អានតួអត្ថបទ

លោកស្រីគ្លីនតុន ៖ គ្មានកិច្ចព្រមព្រៀងជាមួយអឺរ៉ុប អង់គ្លេសនឹងរដាក់រដុបខ្លាំង

នៅ​ថ្ងៃ​អាទិត្យ​ទី ១៥​តុលា ២០១៧​នេះ អតីត​បេក្ខនារីប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លីន បាន​បង្ហាញ​ទស្សនៈ​របស់​លោកស្រី​ជុំ​វិញ ការ​​ផ្តាច់​ខ្លួនរបស់​អង់គ្លេស​​​​ចេញពី​​អឺរ៉ុប​ នៅ​ខែ​មីនា ២០១៩។ សម្រាប់​លោកស្រី ប្រសិន​បើ​ឡុងដ៍​មិន​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​​​សហភាព​អឺរ៉ុប​ទេ នោះ​អង់គ្លេស​នឹង​ជួប​​ភាពរំខាន​​ខ្លាំង​មែន​ទែន។

លោកស្រី គ្លីនតុន អតីត​បេក្ខនារី​ប្រធានាធិបតី​អាមេរិក
លោកស្រី គ្លីនតុន អតីត​បេក្ខនារី​ប្រធានាធិបតី​អាមេរិក REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

ពាក្យ​ថា​ "គ្មាន​កិច្ចព្រមព្រៀង” គឺ​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​ភាព​ប្រកួត​ប្រជែង​ ! មាន​ន័យ​ថា​គ្មាន​ការ​សម្រួល​ណា​សម្រាប់​នាំ​ផលិតផល​អង់គ្លេសចូល​ទីផ្សារ​អឺរ៉ុប​ ដូច​ដែល​អង់គ្លេស​ធ្លាប់​មាន​ក្នុង​សម័យ​អង់គ្លេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប​ទៀត​ទេ។ នេះ​បើ​តាមប្រសាសន៍​របស់​លោក ហ៊ីលឡារី គ្លីនតុន នៅ​ក្នុង​បទ​សម្ភាសន៍​ថ្ងៃ​ចុង​សប្តាហ៍​ជាមួយ​ទូរទស្សន៍​BBC ដោយ​អះអាង​ទៀត​ថា អង់គ្លេស​នឹង​ជួប​​គុណវិបត្តិធ្ងន់ធ្ងរ ព្រោះ​​ គ្មាន​កិច្ចព្រមព្រៀង​ អង់គ្លេស​នឹង​​​ត្រូវ​ដើរ​តាម​គន្លង​ច្បាប់​ពាណិជ្ជកម្ម​ពិភពលោក ពោល​គឺ​ត្រូវ​ឆ្លង​កាត់​រនាំង​ពន្ធគយ និង​តម្លៃ។

ហើយ​នៅទី​បំផុត ក្រុមហ៊ុន​សហគ្រាស​នៅ​អង់គ្លេស​នឹងរង​សម្ពាធ​ខ្លាំង ដែល​ជា​កត្តា​ជំរុញ​ឱ្យ​មាន​ហានិភ័យ​លើក​ប្តូរ​ទីតាំង​។ ប្រសិន​បើ​ដូច​សេណារីយោ​ដែល​រៀប​រាប់​ខាងលើ​មែន នោះ​ពាណិជ្ជកម្ម​អង់គ្លេស​នឹងរង​ផល​រំខាន​គួរព្រួយ​បារម្ភ​មែន។

ហេតុ​អ្វី​បាន​ជា​លោកស្រី អតីត​បេក្ខនារី​ប្រធានាធិបតី​នឹក​ឃើញ​ចាប់​អារម្មណ៍​នឹង​ផលវិបាក​នៃ​ការ​ដើរ​ចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស ?! ព្រោះ​លោកស្រី​ចង់ដឺដង​ឱ្យ​​លោក​ត្រាំ ដែល​ចង់​តែ​លុប​បំបាត់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​បរទេស។ លោកត្រាំ​ ដែល​ទើប​ចាប់​ផ្តើម​បើក​កិច្ចចរចា​ថ្មី​ ស្តី​ពី​ការ​ផ្តោះប្តូរ​សេរី​អាមេរិក​ខាង​ជើង។

ម្យ៉ាង​វិញ​ទៀត កិច្ចចរចា​អង់គ្លេសអឺរ៉ុប បាន​ឈាន​ចូល​ដល់​វគ្គ​ទី​៥ ហើយ​ តែ​ហាក់​ដូច​ជា​គ្មាន​ផ្តល់​ផ្លែផ្កា​អ្វី​សោះ។ តំណាង​អឺរ៉ុប​ បាន​ថ្ងូច​ថ្ងូរ​អំពី​ការ​ជាប់​គាំង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ស្តី​អំពី​ការ​បង់​ប្រាក់​សំណង​ហិរញ្ញវត្ថុ​របស់​អង់គ្លេស​មក​ឱ្យ​សហគមន៍​អឺរ៉ុប។ អឺរ៉ុប​ដែល​បាន​ចាត់​ទុក​ប្រធានបទ​នេះ​ជា​ស្នូល​ ត្រូវ​ដោះស្រាយ​ជា​អាទិភាព​សិន មុន​នឹង​ឈាន​ដល់​ការ​ចរចា​ស្តី​ពី​ទំនាក់ទំនង​​ពាណិជ្ជកម្ម​រវាង​ឡុងដ៍​និង​អឺរ៉ុប​នា​ពេល​អនាគត ហើយ​ពេល​វេលា​កាន់​តែ​ខោច​ខ្លាំង។​ ប៉ុន្តែ​អឺរ៉ុប​ខ្លួន​ឯង​ ទំនង​ជា​សម្រេច​ចិត្ត​​ចាប់​ផ្តើម​រៀប​ចំ​ពិភាក្សា​ផ្ទៃ​ក្នុ​ង​ជុំ​វិញ​បញ្ហា​នេះ នៅ​ក្នុង​ជំនួប​កំពូល​​អឺរ៉ុប​ថ្ងៃព្រហស្បតិ៍​សុក្រ​សប្តាហ៍​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ