគី ទៅ​លើ​សេរីភាព​សារព័ត៌មាន​នៅតួកគី។ ប្រតិកម្ម​ពី​វិមាន​ប្រធានាធិបតី​តួកគី ធ្វើឡើង​នៅមួយ​ថ្ងៃ​ក្រោយ ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃ​ពុធ​បាន​សន្យា​ថា នៅពេល​លោកជួប​ប្រធានាធិបតី​តួកគី នៅថ្ងៃ​សុក្រ លោក​នឹង​និយាយ​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ការចាប់​អ្នកកាសែត នៅ​ប្រទេស​តួកគី។


ចាប់តាំង​ពី​រួចផុត ពី​រដ្ឋប្រហារ​មិន​បាន​សម្រេច នៅពាក់​កណ្តាល​ឆ្នាំ ២០១៦ នេះ​ជា​លើក​ទី១ ដែល​ប្រធានាធិបតី​តួកគី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង។ តាម​គម្រោង ប្រមុខរដ្ឋ​ទាំងពីរ​នឹង​ជជែក​ពី​សំណុំរឿងស៊ីរី ការទទួល​ស្គាល់​ហ្សេរុយសាឡឹម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ដោយ​រដ្ឋបាល​អាមេរិក ការសុំចូល​របស់​តួកគី​ជាសមាជិក​របស់​សហភាពអឺរ៉ុប ហើយ​និង​បញ្ហា​សិទ្ធិមនុស្ស​នៅតួកគី។

នៅ​ក្នុងសារ​ថ្លែង​ជូនពរ​ដល់​អ្នកកាសែត កាលពី​ថ្ងៃ​ពុធ ប្រធានាធិបតី​បារាំង​បាន​និយាយ​រួចហើយ​ថា នៅក្នុង​ពេល​ជួប​ជាមួយ​លោក​ប្រធានាធិបតី​តួកគី រេស៊ីប អ៊ែរដូហ្កាន លោក​នឹង​លើក​និយាយ​ការចាប់អ្នកកាសែត ដាក់ពន្ធនាគារ​នៅ​តួកគី។

នៅ​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​តួកគី​បាន​ប្រតិកម្ម ចាត់ទុក​ការនិយាយ​របស់​ប្រធានាធិបតី​បារាំងថា ធ្វើឡើង​ដោយ​ខ្វះព័ត៌មាន។ តាម​អ៊ីប្រាហ៊ីម កាលីន ជាអ្នកកាសែត​មិនមែន​មានន័យថា ជា​មនុស្ស​គ្មាន​ទោស ហើយ​ដែល​មិន​អាច​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នោះទេ។

តាមអ្នកនាំពាក្យ​របស់​ប្រធានាធិបតី​តួកគី នៅក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី បារាំង នៅថ្ងៃ​សុក្រនេះ ភាគី​តួកគី​នឹង​ផ្តល់​ឯកសារ​លម្អិត ដែល​នឹង​ពន្យល់ថា តើ​អ្នកកាសែត​ទាំងនោះ​អាច​ក្លាយ​ជា​សមាជិក​របស់​ក្រុមភេរវនិយម​បាន​យ៉ាងម៉េច។

P24 ដែល​ជា​ក្រុម​ដើម្បី​សេរីភាព​អ្នកកាសែត បាន​បង្ហាញថា ចាប់តាំង​ពី​រដ្ឋប្រហារ​មិន​បាន​សម្រេច នៅតួកគី និងការប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន អ្នកកាសែត​ចំនួន ១៥១​នាក់ ត្រូវ​បាន​ចាប់អាជ្ញាធរ​តួកគី ចាប់​ដាក់​ពន្ធនាគារ ក្នុង​បទ​ចោទប្រកាន់​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមភេរវនិយម។ នៅក្នុង​ចំណោម​នោះ​មាន​អ្នកកាសែត​បារាំង​ពីររូប ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន ក្នុង​បទ​ចូល​ជាសមាជិក និង​ធ្វើឃោសនា​ឲ្យ​ក្រុមភេរវនិយម។ នៅក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច រដ្ឋាភិបាល​របស់​លោក​អ៊ែរដូហ្កាន​បាន​បង្កើន​យុទ្ធនាការ​បោសសម្អាត ក្រុមអ្នកប្រឆាំង តាមរយៈ ការអនុវត្ត​វិធានការ​បង្រ្កាប​ក្រុមភេរវជន។ នៅក្នុង​ក្រសែភ្នែក​របស់​រដ្ឋាភិបាល​តួកគី អាជ្ញាធរ​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវជន​បីប្រភេទ គឺ​ក្រុមប្រឆាំង​គួក PKK ក្រុមជីហាត រដ្ឋអ៊ីស្លាម ហើយ​និង​ក្រុម​អ្នកប្រឆាំង នៅ​បរទេស ដែល​គាំទ្រ​ចលនា​របស់​មេដឹកនាំ​អ៊ីស្លាម ហ្គូលែន ដែល​លោក​អ៊ែរដូហ្កាន ចោទថា ជាអ្នក​នៅពីក្រោយ​ការធ្វើ​រដ្ឋប្រហារ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦៕