អានតួអត្ថបទ
ស្វ៊ីស-អ.ស.ប.

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អន្តរជាតិ​បរិហារ ២៩ប្រទេស​ពី​បទ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស

នៅ​ថ្ងៃ​ពុធ ទី២០ កញ្ញា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​ធ្វើ​ការ​រិះគន់ បរិហារ​លើ​២៩ ប្រទេស​ពី​បទ​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស។ នៅ​ក្នុង​របាយការណ៍​ដដែល ស្ថានប័ន​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​សម្គាល់​ឃើញ​ពី​ការ​កើន​ឡើង​ជា​លំដាប់​នៃ​ចំនួន​ប្រទេស​ដែល​វាយ​ធ្វើបាប​លើ​សកម្មជន​សិទ្ធិមនុស្ស។

លោក Andrew Gilmour (រូបឆ្វេង) អគ្គនាយករង​នៃ​​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អន្តរជាតិ និង​លោក​ Ban Ki-moon អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ
លោក Andrew Gilmour (រូបឆ្វេង) អគ្គនាយករង​នៃ​​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អន្តរជាតិ និង​លោក​ Ban Ki-moon អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ UN Photo/Cia Pak
ផ្សាយពាណិជ្ជកម្ម

២៩ប្រទេស​ដែល​ស្ថិត​ក្នុង​របាយការណ៍​របស់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​មាន ប៊ូរុនឌី អេហ្ស៊ីប រវ៉ាន់ដា គុយបា វ៉េណេស៊ុយអេឡា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អាល់ហ្សេរី បារ៉ែន អេរីត្រេ ហុងឌូរ៉ាស អ៊ីរ៉ង់ អ៊ីស្រាអែល ម៉ូរីតានី ម៉ិចស៊ិក ម៉ារ៉ុក អូម៉ង់ ស៊ូដង់ខាងត្បូង ស៊ូដង់ តួកគី ប៉ាគីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន អ៊ូសបេគីស្ថាន ចិន ឥណ្ឌា ស្រីលង្កា ភូមា និង​ប្រទេស​ថៃ។ លោក Andrew Gilmour អគ្គនាយករង​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស​តាម​គ្រប់​រូបភាព​ដោយសារ​តែ​ពួក​គេ​បាន​រួម​សហការណ៍​ជាមួយ​ជាមួយ​ក្រុមប្រឹក្សា ជា​ទង្វើ​ផ្ទុយ​នឹង​ស្មារតី និង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។

តាម​របាយការណ៍​ដដែល ចំនួន​ប្រទេស​ជាប់ចោទ​ក្នុង​បទ​ធ្វើ​បាប​លើ​សកម្មជន​សិទ្ធិមនុស្ស​លើក​នេះ​មាន​ការ​កើន​ឡើង បើ​ធៀប​នឹង​របាយការណ៍​លើក​មុន​ដែល​គិត​ជា​មធ្យម​មាន​ចំនួន ១៥ប្រទេស ពោល​មិន​ដែល​លើស​ពី ២០ប្រទេស​ទេ។ ទន្ទឹម​គ្នា​នេះ របាយការណ៍​បាន​ទទួល​ស្គាល់​ថា តួលេខ​ជាក់ស្តែង​អាច​នឹង​មាន​ច្រើន​ជាង​នេះ ព្រោះ​មាន​ករណី​ខ្លះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ទេ​ដើម្បី​ការពារ​អត្តសញ្ញាណ​របស់​ជនរងគ្រោះ។ របាយការណ៍​បាន​លើក​ឡើង​ពី​ស្រ្តីសកម្មជន​សិទ្ធិមនុស្ស​ជនជាតិ​បារ៉ែន​ម្នាក់​ដែល​ត្រូវ​បាន​រដ្ឋអំណាច​បារ៉ែន​ចាប់​ខ្លួន រំលោភ និង​សម្លាប់​ចោល បន្ទាប់​ពី​ស្រ្តី​រូប​នោះ​បាន​និយាយ​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ពី​ស្ថានការណ៍​រំលោភ​សិទ្ធិមនុស្ស​នៅ​បារ៉ែន។

ក្រៅ​ពី​ប្រើ​វិធានការ​សម្លាប់​ចោល មាន​សកម្មជន​សិទ្ធិមនុស្ស​ខ្លះ​ទៀត​បាន​រង​ការ​វាយ​ធ្វើ​បាប បញ្ឈប់​ពី​ការងារ ឬ​មួយ​ក៏​រឹបអូស​ទ្រព្យសម្បត្តិ​ជា​ដើម។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស​បាន​កត់សម្គាល់​ឃើញ​ថា មាន​ប្រទេស​ខ្លះ​បែរ​ជា​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា មនុស្ស​ដែល​ស្ថិត​ក្នុង​ផ្ទាំងស៊ីប​របស់​ខ្លួន​សុទ្ធសឹង​ជា​ភេរវជន ឬ​មួយ​ជា​ក្រុម​មនុស្ស​ដែល​បាន​លួច​សហការណ៍​ជា​មួយ​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ