បោះឆ្នោតព្រឹទ្ធសភាបារាំង៖បក្សប្រឆាំងស្តាំនិយមពង្រឹងជំហរ បក្សកាន់អំណាចបរាជ័យ
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាបារាំង នៅថ្ងៃអាទិត្យម្សិលមិញ បានផ្តល់ជ័យជំនះដល់គណបក្សប្រឆាំងស្តាំនិយម Les Républicains និងបក្សកណ្តាល និយមដែលជាដៃគូរបស់បក្សនេះ។ បក្សស្តាំនិយម Les Républicains នៅតែអាច ពង្រឹងជំហរខ្លួន ក្នុងព្រឹទ្ធសភា ខណៈបក្សEn Marche របស់ប្រធានាធិបតីម៉ាក្រុង ទទួលបរាជ័យ ដោយសារគ្មានសម្លេងច្រើន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាបារាំង១៧០នាក់ ថ្ងៃអាទិត្យម្សិលមិញ មានអ្នកបោះឆ្នោតតំណាង៧ម៉ឺន៥ពាន់នាក់ ជាទីប្រឹក្សាតំបន់ តំណាងរាស្ត្រ រឺក៏សមាជិកព្រឹទ្ធសភាជាដើម។ ពួកគេបានបោះឆ្នោត ជួយអោយបក្សប្រឆាំងស្តាំនិយម Les Républicains របស់អតីតប្រធានាធិបតីសាកូហ្ស៊ី ទទួលបានជំហររឹងមាំ ក្នុងព្រឹទ្ធសភា។ បក្ស Les Républicains មានជំហររឺងមាំតាំងតែពីឆ្នាំ២០១៤ម្ល៉េះ។ ពេលនេះ បក្សនេះមានកៅអីក្នុងព្រឹទ្ធសភា ១៥៩កៅអី គឺលើសពីអាណត្តិមុន១៧កៅអី។ រីឯបក្សកណ្តាលនិយមវិញ ទទួលបានកៅអី៥០ គឺមាន៨កៅអីថែមទៀត លើសពីកៅអីអាណត្តិ មុន។ បក្សកណ្តាលនិយម ជាបក្សដៃគូរបស់បក្ស Les Républicains។ សមាជិកបក្សទាំង២នេះ បូកចូលគ្នាទៅ មានសម្លេងភាគច្រើនក្នុងព្រឹទ្ធសភា។
បក្សសង្គមនិយមរបស់អតីតប្រធានាធិបតីហូឡង់វិញ បានបាត់បង់៥កៅអី តែក៏នៅតែអាចមានកៅអីច្រើនក្នុងព្រឹទ្ធសភាដដែល គឺទទួលបាន៨១កៅអី។ បក្សកុម្មុយនិស្តបាត់បង់៦កៅអី ពេលនេះ កាន់កាប់១២កៅអី។ បក្សកាន់អំណាចរបស់ប្រធានាធិបតីម៉ាក្រុងវិញ បានបរាជ័យ ដោយបាត់បង់១កៅអី ហើយសមាជិកក្នុងព្រឹទ្ធសភាមាន២៨កៅអី។ ព្រឹទ្ធសភាបារាំងនឹងបន្តការងារខ្លួន នៅថ្ងៃ២តុលាខាងមុខ ហើយប្រធានព្រឹទ្ធសភា គឺលោកហ្សេរ៉ា ឡាស្ហ៊ែរ នឹងត្រូវជាប់ឆ្នោតដឹកនាំព្រឹទ្ធសភាជាថ្មីទៀត។
សូមបញ្ជាក់ថា ព្រឹទ្ធសភាបារាំង មានសមាជិកសរុប៣៤៨នាក់។ ការបោះឆ្នោតម្សិលមិញ គឺដើម្បីអោយអ្នកបោះឆ្នោតតំណាងជ្រើសរើសសមាជិក១៧០នាក់ ត្រូវជាពាក់កណ្តាលក្នុងចំណោមសមាជិកសរុបក្នុងព្រឹទ្ធសភា។ គេមើលឃើញថា បរាជ័យរបស់បក្សកាន់អំណាច En Marche ក្នុងការបោះឆ្នោតព្រឹទ្ធសភាម្សិលមិញ អាចដោយសារតែកន្លងមក ប្រធានាធិបតីបារាំងបានប្រកាសកាត់បន្ថយជំនួយរាប់ពាន់លានអឺរ៉ូ ពីតំបន់រឺឃុំ-សង្កាត់ផ្សេងៗ ធ្វើអោយអាជ្ញាធរតាមក្រុងទាំងនោះ ពិបាកទុកចិត្តប្រធានាធិបតី។ ដោយសារមានកៅអីតិចតួចក្នុងព្រឹទ្ធសភា ពេលនេះ បក្សកាន់អំណាចប្រហែលជាពិបាកនឹងសម្រេចកំណែទម្រង់ច្បាប់ តាមការរំពឹងទុក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ