ម៉ូស្គូយល់ព្រមឲ្យមានបេសកកម្មទ័ពមួកខៀវអ.ស.ប.នៅតំបន់បះបោរខាងកើតអ៊ុយក្រែន
លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន នារសៀលម្សិលមិញ បានថ្លែងយល់ព្រមឲ្យដាក់ កងកម្លាំងអ.ស.ប. សម្រាប់ការពារពួកអ្នកសង្កេតការណ៍របស់អង្គការដើម្បីសន្តិសុខ និង សហប្រតិបត្តិការនៅអឺរ៉ុប OSCE ប្រចាំការ គឺ នៅពេញលើតំបន់បះបោរខាងកើតអ៊ុយក្រែន មិនមែនគ្រាន់តែនៅតាមខ្សែដែលខ័ណ្ឌទីតាំងកងទ័ពអ៊ុយក្រែន ពី ទីតាំងពួកឧទ្ទាមផ្តាច់ទឹកដីដែលរុស្ស៊ីនិយមប៉ុណ្ណោះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១០
ស្របនឹងសេចក្តីជូនដំណឹងរបស់វិមានក្រេមឡាំង ពេលសន្ទនាតាមទូរសព្ទ ជាមួយលោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ អង់ហ្គេឡា មែរគែល នារសៀលថ្ងៃចន្ទ ១១ កញ្ញា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែងថា៖ “ការពង្រាយទ័ពមួកខៀវអ.ស.ប. អាចប្រព្រឹត្តទៅ មិនគ្រាន់តែនៅតាមបណ្តោយខ្សែខ័ណ្ឌនោះទេ ក្រោយពីមានការដកចេញទៅពីខ្សែនោះ នៃកងកម្លាំងនិងសម្ភារៈយោធារបស់ភាគីបដិបក្ខទាំងពីរ តែក៏នៅតាមកន្លែងផ្សេងៗទៀត ជាទីដែលពួកអ្នកសង្កេតការណ៍ របស់អង្គការដើម្បី សន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប OSCE ធ្វើអធិការកិច្ច តាមដាន ដំណើរគោរពតាមបទឈប់បាញ់។
គឺក្នុងសប្តាហ៏មុន ដែលប្រមុខរដ្ឋរុស្ស៊ី ជាលើកដំបូង បានសុខចិត្តឲ្យភ្លើងខៀវដល់ ការពង្រាយទ័ពមួកខៀវអ.ស.ប. សម្រាប់ធានាសុវត្ថិភាពពួកអ្នកសង្កេតការណ៍ OSCE នៅតំបន់ខាងកើតអ៊ុយក្រែន ជាក្តីប្រាថ្នាចង់បានយូរមកហើយរបស់ក្រុងគៀវ។ កាលណោះ លោកពូទីនបានប្រកាន់ជំហរដែលថា កងរក្សាសន្តិភាព ត្រូវប្រចាំការតែនៅតាមបណ្តោយខ្សែ ដែលខ័ណ្ឌតំបន់ក្រោមការត្រួតត្រារបស់កងទ័ពអ៊ុយក្រែន និង តំបន់ក្រោមការត្រួតត្រានៃពួកឧទ្ទាម។ ប៉ុន្តែក្រុងគៀវចង់ឲ្យកងកម្លាំងនោះ វត្តមាននៅ ពេញលើតំបន់បះបោរខាងកើតអ៊ុយក្រែន បូកទាំងនៅតាមខ្សែព្រំដែនរុស្ស៊ី-អ៊ុយក្រែន តែម្តង ហើយក្នុងអង្គភាពទ័ពនេះ មិនត្រូវមានទាហានរុស្ស៊ីណាម្នាក់ឡើយ។
ការយល់ព្រមរបស់មេដឹកនាំរុស្ស៊ី ត្រូវបានបញ្ជាក់ដោយសេចក្តីជូនដំណឹង របស់ខុទ្ទកាល័យប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ដែលថា៖ ពេលសន្ទនាជាមួយលោកពូទីន លោកស្រីមែរគែលបាននិយាយប៉ះលើសាច់រឿងនោះ “ទាំងចង្អុលឲ្យឃើញថា ការបន្ថែមអាណត្តិទ័ពមួកខៀវនោះ គឺជាករណីចាំបាច់។ ពេលនោះ លោកពូទីន បានប្រតិកម្មក្នុងន័យវិជ្ជមាន ហើយក៏យល់ព្រមឲ្យទ័ពមួកខៀវ ក្នុងបេសកកម្មខ្លួន អាចចល័ត ចេញពីខ្សែខ័ណ្ឌនោះ ទៅកាន់កន្លែងឯទៀតនៃតំបន់ជាប់ជម្លោះនោះ។
បច្ចុប្បន្ន មានអ្នកសង្កេតការណ៍ OSCE ប្រមាណ ៦០០ នាក់ បំពេញបេសកកម្មខ្លួនខាងតាមដានដំណើរ គោរពតាមកិច្ចព្រមព្រៀងសន្តិភាពចុះនៅក្រុងមិនស្ក៏កាលពីឆ្នាំ២០១៥។ ក្នុងខែមេសាឆ្នាំនេះ សហការីម្នាក់របស់ OSCE ជាជាតិអាមេរិកាំង បានធ្លាក់ខ្លួនស្លាប់បណ្តាលមកពីការផ្ទុះមីន ក្នុងប្រតិបត្តិការល្បាត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ