បារាំងរៀបចំជំនួបកំពូលស្តីពីអាកាសធាតុដើម្បីផ្តល់សន្ទុះឲ្យកិច្ចព្រមព្រៀងក្រុងប៉ារីស COP២១ ក្នុងឆ្នាំ ២០១៥
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៧
នៅថ្ងៃអង្គារ ទី១២ ធ្នូនេះ ប្រទេសបារាំងបានធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលស្តីពីអាកាសធាតុក្រោមឈ្មោះថា « One Planet Summit »។ ជំនួបកំពូលនេះបានធ្វើឡើង ២ឆ្នាំក្រោយពីមានកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ COP២១ ក្នុងឆ្នាំ ២០១៥ និងជិត ១ខែក្រោយសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP២៣ ក្នុងទីក្រុងប៊ន ប្រទេសអាល្លឺម៉ង់។ តែអ្វីជាការកត់សម្គាល់នៅក្នុងជំនួបកំពូលស្តីពីអាកាសធាតុថ្ងៃនេះ គឺអវត្តមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមួយចំនួននៃក្រុមប្រទេសដែលបំពុលបរិយាកាសខ្លាំងជាងគេ ពិសេសលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ លោកត្រាំដែលបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសនាខែមិថុនាកន្លងទៅថ្មីៗនេះ។
ជំនួបកំពូលស្តីពីអាកាសធាតុ« One Planet Summit » ពេលនេះមិនមែនជាសន្និសីទអន្តរជាតិស្តីពីអាកាសធាតុដូចធ្លាប់បានរៀបចំរៀងរាល់ឆ្នាំដែលគេហៅថា COP២១ COP២២ ឬមួយក៏ COP២៣ ដែលទើបបិទបញ្ចប់ថ្មីៗនេះនៅក្នុងទីក្រុងប៊ន ប្រទេសអាល្លឺម៉ង់នោះទេ តែជាជំនួបកំពូលមួយដែលបានរៀបចំឡើងតាមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុងនារដូវក្តៅកន្លងទៅថ្មីៗនេះ ពោលបន្ទាប់ពីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងប៉ារីស COP២១ ក្នុងខែមិថុនា។
« Make Our Planet Great Again » នេះជាពាក្យមួយឃ្លាដែលលោកម៉ាក្រុងបានប្រតិកម្មភ្លាមៗតបនឹងការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំកាលណោះ។ កំណត់សម្គាល់មួយទៀត ជំនួបកំពូល « One Planet Summit » ពេលនេះក៏មានការចូលរួមរៀបចំដោយភាគីពីរផ្សេងទៀត គឺអង្គការសហប្រជាជាតិ និងធនាគារពិភពលោក។ ជាសរុប មានអ្នកចូលរួមទាំងអស់ប្រមាណជា ៤ ០០០នាក់ ក្នុងនោះ មានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណជា ៦០ រូប ដូចជាលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស Theresa May លោកប្រធានគណៈកម្មការអឺរ៉ុប Jean-Claude Juncker លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres រួមទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាច្រើនរូបមកពីអាហ្រ្វិក។
អវត្តមានគួរឲ្យកត់សម្គាល់ គឺថ្នាក់ដឹកកំពូលរបស់ប្រទេស ៣ ដែលកំពុងបន្តបំពុលបរិយាកាសខ្លាំងជាងគេ គឺប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ សមភាគីចិនលោកស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីឥណ្ឌាលោកម៉ូឌី។ អាមេរិក និងឥណ្ឌាបានបញ្ជូនអ្នកតំណាងរបស់ខ្លួនត្រឹមមន្រ្តីការទូត តែចិនបានបញ្ជូនថ្នាក់ឧបនាយករដ្ឋមន្រ្តី។ ក្រៅពីការចូលរួមរបស់ថ្នាក់ដឹកនាំបរទេស ក៏មានវត្តមានអង្គការក្រៅរដ្ឋាភិបា ស្ថានប័នជាតិ អន្តរជាតិ វិស័យរដ្ឋ និងឯកជន រួមទាំងសង្គមស៊ីវិលសរុបប្រមាណជា ៨០០ដែរ។
ស្វែងរកប្រភពហិរញ្ញវត្ថុ
កម្មវត្ថុនៃជំនួបកំពូល « One Planet Summit » ពេលនេះមិនមែនដើម្បីស្វែងរកកិច្ចព្រមព្រៀងអន្តរជាតិមួយស្តីពីអាកាសធាតុទេ តែដើម្បីផ្តល់សន្ទុះ និងជួយពន្លឿនឲ្យមានការអនុវត្តន៍ជាក់ស្តែងលើកិច្ចព្រមព្រៀងដែលមានស្រាប់អនុម័តនៅក្នុងសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP២១ កាលពីឆ្នាំ ២០១៥ ក្នុងទីក្រុងប៉ារីស។ នៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ២០១៥ សហគមន៍អន្តរជាតិ ពិសេសប្រទេសហត្ថលេខីបានព្រមព្រៀងគ្នាចូលរួមទប់ស្កាត់មិនឲ្យសីតុណ្ហភាពក្នុងបរិយាកាសកើនលើសបន្ថែមពី ២អង្សារពីពេលនេះដល់ឆ្នាំ ២១០០។ តែ ២ឆ្នាំក្រោយមក សីតុណ្ហភាពក្នុងបរិយាកាសបានកើនថែមដល់ទៅជាង ៣អង្សារឯណោះ។ នេះជាភស្តុតាងមួយដែលស បញ្ជាក់ថា កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុមិនត្រូវបានគោរពត្រឹមត្រូវទេ។
ក្រៅពីការចូលរួមទប់ស្កាត់មិនឲ្យសីតុណ្ហភាពក្នុងបរិយាកាសកើនលើសបន្ថែមពី ២អង្សារ កិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ២០១៥ ក៏ត្រូវបានក្រុមប្រទេសអភិវឌ្ឍន៍ ឬក្រុមប្រទេសប៉ែកខាងជើងសន្យាផ្តល់លុយចំនួន ១០០ ០០០លានដុល្លារពីពេលនេះទៅទល់នឹងឆ្នាំ ២០២០ ដល់ក្រុមប្រទេសក្រីក្រ ឬក្រុមប្រទេសប៉ែកខាងត្បូងដែលបានរងគ្រោះដោយបញ្ហាអាកាសធាតុ រួមទាំងជួយប្រទេសទាំងនេះឲ្យទទួលបានថាមពលកកើតឡើងវិញដែរ។ តែ ២ឆ្នាំក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីស កិច្ចសន្យាមួយនេះក៏មិនត្រូវបានគោរពពេញលេញដែរ។
ដូច្នេះ អាទិភាពរបស់ជំនួបកំពូល « One Planet Summit » ពេលនេះ គឺស្វែងរកប្រភពហិរញ្ញវត្ថុពីគ្រប់មជ្ឈដ្ឋានទាំងអស់ដើម្បីជួយស្រោចស្រង់ផែនដីដែលកំពុងជួបគ្រោះថ្នាក់។ មហិច្ឆតាមានហើយ និងពាក្យសន្យាក៏មានដែរ តែអ្វីដែលខ្វះ គឺការអនុវត្តន៍ជាក់ស្តែង។
បារាំងកែនប្រមូលវិស័យឯកជនឲ្យចូលរួមជួយស្រោចស្រង់ផែនដី
ក្តីសង្ឃឹមរបស់ប្រទេសបារាំងក្នុងនាមជាម្ចាស់ផ្ទះ និងជាអ្នកផ្តួចផ្តើមគំនិតឲ្យមានជំនួបកំពូល « One Planet Summit » ពេលនេះ គឺដាស់តឿនពិភពលោកឲ្យយកចិត្តទុកដាក់បន្ថែមទៀតលើភពផែនដីរបស់យើងដែលកំពុងជួបគ្រោះថ្នាក់ និងដែលគេនៅអាចជួយស្រោចស្រង់ទាន់ពេល បើម្នាក់ៗពិតជាមានឆន្ទៈពិតប្រាកដមែននោះ។ លោកប្រធានាធិបតីបារាំងម៉ាក្រុងបានបញ្ជាក់រួចហើយថា ជំនួបកំពូលពេលនេះមិនមែនជាជំនួបកំពូលនៃក្រុមប្រទេសផ្តល់ជំនួយទេ តែលោកបានលើកឡើងពីតម្រូវការដំណោះស្រាយជាក់ស្តែងលើគម្រោងជាក់ស្តែងជាច្រើនដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងប៉ារីស COP២១។
នៅក្នុងបញ្ហានេះ និងអ្វីដែលលោកម៉ាក្រុងសង្ឃឹមច្រើន គឺការចូលរួមពីស្ថានប័នសាធារណៈ និងឯកជន ពិសេសគឺស្ថាប័នឯកជននៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅនៅក្នុងបរិយាកាស។ លោកប្រមុខរដ្ឋបារាំងពិតជាមិនខកចិត្តទេ ព្រោះមានថ្នាក់ដឹកនាំស្ថាប័ន អង្គការ និងគ្រឹះស្ថានឯកជនបរទេសជាច្រើន រួមទាំងថៅកែក្រុមហ៊ុន រោងចក្រ សហគ្រាសបរទេសធំៗបានឆ្លើយតបនឹងការអំពាវនាវរបស់លោកម៉ាក្រុង។ ជាក់ស្តែង លោក Bill Gates អតីតអគ្គនាយកក្រុមហ៊ុន Microsoft ដែលយល់ព្រមចំណាយលុយពី ៣០០ ទៅ ៥០០លានដុល្លារសម្រាប់កម្មវិធីស្រាវជ្រាវលើបញ្ហាអាកាសធាតុ និងផលវិបាករបស់វានៅលើវិស័យកសិកម្ម។
ទន្ទឹមគ្នានេះ មានការបង្កើតឲ្យមូលនិធិសម្ព័ន្ធមិត្តមួយចូលរួមដោយប្រទេសបារាំង ន័រវែស កាតា កូវ៉ែត អេមីរ៉ាអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រទេសនូវែលហ្សេឡង់។ ឃើញថា គេអាចទទួលបានការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុច្រើនពីវិស័យឯកជនជាងវិស័យសាធារណៈ។ តួនាទីរបស់វិស័យឯកជនជាតួនាទីមួយមិនអាចខ្វះបានដើម្បីចូលរួមនៅក្នុងយុទ្ធនាការអភិវឌ្ឍន៍លើវិស័យថាមពលកកើតឡើងវិញដោយលុបបំបាត់បន្តិចម្តងៗ ថាមពលបានមកពីរ៉ែធ្យូងថ្ម ប្រេង និងឧស្ម័ន៕
ទីតាំងនៃជំនួបកំពូល គឺជានិមិត្តរូបមួយនៃការរៀបចំក្រុងដែលគិតគូរពីបរិស្ថាន
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ