អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្វ៊ីស៖​សន្និសីទអន្តរជាតិ​ស្តីពី​ស៊ីរីរៀបចំជាថ្មី តែ​បន្ត​បង្កប់​ដោយ​ភាព​ចម្រូងចម្រាស និង​ការ​មិន​ទុក​ចិត្ត​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី២៨ វិច្ឆិកា​នេះ សន្និសីទ​អន្តរជាតិ​ដើម្បី​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រទេស​ស៊ីរី​ផ្តើម​ជា​ថ្មី​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ គឺ​ជា​សន្និសីទ​ដែល​ចូល​រួម​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិបត្តិ​ស៊ីរី ពិសេស​​ភាគី​រដ្ឋាភិបាល​ស៊ីរី​សព្វថ្ងៃ និង​ភាគី​ប្រឆាំង​ស៊ីរី រួម​ទាំង​ប្រទេស​ពាក់ព័ន្ធ​មួយ​ចំនួន។ នេះ​ជា​កិច្ចចរចា​លើកទី៨ ដឹកនាំ​ដោយ​លោក​ស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី។ លោក​មីស្ទួរ៉ា​បាន​ថ្លែង​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃ​ចន្ទ ទី២៧ វិច្ឆិកា​ថា ភាគី​ប្រឆាំង​ស៊ីរី​បាន​បញ្ជាក់​ពី​វត្តមាន​របស់​ខ្លួន តែ​ខាង​ភាគី​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ផ្តល់​ចម្លើយ​ជា​ផ្លូវការ​ទេ។

លោក​ស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី
លោក​ស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី REUTERS/Pierre Albouy/File Photo
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​អាក់ខាន​រយៈពេល ៨ខែ និង​ក្រោយ​ពី​មាន​កិច្ចចរចា​ចំនួន ៧លើក​មក កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​ផ្តើម​ជា​ថ្មី​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ ក៏​ដូច​ជា​នៅ​ក្នុង​កិច្ចចរចា​លើក​មុនៗ ភាគី​ចូលរួម​មាន​ក្រុម​អ្នកតំណាង​រដ្ឋាភិបាល​ស៊ីរី ក្រុម​អ្នកតំណាង​ប្រឆាំង​ស៊ីរី និង​ប្រទេស​ពាក់ព័ន្ធ ដូច​ជា​អាមេរិក បារាំង រុស្ស៊ី ឬ​ក៏​ប្រទេស​អារ៉ាប់​មួយ​ចំនួន រួម​ទាំង​អង្គការ​សហប្រជាជាតិ​ក្នុង​នាម​ជា​អ្នក​រៀបចំ​សន្និសីទ​ដឹកនាំ​ដោយ​លោក​ស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី។

តែ​មាន​កំណត់សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី៨ ពេល​នេះ ទី១ គឺ​ភាគី​ក្រុមប្រឆាំង​បាន​ឯកភាព​គ្នា​ឲ្យ​មាន​តំណាង​តែ​មួយ ពោល​មិនមែន​មាន​ច្រើន​ភាគី​ដូច​នៅ​ក្នុង​កិច្ចប្រជុំ​មុនៗ​ទេ និង​ទី២ ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​សព្វថ្ងៃ​មាន​ការ​ផ្លាស់ប្តូរ​ច្រើន ពិសេស​ភាគី​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ហាក់​មាន​ប្រៀប​ជាង​ភាគី​ប្រឆាំង។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ក៏​ដោយសារ​ថា លោក​អាសាដ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ប្រទេស​រុស្ស៊ី និង​អ៊ីរ៉ង់​នៅ​ក្នុង​ប្រតិបត្តិការ​បោសសំអាត​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

បច្ចុប្បន្ន​នេះ និង​ដោយ​មាន​ជំនួយ​យោធា​ពី​រុស្ស៊ី រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ​បាន​ក្តោបក្តាប់​ទឹកដី​ប្រមាណ​ជា ៥៥%។ ជា​ការ​ពិត ភាគី​ប្រឆាំង​បាន​ពឹង​លើ​សហគមន៍អន្តរជាតិ​ដើម្បី​ដាក់​គំនាប​លើ​លោក​អាសាដ តែ​ទន្ទឹម​គ្នា​នេះ សហគមន៍​អន្តរជាតិ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ពី​តួនាទី​មិន​អាច​ខ្វះ​បាន​របស់​រុស្ស៊ី ព្រោះ​មាន​តែ​រុស្ស៊ី​ទេ​ដែល​លោក​អាសាដ​ស្តាប់។ ថ្មីៗ​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង Sotchi ប្រទេស​រុស្ស៊ី លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​ទទួល​ជួប​សមភាគី​ស៊ីរី​លោក​អាសាដ សមភាគី​អ៊ីរ៉ង់​លោក​រ៉ូហានី និង​សមភាគី​តួកគី​លោក Erdogna។ គោលដៅ​របស់​លោក​ពូទីន គឺ​គ្រោង​រៀបចំ​កិច្ចប្រជុំ​មួយ​ដាច់​ដោយ​ឡែក​ស្តីពី​ស៊ីរី​ទន្ទឹម​គ្នា​នឹង​កិច្ចប្រជុំ​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោក​ពូទីន​ត្រូវ​ការ​ឲ្យ​មាន​ការ​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់ភាគី​ជម្លោះ​ទាំង​អស់។

កិច្ចប្រជុំ​ផ្តោត​លើ​ប្រធានបទ​សំខាន់​ចំនួន ៣

សំណុំរឿង​ដែល​ត្រូវ​លើក​យក​ទៅ​ជជែក​មិន​ខ្វះ​ទេ តែ​សំខាន់ និង​តាម​ធម្មតា​មាន ៣ ទី១ បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ ទី២ រៀបចំ​តាក់តែង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី និង​ទី៣ រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អង្គការ​សហប្រជាជាតិ។ តែ​នា​រដូវ​ផ្ការីក​កន្លង​ទៅ​ថ្មីៗ​នេះ ភាគី​រដ្ឋាភិបាល​ស៊ីរី​បាន​សុំ​បន្ថែម​ប្រធានរឿង​មួយ​ទៀត គឺ​ភេរវនិយម។ សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស់ មាន​ក្រុមប្រឆាំង​ខ្លះ​មិនមែន​ជា​អ្នក​ប្រឆាំង​ពិត​ទេ តែ​ជា​ក្រុម​ភេរវជន​ដែល​បាន​រួម​សហការណ៍​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម។

គួរ​រម្លឹក​ជូន​ថា ប្រធានបទ​សំខាន់​ទាំង ៣ ខាង​លើ​ក៏​ធ្លាប់​បាន​លើក​យក​ទៅ​ជជែក​នៅ​ក្នុង​កិច្ចប្រជុំ​មុនៗ​ដែរ តែ​បញ្ហា​នៅ​ត្រង់​ថា ភាគី​រដ្ឋាភិបាល​ស៊ីរី និង​ភាគី​ប្រឆាំង​ស៊ីរី​មិន​ដែល​បាន​អង្គុយ​ចរចា​ទល់​មុខ​គ្នា​ក្នុង​បន្ទប់​តែ​មួយ​ដើម្បី​និយាយ​ត្រង់​ទៅ ត្រង់​មក​ម្តង​ណា​ទេ។ នៅ​ក្នុង​កិច្ចប្រជុំ​ចំនួន ៧លើក​ចុង​ក្រោយ​ដោយ​អនុលោម​តាម​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​លេខ ២២៥៤ អនុម័ត​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៥ ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី លោក​ស្តាហ្វាន មីស្ទូរ៉ា​បាន​ប្តូរ​បន្ទប់ប្រជុំ​ជា​ច្រើន​ដើម្បី​ជួប​ជជែក​ជាមួយ​ភាគី​តំណាង​រដ្ឋាភិបាល​ស៊ីរី និង​ភាគី​ប្រឆាំង​ស៊ីរី​ដែល​មាន​ច្រើន​ក្រុម និង​ដែល​ស្ថិត​ក្នុង​បន្ទប់​ផ្សេង​គ្នា។

តែ​នៅ​ក្នុង​កិច្ចប្រជុំ​លើកទី៨ ពេល​នេះ លោក​មីស្ទួរ៉ា​សង្ឃឹម​អាច​គៀងគរ​ភាគី​រដ្ឋាភិបាល និង​ភាគីប្រឆាំង​ឲ្យ​អង្គុយ​ចរចា​ទល់​មុខ​គ្នា​នៅ​ក្នុង​បន្ទប់​តែ​មួយ។

ក្តីសង្ឃឹម​មាន​តិចតួច

បើ​តាម​មើល​ទៅ កិច្ចប្រជុំ​លើក​នេះ​ក៏​ប្រហែល​ជា​មិន​អាច​ហុច​លទ្ធផល​អ្វី​ជា​ដុំកំភួន​ទេ ហើយ​រូប​លោក​ស្តាហ្វាន មីស្ទូរ៉ា​ក៏​បាន​ដឹង​ច្បាស់​ពី​បញ្ហា​នេះ។ អ្វី​ដែល​អាច​បន្ត​ស្រពិចស្រពិល​ខ្លាំង​ជាង​គេ គឺ​ទាក់ទង​នឹង​ការ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​អន្តរកាល​មួយ ពិសេស​រចនា​សម្ព័ន្ធ និង​សមាសភាព​នៅ​ក្នុង​រដ្ឋាភិបាល​អន្តរកាល​នោះ។ នៅ​ត្រង់​ចំណុច​នេះ និង​អ្វី​ដែល​កំពុង​ចោទ​ខ្លាំង គឺ​អាច​ទាក់ទង​នឹង​អនាគត​នៃ​បុគ្គល​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ដែល​ក្រុម​ប្រឆាំង​ស៊ីរី រួម​ទាំង​ប្រទេស​បស្ចិមលោក​មួយ​ចំនួន​មិន​ចង់​ឲ្យ​មាន​វត្តមាន​នៅ​ក្នុង​រដ្ឋាភិបាល​អន្តរកាល មាន​ន័យ​ថា អនាគត​នយោបាយ​ស៊ីរី​នឹង​មិន​ត្រូវ​មាន​វត្តមាន​លោក​អាសាដ​ជា​ដាច់​ខាត។

ក៏​ប៉ុន្តែ ភាគី​រដ្ឋាភិបាល​បាន​បន្ត​រក្សា​ជំហរ​តាំង​ពី​ដើម​ថា ទោះ​បី​ជា​នៅ​ក្នុង​រូបភាព​ណា​ក៏​ដោយ លោក​អាសាដ​នៅ​ជា​តួអង្គ​នយោបាយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​នៅ​ស៊ីរី។ ជំហរ​របៀប​នេះ​របស់​រដ្ឋាភិបាល​ស៊ីរី​ក៏​ជា​ការ​ចង់​បាន​របស់​ប្រទេស​គាំទ្រ​លោក​អាសាដ​ដែរ ពិសេស​រុស្ស៊ី។ ចំណែក​ប្រទេស​បស្ចិមលោក​ខ្លះ​ក៏​ហាក់​បាន​បន្ទន់​ជំហរ​បន្តិច​វិញ​ដោយ​អះអាង​ថា ករណី​លោក​អាសាដ​អាច​លើក​យក​ទៅ​និយាយ​ពេល​ក្រោយ ហើយ​អ្វី​ដែល​សំខាន់​នៅ​ចំពោះ​មុខ គឺ​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ។ ដូច្នេះ​ជោគជ័យ ឬ​បរាជ័យ​នៅ​ក្នុង​កិច្ចប្រជុំ​លើក​នេះ គេ​ត្រូវ​រង់ចាំ​មើល​នា​ពេល​ខាង​មុខ។

សម្រាប់​លោក​មីស្ទួរ៉ា បើ​ភាគី​រដ្ឋាភិបាល និង​ភាគី​ប្រឆាំង​ចូលរួម​ប្រជុំ​ទាំង​អស់ ហើយ​បើ​លោក​អាច​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ទាំង​ពីរ​ចូល​អង្គុយ​តុចរចា​តែ​មួយ​នៅ​ក្នុង​បន្ទប់​តែ​មួយ​បាន គឺ​ជា​ជោគជ័យ​មួយ​ធំធេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ