អានតួអត្ថបទ
អាល្លឺម៉ង់

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បរាជ័យ ក្នុង​ការចរចា​បង្កើត​រដ្ឋាភិបាល​ចម្រុះ

អាល្លឺម៉ង់​កំពុង​ជាប់​គាំង ដោយ​វិបត្តិ​នយោបាយ។ នៅ​ថ្ងៃ​ចន្ទ​ទី​២០​វិច្ឆិកា នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ លោកស្រី​អង់ហ្គេឡា មេរកិល បាន​បរាជ័យ មិនអាច​បញ្ចុះបញ្ចូល​ឲ្យ​គណបក្ស​ដទៃ ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស របស់​លោកស្រី គឺ គ្រិស្តសាសនិក​ប្រជាធិបតេយ្យ។ អាល្លឺម៉ង់​នឹង​អាច​រៀបចំ​ការបោះឆ្នោត​សភា​ជាថ្មី​ម្តងទៀត បើសិន គណបក្ស​នយោបាយ នៅ​តែ​ចរចា មិនត្រូវ​គ្នា ដើម្បី បង្កើត​រដ្ឋាភិបាល​ចម្រុះ។

នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នៅ​សភាអាល្លឺម៉ង់​នៅ​ថ្ងៃ​ចន្ទ​ទី ២០​វិច្ឆិកា ២០១៧
នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នៅ​សភាអាល្លឺម៉ង់​នៅ​ថ្ងៃ​ចន្ទ​ទី ២០​វិច្ឆិកា ២០១៧ © REUTERS/Axel Schmidt
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី អាល្លឺម៉ង់ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ផ្តើម​យុទ្ធនាការ​ពិភាក្សា​នយោបាយ​ជាមួយ​គ្រប់​បក្ស​នយោបាយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នយោបាយ ដែល​កំពុង​ជាប់គាំង នៅ​អាល្លឺម៉ង់។ ជាប់គាំង ព្រោះថា នៅ​ជិតពីរខែ ក្រោយ​ការបោះឆ្នោត សភា ជាតិ គណបក្ស​របស់​លោកស្រី នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ដែល​ឈ្នះឆ្នោត​នាំមុខ គេ នៅ​តែ​មិនអាច​ចរចា ត្រូវរ៉ូវ​គ្នា​ជាមួយ បក្ស​ឈ្នះឆ្នោត ដទៃទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ នេះ គណបក្ស​សេរីនិយម​FDP បាន​ដើរ​ចេញ​ពី​តុចរចា មិន​ចង់​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ ជាមួយ​លោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់។

សូមរំលឹកថា គណបក្ស​អភិរក្ស​និយម​CDU-CSU​ដឹកនាំ​ដោយ​លោកស្រី​អង់ហ្គេឡា មែរកិល បាន​ចរចា​ជាមួយ បក្ស​សេរី​និយមFDP និង​បក្ស​​ការពារ​បរិស្ថាន​តាំងពី​ជាង​មួយខែ​មកហើយ ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ ប៉ុន្តែ បក្ស​នយោបាយ​ទាំងបី នៅ​តែ​មិនចុះសម្រុង​គ្នា​លើ​បញ្ហា​ចំនួន​៣ គឺ​អន្តោប្រវេសន៍ បរិស្ថាន និង​នយោបាយ​សហភាព​អឺរ៉ុប។ នៅក្រោយ​បរាជ័យ របស់​លោកស្រី​មែរកិល ក្នុង​ការចរចា​បង្កើត​រដ្ឋាភិបាល​ចម្រុះ គេ​បាន​លើកឡើង​ពី​លទ្ធភាពរំលាយ​សភា ដើម្បី​រៀបចំ​ការបោះឆ្នោត​សាជាថ្មី ឬ​ក៏​ការបង្កើត​រដ្ឋាភិបាល សំឡេង​ភាគតិច ដែល​ដឹកនាំ​គណបក្ស​អភិរក្ស​និយម​របស់​លោកស្រី មែរកិល ដែល​បាន​ទទួល​សំឡេង​ឆ្នោត​នាំមុខ គេ នៅក្នុង​ការបោះឆ្នោត កាលពី​ខែ​កញ្ញា​កន្លងទៅ។

ជម្រើស​ទាំងពីរ​ខាងលើ សុទ្ធ​តែ​មិនមែន​ជា​ការប៉ង​ចង់បាន​របស់​ប្រធានាធិបតី​អាល្លឺម៉ង់ លោក​Frank Walter Steinmeier ដែល​ពេល​នេះ ដើរ​តួនាទី​សំខាន់ ទៅតាម​ការចែង​នៃ​រដ្ឋធម្មនុញ្ញ​អាល្លឺម៉ង់។ សម្រាប់​ប្រធានាធិបតី​អាល្លឺម៉ង់ រដ្ឋាភិបាល​សំឡេង​ភាគតិច ដឹកនាំ​ដោយ​គណបក្ស​របស់​លោកស្រី​មែរកិល នឹង​ជាមួយ គណបក្ស​បៃតង នឹង​ធ្វើ​ឲ្យ​អាល្លឺម៉ង់​ជួប​អស្ថិរភាព​នយោបាយ ទៅ​ថ្ងៃមុខ ដោយសារ​ការបោះឆ្នោត​ជំទាស់​របស់​បក្ស​ប្រឆាំង។ នៅ​ល្ងាច​ថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​អាល្លឺម៉ង់ បាន​អំពាវនាវ​ផងដែរ ឲ្យ​គ្រប់​គណបក្ស​នយោបាយ ចេញ​មុខ​ទទួល​ខុសត្រូវ និង​សម្រេចចិត្ត ពោល​គឺ​មិនមែន​ចេះ​តែ​ចង់​ឲ្យ​មាន​ការបោះឆ្នោត​សាជាថ្មី ដើម្បី​រង់ចាំ ការអារកាត់ គ្រប់ពេល​របស់​ប្រជាជន​អាល្លឺម៉ង់​នោះទេ។

នៅ​ថ្ងៃ​នេះ និង​នៅ​ថ្ងៃ​ស្អែក ប្រធានាធិបតី អាល្លឺម៉ង់ ត្រូវ​ជួប​ចរចា​ជាមួយ ប្រធាន​បក្ស​បៃតង និង​បក្ស​សង្គមប្រជាធិបតេយ្យ SPD ដែល​ចាញ់​សំឡេង​យ៉ាង​ប្រផិតប្រផើយ ជាមួយ គណបក្ស​របស់​លោកស្រី​មែរកិល។ ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ លោកស្រី មែរកិល​ធ្លាប់​បាន​ប្រកាស​បើកចំហរ ចាប់ដៃ ជាមួយ គ្រប់​គណបក្ស ប៉ុន្តែ លើកលែង​គណបក្ស​ស្តាំ​និយមជ្រុល និង​គណបក្ស​ឆ្វេងនិយមជ្រុល​នោះទេ។ គណបក្ស​ស្តាំ​និយម​ជ្រុល ដែល​បាន​ដើរ​នយោបាយ​ប្រជាភិថុត និង​បាន​កើនសំឡេង​នៅ​រដ្ឋសភា បាន​ប្រកាស​រួចហើយ យុទ្ធសាស្រ្ត ប្រមាញ់ មិន​ឲ្យ​លោកស្រី​មែរកិល អាច​ដឹកនាំ​អាណត្តិ​ទី​៤​បាន នៅ​អាល្លឺម៉ង់។ នៅក្នុង​កាលៈទេសៈ ដែល​អាល្លឺម៉ង់ ជាប់គាំង​នយោបាយ យ៉ាងដូច្នេះ ប្រធានាធិបតី​អាល្លឺម៉ង់ ត្រូវ​ប្រញាប់​រួសរាន់ បើក​ការចរចា ដើម្បី​ផល​ប្រយោជន៍ ជាតិ និង​នៅ​អឺរ៉ុប​ទាំងមូល ព្រោះ អាល្លឺម៉ង់ ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ដ៏សំខាន់​របស់​សហភាពអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ