អានតួអត្ថបទ

ក្រោយការបោះឆ្នោត មេចលនា​ទាមទារ​ឯករាជ្យ​កាតាឡូញ៉ា​សុំ​ចរចា តែ​រដ្ឋាភិបាល​បដិសេធ

ក្រោយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា ដែលក្រុម​អ្នក​ទាមទារ​ឯករាជ្យ​កាតាឡូញ៉ា បាន​ទទួល​សំឡេង​ភាគ​ច្រើន​​ដាច់​ខាត​បាន​នៅ​ក្នុង​សភា (៧០លើ​១៣៥​អាសនៈ) លោក Puigdemont “អនាគត” មេដឹកនាំ​តំបន់”កាតាឡូញ៉ា បាន​ប្រកាស​ស្នើ​សុំ​ចរចា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​អេស្ប៉ាញ។ ប៉ុន្តែ​សម្រាប់​​លោក​នាយក​រដ្ឋមន្ត្រី​ ដៃ​គូ​សន្ទនារ​បស់​រដ្ឋាភិបាល​ គឺ​​ប្រធាន​គណបក្ស​Ciudadanos ដែល​ឈ្នះ​នាំ​មុខ​គេ​បំផុត​​​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ទេ។

នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ  Mariano Rajoy ធ្វើ​សន្និសីទ​កាសែត​ក្រោយ​ការ​បោះឆ្នោត​សភា​កាតាឡូញ៉ា
នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ Mariano Rajoy ធ្វើ​សន្និសីទ​កាសែត​ក្រោយ​ការ​បោះឆ្នោត​សភា​កាតាឡូញ៉ា REUTERS/Sergio Perez
ផ្សាយពាណិជ្ជកម្ម

ដល់វេលា​ដែល​ត្រូវ​បើក​ការ​ចរចា​ហើយ ! នេះ​ជា​ប្រសាសន៍​របស់​លោក​ ម៉ារីយាណូ រ៉ាហយ ប្រមុខ​រដ្ឋាភិបាលអេស្ប៉ាញ នៅ​រសៀល​ថ្ងៃ​សុក្រ​ទី ២២​ធ្នូ ក្រោយ​បាន​សង្កេត​ឃើញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​តំបន់​កាតាឡូញ៉ា។

លោក​​នាយក​រដ្ឋមន្ត្រី ប្រធានបក្ស​ប្រជាជន​ដែល​បាន​ចាញ់​ឆ្នោត​តំបន់​យ៉ាង​ដំណំ សល់​តែ​បី​កៅអី បាន​ប្រកាស​ត្រៀម​ខ្លួន​ចរចា និង​សហការ​​ជាមួយ​រដ្ឋាភិបាល​តំបន់​កាតាឡូញ៉ា ដើម្បី​ផ្សះផ្សា​ជាតិ​ឡើងវិញ តែ​ប្រឆាំង​ដាច់​រាល់​គំនិត​ផ្តួចផ្តើម​ណា​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ប្រទេស។ តើ​នេះ​មាន​ន័យ​ថា លោក​បដិសេធ​មិន​ចរចា​ជាមួយ ​ក្រុម​អ្នក​ទាមទារ​ផ្តាច់​ទឹក​ដី ដែល​ទើប​ឈ្នះ​ឆ្នោត​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​ តាម​សំណើ​របស់​​លោក Puigdemont ទេឬ ?!

គ្មាន​ចម្លើយ​បញ្ជាក់​ដោយ​ត្រង់ និង​ចំៗ​ទេ! ​លោក​ រ៉ាហយ បាន​ត្រឹម​អះអាង​ថា រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ចរចា​ជាមួយ​បក្ស​Ciudadanos ដឹកនាំ​ដោយ​លោកស្រី Ines Irrimadas ដែល​ជា​បក្ស​ឈ្នះ​នាំ​មុខ​គេ និង​​បាន​ទទួល​​សំឡេង​គាំទ្រ​ដល់​ទៅ​ជាង​ ១,១លាន​នាក់ (២៥%)។

សូម​បញ្ជាក់​ថា នៅ​មុនពី​របី​ម៉ោង ​អតីត​ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា Puigdemont ដែល​កំពុង​រស់​និរទេស​ខ្លួន​នៅប៊ែលហ្សិក តាំង​ពី​ថ្ងៃទី ៣០​តុលា​មក បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ដែរ​ពី​ទីក្រុង​ព្រុចសែល ស្នើ​សុំ​ជួប​​​ជាមួយ​​ប្រមុខ​រដ្ឋាភិបាល​អេស្ប៉ាញ​ លោក រ៉ាហយ ក្នុង​នាម​ជា​អ្នក​ឈ្នះ​ឆ្នោត នៅ​ប្រទេស​ប៊ែលហ្សិក ឬ​ទី​ណា​មួយ​ក្នុង​សហភាព​អឺរ៉ុប។ ប្រមុខ​ចលនា​ទាមទារ​ផ្តាច់​ទឹក​ដី​រូប​នេះ ក៏​បាន​អំពាវនាវសុំ​ការ​គាំទ្រ​ពី​​សហភាព​អឺរ៉ុប​ទៀត។

បើ​តាម​លទ្ធផល​ឆ្នោត លោក Puigdemont ត្រូវ​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា​ជា​ថ្មី ប៉ុន្តែ​លោក​មិន​បាន​គូស​បញ្ជាក់​អំពី​ចេតនា និង​ពេលវេលា​ដែល​ត្រូវត្រលប់​ចូល​ស្រុក​វិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ