rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

រុស្ស៊ី​កម្ទេច​អាវុធ​គីមី​របស់ខ្លួន ស្រប​នឹង​អនុសញ្ញា​ហាមប្រាម​អាវុធ​គីមី

ដោយ ឈាង បុប្ផា

នៅ​ថ្ងៃពុធ​២៧កញ្ញា លោក​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង អ្នកដឹកនាំ អង្គការ​អន្តរជាតិ ហាម​មម្រាម​អាវុធ​គីមី តាមរយៈ”ស្ពាន​ទូរទស្សន៍” បាន​ក្លាយ​ជា​សាក្សី​នៃ​ប្រតិបត្តិការ ខាង​កំទេច​អាវុធ​គីមីរុស្ស៊ី ភាគ​ចុងក្រោយ ពី​ក្នុង​ចំណោម​បរិមាណ ៤ ម៉ឺនតោន ច្រើន​ជាង​គេ​បង្អស់ ក្នុងលោក ដែល​នៅ​សល់​ពី ជំនាន់ សូវៀត ហើយ​ដែល​រុស្ស៊ី បាន​ចាប់ផ្តើម​កំទេច តាំង​ពី​២០ឆ្នាំ​មុនមក ក្រោយ​ពី​រុស្ស៊ី បាន​ភ្ជាប់ខ្លួន​ទៅនឹង អនុសញ្ញា​ហាម ប្រាម អាវុធគីមី ដែល​បានចូល ជាធរមាន ក្នុងឆ្នាំ​១៩៩៧។ តាម​លោកពូទីន ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​នេះជា ជំហាន​ធំសំបើម​របស់រុស្ស៊ី ឆ្ពោះ​ទៅពង្រឹង​សន្តិសុខ​ក្នុងលោក ចំណែក​សរអា ដែលមាន អាវុធគីមី ២ម៉ឺន​៨ពាន់តោន បាន​កំទេចវាដែរ ប៉ុន្តែ​នៅសល់​៣ពាន់តោន​ឯណោះ ដែល​គ្រោងរំសាយ វា ឲ្យ អស់​លុះក្នុងឆ្នាំ២០២៣ ក្រោម​លេសថា គ្មាន​ធនធាន​គ្រប់គ្រាន់ ដែល​រុស្ស៊ីពិបាក​នឹង​ជឿតាម។

 

“នេះជាជំហាន​ធំសំបើម នៅលើផ្លូ​វ ឆ្ពោះទៅពង្រឹង សន្តិសុខលើ​ពិភពលោក“ គឺ​ឃ្លានេះ ដែល ត្រូវ​បានបន្លឺ​ឡើង ដោយលោក​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថ្ងៃ ២៧កញ្ញា ពេល​គាត់ឃើញ នឹងភ្នែក ផ្ទាល់ តាម រយៈស្ពាន​ទូរទស្សន៍ ប្រតិបត្តិការ​ខាងកំទេច អាវុធ​គីមី​របស់រុស្ស៊ី ដែល​នៅសេសសល់ ចុងក្រោយ ក្នុង រោងចក្រ​ខាង​កំទេច​អាវុធធុន​នេះ ដែលស្ថិ​តនៅក្នុង ខេត្ត Oudmourtia ចម្ងាយ ១.២៤០ គម ខាង កើត ពី រដ្ឋធានី​ម៉ូស្គូ។ ថ្ងៃទី​២៧កញ្ញា ជា ថ្ងៃចុងក្រោយ ដែលរុស្ស៊ី កំទេច​អាវុធគីមីរបស់ខ្លួន។ ពួក​អ្នកធ្វើការ ក្នុង​រោងចក្រនោះ នៅតែ​ពាក់ ប្រដាប់​ដកដង្ហើម​ការពារ​ជានិច្ច ទល់នឹង ធាតុ​ពុលគីមី ទៅតាម​ការតម្រូវនៃ វិធានការ​សុវត្ថិភាព។

គិតជា​សរុប ក្នុង​ឃ្លាំង នៅទីនេះ មាន​ស្តុកទុកគឺ គ្រាប់​កាំភ្លើងធំ កាលីប ប្លែកៗ ចំនួន ជាង ២លាន គ្រាប់។ ហើយនៅនឹង​គ្រាប់ នីមួយៗ ត្រូវ​ចោះរន្ធ​ពីរ ដើម្បី​ខ្វេះ​យកចេញ​មក នូវ​ធាតុ​គីមី​ពុល។ ប្រតិបត្តិការនេះ ប្រព្រឹត្តទៅ ដោយស្វ័យ​ប្រវត្តិ នៅលើ​ខ្សែសកម្ម ក្នុង​រោងចក្រ។ ។ ពិតជា ក្នុង​រោងចក្រ​នេះ ដែល​ត្រូវបញ្ចប់​ជាស្រេចបាច់ ប្រតិបត្តិការ ខាង​កំទេច​អាវុធគីមី នៅ​រុស្ស៊ី។

លោក​ប្រមុខរដ្ឋរុស្ស៊ី បាន​ថ្លែងជាអាទិ៍ ៖ គឺដោយ​មិន​ពន្លើសទេ បើខ្ញុំ​និយាយ​ថា ការនេះ ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​មែនពិត បើគន់គិត​អំពី បរិមាណ​អាវុធ​គីមី ដែល​បន្សល់ទុក ក្នុង​ប្រទេស​រុស្ស៊ី តាំងពី​ជំនាន់ សហភាព​សូវៀតមក បរិមាណ​នេះ តាមមតិ ពួកអ្នកវិភាគ គឺ​អាច​កំទេច​ដល់​ទៅប៉ុន្មាន​ដងឯណោះ រាល់អ្វីៗ ដែលមានជីវិត នៅលើ​ផែនដី​យើង។ ព្រឹត្តិការណ៍​នេះ ជា​ជំហានធំ​សំបើម ឆ្ពោះទៅ​ផ្តល់​ដល់ ពិភពលោក បច្ចុប្បន្ន នូវ លក្ខណៈ​ដែលធានា​សន្តិសុខ ក្នុងកម្រិត​កាន់តែ​ខ្ពស់ឡើង។ ការនេះ មានន័យថា ប្រទេស​រុស្ស៊ី ចេះ​បំពេញ​រួចមែន កាតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន ហូរ​ចេញ​មកពី អនុសញ្ញា​ដែលហាមប្រាម​អាវុធគីមី ដ្បិត រុស្ស៊ី បាន​កំទេច​អស់រលីង អាវុធ​គីមី​របស់ខ្លួន។ ខ្ញុំចង់កត់​សម្គាល់ថា ទោះបី​ប្រទេស​រុស្ស៊ី បាន​គ្រោង​កំទេច អាវុធនេះ ឲ្យ​អស់ គឺលុះ ក្នុង​ឆ្នាំ២០២០​ឯណោះ ប៉ុន្តែ​ បាន​កំទេចវា ចប់សព្វគ្រប់ គឺ ក្នុងឆ្នាំ២០១៧ ឬ ៣ឆ្នាំមុន ពេល​គ្រោងទុក។

លោក ពូទីន តាមស្ពាន​ទូរទស្សន៍ បានឃើញ​ជាក់ស្តែង​មែន ពេល​ដែល​ក្រោយ​ពី​ប្រឡេះ​ចេញមក នូវ ធាតុ គីមី​ពុល គ្រាប់​កាំភ្លើងធំ​ទាំងនោះ ត្រូវ​បានបញ្ជូន ទៅដុត​ចោល​ក្នុងឡ ពិសេស កំដៅ ៩០០ អង្សា C. ដើម្បី កុំឲ្យសល់​សោះឡើយ​ស្នាមពុល​អ្វីណា។ នៅ​ដំណាក់​ចុងក្រោយ គ្រាប់ទាំងនេះ បានប្រែ​ទៅជាបន្ទះ ក្រោម ការសង្កត់​នៃ ម៉ាស៊ីន​សម្ពាធ។

តាម​តួលេខ លើក​យកមក​បង្ហាញ ដោយ​កាណាល់​ទូរទស្សន៍រុស្ស៊ី ប៉ុស្តលេខ១ កាលពី​២០ឆ្នាំមុន ក្នុងឆ្នាំ១៩៩៧ ឆ្នាំដែល អនុសញ្ញា​ហាមប្រាម​អាវុធ​គីមី ចុះ​ហត្ថលេខា ដោយ ១៩០ ប្រទេស បាន ចូល​ជាធរមាន ហើយ​ដែលរុស្ស៊ី បាន​ភ្ជាប់ខ្លួន ទៅនឹង​អនុសញ្ញានេះ រុស្ស៊ី បាន​មាន​ឃ្លាំង​អាវុធ​គីមី ទំហំ ៤០.០០០ តោន ជាប់​លេខ១ ក្នុង លោក។ កាលណោះ សរអា មានតែ​ ២៨.០០០ តោន​ប៉ុណ្ណោះ។ បន្ទាប់មក គឺ ស៊ីរី មាន១.០០០ តោន ដូច ឥណ្ឌាដែរ។ អាល់បានី បានមានវា ១៦.៦៧០ គីឡូក្រាម ឬ ជិត ១៧ តោន។ ឥណ្ឌា និង អាល់បានី បាន កំទេច​វា​ទៅហើយ។ ករណីស៊ី​រី គឺតាមគំនិត​ផ្តួចផ្តើម​របស់​រុស្ស៊ី ដែលក្នុ​ងឆ្នាំ ២០១៤ អាវុធនេះ ត្រូវបា​នដឹក ចេញពី​ស៊ីរី រួច​មក​កំទេច​ចោលទៅ។ ចាប់ពីថ្ងៃ ២៧ កញ្ញា រុស្ស៊ី​ជាប់ឈ្មោះ ក្នុងបញ្ជីនៃ​ប្រទេស​ដែលលែង​មាន​អាវុធគីមី​ទៀតឡើយ។

ចំណែក សរអា នៅមាន​សល់អាវុធ​គីមី ប្រមាណ ៣.០០០ តោន ដែលស្រប​នឹង​ផែនការ គឺ​នឹង​ត្រូវកំទេច ឲ្យអស់ លុះក្នុងឆ្នាំ ២០២៣។ ទាក់ទងនឹង​រឿងនេះ លោកប្រធានាធិបតីរុស្ស៊ី កត់​សម្គាល់​ជាអាទិ៍ ថា៖ “យើង​យល់ដឹង​ច្បាស់ អំពី គ្រោះថ្នាក់ និង ហានិភ័យ បណ្តាល​មក​ពី​ការរត់​ប្រណាំង​បំពាក់​សព្វាវុធ និង ការប៉ុនប៉ង បង្ខូច ”ភាពស្មើគ្នា​ខាង​អាវុធ​យុទ្ធសាស្ត្រ”។ ខ្ញុំសង្ឃឹម​ថា ការខំ​ប្រឹងប្រែង​របស់​រុស្ស៊ី ខាង​កំទេច អាវុធ​គីមី នឹង​ក្លាយ​ជាគំរូ ទាំង​សម្រាប់​ប្រទេស​ឯទៀត។ ដូចគេដឹង​ស្រាប់ រហូត​មក​ទល់​ឥឡូវ ពិតជា​រុស្ស៊ី ដែល​បាន​មាន​អាវុធ​គីមី​ច្រើន​ជាងគេ។ ចំណែក សរអា គួរ​ឲ្យស្តាយ មិន​បំពេញ​កាតព្វកិច្ច​ខ្លួន ខាង កំទេចអាវុធគីមី បាន​ទាន់​ពេល​វេលា។ សរអា បានលើកពេល កំទេច នេះ ចំនួន៣ ដង​ទៅហើយ បូកទាំង ក្រោម​លេសថា ក្នុង​ថវិកា​ឥតមាន រំលែក​ធនធាន​គ្រប់គ្រាន់ សម្រាប់​ប្រតិបត្តិការ​នេះ ប៉ុន្តែ លេស​បែបនេះ និយាយ​ឲ្យស្មោះត្រង់​ទៅ គឺ​បន្លឺឡើង ដូចជា ចម្លែកណាស់។ ទោះយ៉ាងណាក្តី ក៏​ម៉ូស្គូ​រំពឹងថា សរអា មុខជានឹង​បំពេញ​រាល់​កាតព្វកិច្ចខ្លួន ស្រប​នឹងអនុសញ្ញា​អន្តរជាតិ។

ក្នុងគ្រប់​តែ ២០ ឆ្នាំកន្លងទៅ នៃប្រតិបត្តិការ​កំទេច​អាវុធគីមី នៅរុស្ស៊ី ពួក​អ្នកសង្កេតការណ៍​អន្តរជាតិ តែងមក តាមដានជានិច្ច ហើយ​គេបាន​វាយតម្លៃ​ខ្ពស់ ដល់​ការងារ របស់​ពួក​អ្នកឯកទេស​រុស្ស៊ី។

អគ្គនាយករង​នៃលេខាធិការដ្ឋាន​បច្ចេកទេស របស់ អង្គការ​ខាងហាមប្រាម​អាវុធគីមី លោក Hamid Ali Rao ដោយថ្លែង ទៅកាន់​លោកប្រមុខ​រដ្ឋរុស្ស៊ី ​មានប្រសាសន៍ ៖ “ព្រឹត្តិការណ៍ថ្ងៃ ២៧ កញ្ញា ក្នុង រោងចក្រ​ខាង​កំទេច​អាវុធគីមី​រុស្ស៊ី ជាបង្ហើយកិច្ច គឺជា ដំណាក់​កាល​ប្រវត្តិសាស្ត្រ មិនគ្រាន់​តែសម្រាប់ សហព័ន្ធរុស្ស៊ី និង អង្គការ​ខាងហាម​ប្រាម​អាវុធ​គីមី​តែ​ប៉ុណ្ណោះទេ តែ​ក៏ សម្រាប់​សហគមន៍​ពិភពលោក ទាំងមូល។ ខ្ញុំសូម សំដែង​កត្តញ្ញូតា​ដ៏ស្មោះ ចំពោះ​ការយកចិត្ត​ទុកដាក់ របស់​ឯកឧត្តមផ្ទាល់ និងរាល់តែ វិធានការ​ចាត់ ដោយ​ឯកឧត្តម ដើម្បី​សម្រេច​ឲ្យបាន​គោលដៅនេះ”។

លោក​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ពី​ចំណែកគាត់​បានថ្លែង​ថា ៖ អស់២០ឆ្នាំ​ជាប់ រុស្ស៊ី និង អង្គការ ខាងហាមប្រាម​អាវុធ​គីមី បានធ្វើ​ការងាររួមគ្នា ដើម្បី​បង្ខិត​ឲ្យ​ឆាប់​មកដល់ ទិវា​នេះឯង។ ខ្ញុំ​សូមអរគុណ លោក​ជាថ្មីម្តងទៀត ដោយសំដែង​សេចក្តី​សង្ឃឹម​ថា អង្គការ​លោក ទាំង​តទៅថ្ងៃមុខ នឹង​បន្តធ្វើការងារ ជាមួយ​សហគមន៍​អន្តរជាតិ សម្រាប់​បង្កើន​វិធានការ​ជឿ​ទុកចិត្ត​គ្នា ដើម្បី​ប្រែ​ពិភពលោក ឲ្យកាន់​តែមាន សន្តិសុខ មានស្ថិរភាព និងកាន់​តែ​កក់ក្តៅ។

ក្នុងក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ ខាងកំទេច​អាវុធគីមី​របស់ខ្លួន រុស្ស៊ី បាន​សង់ឡើង ជា​រោងចក្រ​ទំនើប ចំនួន ៧ កន្លែង, បាន​រំលែក​ប្រាក់​យ៉ាងច្រើន មិនគ្រាន់តែ​សម្រាប់ ប្រតិបត្តិការ​កំទេច​អាវុធ​គីមី​ផ្ទាល់ តែ​ក៏សម្រាប់ កម្មវិធី ដែល​ប្រមើល អភិវឌ្ឍន៍ ទាំង​ហេដ្ឋារចនា​សម្ព័ន្ធ​សង្គម។ សម្រាប់​គោលដៅ​ទាំងនេះ មាន​រំលែក ទឹក ប្រាក់ ១១.៥០០ លានរូប្ល គិត​តាម​អត្រា​សម័យនោះ គឺខ្ទង់ ៤០០លានដុល្លារ សង់បាន​ផ្ទះជាង ៤០០ ខ្នង សាលារៀន និង​មតេយ្យ​សាលា​ចំនួន ២០, ​មន្ទីរពេទ្យ ១៤ កន្លែង , ផ្លូវថ្នល់​ប្រវែង ១៦០ គម។ ប្រាកដណាស់ មាន​បង្កើត​បានកន្លែង​ធ្វើការ​សម្រាប់ ពលរដ្ឋ​រាប់ពាន់​នាក់។ ក្រោយពី​ប្រតិបត្តិការ​កំទេច អាវុធគីមី ចប់សព្វ​គ្រប់ទៅ រោងចក្រទាំង​នោះ នឹង​ប្រែ ឯកទេសកម្មខ្លួន សម្រាប់​បំពេញមុខ​ជំនាញ​ផ្សេង៕

អឺរ៉ុប៖ កំណែទម្រង់​ច្បាប់​កម្មសិទ្ធិបញ្ញា អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​លើ​បណ្តាញ​អ៊ីនធឺណិត?

តើ​ហេតុដូចម្តេច​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​អូស្លូ នាំ​​វិបត្តិ​អ៊ីស្រាអែល​​ប៉ាឡេស្ទីន​ឱ្យ​​ទ័ល​ច្រក ?!

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​

ហេតុអ្វី​បានជា​មហាអំណាច​នាំគ្នា​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​ជីប៊ូទី

តើ​អាមេរិក​ពិតជា​ហ៊ាន​ដាក់​ទណ្ឌកម្មលើ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ?

លោកស្រី​មីសែល បាឈើឡេ ពី​ប្រធានាធិបតី​ឈីលី​ក្លាយ​ជា​ឧត្តមស្នងការ​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស

បរាជ័យរបស់មីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ

តើលោកត្រាំ​ពិតជា​មិនខ្វល់ពី​វត្តមានកាណាដា​ក្នុង​កិច្ចព្រមព្រៀង​ពាណិកម្មសេរីឬយ៉ាងណា​​?

លោកស្រី​ស៊ូជី ប្រឈម​នឹង​ការ​រិះគន់ ​ក្រោយ​ការ​កាត់ទោស​អ្នក​កាសែត​ដែល​ស៊ើប​រឿង​រ៉ូហ៊ីងយ៉ា

តើ​ការ​វិវាទ​រវាង​ប្រទេស​អង់គ្លេស និង​ប្រទេស​ម៉ូរីស​ជុំវិញ​ប្រជុំកោះឆាហ្គូស​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

ករណី​​ដែល​​បាន​​ញ៉ាំង​​លោក​​ពូទីន ​​ឲ្យ​ថ្លែងសារ​​តាម​​ទូរទស្សន៍​​ ទៅ​​កាន់​​ប្រជាជាតិ​​

​​វិស័យថាមពលនៅអឺរ៉ុប កំពុង​ក្លាយ​ជារបស់ចិន ?

ភូមា៖​តើ​ជម្រើស​តុលារការអន្តរជាតិ​មួយ​ណា និង​មាន​អ្នកពាក់ព័ន្ធ​ណា​ខ្លះ​ដែល​អាច​ទទួល​ទោស​ក្នុង​បទប្រល័យ​ពូជសាសន៍​លើ​ពួករ៉ូហ៊ីងយ៉ា​?

​តុលាការ​យុត្តិធម៌អន្តរជាតិ បើក​សវនាការ​សំណុំរឿង​អ៊ីរ៉ង់​និង​អាមេរិក

អាស៊ាន៖ ចលករ​សម្រាប់​សន្តិភាព​ក្នុង​តំបន់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​អនាគត

ហេតុអ្វី​លោក​ខាងលិច​នៅរារែក មិន​​ទាន់​គាំទ្រ​​មាតុភូមិនិវត្ត​របស់ជនភៀសខ្លួន​ស៊ីរី?

វ៉េណេស៊ុយ​អេឡា៖ ​ពលរដ្ឋ​ជាង​២លាន​៣សែន​នាក់ រត់​ចោលស្រុក ដោយសារហេតុអ្វី?​

ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​បស្ចិមលោក​គ្រាក់ៗ​ខ្លះដែល​រក​ស៊ី​នៅ​អ៊ីរ៉ង់​លុតក្រាប​តាម​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់?