អានតួអត្ថបទ
អឺរ៉ុប-សេដ្ឋកិច្ច

Eurostat៖​តំបន់​ចាយ​ប្រាក់អឺរ៉ូ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ឡើង​វិញ

នៅ​ថ្ងៃ​អង្គារ ទី៣១ តុលា ការិយាល័យ​ស្ថិតិ​អឺរ៉ុប Eurostat បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ប្រសើរ​នៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ។ របាយការណ៍​បាន​គូស​បញ្ជាក់​ថា ទោះ​បី​ជា​អឺរ៉ុប​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​នៅ​ក្នុង​តំបន់​កាតាឡូញ៉ា ប្រទេស​អេស្ប៉ាញ ការ​ចាក​ចេញ​ពី​សមាជិក​អឺរ៉ុប​របស់​អង់គ្លេស ឬ​មួយ​ក៏​ភាព​ស្រពិចស្រពិល​កើត​ចេញ​ពី​ការ​បោះឆ្នោត​តំបន់​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ក៏​ដោយ ក៏​តំបន់​ចាយប្រាក់​អឺរ៉ូ​នៅ​បន្ត​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ។

Logo Eurostat
Logo Eurostat Photo : Commission européenne
ផ្សាយពាណិជ្ជកម្ម

កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង ១៩ប្រទេស​អឺរ៉ុប​ដែល​ចាយប្រាក់​អឺរ៉ូ​កើន ០,៦% នៅ​ត្រីមាស​ទី៣ ឆ្នាំ ២០១៧ នេះ ពោល​កើន​លើស​ពី​ការ​ប្រមើល​ទុក​បន្តិច នេះ​ជា​តួលេខ​ផ្សព្វផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​អឺរ៉ុប Eurostat។ លោក Pierre Moscovici អតីត​រដ្ឋមន្រ្តី​បារាំង និង​ជា​ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច​បាន​ប្រាប់ AFP ថា តួលេខ​នេះ​បាន​បញ្ជាក់​ពី​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ដែល​ចាប់​ផ្តើម​មាន​តាំង​ពី​រដូវ​ស្លឹកឈើ​ជ្រុះ​កន្លង​ទៅ។ តាម​លោក Moscovici មាន​កំណើន​សេដ្ឋកិច្ច​នាំ​ឲ្យ​មាន​កំណើន​វិនិយោគ ហើយ​មាន​កំណើន​វិនិយោគ​នឹង​នាំ​ឲ្យ​មាន​ការងារ​កាន់​តែ​ច្រើន​សម្រាប់​ពលរដ្ឋ​អឺរ៉ុប។

តាម Eurostat កំណើន​សេដ្ឋកិច្ច​ដែល​តំបន់​ចាយប្រាក់​អឺរ៉ូ​ទទួល​បាន​ក្នុង​រយៈពេល ២ត្រីមាស​ជាប់ៗ​គ្នា​នឹង​អនុញ្ញាត​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ចំនួន ១,៩% គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៧។ ដូច្នេះ​ជាមួយ​នឹង​កំណើន​នៅ​ត្រីមាស​ទី៣ នេះ កំណើន​សេដ្ឋកិច្ច​សម្រាប់​ពេញ​មួយ​ឆ្នាំ ២០១៧ អាច​នឹង​មាន ១,៧% ដូច​ដែល​គណៈកម្មការ​អឺរ៉ុប​បាន​ប្រមើលមើល​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។ យ៉ាង​ណា​ក៏​ដោយ​នៅ​ថ្ងៃទី៩ វិច្ឆិកា​ខាង​មុខ លោក Moscovici នឹង​ប្រាប់​ពី​តួលេខ​ប្រមើលមើល​ថ្មី​របស់​គណៈកម្មការ​អឺរ៉ុប​ស្តីពី​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​សម្រាប់​ឆ្នាំ ២០១៧។

កាល​ពី​ខែ​តុលា​កន្លង​ទៅ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ធ្លាប់​បាន​ប្រមើលមើល​ពី​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ដែល​មាន​កម្រិត​ដល់​ទៅ ២,១% សម្រាប់​ឆ្នាំ ២០១៧ និង ១,៩% សម្រាប់​ឆ្នាំ ២០១៨ ខាង​មុខ។ ក្រុម​អ្នកសេដ្ឋកិច្ច​បាន​ទទួល​ស្គាល់​ពី​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ឡើង​វិញ ទោះ​បី​ជា​អឺរ៉ុប​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ក្នុង​តំបន់​កាតាឡូញ៉ា ប្រទេស​អេស្ប៉ាញ ការ​ចាក​ចេញ​ពី​សមាជិក​អឺរ៉ុប​របស់​អង់គ្លេស ឬ​មួយ​ក៏​ភាព​ស្រពិចស្រពិល​កើត​ចេញ​ពី​ការ​បោះឆ្នោត​តំបន់​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ក៏​ដោយ។

ក្រៅ​ពី​បញ្ជាក់​ពី​កំណើន​សេដ្ឋកិច្ច ០,៦% នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​សម្រាប់​ត្រីមាស​ទី៣ ឆ្នាំ ២០១៧ នេះ Eurostat ក៏​បាន​បញ្ជាក់​ពី​ការ​បន្ត​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​នៅ​ក្រោម ១០%ពោល​មាន ៨,៩% ដែល​ជា​អត្រា​ដ៏​ទាប​គិត​តាំង​ពី​ខែ​មករា ឆ្នាំ ២០០៩។ តែ Eurostat បាន​ទទួល​ស្គាល់​ពី​គម្លាត​អ្នក​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ចាយប្រាក់​អឺរ៉ូ​ដូច​គ្នា។ ឧទាហរណ៍​នៅ​អាល្លឺម៉ង់ អត្រាអ្នក​អត់​ការងារ​ធ្វើ​មាន ៣,៦% តែ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​មាន ១៦,៧% ឬ​មួយ​នៅ​ក្នុង​ប្រទេស​ក្រិក​ដែល​មាន​ដល់​ទៅ ២១%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ