អានតួអត្ថបទ

អង់គ្លេស​ចាប់​បាន​ជនសង្ស័យ​ម្នាក់ តែ​នៅ​រក្សា​​កំរិត​អាសន្ន​ភេរវកម្ម​​កំពូល​ដដែល

ប៉ូលិស​អង់គ្លេស​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ថា​​ចាប់ខ្លួន​ជនសង្ស័យ​សំខាន់​ម្នាក់ ដែល​​មាន​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​រថភ្លើង​ក្រោម​ដី​ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ។ ក្រោយ​ភេរវកម្ម​ដែល​ជា​ស្នាដៃ​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ភ្លាម លោក​ស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ប្រកាស​ដំឡើង​កំរិត​អាសន្ន​ដល់​ខ្ពស់​បំផុត និង​បាន​សម្រេច​ដាក់​ពង្រាយ​កម្លាំង​យោធា​រក្សា​សន្តិសុខ​នៅ​តាម​ទី​តាំង​សំខាន់​របស់​ប្រទេស។

ប៉ូលិស និង​ទាហាន​ ការពារ​នៅ​ច្រក​ចូល Horse Guards Parade
ប៉ូលិស និង​ទាហាន​ ការពារ​នៅ​ច្រក​ចូល Horse Guards Parade © Reuters
ផ្សាយពាណិជ្ជកម្ម

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់ប៉ូលិស ការងារ​អង្កេត​បាន​ជឿន​លឿន​ទៅ​មុខ​ខ្លាំង ! ជនសង្ស័យ​​ម្នាក់​​ទើប​ចាប់​ខ្លួនបាន​​​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ នៅ​តំបន់​កំពង់ផែ ជា​យុវជន​អាយុ​១៨​ឆ្នាំ ! ប៉ូលិស​កំពុង​តែនាំ​ទៅ​សួរ​ចម្លើយ និង​កំពុង​បន្ត​ការ​អង្កេត​របស់​ខ្លួន​​ទៀត។ ថ្វីបើ​នេះ​ជា​ការ​ចាប់​ខ្លួន​ដ៏​សំខាន់មែន ប៉ុន្តែ​អង់គ្លេស​ត្រូវ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ត្រៀម​អាសន្ន​ភេរវកម្ម​ខ្ពស់​បំផុត​ដដែល។

កំរិត​អាសន្ន​ខ្ពស់​បំផុត មាន​ន័យ​ថា​អាច​មាន​ភេរវកម្ម​ផ្ទុះ​ឡើង​ឆាប់ៗ ! ការ​គំរាម​កំហែង​កំរិត​ធ្ងន់ធ្ងរ​បំផុត​នេះ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​អង់គ្លេស​ធ្វើ​សេចក្តី​សម្រេច​ដ៏​កម្រ​មួយ គឺ ​បញ្ចេញ​កម្លាំង​យោធា​មកជា​ជំនួយ​​ការពារ​សន្តិសុខ​ នៅ​តាម​​ទីតាំង​សំខាន់ៗ​ ដូច​យ៉ាង​រាជវាំង ដែល​ធម្មតា​ត្រូវ​បាន​ការ​ពារ​ដោយ​កងកម្លាំង​ប៉ូលិស។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ផ្ទាល់​តែ​ម្តង។ ការ​ទាញ​សញ្ញាអាសន្នភេរវកម្ម​កំរិត​ខ្ពស់​បំផុត​​ធ្លាប់​បាន​ធ្វើ​ប្រកាស​ឡើង​កាលពី​ឆ្នាំ​២០០៥ ក្រោយភេរវកម្មអត្តឃាត​​ក្នុង​ទូររថភ្លើង​ក្រោម​ដី​ដែរ ដែល​កាលណោះ​បានសម្លាប់​ជីវិត​មនុស្ស​អស់​៥២​នាក់។

ពលរដ្ឋ​អង់គ្លេស​ ត្រូវ​ប្រឈម​នឹង​ទម្លាប់​ថ្មី ឃើញ​ប៉ូលិស​ទាហាន​ប្រដាប់​អាវុធ នៅ​តាម​ទីសាធារណៈ ក្នុង​បណ្តាញ​មធ្យោបាយ​ធ្វើ​ដំណើរ​ នៅ​តាម​ផ្លូវ ... នេះ​ជា​វិធានការ​ដ៏​សមហេតុផល ដែល​អាច​ធានារ៉ាប់រង​និង​ការពារ​សន្តិសុខជូន​​ប្រជាពលរដ្ឋ​ ក្នុង​ពេល​ក្រុម​អ្នក​អង្កេតកំពុង​​ធ្វើ​ការ។ នេះ​បើ​តាមការ​បញ្ជាក់​បន្ថែម​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​។

សូម​បញ្ជាក់​នេះ ជា​ភេរវកម្ម​លើក​ទី​៥ ក្នុង​រយៈ​ពេល​តែ​៦​ខែ​ឆ្នាំ​២០១៧ ដែល​អង់គ្លេស​បាន​រងគ្រោះ។ ភេរវកម្ម​នេះ​ត្រូវ​បា​ន​ប្រកាស​ទទួល​ស្គាល់​ទង្វើ​ដោយ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម ក្នុង​សំដី​ព្រមាន​បង្អើល​ថា​មាន​គ្រាប់បែក​ជា​ច្រើន​ទៀត​ត្រូវ​បាន​បង្កប់ ដោយ​កូន​ទាហាន​របស់​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ