អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ម៉ូស្គូ​ ប្រាថ្នា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​

កម្រិត​បច្ចុប្បន្ន​នៃ​ទំនាក់ទំនង​រវាង​សហព័ន្ធ​រុស្ស៊ី​និង​សហរដ្ឋអាមេរិក“ មិនអាចនាំ​ឲ្យ​យើង​សោមនស្ស​ឡើយ”-សេចក្តីនេះ​ថ្លែង​ថ្ងៃ​អង្គា​ទី​៣​តុលា ដោយ​លោកប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន​ក្នុង​ពិធីទទួល​សារតាំង​ពី​ឯកអគ្គរដ្ឋទូត​អាមេរិកាំង​ថ្មី​លោក Jon Huntsman ដោយ​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងពីរ​សហការគ្នា “ កុំ​លូក​ដៃ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ម្ខាងៗ”។

ប្រធានាធិបតីរុស្ស៊ី Vladimir Poutine ​
ប្រធានាធិបតីរុស្ស៊ី Vladimir Poutine ​ REUTERS/Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថ្ងៃទី៣​តុលា បានទទួល​នៅ​វិមានក្រេមឡាំង សារតាំង​ពី​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​២០​ប្រទេស ក្នុងនោះមាន​ទាំង​ឯកអគ្គរដ្ឋទូតថ្មី​សរអា។ ក្នុងវគ្គ​នៃ​សុន្ទរកថា​គាត់​ដែលប៉ះលើ សរអា ប្រមុខរដ្ឋ​រុស្ស៊ី លើក​ឡើង​ដូចតទៅ ៖ បើនិយាយ​អំពីទំនាក់ទំនង​ទ្វេភាគី​រុស្ស៊ី-អាមេរិក នោះ​បច្ចុប្បន្ន គឺវាស្ថិត​ក្នុង​កម្រិត​ដែល​មិន​អាចនាំឲ្យយើង​សោមនស្ស​ឡើយ។ តាមជំនឿ​ជឿជាក់​របស់​ខ្ញុំ សហប្រតិបត្តិការ រវាង​ក្រុង​ម៉ូស្គូ​និង​វ៉ាស៊ីនតោន “ ត្រូវតែស្ថាបនា ដោយ​ឈរ​លើ​គោលការណ៍ ស្មើភាព គោរពគ្នា​ទៅវិញទៅមក ដើម្បី​ផលប្រយោជន៍​ជាតិ​រៀងៗខ្លួន​និង​ដោយគ្មាន​ការ​ជ្រៀត​ជ្រែក​​ចូលកិច្ចការ​ផ្ទៃ​ក្នុង​ម្ខាងៗ។

ជាការកត់សម្គាល់ ទំនាក់ទំនង​រវាង​សរអា​និង​រុស្ស៊ី បន្ត​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​បំផុត តាំងពី​លោក ដូណាល់ ត្រាំ បានជាប់ឆ្នោត​ជា​ប្រធានាធិបតី​សរអា ក្នុង​ផ្ទៃ​នៃ​វិបត្តិ​នៅ​អ៊ុយក្រែន នៃ​សង្គ្រាម​នៅ​ស៊ីរី នៃ​ការចោទ​រុស្ស៊ី ថា បាន​លូកដៃ​ចូល​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង។

ក្នុង​ឋានៈ​ជា​អ្នក​ជំនួញ​និង​អ្នកការទូត​មានពិសោធន៍ លោក Huntsman អាយុ ៥៧ឆ្នាំ ធ្លាប់​បាន​ធ្វើ​ជា ឯកអគ្គរដ្ឋទូតអាមេរិកាំង​នៅ​ប្រទេស​ចិន សម័យ​លោក បារ៉ាក់ អូបាម៉ា ខាង​បក្សប្រជាធិបតេយ្យ ធ្វើ​ជា​ប្រធានាធិបតី​សរអា។

មុន​ពិធី​ទទួល​សារតាំង​នោះ អ្នកនាំពាក្យ​វិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ បាន​សំដែង​ក្តី​ប្រាថ្នា​របស់​រុស្ស៊ី មាន​ទំនាក់ទំនងល្អ​ប្រសើរ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ទាំង​លំអិត​ថា “ បំណង​បែប​នេះ មិនអាច​សម្រេច​ឡើយ បើ​គ្មាន​ដៃគូ” ដែលប្រាថ្នា​យ៉ាង​នេះ​ដែរ។ តាម​សំដី​លោក ពេស្កវ ៖ ម៉ូស្គូ​សង្ឃឹម​ថា ការអញ្ជើញ​មក​ដល់​នៃ ឯកអគ្គរដ្ឋទូត​ថ្មី​អាមេរិកាំង មុខ​ជា​នឹង​រួម​វិភាគទាន​ទៅ​ក្នុង​ការស្តារ​ឡើង​វិញ​ទំនាក់ទំនង​ទ្វេភាគី។

ប៉ុន្មាន​ខែ​ចុង​ក្រោយ រុស្ស៊ី​និង​អាមេរិក បាន​ធ្លាក់​ខ្លួន​ក្នុង​វិវាទការទូត​គឺ៖ក្រោយពី​វ៉ាស៊ីនតោន បាន​រឹបអូស​យក​អគារ​ទូតនានា​របស់​រុស្ស៊ី ម៉ូស្គូ បាន​ឆ្លើយ​ទៅ​វិញ ដោយ​តម្រូវ​ឲ្យ​សរអា​កាត់​បន្ថយ​យ៉ាង​ច្រើន​តែម្តង​ចំនួន​អ្នកការទូត​និង​បុគ្គលិក​បច្ចេកទេស​អាមេរិកាំង​រួច​មក សរអា​បាន​បិទ​ស្ថានអគ្គកុងស៊ុល​រុស្ស៊ី​នៅ​ក្រុង San Francisco ទាំង​ប្រព្រឹត្ត​ទង្វើ​ស្រេចតែ​ក្បាល​ចិត្ត​ក្នុង​អគារ​ទូត​នោះ​របស់​រុស្ស៊ី។ ម៉្លោះ​ហើយ​បាន​ជា​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ក្រសួង​ការបរទេស​រុស្ស៊ី បាន​ចោទ​ពួក​មន្ត្រី​អាមេរិកាំង​ថា​ចេះ​តែ​លុក​ចូល​ទាំង​ខុស​ច្បាប់​ទៅ​ក្នុង​ដែនដី​នៃ​ស្ថានកុងស៊ុល​នោះ បន្ទាប់ពី​ក្នុង​ខែ​មុន​បុគ្គលិក​ការទូតរុស្ស៊ី​បាន​បង្ខំ​ចិត្ត​ចាកចេញ​ទៅ​តាម​បទបញ្ជា​ពី​ក្រុងវ៉ាស៊ីនតោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ