អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

ជំនួប​លើកទី២​រវាង​លោកពូទីន និង​លោកអាសាដ​ដែល​ឥត​មាន​ប្រកាស​ជា​មុន

លោក វ៉្លាឌីមៀរ ពូទីន បាន​ទទួល​ជួប ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ជាមួយ​លោក​ប្រធានាធិបតី​ស៊ីរី បាស្ហារ អាល-អាសាដ នៅបុរី Sotchi ប៉ែក​និរតី​ប្រទេស​រុស្ស៊ី កាល​ដែល​នៅ​សល់​ពីរ​ថ្ងៃ​ទៀត​ត្រូវ​ប្រព្រឹត្ត​ទៅ កិច្ចប្រជុំកំពូល​ត្រីភាគី រុស្ស៊ី-អ៊ីរ៉ង់-តួកគី ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​ឲ្យ វិបត្តិ​នៅ​ស៊ីរី។

លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន (រូបឆ្វេង) ឱបសមភាគី​ស៊ីរី​លោក Bachat el-Assad ក្នុង​ទីក្រុង Sotchi ប្រទេស​រុស្ស៊ី ថ្ងៃទី២០ វិច្ឆិកា ២០១៧
លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន (រូបឆ្វេង) ឱបសមភាគី​ស៊ីរី​លោក Bachat el-Assad ក្នុង​ទីក្រុង Sotchi ប្រទេស​រុស្ស៊ី ថ្ងៃទី២០ វិច្ឆិកា ២០១៧ Sputnik/Mikhail Klimentyev/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

វិមានក្រេមឡាំង ព្រឹក​ថ្ងៃ​អង្គារ​នេះ​ប្រកាស​ថា លោក វ៉្លាឌីមៀរ ពូទីន បាន​ធ្វើ​កិច្ចចរចា ជាមួយ លោកប្រធានាធិបតី​ស៊ីរី បាស្ហារ អាល-អាសាដ ដែល​បាន​អញ្ជើញ​មក​ដល់​ប្រទេស​រុស្ស៊ី ក្នុង​ក្របខ័ណ្ឌ ទស្សនកិច្ចការងារ។ ក្នុង​ជំនួប​នេះ ដែល​បាន​ប្រព្រឹត្ត​ទៅ នៅ​ឯ​និវេសនដ្ឋាន​ប្រធានាធិបតី​រុស្ស៊ី ជាយ​ក្រុងរមណីយដ្ឋាន Sotchi មាត់​សមុទ្រខ្មៅ ចៅហ្វាយ​ក្រេមឡាំង បាន”អបអរសរសើរ” លោក​ប្រធានាធិបតីស៊ីរី ចំពោះ​លទ្ធផល របស់ គាត់ ក្នុង​ការ​ប្រយុទ្ធ​ទល់​នឹង ពួក​ភេរវជន ដែល​ជិតៗ​ធ្លាក់​ក្នុង​បរាជ័យ” ចៀស​មិន​ផុត និង ជា​ស្ថាពរ “ ហើយ តាម​យោបល់​លោក​ពូទីន គឺ​ត្រូវ​តែ ”ឆ្លង​ទៅ​កាន់​អភិក្រមនយោបាយ”។

ថ្ងៃ​ពុធ​ស្អែក ក្នុង​ក្រុង Sotchi នេះ ប្រធានាធិបតី​រុស្ស៊ី តួកគី និង អ៊ីរ៉ង់ នឹង​បើក​កិច្ចប្រជុំ​អន្តរជាតិ ឆ្ពោះទៅ ស្តារ​ឡើង​វិញ អភិក្រម​រៀបរយ​សន្តិភាព​ក្នុង​ប្រទេស​ស៊ីរី នៅ​គ្រា​បច្ចុប្បន្ន កាល​ដែល​កងទ័ព​លោក បាស្ហារ អាល-អាសាដ មាន​ប្រៀប​ជាង ពួកឧទ្ទាម​និង​ក្រុម​ភេរវជន​នៃ​អង្គការ”រដ្ឋអ៊ីស្លាម”។

តាម​លោក​ពូទីន ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ស៊ីរី តាំង​គោលដៅ​ពិភាក្សា​ជា​បឋម អំពី” ដំណោះស្រាយ នយោបាយ​ដោយ​សន្តិវិធី​សម្រាប់​អំឡុង​ពេល​វែង​ឆ្ងាយ” ក្នុង​ប្រទេស​ស៊ីរី ជាទី ដែល​តាម​តួលេខអ.ស.ប. ក្នុង សង្គ្រាម ៦ ឆ្នាំ កន្លង​ទៅ មាន​អ្នកស្រុក​ធ្លាក់​ខ្លួន​ស្លាប់​អស់​ជាង ៣សែន៣ម៉ឺននាក់ ហើយ រាប់លាននាក់ ក្លាយ ទៅ​ជា​ជនភៀសខ្លួន។

លោក​ប្រមុខរដ្ឋ​រុស្ស៊ី ក៏​បាន​ជម្រាប សមភាគី​ស៊ីរី ថា ក្នុង​ថ្ងៃ​អង្គារ​នេះ គាត់​នឹង​សន្ទនា​តាម​ទូរសព្ទ ជាមួយ លោក ប្រធានាធិបតី​អាមេរិកាំង ដូណាល់ ត្រាំ ដើម្បី” ពិគ្រោះគ្នា “ អំពី​ស្ថានការណ៍​នៅ​ស៊ីរី គ្រាន់​នឹង​ច្រាន អភិក្រម​នយោបាយ ឲ្យ​បាន​ទៅ​មុខ។ លោក បាស្ហារ អាល-អាសាដ ពី​ចំណែក​គាត់ គាត់​គូស​បញ្ជាក់​ថា យើង​គ្មាន​ចេតនា មើល​ទៅ​ក្រោយ ឡើយ ហើយ​យើង​ត្រៀម​សន្ទនា ជាមួយ​រាល់នរណា ដែល​ប្រាថ្នា ធ្វើ ដំណោះស្រាយ​នយោបាយ​មែនពិត។

គាត់​បាន​សំដែង​ទៅ​កាន់​លោក​ពូទីន នូវ “អំណរគុណ​ពី​សំណាក់​ប្រជាជន​ស៊ីរី” ចំពោះ​ជំនួយ​របស់​រដ្ឋ​រុស្ស៊ី​ក្នុង បុព្វហេតុ​ការពារ” បូរណភាព​ដែនដី និង ឯករាជ្យ “ ប្រទេស​ស៊ីរី។ ជា​ការ​កត់សម្គាល់ លើក​មុន លោក​ប្រធានាធិបតី បាស្ហារ អាល-អាសាដ បាន​ធ្វើ​ទស្សនកិច្ច​ការងារ នៅ មូស្គូ គឺ ថ្ងៃ ២០តុលា​ឆ្នាំ ២០១៥ ឬ​៣ សប្តាហ៍​ក្រោយ​ពី រុស្ស៊ី បាន​ចាប់​ផ្តើម អន្តរាគមន៍​យោធា នៅ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ