rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង សិល្បៈ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស្តេចចម្រៀង​រ៉ុកបារាំង Johnny Hallyday ទទួល​មរណភាព​ក្នុង​ជន្មាយុ ៧៤ ឆ្នាំ

media
លោក Johnny Hallyday នៅ​ប៉ារីស ថ្ងៃទី ២៨ មីនា ២០១១ REUTERS/Charles Platiau

អាយដល​របស់​យុវវ័យ ក្មេង​ចាស់ ប្រមាណ​បួន​ជំនាន់ កំពូល​តារា​ចម្រៀង​រ៉ុក​បារាំង លោក ចនី ហាលីដេ បាន​ទទួល​មរណភាព​នៅ​ក្នុងជន្មាយុ​ ៧៤​ឆ្នាំ ដោយ​ជំងឺ​មហារីក​សួត នៅ​យប់​ថ្ងៃអង្គារ​ឆ្លង​ចូល​ថ្ងៃ​ពុធ​នេះ។ បទ​ចម្រៀង​របស់​លោក បាន​កំដរ​ប្រទេស​បារាំង​និង​ពិភពលោក រយៈ​ពេល​ជាង​កន្លះ​សតវត្ស។ ជីវិត​សិល្បៈ និង​ឯកជន របស់​លោក ជា​ចំណាប់​អារម្មណ៍​ពិសេស​របស់​ទស្សនាវដ្តីកំសាន្ត។


កើត​នៅ​ថ្ងៃ​ទី ១៥ មិថុនា ឆ្នាំ​១៩៤៣​ នៅ​ទីក្រុង​ប៉ារីស ពី​ម្តាយ​សញ្ជាតិ​បារាំង​ ឪពុក​ជនជាតិ​ប៊ែលហ្សិក តែ​ចិញ្ចឹម​បីបាច់​ថែរក្សា​ដោយ​ម្តាយ​មីង​ខាង​ឪពុក លោក Jean Philippe Leo Smet ហៅ​ចនី ហាលីដេ បាន​ចូល​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​នៅ​វ័យ​ជំទង់ ជាមួយ​បង​ជីដូន​មួយ​ លី ហាលីដេ (ទើប​លោក​មាន​គំនិត​ដាក់​ឈ្មោះ​ខ្លួន​ឯង Johnny Hallyday ដើម្បី​ឱ្យ​មានលក្ខណៈ​ជា​អាមេរិក)។

​មាន​​ជោគជ័យ​​ខ្លាំង ​ ហើយ​​យូរអង្វែង​​ជាពិសេសជាងគេ ស្តេច​​​ចម្រៀងរ៉ុក​​បារាំង បាន​ចាប់​ថត​ថាស​ចម្រៀង​ទី​មួយ​ នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៦០ ​និង​ចាប់​ចេញ​មុខច្រៀង​​លើ​ឆាក ដោយ​បាន​ទាក់ទាញ​ទស្សនិជន​វ័យ​ក្មេង​យ៉ាង​ខ្លាំង។ ក្នុង​រយៈ​ពេល​តែ​ពីរ​ឆ្នាំ អ្នក​ចម្រៀង​ Jean Philippe Smet ដែល​គ្មាន​នរណា​ស្គាល់​ពីមុន បាន​ក្លាយ​ជា​អាយដល​របស់​យុវវ័យ។

រៀប​ចំ​ការ​ប្រគុំ​តន្ត្រី​រាប់​សិប​ជុំ កម្មវិធី​តន្ត្រី​របស់​សិប​ពាន់ លោក​ ហាលីហេ បាន​ចាប់​ឡើងសម្តែង​ ជា​សាធារណៈ​ ក្នុង​ទ្រង់​ទ្រាយធំ ជា​លើក​ដំបូងនៅ​ឆ្នាំ​១៩៦៩ ជាមួយ​ផ្ទាំង​ទស្សនីយភាព​​ដ៏​អស្ចារ្យ លេង​ភ្លើង លេង​រូបភាព ដោយ​មាន​អ្នក​ចូល​ស្តាប់ដល់​ទៅ​ ១សែន​នាក់ ក្នុងសាល​មហោស្រព​ធំៗ។ ហើយ​ក្រោយៗ​មក​ទៀត នៅ​ស្តាត នៅ​ឡាស្វេហ្កាស នៅ​ទីវាល ក្រោម​តួអេហ្វេល ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ធ្វើ​បុណ្យ​ឆ្លង​ឆ្នាំ ២០០០ និង​៤០ឆ្នាំ​នៃ​ជីវិត​តារា​របស់​លោក ... បញ្ចេះមហាជន​ឱ្យ​លង់​នឹង​បទ​ចម្រៀងលោក

Johnny Hallyday សម្តែង​ទស្សនីយភាព ឆ្នាំ 1987 នៅ​ស្តាត​Bercy ក្រុង​ប៉ារីស AFP/Patrick Kovarik

ក្នុងរយៈ​ពេល​ជាងកន្លះ​សតវត្ស​នៃ​អាជីព​សិល្បៈនេះ លោក​ ចនី ហាលីដេ បាន​លក់​ថាស​ចម្រៀង​ជាង​១១០​លាន​ថាស ថត​បាន​ជាង ៤០​ថាស និង​បទ​ចម្រៀង​ជាង​មួយ​ពាន់​បទ ក្នុង​នោះ​ជាង​មួយ​ភាគ​បួន​ជា​បទ​កែសម្រួល​ពី​ចម្រៀង​អង់គ្លេស​ឬអាមេរិក។ ស្នាដៃ​សិល្បៈ​របស់​លោក ក៏​បាន​ទទួល​ស្គាល់​ពី​អ្នក​នយោបាយ​ ពី​​ប្រធានាធិបតី​បារាំង មាន​ជាអាទិ៍ លោក ហ្សាក់ហ្សេរ៉ាក់ នីកូឡាសាកូហ៊ី ដែល​បាន​ប្រគល់មេដាយ​កត្តិយស​ជាតិឱ្យ​ផង។ ប៉ុន្តែ​លោក​ហាលីដេ ក៏​មាន​រឿង​អាស្រូវពន្ធដារ​ជាមួយ​រដ្ឋ​ និង​អាថ​កំបាំង​ច្រើនដែរ។

ជីវិត​ឯកជនរបស់​លោក ក៏​ជាជំនក់​ចិត្ត​របស់​មហាជន ! លោក​បាន​រៀប​ការ​ជាលើក​ដំបូង នៅ​ឆ្នាំ​១៩៦៥ ជាមួយ​តារា​ចម្រៀង​បារាំង​ Sylvie Vartan ដោយ​បាន​កូនពីរ។ លោក ហាលីដេ មាន​កូន​ស្រី​ម្នាក់ ជាមួយសិល្បការិនីបារាំង​Nathalie Baye។ លោក ហាលីដេ បាន​រៀប​ការ​ម្ត​ងទៀត​ជាមួយលោកស្រី Laëticia Boudou ជា​ភរិយា​ចុងក្រោយ នៅ​ឆ្នាំ​១៩៩៦ ដោយ​បាន​សុំ​កូន​ស្រី​វៀតណាម​ពីរ​នាក់ ​មក​ចិញ្ចឹម។

នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ លោក​មាន​បញ្ហា​សុខភាព​ច្រើន នៅ​ឆ្នាំ​២០០៩ លោករង​ការ​វះកាត់​ជំងឺ​មហារីក​ពោះវៀន​ធំ វិះ​នឹង​ស្លាប់ម្តង​ហើយ។ ប៉ុន្តែ​ ទោះ​មាន​បញ្ហា​សុខភាព​​កាន់​តែ​ខ្លាំងឡើងៗ​យ៉ាងណា​ក៏​ដោយ​ ក៏​លោកនៅ​តែ​បន្ត​ច្រៀង បន្ត​ឡើង​ឆាក​សម្តែងទស្សនីយភាព​ពិសេសៗ រហូត​ដល់ និង​​លើក​ចុងក្រោយ​នៅថ្ងៃទី ១០​មករា ​ឆ្នាំ​២០១៦ ដើម្បី​ឧទ្ទិសដល់​ជនរងគ្រោះ​ភេរវកម្ម​ Charlie Hebdo ​ជាមួយ​មិត្ត​រួម​អាជីព​ចាស់ៗ។ រហូត​ដល់​ខែ​មីនា ២០១៧ ទើបលោក​បាន​ប្រកាស​ថា​មាន​ជំងឺ​មហារីក​សួត៕