អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី-អាមេរិក

លោក ឡាវ៉្រូវ ​ចោទ​សរអា ​ថា​ប្រព្រឹត្ត​”អំពើ​បង្កហេតុ”​ទល់​នឹង​កងទ័ព​រុស្ស៊ី​នៅ​ស៊ីរី​

ក្នុង​បទសម្ភាសន៍​ចេញផ្សាយ​ថ្ងៃ​ពុធ​នេះ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ បាន​ចោទ​កងកម្លាំង​នៃ​សម្ព័ន្ធ​ដឹកនាំ​ដោយ​សរអា ថា​ចេះតែ​ប្រព្រឹត្ត” អំពើ​បង្កហេតុ​បង្ហូរ​ឈាម “ ទល់​នឹង​កងទ័ព​រុស្ស៊ី​ដែល​ឈរ​ជើង​នៅ​ស៊ីរី។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ លោក  Serguei Lavrov
រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ លោក Serguei Lavrov REUTERS/Michaela Rehle
ផ្សាយពាណិជ្ជកម្ម

“ សកម្មភាព​កងកម្លាំង​ណា​នៅ​ស៊ីរី ដែលដឹកនាំដោយ​សរអា ចោទ​ជា​បញ្ហា​យ៉ាង​ច្រើន”-សេចក្តីនេះ ថ្លែងដោយ​ប្រមុខ​ការទូត​រុស្ស៊ី ក្នុងបទសម្ភាស​ន៍នោះ ដែលឲ្យ​ទៅកាសែត​មានដើមទុន​អារ៉ាប៊ី សាអ៊ូឌីត ក្រោមឈ្មោះ​ថា Asharq al-Awsat។

តាមសំដីលោក ឡាវ្រ៉ូវ ៖ “ ក្នុងករណី​ខ្លះ កង​កម្លាំង​នេះបាន​អុជអាល​ត្រង់ៗ ពួក​ភេរវជន​ផ្សេង​ទៀត​ឲ្យ​វាយប្រហារ​ទៅ​លើ​ទីតាំង​យុទ្ធសាស្ត្រ​នានា​ដណ្តើម​យក​បាន​ស្របច្បាប់​ដោយ​ក្រុង​ដាម៉ាស ឬ​មួយ ​មិន​រួញរា​នឹង​ប្រព្រឹត្ត​អំពើ​បង្កហេតុ​បង្ហូរ​ឈាម​ប្រឆាំង​កងទ័ព​រុស្ស៊ី​តែ​ម្តង។

ប្រសាសន៏​លោក​រដ្ឋមន្ត្រី​រុស្ស៊ី ទំនង​ជា​សំដៅ​ទៅ​លើ កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី FDS ដែល​គាំទ្រ ដោយ​សម្ព័ន្ធ ក្រោមការដឹកនាំ​សរអា ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិការ​វាយលុក​ទៅលើ​ពួក​ជីហាដ នៃ​អង្គការ ”រដ្ឋអ៊ីស្លាម” ជាពិសេស​ទល់​នឹង​ទីតាំង​អង្គការ​នេះ​ក្នុង​ក្រុង Raqa។

រុស្ស៊ី​ក្នុង​ខែ​មុន បាន​ចោទ​កម្លាំង FDS ថាប៉ុនប៉ង​ធ្វើវិច្ឆេទកម្ម​បង្ខូច​ប្រតិបត្តិការ​វាយលុក​នៃ​កងទ័ព​ស៊ីរី​ដែល​គាំទ្រ​ដោយ​ម៉ូស្គូ​ទៅលើ​ទីតាំង​ពួក​ជីហាដ​នៃ​អង្គការ”រដ្ឋអ៊ីស្លាម” នៅ​ជុំ​វិញ ក្រុង Deir Ezzor ជាទី ដែល​ឧត្តមសេនីយ​រុស្ស៊ី​ម្នាក់​បាន​ធ្លាក់​ខ្លួន​ស្លាប់​កាលពី​ថ្ងៃ​២៥​កញ្ញា មកពី​ត្រូវ​គ្រាប់​កាំភ្លើងត្បាល់​បាញ់​ដោយ​ពួក​ឧទ្ទាម។

ក្នុង​សម្ភាសន៍​នោះ លោក​ឡាវ្រ៉ុវ សង្កត់​ធ្ងន់​ថា ៖ ឥឡូវ​គ្រប់តែ​ភាគី​ដែល​ដើរ​តួ​ក្នុង​ជម្លោះ​នៅ​ស៊ីរី ត្រូវតែ បោះបង់​ទៅ​មហិច្ឆិតា​ភូមិសាស្ត្រ-នយោបាយ ហើយរួមវិភាគទាន​ឲ្យ​បាន​ពេញលេញ​ទៅ​ក្នុង​ការ​ស្តារ ឡើងវិញ​ស្ថិរភាព​និង​សន្តិសុខ​ក្នុង​ប្រទេស​នេះ​និង​ជាទូទៅ​នៅ​តំបន់​មជ្ឈឹមបូព៌ា​និង​អាហ្វ្រិក​ខាង​ជើង។

លោក​ប្រមុខ​ការទួត​រុស្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​លុប​ទៅ​ទណ្ឌកម្ម​ប្រឆាំង​អំណាច​លោក​ប្រធានាធិបតី បាស្ហារ អាល់ អាសាដ គ្រាន់​នឹង​រួម​ចំណែក​ទៅ​ក្នុង​ការស្តារ​កសាង​ឡើងវិញ​ប្រទេស​ស៊ីរី។

ស្តី​អំពី​ទំនាក់​ទំនង​រវាង​ម៉ូស្គូ​និង​ក្រុង​វ៉ាស៊ីនតោន លោក​ឡាវ្រ៉ូវ ថ្លែង​ថា ភាគី​រុស្ស៊ី” មិន​មាន​កំហុស​អ្វី​ណា​ទេ ចំពោះ​ការ​ដែល​វា​ធ្លាក់​ចុះ​អាក្រក់​បច្ចុប្បន្ន​នេះ” ហើយ​គាត់​ទម្លាក់​ពិរុទ្ធ​គឺ​ទៅ​លើ​រដ្ឋបាល​ប្រធានាធិបតី​ អាមេរិកាំង​លើក​មុន បារ៉ាក់ អូបាម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ