អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

អាមេរិក​ជំរុញ​រុស្ស៊ី​ឲ្យ​គោរព​សន្ធិសញ្ញា​ស្តីពី​គ្រាប់មីស៊ីល

នៅ​ថ្ងៃ​សុក្រ ទី៨ ធ្នូ លោកស្រី Heather Nauert អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា អាមេរិក​កំពុង​ពិនិត្យ​លើ​លទ្ធភាព​នៃ​ការ​ផលិត​គ្រាប់មីស៊ីល​ចម្ងាយ​មធ្យម​ថ្មីៗ​បន្ថែម​ទៀត។ គោលដៅ គឺ​ដើម្បី​ប្រតិកម្ម​តប​នឹង​រស្ស៊ី​ដែល​អាមេរិក​យល់​ឃើញ​ថា កំពុង​រំលោភបំពាន​លើ​សន្ធិសញ្ញា​ស្តីពី​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម។

លោក Rex Tillerson រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក
លោក Rex Tillerson រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក 路透社。
ផ្សាយពាណិជ្ជកម្ម

ទន្ទឹម​នឹង​ការ​ព្រមាន​ផលិត​គ្រាប់មីស៊ីល​ចម្ងាយ​មធ្យម​ឡើង​វិញ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក​ក៏​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​យោធា​លើ​រុស្ស៊ី​ដែរ។ តែ​លោកស្រី Heather Nauert មិន​បាន​លំអិត​ពី​វិធានការ​សេដ្ឋកិច្ច និង​យោធា​ទាំង​នោះ​ទេ គ្រាន់​តែ​ថា កម្មវត្ថុ​នៃ​ទណ្ឌកម្ម គឺ​ជំរុញ​រុស្ស៊ី​ឲ្យ​ត្រឡប់​មក​គោរព​ជា​ថ្មី​លើ​សន្ធិសញ្ញា​ស្តីពី​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម។ ទន្ទឹម​គ្នា​នេះ លោកស្រី Heather Nauert ក៏​បាន​អះអាង​ថា ក្រុង​វ៉ាស៊ីនតោន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ប្រសិន​បើ​ក្រុង​មូស្គូ​គោរព​ជា​ថ្មី​លើ​សន្ធិសញ្ញា​នោះ។

ការ​ព្រមាន​រុស្ស៊ី​ពី​អាមេរិក​ពេល​នេះ គឺ​ជា​ចម្លើយ​លើក​ដំបូង​នៃ​រដ្ឋបាល​អាមេរិក​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ទាក់ទង​នឹង​សន្ធិសញ្ញា​ស្តីពី​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​ដែល​អាមេរិក និង​រុស្ស៊ី​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ១៩៨៧។ តែ​នៅ​ក្នុង​ឆ្នាំ ២០១៤ អាមេរិក​បាន​ចោទ​រុស្ស៊ី​ជា​លើកទី១ ពី​បទ​រំលោភ​លើ​សន្ធិសញ្ញា​នោះ​ដោយ​បាន​ពង្រាយ​មីស៊ីល​មួយ​គ្រាប់។ សូម​រម្លឹក​ជូន​ថា នៅ​ក្នុង​សន្ធិសញ្ញា​ឆ្នាំ ១៩៨៧ ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​អាមេរិក Ronald Reagan និង​សមភាគី​រុស្ស៊ី​លោក Mikhaïl Gorbatchev វ៉ាស៊ីនតោន និង​មូស្គូ​យល់​ព្រម​បំបាត់ចោល​នូវ​គ្រាប់មីស៊ីល​បាញ់​ពី​ដី​ដែល​ចម្ងាយ​របស់​វា​អាច​ហោះ​ក្នុង​ចម្ងាយ​ពី ៥០០ ទៅ ៥ ៥០០គីឡូម៉ែត្រ។

ដោយឡែក អ្នកទទួល​ខុសត្រូវ​អាមេរិក​បាន​ថ្លែង​ថា គ្រាប់មីស៊ីល​របស់​រុស្ស៊ី​អាច​ផ្ទុក​ក្បាល​នុយក្លេអ៊ែរ​ទៅ​ជាមួយ និង​ថា រុស្ស៊ី​តែង​បដិសេធ​មិន​ចង់​ចរចា​ឲ្យ​បាន​ស៊ីជម្រៅ​ទាក់ទង​នឹង​ការ​រំលោភបំពាន​របស់​ខ្លួន។ តែ​រុស្ស៊ី​បាន​ឆ្លើយ​បក​វិញ​ថា ខ្លួន​មិន​បាន​បំពាន ឬ​បង្អាក់​ដំណើរការ​សន្ធិសញ្ញា និង​ថា រុស្ស៊ី​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​ដាក់​ឱសានវាទ​ណា​មួយ​នោះ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​មុន​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក ក្រសួង​ការបរទេស​រុស្ស៊ី​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ចរចា​ជាមួយ​អាមេរិក​ដើម្បី​រក្សា​សន្ធិសញ្ញា និង​គោរព​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ករណី​ណា​ដែល​អាមេរិក​ធ្វើ​ដូច​គ្នា។

យ៉ាង​ណា​ក៏​ដោយ អ្នក​ទទួល​ខុសត្រូវ​ម្នាក់​ក្នុង​រដ្ឋបាល​អាមេរិក​បាន​បញ្ជាក់​ថា សំណុំរឿង​នេះ​នឹង​លើក​យក​ទៅ​ជជែក​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុន​នា​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ពិសេស​ទទួល​បន្ទុក​ត្រួតពិនិត្យ​លើ​សន្ធិសញ្ញា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ