អានតួអត្ថបទ

២៥វិច្ឆិកា ទិវាពិភពលោក​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ភេទ

ថ្ងៃទី ២៥ វិច្ឆិកា ជា​ទិវា​ពិភពលោក​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្រ្តី ! តាំង​ពី​ឆ្នាំ ១៩៨១​មក ក្រុម​អ្នក​ការពារសិទ្ធិ​ស្ត្រី​បាន​​ប្រារព្ធ​​ធ្វើ​ទិវា​នេះ​ជា​រៀង​រាល់​ឆ្នាំ​​ ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​​ដល់​ឆ្នាំ​ ១៩៩៩ ​ទើប​​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​អនុម័ត​​បញ្ចូល​ជា​ទិវា​ពិភពលោក។ ​បច្ចុប្បន្ន អំពើ​ហិង្សាលើ​ស្ត្រី និង​ក្មេង​ស្រី ជា​ទម្រង់​នៃ​​​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏ខ្លាំងក្លា​ជាងគេ ច្រើន​ជាងគេ និងអាក្រក់​ជាងគេ។ អំពើ​ហិង្សា​លើ​ស្ត្រី​ភេទ ជា​បច្ចុប្បន្នភាព​ដ៏​​ក្តៅ​គគុក នៅ​បស្ចឹមលោក និង​ពិសេស​នៅ​បារាំង ដែល​ប្រធានាធិបតី​ ត្រូវ​ធ្វើ​សុន្ទរកថា​បង្ហាញ​ជំហរ​​ នៅ​ថ្ងៃ​នេះ​ផង។

សកម្មជន​សិទ្ធិស្ត្រី​ប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុចសែល ប្រឆាំង​ការ​រំលោភ​បំពាន​ផ្លូវភេទ
សកម្មជន​សិទ្ធិស្ត្រី​ប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុចសែល ប្រឆាំង​ការ​រំលោភ​បំពាន​ផ្លូវភេទ © Laxmi Lota
ផ្សាយពាណិជ្ជកម្ម

វិសមភាព​រវាង​ស្ត្រី​និ​ងបុរស​ ​នៅ​តែបន្ត​មាន​ ពេញ​​​​ពិភពលោក។ ស្ត្រី​និង​ក្មេង​ស្រី នៅ​តែ​ទាន់​អាច​ទទួល​បានសិទ្ធិ​​សេរីភាពស្មើ​បុរស​ ដូច​មាន​ចែង​ក្នុង​ច្បាប់​ដោយ​សារ​សំណល់​នៃ​រនាំង​រប្បធម៌ និង​សង្គម។ ​​ស្ត្រីនៅ​តែ​ជា​ជន​រងគ្រោះទី​មួយ​នៃអំពើ​ហិង្សា​បុរស ! អំពើ​ហិង្សាលើ​ស្ត្រី ​​ពុំ​សូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ និង​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​បញ្ហា​តូច​តាច ប៉ុន្តែនេះ​ជា​​​ទម្រង់​ជា​ការ​រើស​អើង​ខ្លាំង​បំផុត និង​គ្មាន​ថមថយ​ទេ ! នេះ​បើ​តាម​តួលេខ​ផ្សព្វផ្សាយ​ ​ជារៀងរាល់​ឆ្នាំ នៅ​ថ្ងៃទី ២៥​វិច្ឆិកា នា​ឱកាស​​ទិវា​ពិភពលោក​​ប្រឆាំង​នឹង​អំពើ​ហិង្សា។​

​លទ្ធផល​នៃ​ការ​សិក្សា​រយៈ​ពេល​១០​ឆ្នាំ ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១៦ នៅក្នុង​ប្រទេស​ចំនួន​៨៧ បាន​បង្ហាញ​ថា ស្ត្រីអាយុ​ពី ២៥​ឆ្នាំ​ទៅ ៤៩​ឆ្នាំ ចំនួន​​១៩%​ បាន​រង​អំពើហិង្សា​ផ្លូវកាយ និង​ផ្លូវភេទ​ ពី​សំណាក់​បុរស​ជា​ដៃ​គូ​ជីវិត។ អំពើ​ហិង្សា​ខ្លះ​ខ្លាំង​ជ្រុល​រហូត​ដល់​បាត់​បង់​ជីវិត។ នៅ​ឆ្នាំ​២០១២ ជិត​ពាក់​កណ្តាល​នៃការ​សម្លាប់​ស្ត្រី​​ដោយ​ចេតនា​​​ នៅ​លើ​ពិភពលោក ជា​ស្នាដៃ​របស់​បុរស​ ជា​ប្តី ឬ​ជា​បង​ប្អូន​ក្នុង​គ្រួសារ ទល់​នឹង​៦%​ប៉ុណ្ណោះ​ចំពោះ​មនុស្ស​ប្រុស។

នៅ​ប្រទេស​បារាំង ជា​រៀង​រាល់​បី​ថ្ងៃ​ម្តង មាន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​អំពើ​ហិង្សា​របស់ប្តី​ឬ​អតីត​ប្តី។ នៅ​ឆ្នាំ​២០១៦ មាន​ស្ត្រី​១០៩​នាក់​បាន​ស្លាប់​ ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​(ប្តីប្រពន្ធ) ១៤៣​នាក់​រង​ការ​ប៉ុន​ប៉ង​សម្លាប់។

​ក្រោយ​ពីការ​ផ្ទុះ​រឿង​អាស្រូវ​រំលោភ​បំពាន​ផ្លូវ​ភេទ​ ដ៏​ធំ​មិន​ធ្លាប់ប្រទះ​​ក្នុង​ពិភពហូលីវ៉ូត ស្ត្រី​រងគ្រោះ​ផ្តើម​ហ៊ាន​ចេញមុខ​​ធ្វើ​សក្ខីកម្មមក ទិវា​ពិភពលោក​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ឆ្នាំ​នេះ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​សភាព​លេច​ធ្លោ​ជាងមុន។ សកម្មជន​សិទ្ធិ​ស្ត្រី​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុងប៉ារីស ដើម្បី​ប្រែក្លាយ​ថ្ងៃ​ទី ២៥​វិច្ឆិកា ទៅ​ថ្ងៃ​ដែល​ស្ត្រី​ហ៊ាន​បក​អាក្រាត​ទង្វើ​ហិង្សា​របស់​បុរស។ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ដែល​បាន​ចាត់​ទុក​សមភាព​ស្ត្រី​និង​បុរស ជាបុព្វហេតុ​ជាតិ​ ប្រចាំ​​​អាណត្តិលោក​ ត្រូវ​ថ្លែង​សុន្ទរកថា​នា​ឱកាស​នេះ បង្ហើប​បង្ហាញ​អំពី​គម្រោង​ច្បាប់​ប្រឆាំង​នឹង​អំពើហិង្សា​លើ​ស្ត្រីភេទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ