អានតួអត្ថបទ
បារាំង

ប្រធានាធិបតី​​បារាំង​​បង្ហាញ​​ផែនការ​​កសាង​​អឺរ៉ុប​អោយ​រឹងមាំឡើងវិញ​

ថ្ងៃអង្គារនេះ​ ​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល​ ម៉ាក្រុង​ បានបង្ហាញ​ផែនការ​​មួយចំនួន​ក្នុង​ទិសដៅ​កសាង​អឺរ៉ុប​ឡើងវិញ។ បារាំង​ខំ​បង្ហាញ​ផែនការ​កសាងអឺរ៉ុប​យ៉ាងផុសផុល ​ក្នុង​បរិបទ​ដែល​ប្រមុខ​ដឺកនាំ​អាល្លឺម៉ង់​មែរគែល ដែល​ជាអ្នកការពារ​អឺរ៉ុប​ពេញទី​ដែរនោះ បាន​ជាប់ឆ្នោត​អាណត្តិទី៤ ប៉ុន្តែ បក្ស​លោកស្រី​ទទួលបាន​សម្លេង​ទាបក្នុងសភា។

ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង
ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង REUTERS/Ludovic Marin/Pool
ផ្សាយពាណិជ្ជកម្ម

ក្នុងផែនការ​កសាងអឺរ៉ុប​អោយ​រឺងមាំ​ឡើងវិញ ដែល​ប្រធានាធិបតី​​បារាំង ម៉ាក្រុង លើកបង្ហាញ​នៅថ្ងៃអង្គារ​នេះ គេឃើញ​ថា បារាំង​ផ្តោតទិសដៅ​ចំបង​​លើ​វិស័យ​ការពារជាតិ ​ការពារ​បូរណភាព​អឺរ៉ុប។ លោក​អេម៉ានុយអែល ម៉ាក្រុង ​ចង់​អោយ​អឺរ៉ុប​មាន​សមត្ថភាព​ធ្វើសកម្មភាព​​រួមគ្នា​ការពារខ្លួន បំពេញគ្នា​ជាមួយ​កងកម្លាំង​អង្គការ​អូតង់។ លោក​ម៉ាក្រុង​គាំទ្រ​អោយ​មាន​ប៉ូលិស​ការពារ​ព្រំដែន​អឺរ៉ុបផងដែរ។ បារាំង​យល់ថា ចំណុច​ខ្សោយ​របស់​អឺរ៉ុបគឺនៅត្រង់ផ្នែកការពារ​នេះឯង។

ទន្ទឺមនេះដែរ ​លោក​ម៉ាក្រុង​ក៏​ចង់​អោយ​កងទ័ព​ការពារ​ជាតិ​សហភាព​អឺរ៉ុប អាច​ទទួល​យក​កងទ័ព​មកពី​ប្រទេសផ្សេងទៀត ​​នៅ​ទ្វីបអឺរ៉ុប​ដែរ ក្នុង​ពេលអនាគត។ ​ប្រធានាធិបតី​បារាំង​ចង់អោយ​មូលនិធិ​ការពារជាតិ​អឺរ៉ុប​ដែល​អនុម័ត​កាលពីខែមិថុនា អាច​​លេចរូបរាង​ដំណើរការ​បាន​ឆាប់ៗ។ លោក​ម៉ាក្រុង​គាំទ្រ​អោយ​ប្រទេស​អឺរ៉ុបពង្រឹងទំនាក់ទំនង​គ្នា តាមរយៈ​ការបណ្តុះបណ្តាល​ផ្សេងៗ ដើម្បី​បន្ត​កំចាត់​ភេរវកម្ម។ ​

ទាក់ទង​វិបត្តិ​អន្តោប្រវេសន៍ ​បញ្ហា​ជនភៀសខ្លួ​នមកពី​បណ្តា​ប្រទេស​អាហ្វ្រិក ​ដូចជា​លីប៊ី​នោះ ​លោក​ម៉ាក្រុង​ចង់អោយ​អឺរ៉ុប​ឈប់​ចាត់ទុក​អាហ្វ្រិក​ថា ជា​ការគំរាម​កំហែង​តទៅទៀត។ អឺរ៉ុប​ត្រូវ​សហការ​ជាមួយ​អាហ្វ្រិក ក្នុង​ផ្នែក​វិនិយោគ សុខភាព រឺ​ក៏អប់រំ ដើម្បីដោះស្រា​យបញ្ហា។ ​

សន្ទរកថា​របស់​លោក​ម៉ាក្រុង​ធ្វើឡើង ក្នុងពេល​ដែល​អាល្លឺម៉ង់​ទើប​នឹង​បញ្ចប់​ការ​បោះឆ្នោត​សភា ផ្តល់​ជោគជ័យ​អោយ​លោកស្រី​មែរគែល ជាប់ឆ្នោត​អាណត្តិ​ទី៤។ ​លោកស្រី​មែរគែល ជា​អ្នក​​ការពារ​អឺរ៉ុបពេញទី​ គាំទ្រ​ជួយ​ទទួលជនភៀសខ្លួន​នៅ​អឺរ៉ុប។ ក្នុង​ការបោះឆ្នោត​សភា​អាល្លឺម៉ង់​លើកនេះ បក្ស​លោកស្រី​មែរគែល​ឈ្នះឆ្នោត​មែន ​តែ​មិនបានទទួលសម្លេង​ច្រើនទេ គឺត្រូវ​រក​បក្ស​ផ្សេង២ទៀត​មក​រួមបង្កើត​រដ្ឋាភិបាល​ចម្រុះ។ ជាការភ្ញាក់ផ្អើល​បក្ស​ស្តាំជ្រុល​អាល្លឺម៉ង់​​ ជាលើកដំបូង​បាន​ទទួលកៅអីក្នុង​សភា​នឹងគេ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ