rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បារាំង​រៀបចំ​ជំនួបកំពូល​ស្តីពី​អាកាសធាតុ​ដើម្បី​ផ្តល់​សន្ទុះ​ឲ្យ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស COP២១ ក្នុង​ឆ្នាំ ២០១៥

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​អង្គារ ទី១២ ធ្នូ​នេះ ប្រទេស​បារាំង​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​ស្តីពី​អាកាសធាតុ​ក្រោម​ឈ្មោះ​ថា « One Planet Summit »។ ជំនួបកំពូល​នេះ​បាន​ធ្វើ​ឡើង ២ឆ្នាំ​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ COP២១ ក្នុង​ឆ្នាំ ២០១៥ និង​ជិត ១ខែ​ក្រោយ​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ COP២៣ ក្នុង​ទីក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់។

តែ​អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ជំនួបកំពូល​ស្តីពី​អាកាសធាតុ​ថ្ងៃ​នេះ គឺ​អវត្តមាន​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​មួយ​ចំនួន​នៃ​ក្រុម​ប្រទេស​ដែល​បំពុល​បរិយាកាស​ខ្លាំង​ជាង​គេ ពិសេស​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ លោក​ត្រាំ​ដែល​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​នា​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ។

ជំនួបកំពូល​ស្តីពី​អាកាសធាតុ« One Planet Summit » ពេល​នេះ​មិនមែន​ជា​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ​ដូច​ធ្លាប់​បាន​រៀបចំ​រៀងរាល់​ឆ្នាំ​ដែល​គេ​ហៅ​ថា COP២១ COP២២ ឬ​មួយ​ក៏ COP២៣ ដែល​ទើប​បិទបញ្ចប់​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់​នោះ​ទេ តែ​ជា​ជំនួបកំពូល​មួយ​ដែល​បាន​រៀបចំ​ឡើង​តាម​គំនិត​ផ្តួចផ្តើម​របស់​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​នា​រដូវក្តៅ​កន្លង​ទៅ​ថ្មីៗ​នេះ ពោល​បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​សម្រេច​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ប៉ារីស COP២១ ក្នុង​ខែ​មិថុនា។

« Make Our Planet Great Again » នេះ​ជា​ពាក្យ​មួយ​ឃ្លា​ដែល​លោក​ម៉ាក្រុង​បាន​ប្រតិកម្ម​ភ្លាមៗ​តប​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​ដូណាល់ ត្រាំ​កាល​ណោះ។ កំណត់​សម្គាល់​មួយ​ទៀត ជំនួបកំពូល « One Planet Summit » ពេល​នេះ​ក៏​មាន​ការ​ចូលរួម​រៀបចំ​ដោយ​ភាគី​ពីរ​ផ្សេង​ទៀត គឺ​អង្គការ​សហប្រជាជាតិ និង​ធនាគារពិភពលោក។ ជា​សរុប មាន​អ្នក​ចូលរួម​ទាំង​អស់​ប្រមាណ​ជា ៤ ០០០នាក់ ក្នុង​នោះ មាន​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ប្រមាណ​ជា ៦០ រូប ដូច​ជា​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប Jean-Claude Juncker លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ Antonio Guterres រួម​ទាំង​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ជា​ច្រើន​រូប​មក​ពី​អាហ្រ្វិក។

អវត្តមាន​គួរ​ឲ្យ​កត់សម្គាល់ គឺ​ថ្នាក់ដឹកកំពូល​របស់​ប្រទេស ៣ ដែល​កំពុង​បន្ត​បំពុល​បរិយាកាស​ខ្លាំង​ជាង​គេ គឺ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ សមភាគី​ចិន​លោក​ស៊ី ជីនពីង និង​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ម៉ូឌី។ អាមេរិក និង​ឥណ្ឌា​បាន​បញ្ជូន​អ្នកតំណាង​របស់​ខ្លួន​ត្រឹម​មន្រ្តី​ការទូត តែ​ចិន​បាន​បញ្ជូន​ថ្នាក់ឧបនាយករដ្ឋមន្រ្តី។ ក្រៅ​ពី​ការ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​បរទេស ក៏​មាន​វត្តមាន​អង្គការ​ក្រៅរដ្ឋាភិបា ស្ថានប័ន​ជាតិ អន្តរជាតិ វិស័យ​រដ្ឋ និង​ឯកជន រួម​ទាំង​សង្គមស៊ីវិល​សរុប​ប្រមាណ​ជា ៨០០ដែរ។

ស្វែង​រក​ប្រភព​ហិរញ្ញវត្ថុ

កម្មវត្ថុ​នៃ​ជំនួបកំពូល « One Planet Summit » ពេល​នេះ​មិនមែន​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ស្តីពី​អាកាសធាតុ​ទេ តែ​ដើម្បី​ផ្តល់​សន្ទុះ និង​ជួយ​ពន្លឿន​ឲ្យ​មាន​ការ​អនុវត្តន៍​ជាក់ស្តែង​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​អនុម័ត​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ COP២១ កាល​ពី​ឆ្នាំ ២០១៥ ក្នុង​ទីក្រុង​ប៉ារីស។ នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​ហត្ថលេខី​បាន​ព្រមព្រៀង​គ្នា​ចូលរួម​ទប់​ស្កាត់​មិន​ឲ្យ​សីតុណ្ហភាព​ក្នុង​បរិយាកាស​កើន​លើស​បន្ថែម​ពី ២អង្សារ​ពី​ពេល​នេះ​ដល់​ឆ្នាំ ២១០០។ តែ ២ឆ្នាំ​ក្រោយ​មក សីតុណ្ហភាព​ក្នុង​បរិយាកាស​បាន​កើន​ថែម​ដល់​ទៅ​ជាង ៣អង្សារ​ឯណោះ។ នេះ​ជា​ភស្តុតាង​មួយ​ដែល​ស បញ្ជាក់​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​មិន​ត្រូវ​បាន​គោរព​ត្រឹមត្រូវ​ទេ។

ក្រៅ​ពី​ការ​ចូលរួម​ទប់​ស្កាត់​មិន​ឲ្យ​សីតុណ្ហភាព​ក្នុង​បរិយាកាស​កើន​លើស​បន្ថែម​ពី ២អង្សារ កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ក៏​ត្រូវ​បាន​ក្រុម​ប្រទេស​អភិវឌ្ឍន៍ ឬ​ក្រុមប្រទេស​ប៉ែកខាងជើង​សន្យា​ផ្តល់​លុយ​ចំនួន ១០០ ០០០លានដុល្លារ​ពី​ពេល​នេះ​ទៅ​ទល់​នឹង​ឆ្នាំ ២០២០ ដល់​ក្រុមប្រទេស​ក្រីក្រ ឬ​ក្រុមប្រទេស​ប៉ែកខាងត្បូង​ដែល​បាន​រងគ្រោះ​ដោយ​បញ្ហា​អាកាសធាតុ រួម​ទាំង​ជួយ​ប្រទេស​ទាំង​នេះ​ឲ្យ​ទទួល​បាន​ថាមពល​កកើត​ឡើង​វិញ​ដែរ។ តែ ២ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស កិច្ចសន្យា​មួយ​នេះ​ក៏​មិន​ត្រូវ​បាន​គោរព​ពេញ​លេញ​ដែរ។

ដូច្នេះ អាទិភាព​របស់​ជំនួបកំពូល « One Planet Summit » ពេល​នេះ គឺ​ស្វែង​រក​ប្រភព​ហិរញ្ញវត្ថុ​ពី​គ្រប់មជ្ឈដ្ឋាន​ទាំង​អស់​ដើម្បី​ជួយ​ស្រោចស្រង់​ផែនដី​ដែល​កំពុង​ជួប​គ្រោះថ្នាក់។ មហិច្ឆតា​មាន​ហើយ និង​ពាក្យ​សន្យា​ក៏​មាន​ដែរ តែ​អ្វី​ដែល​ខ្វះ គឺ​ការ​អនុវត្តន៍​ជាក់ស្តែង។

បារាំង​កែន​ប្រមូល​វិស័យ​ឯកជន​ឲ្យ​ចូលរួម​ជួយ​ស្រោចស្រង់​ផែនដី

ក្តីសង្ឃឹម​របស់​ប្រទេស​បារាំង​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ និង​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​ជំនួបកំពូល « One Planet Summit » ពេល​នេះ គឺ​ដាស់តឿន​ពិភពលោក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​ភពផែនដី​របស់​យើង​ដែល​កំពុង​ជួប​គ្រោះថ្នាក់ និង​ដែល​គេ​នៅ​អាច​ជួយ​ស្រោចស្រង់​ទាន់​ពេល បើ​ម្នាក់ៗ​ពិត​ជា​មាន​ឆន្ទៈ​ពិតប្រាកដ​មែន​នោះ។ លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​បាន​បញ្ជាក់​រួច​ហើយ​ថា ជំនួបកំពូល​ពេល​នេះ​មិនមែន​ជា​ជំនួបកំពូល​នៃ​ក្រុមប្រទេស​ផ្តល់​ជំនួយ​ទេ តែ​លោក​បាន​លើក​ឡើង​ពី​តម្រូវ​ការ​ដំណោះស្រាយ​ជាក់ស្តែង​លើ​គម្រោង​ជាក់ស្តែង​ជា​ច្រើន​ដែល​បាន​សន្យា​នៅ​ក្នុង​កិច្ចព្រមព្រៀង​ប៉ារីស COP២១។

នៅ​ក្នុង​បញ្ហា​នេះ និង​អ្វី​ដែល​លោក​ម៉ាក្រុង​សង្ឃឹម​ច្រើន គឺ​ការ​ចូលរួម​ពី​ស្ថានប័ន​សាធារណៈ និង​ឯកជន ពិសេស​គឺ​ស្ថាប័ន​ឯកជន​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស។ លោក​ប្រមុខរដ្ឋ​បារាំង​ពិត​ជា​មិន​ខក​ចិត្ត​ទេ ព្រោះ​មាន​ថ្នាក់ដឹក​នាំ​ស្ថាប័ន អង្គការ និង​គ្រឹះស្ថាន​ឯកជន​បរទេស​ជា​ច្រើន រួម​ទាំង​ថៅកែ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​បរទេស​ធំៗ​បាន​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​លោក​ម៉ាក្រុង។ ជាក់ស្តែង លោក Bill Gates អតីត​អគ្គនាយក​ក្រុមហ៊ុន Microsoft ដែល​យល់ព្រម​ចំណាយ​លុយ​ពី ៣០០ ទៅ ៥០០លានដុល្លារ​សម្រាប់​កម្មវិធី​ស្រាវជ្រាវ​លើ​បញ្ហា​អាកាសធាតុ និង​ផលវិបាក​របស់​វា​នៅ​លើ​វិស័យ​កសិកម្ម។

ទន្ទឹម​គ្នា​នេះ មាន​ការ​បង្កើត​ឲ្យ​មូលនិធិ​សម្ព័ន្ធមិត្ត​មួយ​ចូលរួម​ដោយ​ប្រទេស​បារាំង ន័រវែស កាតា កូវ៉ែត អេមីរ៉ាអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និង​ប្រទេស​នូវែលហ្សេឡង់។ ឃើញ​ថា គេ​អាច​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ហិរញ្ញវត្ថុ​ច្រើន​ពី​វិស័យ​ឯកជន​ជាង​វិស័យ​សាធារណៈ។ តួនាទី​របស់​វិស័យ​ឯកជន​ជា​តួនាទី​មួយ​មិន​អាច​ខ្វះ​បាន​ដើម្បី​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​អភិវឌ្ឍន៍​លើ​វិស័យ​ថាមពល​កកើត​ឡើង​វិញ​ដោយ​លុប​បំបាត់​បន្តិច​ម្តងៗ ថាមពល​បាន​មក​ពី​រ៉ែធ្យូងថ្ម ប្រេង និង​ឧស្ម័ន៕

ទីតាំង​នៃ​ជំនួបកំពូល គឺ​ជា​និមិត្តរូប​មួយ​នៃ​ការ​រៀបចំក្រុង​ដែល​គិតគូរ​ពី​បរិស្ថាន

 

ហេតុអ្វី បាន​ជានិស្សិត​បារាំង ធ្វើ​បាតុកម្ម កាន់កាប់​មហាវិទ្យាល័យ​នៅពេលនេះ?

គុយបា​បើកទំព័រ​​សករាជថ្មី ជាមួយ​នឹង​ប្រធានាធិបតី​ថ្មី ក្រៅ​រង្វង់​គ្រួសារ​ត្រកូល​Castro

លោក​ដូណាល់ត្រាំ​បញ្ជាក់ថា​ប្រមុខ​សេអ៊ីអា​ពិតជា​បានទៅជួប​លោក​គីមជុងអ៊ុន​ដោយ​សម្ងាត់

ស្តូប​រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម មាន​លើកដំបូងគេ នៅ​ទឹកដី​បរទេស

ណាសា​នឹង​បញ្ជូន​TESS ទៅ​ថតរក​ភព​ផ្សេង នៅជុំវិញ​ផ្កាយ ក្រៅ​ប្រព័ន្ធព្រះអាទិត្យ

អាមេរិក បារាំង និងអង់គ្លេស​រួមគ្នា វាយប្រហារ​ទីតាំង​ស្តុកអាវុធ​គីមី នៅ​ស៊ីរី

ហេតុអ្វី​លោកត្រាំ ចង់​វិល​មក​រកកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប៉ាស៊ីហ្វិក​វិញ ?

ចរន្ត​ទឹកសមុទ្ទ​ចុះ​ខ្សោយ ដោយ​ការប្រែប្រួល​អាកាសធាតុ

ស៊ីរី៖ ការប្រឈមមុខ​ដោយ​អាវុធ​អាច​នឹង​មាន បន្ទាប់​ពីរុស្ស៊ី​ និង​អាមេរិក ​តម្លើង​សរសៃ​ក​ដាក់គ្នា​នៅ​អ.ស.ប

ចិន៖​លោកស៊ី ជីនពីង​ចាត់​វិធានការ​ទប់​នឹង​នយោបាយ​ការពារនិយម​របស់​លោក​ដូណាល់ ត្រាំ​ដោយ​ប្រកាស​​បើក​ចំហ​ទីផ្សារ​ចិន

តើអ្នកណា​ដែល​បាញ់មីស៊ីល វាយប្រហារ​មូលដ្ឋានទ័ព​អាកាស​ស៊ីរី?

តើប្រជាជន​ហុងគ្រី​នឹង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី ដែល​ស្អប់ជនអន្តោប្រវេសន៍?

លោក​ណាហ្ស៊ីប រ៉ាហ្សាក់ប្រកាស​រំលាយ​សភាម៉ាឡេស៊ី

ប្រេស៊ីល៖​លោកលូឡា​ត្រូវ​បញ្ចប់​ជីវិតនយោបាយ​នៅ​ក្នុង​ពន្ធនាគារ?

ហេតុអ្វី​បាន​ជា​ក្រុម​ប្រទេស​សមាជិក​អូតង់​ស្ថិតជុំវិញ​សមុទ្របាល់ទិច​ងាក​ទៅ​រក​អាមេរិក​ជា​ថ្មី?

កូដកម្ម​នៅ​បារាំង ជា​វិញ្ញាសា​ល្បង​កម្លាំង​សម្រាប់​លោក​ម៉ាក្រុង​និង​សហជីព ឬ ?

ហិង្សា​​ហ្កាហ្សា៖​អ៊ីស្រាអែល​​ទាត់ចោល​​ការទាមទារ​​ស៊ើប​អង្កេត​​ការស្លាប់​​​ជនជាតិ​​ប៉ាឡេស្ទីន​​

ហ្កាហ្សា៖ កំដៅ​នៃ​ភាព​តានតឹង អាច​បង្ក​ជា​ភ្លើង​សង្រ្គាម​សាជាថ្មី​ បាន​គ្រប់​ពេល​វេលា

តុលាការបារាំង​នាំ​ខ្លួនអតីត​ប្រធានាធិបតី​ ​​លោក នីកូឡា សាកូហ្ស៊ី ​ទៅ​ជំនុំជម្រះ​ រឿង​ពុករលួយ

បារាំង​រៀប​យុទ្ធសាស្ត្រ​ដើម្បី​បាន​ក្លាយ​ជា​ជើង​ឯក​ផ្នែក « បញ្ញាសិប្បនិម្មិត”