អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​ការ​ប្រើប្រាស់​សារធាតុគីមី​គ្លីហ្វូសាត (Glyphosate) កំពុង​ចោទ​ជា​បញ្ហា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​អឺរ៉ុប​កំពុង​បន្ត​ស្វែង​រក​កុងសង់ស៊ុស​មួយ​ក្នុង​ការ​កំណត់​រយៈពេល​នៃ​ការ​បន្ត​ប្រើប្រាស់​សារធាតុគីមី​គ្លីហ្វូសាត (Glyphosate) នៅ​ក្នុង​ទឹកដី​អឺរ៉ុប។ គណៈកម្មការ​អឺរ៉ុប​ដែល​ពី​មុន​បាន​ស្នើ​ឲ្យ​បន្ត​រយៈពេល ១០ឆ្នាំ​បាន​សុខចិត្ត​បន្ថយ​មក​នៅ​ចន្លោះ​ពី​៥ ទៅ ៧ឆ្នាំ​វិញ។ តែ​នៅ​ថ្ងៃ​អង្គារ ទី២៤ តុលា សភា​អឺរ៉ុប​បាន​អនុម័ត​សេចក្តីសម្រេចចិត្ត​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​លះបង់​ចោល​បន្តិច​ម្តងៗ​នូវ​សារធាតុគីមី​គ្លីហ្វូសាត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ចាប់​ពី​ពេល​នេះ​ទៅ ៥ឆ្នាំ។ តាម​គម្រោង ប្រទេស​សមាជិក​អឺរ៉ុប តាម​រយៈ​ក្រុមអ្នកជំនាញ​ត្រូវ​បោះឆ្នោត​សម្រេច​នៅ​ថ្ងៃ​ពុធ ទី២៥ តុលា​នេះ។ តែ​ទីបំផុត គណៈកម្មការ​អឺរ៉ុប​បាន​លើក​ថ្ងៃ​បោះឆ្នោត​ទៅ​ពេល​ក្រោយ​វិញ។ សូម​ជម្រាប​ជូន​ថា ភាព​ចម្រូងចម្រាស​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​អាជ្ញាប័ណ្ណ​ប្រើប្រាស់​សារធាតុគីមី​គ្លីហ្វូសាត (Glyphosate) ផុតកំណត់​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៧ នេះ។

ហេតុអ្វី​បាន​ជា​ការ​ប្រើប្រាស់​សារធាតុគីមី​គ្លីហ្វូសាត (Glyphosate) កំពុង​ចោទ​ជា​បញ្ហា?
ហេតុអ្វី​បាន​ជា​ការ​ប្រើប្រាស់​សារធាតុគីមី​គ្លីហ្វូសាត (Glyphosate) កំពុង​ចោទ​ជា​បញ្ហា? PHILIPPE HUGUEN / AFP
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ជា​ដើមចម​ធ្វើ​ឲ្យ​សភា​អឺរ៉ុប និង​គណៈកម្មការ​អឺរ៉ុប​ប្រទាញប្រទង់​គ្នា​ក្នុង​ការ​កំណត់​រយៈពេល​នៃ​ការ​បន្ត​ឲ្យ​ប្រើប្រាស់​សារសារធាតុគីមី​គ្លីហ្វូសាត (Glyphosate) គឺ​ផលវិបាក​របស់​វា​ដែល​នាំ​ឲ្យ​កើត​ជម្ងឺ​មហារីក​ជា​យថាហេតុ។ នេះ​ជា​ការ​លើកឡើង​របស់​សភា​អឺរ៉ុប​ដែល​បាន​សំអាង​លើ​លទ្ធផល​នៃ​ការ​សិក្សា​មួយ​របស់​ស្ថាប័ន​នៃ​អង្គការ​សុខភាព​ពិភពលោក​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៥។ តាំង​ពី​ពេល​នោះ​មក ក្រុម​អ្នកជំនាញ និង​ក្រុម​អ្នកវិទ្យាសាស្រ្ត​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា និង​យល់​ឃើញ​មិន​ដូច​គ្នា​ទេ។ តាម​ពិត​ទៅ ភាព​ប្រទាញប្រទង់​គ្នា​ក្នុង​ការ​បន្ត​រយៈពេល​នៃ​ការ​ប្រើប្រាស់​សារធាតុគីមី​គ្លីហ្វូសាត (Glyphosate) បាន​កើត​មាន​តាំង​ពី​ជាង ២ឆ្នាំ​មក​ហើយ​រវាង​គណៈកម្មការ​អឺរ៉ុប និង​សភា​អឺរ៉ុប។

បន្ទាប់​មក រវាង​ប្រទេស​សមាជិក​អឺរ៉ុប​ដែល​នៅ​ម្ខាង ចង់​ឲ្យ​បន្ត​រយៈពេល​នៃ​ការ​ប្រើប្រាស់​សារធាតុគីមី​គ្លីហ្វូសាត (Glyphosate) ចំនួន ១០ឆ្នាំ​បន្ថែម​ទៀត រីឯ​នៅ​ម្ខាង​ទៀត ចង់​ឲ្យ​កាត់​បន្ថយ​មក​នៅ​ត្រឹម​ពី ៣ ទៅ ៥ឆ្នាំ​ប៉ុណ្ណោះ និង​មាន​ប្រទេស​ខ្លះ​ទៀត​បាន​ទាមទារ​ឲ្យ​ឈប់​ប្រើ​សារធាតុគីមី​គ្លីហ្វូសាត (Glyphosate) នេះ​តែ​ម្តង។ ប្រតិកម្ម​ក៏​មាន​ពី​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ដូច​យ៉ាង Greenpeace ដែល​បាន​ចេញ​យុទ្ធនាការ​យ៉ាង​សកម្ម​អស់​ជា​ច្រើន​ខែ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​សារធាតុគីមី​គ្លីហ្វូសាត (Glyphosate) ក្នុង​អឺរ៉ុប។

នៅ​ក្នុង​ន័យ​នេះ Greenpeace បាន​ដាក់​ញត្តិ​មួយ​ដោយ​ទទួល​បាន​ហត្ថលេខា​គាំទ្រ​ជាង ១លាន ៣សែន​នាក់។ អង្គការ Greenpeace បាន​យល់​ឃើញ​ថា អឺរ៉ុប​គួរ​តែ​ជជែក​គ្នា​ពី​បរិមាណ និង​របៀប​ប្រើប្រាស់​សារធាតុគីមី​គ្លីហ្វូសាត (Glyphosate) ជាជាង​បន្ត​ប្រទាញប្រទង់​គ្នា​លើ​ការ​កំណត់​រយៈពេល​នៃ​ការ​ប្រើប្រាស់​សារធាតុគីមី​គ្លីហ្វូសាត (Glyphosate)។

តើ​គ្លីហ្វូសាត (Glyphosate) ជា​អ្វី?

គ្លីហ្វូសាត (Glyphosate) ជា​សារធាតុគីមី​ដែល​ត្រូវ​បាន​ពិភពលោក​យក​ទៅ​ប្រើ​នៅ​ក្នុង​វិស័យ​កសិកម្ម​ដើម្បី​សម្លាប់​ស្មៅចង្រៃ​ដែល​ដុះលាយឡំ​ជាមួយ​បន្លែ​ផ្លែឈើ ឬ​រុក្ខជាតិ​ហុចផល​ផ្សេង​ទៀត ឬ​មួយ​ក៏​ដើម្បី​សម្លាប់​ស្មៅទាំង​ឫស​លើ​ផ្ទៃដី​មួយ​ដើម្បី​យក​ផ្ទៃដី​នោះ​ទៅ​ដាំ​ដំណាំ​ផ្សេងៗ។ សារធាតុគីមី​គ្លីហ្វូសាត (Glyphosate) ត្រូវ​បាន​ក្រុមហ៊ុន​យក​ទៅ​លាយ​ផ្សំ​ជាមួយ​សារធាតុគីមី​ផ្សេង​ទៀត​ដើម្បី​ឲ្យ​ប្រជាកសិករ​យក​ទៅ​ប្រើប្រាស់​ដើម្បី​បង្កើន​ផលិកម្ម​របស់​ខ្លួន។ កម្មវត្ថុ​នៃ​ការ​ប្រើប្រាស់​សារធាតុគីមី​គ្លីហ្វូសាត (Glyphosate) គឺ​ដើម្បី​សម្លាប់​ស្មៅចង្រៃ​នៅ​លើ​ផ្ទៃដី​ដាំ​ដំណាំ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ម៉ូលេគុល​របស់​គ្លីហ្វូសាត​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​រុក្ខជាតិ​ដោយ​មិន​រើស​មុខ ពោល​មិន​មែន​តែ​ទៅ​លើ​ស្មៅចង្រៃ​ប៉ុណ្ណោះ​ទេ។

ម្យ៉ាង​ទៀត ម៉ូលេគុល​របស់​សារធាតុគីមី​មួយ​នេះ​ក៏​បន្ត​មាន​វត្តមាន​នៅ​ក្នុង​ដី​គ្រប់​ទីកន្លែង​ទាំង​អស់។ គ្លីហ្វូសាត​ត្រូវ​បាន​ក្រុមហ៊ុន​អាមេរិកាំង​ឈ្មោះ Monsanto យក​ទៅ​ប្រើ​ជា​សារធាតុគីមីគោល​ដើម្បី​ផលិត​ថ្នាំសម្លាប់​សត្វ​ល្អិត​មាន​យីហោ Roundup ក្នុង​ឆ្នាំ ១៩៧៤។ នៅ​ពេល​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ឆ្នាំ ១៩៧៤ ថ្នាំសម្លាប់​សត្វ​ល្អិត​យីហោ Roundup ត្រូវ​បាន​គេ​ប្រើ​ក្នុង​កម្រិត​តែ ៣ ២០០តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក។ តែ ៤០ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ២០១៤ បរិមាណ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​យីហោ Roundup នេះ​បាន​កើន​ដល់​ទៅ ៨២៥ ០០០តោន។

នៅ​អឺរ៉ុប គេ​ឃើញ​វត្តមាន​គ្លីហ្វូសាត​នៅ​ក្នុង​ផលិតផល​យីហោ Desherbants ហើយ​គ្រាន់​តែ​ក្នុង​ប្រទេស​បារាំង​តែ​មួយ ការ​លក់​ផលិតផល Desherbants ក្នុង​មួយ​ឆ្នាំ​មាន​ដល់​ទៅ ៨ ០០០តោន។

តើ​គ្លីហ្វូសាត (Glyphosate) ពិត​ជា​បង្ក​ឲ្យ​មាន​ជម្ងឺ​មហារីក​ឬ?

ការ​ប្រើប្រាស់​សារធាតុគីមី​គ្រប់ប្រភេទ មិន​ថា គ្លីហ្វូសាត (Glyphosate) ឬ​អ្វី​ផ្សេង​ទេ គឺ​មិន​ល្អ និង​ផ្តល់​ផលវិបាក​ដល់​សុខភាព​មនុស្ស​ដោយ​ចៀស​មិន​រួច។ គ្រាន់​តែ​គេ​ពិបាក​ទាយ​ថា តើ​វា​នឹង​បង្ក​ឲ្យ​មាន​ជម្ងឺ​អ្វី​ខ្លះ និង​ថា តើ​វា​ជា​ជម្ងឺ​ដែល​កើត​ភ្លាមៗ ឬ​មួយ​ក៏​កើត​នៅ​ក្នុង​រយៈពេល​យូរ។ តាម​ពិត​ទៅ សារធាតុគីមី​មួយ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​តាំង​ពី ៤០ឆ្នាំ​មក​ហើយ​នៅ​ទូទាំង​ពិភពលោក​ដោយ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​ពី​ផលវិបាក​របស់​វា​ទេ។

គឺ​ទើប​តែ​នៅ​ថ្ងៃទី២០ មីនា ឆ្នាំ ២០១៥ កន្លង​ទៅ​ដែល​អង្គការ​សុខភាព​ពិភពលោក OMS បាន​ទាញ​សញ្ញា​អាសន្ន​ថា សារធាតុគីមី​គ្លីហ្វូសាត (Glyphosate) អាច​នឹង​បង្ក​ឲ្យ​មាន​ជម្ងឺ​មហារីក​ជា​យថាហេតុ។ អ្វី​ដែល OMS ចង់​បញ្ជាក់​នោះ​គឺ​ថា ជម្ងឺ​មហារីក​លើ​មនុស្ស​ដោយ​ការ​ប្រើប្រាស់​សារធាតុគីមី​គ្លីហ្វូសាត​ហាក់​មិន​ទាន់​ច្បាស់​ទេ តែ​អ្វី​ដែល​ច្បាស់ គឺ​កើត​មាន​នៅ​លើ​សត្វ​ដែល​គេ​យក​ទៅ​ធ្វើ​ពិសោធន៍។ បន្ទាប់​មក​ក្នុង​ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ ២០១៥ ដដែល ស្ថាប័ន​អឺរ៉ុប​ទទួល​សន្តិសុខ​ចំណីអាហារ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ប្រឆាំង​នឹង​ការ​ទាញ​សញ្ញាអាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក រួច​សម្រេច​ឲ្យ​បន្ត​លក់​សារធាតុគីមី​គ្លីហ្វូសាត​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ជា​បន្ត​ទៀត។

ក្រោយ​មក​ទៀត ទីភ្នាក់ងារ​អឺរ៉ុប​ទទួល​បន្ទុក​ផលិផល​គីមី​បាន​ប្រកាស​ក្នុង​ថ្ងៃទី១៥ មីនា ឆ្នាំ ២០១៧ នេះ ដោយ​មិន​ចាត់​ទុក​សារធាតុគីមី​គ្លីហ្វូសាត​ជា​ម៉ូលេគុល​នាំ​ឲ្យ​មាន​ជម្ងឺ​មហារីក​ទេ។ បន្ទាប់​មក​ទៀត ក្រុម​អ្នកវិទ្យាសាស្រ្ត​ក៏​បាន​ចេញ​មុខ​គាំទ្រ​លើ​ការ​ប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក។ ឃើញ​ថា​ចង់ ឬ​ចង់ រឿងរ៉ាវ​មួយ​នេះ​ហាក់​មិន​ទាន់​ចប់ និង​ដែល​កំពុង​ក្លាយ​ជា​រឿង​នយោបាយ​ដ៏​ប្រទាញប្រទង់​នៅ​ផ្ទៃក្នុង​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ