អានតួអត្ថបទ

កាតាឡូញ៉ាព្រមចរចាជាមួយ​អេស្ប៉ាញ តែក្នុងករណី​និយាយ​អំពី​ឯករាជភាព​តំបន់

ភាព​មិន​ជាក់​លាក់​បន្ត​គ្រប​បណ្តប់​តំបន់​កាតាឡូញ៉ា ជា​ថ្មី ! បន្ទាប់​ពី​បាន​ទុក​ពេល បង្ហើប​ផ្លូវ​​ចង់​ស្វែង​រក​ដំណោះស្រាយ​​ដោយ​សន្តិវិធី នៅ​ថ្ងៃ​សៅរ៍នេះ បុរស​ខ្លាំង​ទីពីរ​របស់​តំបន់​កាតាឡូញ៉ា​ បាន​ប្រកាស​ព្រមាន​ ថា ការចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ អាច​ប្រព្រឹត្ត​ទៅ​បាន​ ដរាប​តែ​ខ្លឹមសារ​នៃ​ការ​កិច្ចចរចា​នោះ ផ្តោត​តែ​លើ​ឯករាជភាព​តំបន់​តែ​ប៉ុណ្ណោះ។

លោក​ Oriol Junqueras (ស្តាំ) បុរសខ្លាំង​ទីពីរ​ នៃ​ចលនា​ផ្តាច់​ទឹក​ដីនិយម​កាតាឡូញ៉ា
លោក​ Oriol Junqueras (ស្តាំ) បុរសខ្លាំង​ទីពីរ​ នៃ​ចលនា​ផ្តាច់​ទឹក​ដីនិយម​កាតាឡូញ៉ា REUTERS/Sergio Perez
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កាតាឡូញ៉ា ត្រូវ​​បញ្ជាក់​​ជំហរ​របស់​ខ្លួន​ជា​ថ្មី​ស្តី​អំពី​ឯករាជ្យ​តំបន់​កាតាឡូញ៉ា នៅ​ថ្ងៃ​ចន្ទ​ វេលា​ម៉ោង​១០​ព្រឹកឯណោះ​ទេ​ ! តែ​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ក្នុង​សុន្ទរកថា​របស់​ប្រធានបក្ស​សាធារណរដ្ឋ​ឆ្វេង​និយម ​បុរស​ខ្លាំង​ទីពីរ​របស់​កាតាឡូញ៉ា លោក​Oriol Junquerasបាន​ប្រកាស​យ៉ាង​ក្តែងៗ​ថា សំណើ​សុំ​ចរចា​របស់​​ម៉ាឌ្រីដ និង​កាតាឡូញ៉ា ត្រូវ​ផ្តោច​​លើ​ការ​ស្ថាបនា​សាធារណរដ្ឋ​ និង​ឯករាជ្យ​ឱ្យ​តំបន់​កាតាឡូញ៉ា !

កាតាឡូញ៉ា​ឯករាជ្យ​ជា​ច្រក​ចេញ​តែ​មួយ​គត់ ! ហើយ​ដើម្បី​បាន​ក្លាយ​ជា​សាធារណរដ្ឋ​មួយ និង​មាន​ឯករាជ្យ​បាន កាតាឡូញ៉ា ត្រូវ​ចរចាជា​មួយ​គ្រប់​គ្នា​ ឬ​យ៉ាង​ហោច​ណាស់​ជាមួយ​សហគមន៍​អន្តរជាតិ​ដែរ។ ម្យ៉ាងវិញ​ទៀត គេ​មិន​អាច​បំពេញ​សេចក្តី​សម្រេច​ថ្ងៃទី ១​តុលា​បាន​ឡើយ ! នេះ​បើ​តាម​សំដី​របស់​លោក​Oriol Junquerasដដែល។

ក្រុម​អ្នក​ផ្តាច់​ទឹក​ដី​និយម​កាតាឡូញ៉ា បាន​យក​លទ្ធផល​ប្រជាមតិ​ខុស​ច្បាប់​ កាល​ពី​ថ្ងៃទី​១​តុលា ដែល​មាន​ប្រជា​ពល​រដ្ឋ​ប្រមាណ​តែ​៤៣%​បាន​ចូល​រួម​បោះឆ្នោត និង​ជា​លទ្ធផល ៩០%​ព្រម​ចង់​បានឯករាជ្យ មក​ធ្វើ​​ជា​បង្អែក​សម្រាប់​ទាមទារ​ផ្តាច់​ខ្លួន​ពី​អេស្ប៉ាញ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃអង្គារ ប្រមុខ​តំបន់​កាតាឡូញ៉ា លោក Puigdemont បាន​ទាមទារ​សុំ​មាន​អន្តរការី​អន្តរជាតិ​ ក្នុង​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​អេស្ប៉ាញ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី លក្ខខណ្ឌ​អ្វី​ទាំ​ងអស់​។ ចំណែក​ខាង​ម៉ាឌ្រីដ​ ជំហរ​នៅ​នឹង​ដដែល​ គឺ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ច្រាន​ចោល​ទាំង​ស្រុង​សំណើ​ចរចា​ ដោយ​អំពាវនាវ​ឱ្យ​ក្រុម​អ្នក​ផ្តាច់​ទឹក​ដី​និយម​ ត្រលប់​ក្រោយ​វិញ និង​ធ្វើ​ខ្លួន​ឱ្យ​ស្រប​ច្បាប់។ រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ បដិសេធ​មិន​ទទួល​អន្តរការី​អន្តរជាតិ ហើយ​ទុក​ពេល​ឱ្យ​​ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា បញ្ជាក់​ជំហរ​ច្បាស់​លាស់​ជា​ថ្មី នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ ហើយ​​ប្រសិន​មេដឹកនាំ​កាតាឡូញ៉ា នៅ​តែ​ចចេស​​ប្រកាស​ឯករាជ្យ​ជា​អនោម័ត ​រដ្ឋាភិបាលអេស្ប៉ាញ​ទុក​ពេល​ឱ្យ​​ ​ដល់​ថ្ងៃព្រហស្បតិ៍​ទី ២១​តុលា មុន​ផ្តើម​អនុវត្ត​តាម​មាត្រ​១៥៥​នៃ​រដ្ឋធម្មនុញ្ញ ពោល​គឺ​ដក​ស្វ័យភាព​តំបន់​កាតាឡូញ៉ា ទុក​ភារៈ​គ្រប់​គ្រង​តំបន់​ទៅឱ្យ​រដ្ឋាភិបាល​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ