ហេតុអ្វីបានជាចលនាស្តាំនិយមជ្រុលកំពុងឡើងសម្លេងខ្លាំងនៅអឺរ៉ុប?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៥
នៅអឺរ៉ុប គណបក្សស្តាំនិយមជ្រុលកំពុងមានឈ្មោះបោះសម្លេងខ្លាំង និងកំពុងក្លាយជាដៃគូនយោបាយមិនអាចខ្វះបាននៅក្នុងរដ្ឋាភិបាលចម្រុះនៃប្រទេសអឺរ៉ុបមួយចំនួននាពេលបច្ចុប្បន្ន។ ជាក់ស្តែងក្នុងឆ្នាំ ២០១៧ ដែលនឹងបិទបញ្ចប់នៅ ១០ថ្ងៃខាងមុខ គណបក្សស្តាំនិយមទទួលបានសម្លេងគាំទ្រកាន់តែច្រើនឡើងៗនាការបោះឆ្នោតជាតិនៅក្នុងប្រទេសអឺរ៉ុបមួយចំនួន ដូចជានៅបារាំង អាល្លឺម៉ង់ ហូឡង់ និងនៅក្នុងប្រទេសអូទ្រីស។ អ្វីទៅជាហេតុផលដែលបានធ្វើឲ្យគណបក្សស្តាំនិយមជ្រុលនៅអឺរ៉ុបឡើងកូដខ្លាំងដល់ម្លឹង?
គឺតាំងពីទសវត្សន៍ឆ្នាំ ២០០០ មកម្ល៉េះដែលគណបក្សស្តាំនិយមជ្រុលនៅអឺរ៉ុបបានឡើងឥទ្ធិពលខ្លាំង។ បច្ចុប្បន្ននេះនៅអឺរ៉ុប និងជាងពេលណាៗទាំងអស់ គណបក្សស្តាំនិយមជ្រុលហាក់បានក្លាយជាបក្សនយោបាយដ៏មានប្រជាប្រិយភាពខ្ពស់គិតតាំងពីឆ្នាំ ១៩៤៥។ ពិតណាស់ថា នៅមិនទាន់មានប្រទេសអឺរ៉ុបណាមួយស្ថិតក្រោមការដឹកនាំរបស់គណបក្សស្តាំនិយមជ្រុលនៅឡើយទេ តែគេត្រូវហ៊ានទទួលស្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ និងពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ មិនថាការបោះឆ្នោតជាតិ ឬការបោះឆ្នោតតំបន់ទេ សម្លេងរបស់គណបក្សជ្រុលនិយមបានកើនឡើងជាលំដាប់ពីទ្វេដងដល់ ៣ដងផងក៏មានដែរ។
ជាក់ស្តែងនៅក្នុងប្រទេសហូឡង់ គណបក្សដើម្បីសេរីភាពរបស់លោក Geert Wilders បានក្លាយជាកម្លាំងនយោបាយស្ថិតលំដាប់ទី២ នៅក្នុងរដ្ឋសភា។ នៅក្នុងប្រទេសបារាំង គណបក្សរណសិរ្យជាតិរបស់លោកស្រី Marine le Pen បានចូលខ្លួនប្រជែងទល់នឹងគណបក្សដើរទៅមុខរបស់លោកអេម៉ានុយអែល ម៉ាក្រុងនៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២។ គួរឲ្យភ្ញាក់ផ្អើលនៅអាល្លឺម៉ង់ គឺការចូលអង្គុយក្នុងសភារបស់ក្រុមអ្នកតំណាងរាស្រ្តមកគណបក្សស្តាំនិយមជ្រុលដែលទទួលបានសម្លេងគាំទ្រដល់ទៅ ១២,៦% នាការបោះឆ្នោតសភាក្នុងខែកញ្ញា។ នៅក្នុងប្រទេសអូទ្រីស គណបក្សស្តាំនិយមជ្រុលទទួលបានសម្លេងគាំទ្រ ២៦% នាការបោះឆ្នោតសភាកាលពីថ្ងៃទី១៥ តុលា។
ជាមួយនឹងសម្លេងនេះ គណបក្សអភិរក្សនិយមរបស់លោក Sebastian Kurz ដែលឈ្នះឆ្នោតគ្មានជម្រើសអ្វីក្រៅពីចាប់ដៃជាមួយបក្សស្តាំនិយមជ្រុលដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដោយយល់ព្រមប្រគល់៣ក្រសួងសំខាន់ៗ គឺក្រសួងមហាផ្ទៃ ការពារជាតិ និងក្រសួងការបរទេស។ នៅក្នុងប្រទេសអ៊ីតាលី និងស៊ុយអែត ការបោះឆ្នោតសភាគ្រោងរៀបចំនៅឆ្នាំ ២០១៨ ខាងមុខ តែគណបក្សស្តាំនិយមកំពុងឡើងកូដ និងមានប្រជាប្រិយភាពខ្លាំង។ ទាំងនេះជាសក្ខីកម្មមួយបញ្ជាក់ថា ជោគជ័យរបស់គណបក្សស្តាំនិយមជ្រុលបានកើតមានសឹងគ្រប់ប្រទេសអឺរ៉ុបទាំងអស់ រួមទាំងប្រទេសសម្បូររុងរឿងខ្លាំងដូចយ៉ាងអាល្លឺម៉ង់ ឬអូទ្រីសជាដើម។
ពិតណាស់ថា ប្រទេសអឺរ៉ុបនីមួយៗសុទ្ធតែមានបញ្ហាប្រឈមមិនដូចគ្នា និងមានវិធានការដោះស្រាយខុសគ្នា តែគេត្រូវហ៊ានទទួលស្គាល់ថា មានប្រធានបទស្នូលតែមួយគត់ដែលគណបក្សស្តាំនិយមជ្រុលបានយកទៅប្រើដើម្បីទាញយកសម្លេងឆ្នោតនៅគ្រប់ការបោះឆ្នោតទាំងអស់។ ប្រធានបទស្នូលនោះ គឺលំហូរជនអន្តោប្រវេសន៍ដែលអឺរ៉ុបកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ អ្វីដែលពលរដ្ឋអឺរ៉ុបទូទៅកំពុងបារម្ភខ្លាំង គឺអសន្តិសុខដែលជាប់ពាក់ព័ន្ធនឹងអន្តោប្រវេសន៍ ភេរវនិយម និងសេដ្ឋកិច្ចមិនទៀងទាត់។ ក៏ប៉ុន្តែ បញ្ហាអន្តោប្រវេសន៍មិនមែនជាកត្តាសត្យានុម័តតែមួយដែលកំណត់ពីជោគជ័យរបស់គណបក្សស្តាំនិយមជ្រុលនៅក្នុងឆាកនយោបាយផ្ទៃក្នុងរបស់ប្រទេសអឺរ៉ុបខ្លះនាពេលនេះទេ វាក៏មានជាប់ពាក់ព័ន្ធលើនយោបាយសេដ្ឋកិច្ច និងសង្គមរបស់គណបក្សនយោបាយប្រពៃណីដែលបានផ្លាស់ប្តូរគ្នាកាន់អំណាចជាហូរហែនារយៈពេលកន្លងទៅដែរ។
ការដែលពលរដ្ឋក្នុងប្រទេសអឺរ៉ុបខ្លះបានបោះឆ្នោតឲ្យគណបក្សស្តាំនិយមជ្រុលមកពីគេយល់ថា គណបក្សមួយនេះមានគោលនយោបាយតឹងតែងស្តីពីអន្តោប្រវេសន៍ តែក្នុងពេលជាមួយគ្នានោះ ពលរដ្ឋទាំងនោះក៏ហាក់មិនចង់ឃើញការឡើងកាន់អំណាចរបស់គណបក្សស្តាំនិយមជ្រុលដែរ។ ជាក់ស្តែងក្នុងប្រទេសបារាំងនាការបោះឆ្នោតប្រធានាធិបតី ពលរដ្ឋបានបោះឆ្នោតឲ្យគណបក្សរណសិរ្យជាតិរបស់លោកស្រី Marine Le Pen ចូលរួមប្រកួតប្រជែងទល់នឹងគណបក្សដើរទៅមុខរបស់លោកម៉ាក្រុងនៅជុំទី២ តែក៏បានបោះឆ្នោតទម្លាក់បក្សរណសិរ្យជាតិក្នុងជុំទី២ តែម្តង។ ទង្វើរបស់ពលរដ្ឋបារាំងដូចនេះ គឺជាមេរៀនមួយដែលពួកគេចង់ពញ្ញាក់ស្មារតីរបស់ថ្នាក់ដឹកនាំប្រពៃណីឲ្យយកចិត្តដាក់ និងគិតគូរដោះស្រាយឲ្យបានច្រើនចំពោះបញ្ហារបស់ពលរដ្ឋខ្លួនឯងជាជាងអ្នកមកពីក្រៅ។
ទន្ទឹមនឹងការបង្ខំចាប់ដៃដឹកនាំរដ្ឋាភិបាលជាមួយគណបក្សស្តាំនិយមជ្រុល ក៏មានរដ្ឋាភិបាលក្នុងប្រទេសអឺរ៉ុបខ្លះ ដូចយ៉ាងប្រទេសប៊ុលហ្ការី និងហុងគ្រីបានរួមសហការណ៍ជាមួយគណបក្សជាតិនិយមដែលគេស្គាល់ជាគណបក្សរើសអើង និងប្រកាន់ពូជសាសន៍។ ដូច្នេះឃើញថា ភាពដែលមិនគួរឲ្យជឿថាអាចកើតមាននៅក្នុងប្រទេសអឺរ៉ុបខ្លះបាននិងកំពុងលេចរូបរាងដែលធ្វើឲ្យអឺរ៉ុបមិនអាចធ្វើព្រងើយកន្តើយបានទេ។ បើពុំនោះសោត អឺរ៉ុបទាំងមូលនឹងបាត់បង់តម្លែពិត ហើយអាចក្លាយជាទ្វីបដែលគ្រប់គ្រងដោយពួកអ្នកជ្រុលនិយម និងពួកអ្នកជាតិនិយមដោយចៀសមិនរួច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ