អន្តោប្រវេសន៍ប្រធានបទស្នូលនៃជំនួបកំពូលសហភាពអឺរ៉ុប-សហភាពអាហ្វ្រិក
ប្រមុខរដ្ឋ-រដ្ឋាភិបាលចំនួន៨៣រូប មកពីអឺរ៉ុប២៨ប្រទេស និងអាហ្វ្រិក៥៥ប្រទេស ព្រមទាំងតំណាងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ សរុបប្រមាណ៥ពាន់នាក់ បានមកជួបជុំគ្នានៅទីក្រុងអាប៊ីហ្សង់ ប្រទេសកូដឌីវ័រ ដើម្បីជំនួបកំពូលអឺរ៉ុប-អាហ្វ្រិក នៅថ្ងៃនេះ និងថ្ងៃស្អែក។ ជំនួបកំពូលតែងរៀបចំធ្វើ ជាធម្មតា ជារៀងរាល់បីឆ្នាំម្តង។ នៅក្នុងជំនួបលើកនេះ អាហ្វ្រិកនិងអឺរ៉ុប ត្រូវជជែកគ្នាអំពីបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៩
សហភាពអាហ្វ្រិក-សហភាពអឺរ៉ុប បានចាប់ដៃធ្វើការជាមួយគ្នា ថ្នាក់ទ្វីប ជាលើកទីមួយ នៅឆ្នាំ២០០០ នៅក្រុងឡឺគែប្រទេសអេហ្ស៊ីប និងបន្ទាប់មកនៅលីស្បូនប្រទេស ដោយសម្រេចបង្កើតយុទ្ធសាស្ត្ររួម អាហ្វ្រិក-អឺរ៉ុប។ ប៉ុន្តែជំនួបប្រជុំ ដែលរៀបចំឡើងជារៀងរាល់បីឆ្នាំម្តង ជួននៅអឺរ៉ុប ជួននៅអាហ្វ្រិក មានដំណើរការទៅមុខយ៉ាងយឺតបំផុត។ គេត្រូវរង់ចាំដល់ឆ្នាំ២០១០ ទើបឃើញប្រមុខរដ្ឋ-រដ្ឋាភិបាល អាចជួបពិភាក្សាគ្នាជាថ្មី នៅទីក្រុងទ្រីប៉ូលី និងនៅព្រុចសែល នៅឆ្នាំ២០១៤ និងជាលើកទី៥ នៅថ្ងៃនេះ នៅអាប៊ីហ្សង់។
“ការវិនិយោគសម្រាប់យុវវ័យ” ជា ប្រធានបទផ្លូវការនៃជំនួប។ ប៉ុន្តែបច្ចុប្បន្នភាព ទាក់ទងនឹងអន្តោប្រវេសន៍ ដែលកំពុងកើតឡើងយ៉ាងហិង្សានារយៈពេលប៉ុន្មាមនសប្តាហ៍នេះ បានក្លាយជាប្រធានរឿងដ៏សំខាន់របស់ជំនួប។ រឿងអាស្រូវលក់អន្តោប្រវេសន៍អាហ្វ្រិកមកអឺរ៉ុប ដូចទាសករនៅលីប៊ី បានត្រដែតឡើងលើឆាកប្រជុំ។
លោកប្រធានាធិបតីបារាំង បានប្រកាសនៅថ្ងៃអង្គារម្សិលមិញ នៅពេលលោកផ្តើមបំពេញទស្សនកិច្ចនៅអាហ្វ្រិកភ្លាម ថានឹងស្នើ ទៅកាន់ជំនួបកំពូល នូវគំនិតផ្តួចផ្តើម អឺរ៉ុបអាហ្វ្រិក សម្រាប់កម្ចាត់អង្គការឧក្រិដ្ឋកម្មនិងបណ្តាញជួញដូរមនុស្សនៅលីប៊ី ព្រមទាំងជំនួយគាំទ្រធំ សម្រាប់ជម្លៀសជនស្ថិតក្នុងគ្រោះថ្នាក់។
ប្រឈមមុខនឹងយុវវ័យអាហ្វ្រិក (អាយុក្រោម២៥ឆ្នាំជាង៧២០លាននាក់) ដែលអស់សង្ឃឹម និងចង់និរទេសខ្លួនមកអឺរ៉ុប ឬក៏បះបោរប្រឆាំងរបបកាន់អំណាច សហភាពអឺរ៉ុបនិងអាហ្វ្រិក ចង់ផ្តល់សន្ទុះ ប្រែក្លាយភាពជាដៃគូអាហ្វ្រិក-អឺរ៉ុប ឱ្យទៅជាដំណោះស្រាយសម្រាប់ពលរដ្ឋ។ ពលរដ្ឋដែលនឹងកើនចំនួនដល់ទៅ ពីរពាន់លាននាក់នៅ៣០ឆ្នាំខាងមុខ។
កំណើនប្រជាជន ដែលប្រមុខរដ្ឋត្រូវមានទំនួលខុសត្រូវ និងរកដំណោះស្រាយ ផ្តល់ជាការងារ អប់រំ ធានារ៉ាប់រងក្នុងសង្គម និងសុខភាព។ តម្រុយដែលត្រូវលើកមកពិភាក្សានៅថ្ងៃនេះ មានជាអាទិ៍ ការអប់រំ ការបំពាក់បំប៉ន កិច្ចសហប្រតិបត្តិការដើម្បីអធិការកិច្ចល្អ។
ប៉ុន្តែការលំបាកដ៏ធំបំផុតសម្រាប់ពេលនេះ គឺត្រូវរកដំណោះស្រាយឱ្យបាន ក្នុងរវាងតែ៤៨ម៉ោង និងតើមានការអនុវត្តបានយ៉ាងណា ក្រោយពេលជំនួបប្រជុំសម្រេចបានហើយ ?! គេកម្រឃើញមានណាស់ តាំងពីជំនួបអាហ្វ្រិក-អឹរ៉ុបបានកើតឡើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ