អានតួអត្ថបទ
ហូឡង់-អូតង់

ក្រោម​ការដឹកនាំ​របស់​លោកដូណាល់ ត្រាំ អូតង់​ពិបាក​នឹង​ការពារខ្លួន ប្រឈម​នឹង​រុស្ស៊ី

“អាមេរិកាំង​ដំបូងគេ” នយោបាយ​រួញខ្លួន របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មិនត្រឹមតែ​ប៉ះពាល់​ដល់​ចរន្ត​សេដ្ឋកិច្ច​ពិភពលោក តែប៉ុណ្ណោះទេ វា​ជះផល​អាក្រក់​ផងដែរ​ដល់​ភូមិសាស្រ្ត​នយោបាយ មិន​ថា នៅ អាស៊ី ឬ​នៅ​អឺរ៉ុប។ នៅ​អឺរ៉ុប កម្លាំង​ទ័ព​អូតង់​មាន​ឧបករណ៍​ការពារ​ខ្លួន​កាន់តែ​ស្តួចស្តើង ចាប់តាំង​ពីលោកដូណាល់ ត្រាំ ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ នេះ​បើតាម​ការវាយតម្លៃ​របស់​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ហូឡង់។

នាយករដ្ឋមន្រ្តី​ហូឡង់ លោក Mark Rutteទៅ​ចូលរួម​នៅក្នុង​ជំនួបកំពូល​អូតង់ នៅខែ​ឧសភា ២០១៧
នាយករដ្ឋមន្រ្តី​ហូឡង់ លោក Mark Rutteទៅ​ចូលរួម​នៅក្នុង​ជំនួបកំពូល​អូតង់ នៅខែ​ឧសភា ២០១៧ © Emmanuel DUNAND / AFP
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​លោកដូណាល់ ត្រាំ បានចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក សម្ព័ន្ធ​អាត្លង់ទិក អូតង់ មានបំពាក់​ឧបករណ៍​កាន់តែ​តិច គឺ​មិនអាច​គ្រប់គ្រាន់ ដើម្បី​ការពារ ប្រទេស​សមាជិក នៅក្នុង​ករណី​មាន​ការរំលោភបំពាន​ពី​ខាងក្រៅ​នោះទេ។ នេះ​ជា​ការវាយ​តម្លៃ​របស់​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ ដែល​តែងដើរតួ​ជា​ទីប្រឹក្សា​យោបល់ ដល់​រដ្ឋាភិបាល​ប្រទេស​ហូឡង់ (សមាជិក​មួយ​របស់​អូតង់)។

នៅក្នុង​របាយការណ៍​របស់ខ្លួន ដែល​មាន​ឈ្មោះថា អនាគត​អូតង់ និង​សន្តិសុខ​នៅ​អឺរ៉ុប វិទ្យាស្ថាន កិច្ចការ​អន្តរជាតិ ដែល​មានទីតាំង​នៅ​ទីក្រុង​ឡាអេ បាន​ព្រមាន​ថា គោល​នយោបាយ​មិន​ច្បាស់លាស់ របស់​លោកដូណាល់ ត្រាំ កំពុង​ធ្វើ​ឲ្យ​គេ​បារម្ភ​ពី​ភាពរួបរួម​គ្នា ក្នុង​ចំណោម​ប្រទេស​សមាជិក​អូតង់។

បង្កើតឡើង​នៅ​ឆ្នាំ ១៩៤៩ នៅក្រោយ​សង្រ្គាម​លោកលើក​ទី២ អង្គការ​អូតង់ បាន​ទទួល​ការគាំទ្រ ទាំង​នយោបាយ និង​យោធា​ដ៏សំខាន់​ពី​សហរដ្ឋអាមេរិក។ ប៉ុន្តែ ចាប់តាំង​ពី លោកដូណាល់ ត្រាំ ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក គេ​សំគាល់​ឃើញ​មាន​ការខ្វះខាត​ក្នុង​ភាពដឹកនាំ​របស់​អាមេរិក នៅ​អូតង់។ ការណ៍នេះ នឹង​ធ្វើ​ឲ្យ​រុស្ស៊ី កេង​យក​ចំណេញ ជា​ប្រាកដ។ នៅក្នុង​កែវភ្នែក​របស់​ប្រទេស​នៅ​អឺរ៉ុប រុស្ស៊ី ដែល​កាត់យក​ទឹកដី​គ្រីមេ របស់​អ៊ុយក្រែន នៅ​ឆ្នាំ ២០១៤ បាន​ធ្វើ​សកម្មភាព​យ៉ាងចេញមុខ ដើម្បី​បង្ក​អស្ថិរភាព។ ក្រៅតែ​ពី​រុស្ស៊ី អឺរ៉ុប​ក៏​កំពុង​រងការគំរាមកំហែង​ផងដែរ ដោយសារ​បញ្ហា​អស្ថិរភាព និង​អសន្តិសុខ​នៅ​តំបន់​ដើមបូព៌ា។

នៅក្នុង​របាយការណ៍ របស់ខ្លួន ចេញផ្សាយ​នៅថ្ងៃ​សុក្រ​ម្សិលមិញ អ្នកជំនាញ​ហូឡង់​បាន​ អំពាវនាវ​ផងដែរ ឲ្យ​អូតង់​ពង្រាយ ទ័ព​ចល័ត ឲ្យ​បាន​ច្រើន នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ដែល​នៅ​ជាប់ព្រំដែន​រុស្ស៊ី ដូចជា​ប៉ូឡូញ និង​បណ្តា​ប្រទេស​សមុទ្រ​បាល់ទិក ព្រោះ​ប្រទេស​ទាំងនោះ នៅ​មិនទាន់​ត្រូវ​បាន​ការពារ​ម៉ត់ចត់​នោះទេ។ រុស្ស៊ី នឹង​អាច​ឆ្លៀតឱកាស​នេះ ដើម្បី រំលោភ និង​លេប​យកទឹកដី ដូច​ដែល​រុស្ស៊ី បានធ្វើ​ទៅលើ​ប្រទេស​អ៊ុយក្រែន។

អង្គការ​អូតង់​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ការលើកឡើង​របស់​វិទ្យាស្ថាន​ទីប្រឹក្សា​យោបល់​របស់​ប្រទេស​ហូឡង់។ តាម​អ្នកនាំពាក្យ​របស់​អង្គការ​អូតង់ ដែល​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់អ្នកកាសែត AFP ការចូលរួម​របស់​សហរដ្ឋអាមេរិក ក្នុង​បេសសកម្ម​របស់​អូតង់ គឺ​ច្រើនលើស​ពីការសង្ស័យ។ ម្យ៉ាងទៀត អូតង់​ជាសម្ព័ន្ធ​កងទ័ព​ដ៏ខ្លាំង​ជាងគេ​បំផុត ក្នុង​ពិភពលោក មាន​ទ័ព​ប្រុសស្រី ២លាន ៥សែននាក់ ដែល​ អាច​ការពារ​សន្តិសុខ ឲ្យ​រាល់​ប្រទេស​សមាជិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ