អានតួអត្ថបទ
សហរដ្ឋអាមេរិក-អង់គ្លេស

តើ​លោកដូណាល់ ត្រាំ ជាប្រធានាធិបតី​ដែល​ស្អប់ខ្លាំង អ្នកកាន់​សាសនា​អ៊ីស្លាម?

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​ពុធ​ទី​២៩​វិច្ឆិកា បាន​បង្ក​ឲ្យ​មាន​រលក​រិះគន់ ទាំង​នៅ​អង់គ្លេស និង​អាមេរិក បន្ទាប់​ពី លោក​បាន​បង្ហោះ​ផ្សាយ តាម​Twitter វីដេអូ​ចំនួន ៣ ដែល​មាន​លក្ខណៈ​ប្រកាន់​រើសអើង សាសនា​អ៊ីស្លាម។ សម្រាប់​រដ្ឋាភិបាល​អង់គ្លេស លោកដូណាល់ ត្រាំ គិត​ខុស ដែល​បាន​ជំរុញ ផ្សព្វផ្សាយ សារស្អប់ខ្ពើម​របស់​ក្រុមស្តាំ​និយមជ្រុល អង់គ្លេស។

លោកដូណាល់ ត្រាំ នៅក្នុង​ពេល​ថ្លែង នៅ​រដ្ឋ​មីស៊ូរី នៅថ្ងៃទី​២៩ វិច្ឆិកា ២០១៧
លោកដូណាល់ ត្រាំ នៅក្នុង​ពេល​ថ្លែង នៅ​រដ្ឋ​មីស៊ូរី នៅថ្ងៃទី​២៩ វិច្ឆិកា ២០១៧ © REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ ត្រាំ បង្ក​សង្រ្គាម​ពាក្យ​សំដី ដោយ​មិនរើសមុខ មិនថា ជាមួយ មេដឹកនាំ​កូរ៉េខាងជើង ឬ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក។ នៅថ្ងៃ​ពុធ​ម្សិលមិញ នៅក្នុង​បណ្តាញ​Twitter លោក​បាន​សរសេរ​សារ ចំអក ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស តេរ៉ាសា មេ ដែល​បាន​រិះគន់​លោក នៅក្នុង​រឿង​បង្ហោះផ្សាយ រូបវីដេអូ ទាក់ទង​នឹង​ការរើសអើង​អ្នកកាន់​សាសនា​អ៊ីស្លាម។

តាម​រយៈ​អ្នកនាំពាក្យ លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស បាន​និយាយ​ថា លោកដូណាល់ ត្រាំ ធ្វើ​ខុស ដែល​ជំរុញ​លើកទឹកចិត្ត​គំនិតស្អប់​រើងអើង របស់​ក្រុម​ស្តាំនិយមជ្រុល​អង់គ្លេស។ លោកដូណាល់ ត្រាំ ដែល​ជំនាញ​ខាង​បង្ហោះ​សារ Twitter បាន​សរសេរ​បកវិញ​ថា ឲ្យ​លោកស្រី​តេរ៉េសា មេ កុំ​គិត​តែ​ផ្តោត​ចាប់អារម្មណ៍​លើ​លោក ប៉ុន្តែ គួរ​តែ​ផ្តោត​ទៅលើ​ការបំផ្លាញ ក្រុមភេរវនិយម​អ៊ីស្លាម​កំពុង​កើតមាន​នៅក្នុង​ទឹកដី​អង់គ្លេស។

នៅ​ថ្ងៃ​ពុធលោកដូណាល់ ត្រាំ បាន​បង្ហោះ​ផ្សាយ​បន្ត រូបភាព​វីដេអូ​ចំនួន​៣ ដែល​មេដឹកនាំ​ក្រុម​ស្តាំ​និយមជ្រុល​អង់គ្លេស Britain First បាន​បង្ហោះ​ផ្សាយ នៅលើ​បណ្តាញ​សង្គម។ តាម​ក្រុមស្តាំ​និយមជ្រុល​អង់គ្លេស គេ​ចង់​បង្ហាញ​រូបវីដេអូ ដែល​បង្ហាញ ពី​ក្រុមអ៊ីស្លាម​វាយសម្លាប់​យុវជន​ម្នាក់​នៅ​អង់គ្លេស ដុតបំផ្លាញ​រូបសំណាក​គ្រឹះស្តសាសនា​ជាដើម។ នៅ​ខែ​វិច្ឆិកា​នេះ តុលាការ​អង់គ្លេស​ទើប​តែ​បាន​ថ្កោលទោស ពិន័យ​ជា​ប្រាក់ មេដឹកនាំ​របស់​ក្រុម​ស្តាំ​និយមជ្រុល​អង់គ្លេស ក្នុងបទ​ជេរ​ប្រមាថ​ធ្ងន់ធ្ងរ ស្រ្តីអ៊ីស្លាម​ម្នាក់ នៅ​ប្រទេស​អង់គ្លេស។ នៅ​ថ្ងៃ​ពុធ ថ្នាក់ដឹកនាំ​របស់​ក្រុមស្តាំ​និយមជ្រុល​អង់គ្លេស​បាន​អបអរ​សារ​Twitter គាំទ្រ របស់​ប្រធានាធិបតី អាមេរិក ដែល​មាន​អ្នកតាមដាន ដល់​ទៅ ៤៤​លាននាក់ នៅក្នុង​ពិភពលោក។ នៅ​ថ្ងៃ​ពុធ ដោយ​បដិសេធ​មិន​និយាយ​ដល់​ខ្លឹមសារ​របស់​វីដេអូ អ្នកនាំពាក្យ​របស់​សេតវិមាន​បាន​ចេញមុខ​ការពារ​ជំហរ​របស់​លោកដូណាល់ ត្រាំ ដោយ​ថា វា​គ្មាន​រឿង​អ្វី​ដែល​ខុសទេ ដែល ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ពី​ការគំរាមកំហែង​ដែល​មាន​ពិតៗនិង​ ពី​សារៈសំខាន់​នៃ​សន្តិសុខ​ជាតិ​នោះ។

នៅពេល​ចូល​កាន់តំណែង​ជា​ប្រធានាធិបតីភ្លាម លោកដូណាល់ ត្រាំ បាន​ចេញ​ក្រឹត្យ ហាមឃាត់​មិន​ឲ្យ​ប្រជាជន​មក​ពី​ប្រទេស​អ៊ីស្លាម ចំនួន​៩ អាច​ចូល​ទឹកដី អាមេរិក។ ប្រជាជន​អ៊ីស្លាម​ជាច្រើន​នាក់​មិនអាច​ធ្វើដំណើរ​ទៅ​ទឹកដី​អាមេរិក នោះបើទោះបី​ជា​តុលាការ​អាមេរិក​មួយចំនួន​នៅ​ប្រឹង​ជំនះ មិន​អនុវត្ត​តាម​ក្រឹត្យ​បញ្ជា​របស់​ប្រធានាធិបតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ