អានតួអត្ថបទ
អាល្លឺម៉ង់

អាល្លឺម៉ង់​ព្រមាន​បង្អត់ជំនួយ ដល់​ប្រទេស​សមាជិក​អឺរ៉ុប ដែល​មិនចង់​ទទួល​ជន​អន្តោប្រវេសន៍

ប្រទេស​ដែល​មិន​ព្រម​គោរព ទទួល​យក​កូតា​ជនអន្តោប្រវេសន៍ ទៅតាម​ការបែងចែក នៅក្នុង​ចំណោម​ប្រទេស​សមាជិក​អឺរ៉ុប នឹង​អាច​ប្រឈម មិន​ទទួល​បានជំនួយ​ពី​សហភាព​អឺរ៉ុប។ នេះ​បើតាម​ការប្រកាស​របស់​លោកស្រី នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្គេឡា ម៉ែរកិល នៅ​ថ្ងៃ​អាទិត្យ​នេះ។ នៅក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ប្រឈម​នឹង​វិបត្តិជនអន្តោប្រវេសន៍ ដ៏ធ្ងន់ធ្ងរ មិនធ្លាប់មាន អាល្លឺម៉ង់ ជា​ប្រទេស​អឺរ៉ុប​នាំមុខ​គេ ដែល​បាន​ទទួល​យក​ជនភៀសខ្លួន ក្នុង​ចំនួន​ដ៏ច្រើន ដែលនៅក្នុង​នោះ ភាគច្រើន​ជា​ជនភៀសខ្លួន​ស៊ីរី។

លោកស្រី​ម៉ែរកិល​ថតជាមួយ​ជនអន្តោប្រវេសន៍​នៅ​ឆ្នាំ ២០១៥
លោកស្រី​ម៉ែរកិល​ថតជាមួយ​ជនអន្តោប្រវេសន៍​នៅ​ឆ្នាំ ២០១៥ ©REUTERS/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

សម្រាប់​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោកស្រី អង់ហ្គេឡា ម៉ែរកិល បើ​គ្មាន​សាមគ្គី​រវាង​ប្រទេស​សមាជិក​អឺរ៉ុប នៅក្នុង​រឿងទទួល​ជនអន្តោប្រវេសន៍ នោះ​ក៏គ្មាន​ដែរ សាមគ្គីភាព​នៅក្នុង​ផ្នែក​ផ្សេងទៀត។ លោកស្រី​ម៉ែរកិល​ចង់​និយាយ​ទៅ​ដល់ជំនួយ​ហិរញ្ញវត្ថុ​រាប់​លាន​អឺរ៉ូ ដែល​ប្រទេស​មួយចំនួន នៅ​អឺរ៉ុប បានទទួល​យក ក្នុង​នាមជា​ប្រទេស​សមាជិក។

ពាក្យ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ធ្វើឡើង​នៅ​៣ថ្ងៃ​ក្រោយ រដ្ឋាភិបាល​ហុងគ្រី បាន​ចេញមុខ បរិហារ​យន្តការ​អឺរ៉ុប ក្នុង​ការបែងចែក​កូតា​ទទួល​ជនភៀសខ្លួន និង​រិះគន់ ការដាក់​សម្ពាធ​ទៅលើ​ប្រទេស​សមាជិក ដូចជា​ហុងគ្រី​ជាដើម។ នៅ​ថ្ងៃ​ពុធ​កន្លងទៅ ហុងគ្រី និង​ប្រទេស​ស្លូវ៉ាគី បាន​ចាញ់ក្តី នៅក្នុង​បណ្តឹង​តវ៉ា ទៅ​តុលាការ​យុត្តិធម៌​អឺរ៉ុប ដែល​នៅក្នុង​នោះ ហុងគ្រី និង​ស្លូវ៉ាគី ទាមទារ​ឲ្យ​គេ​ទាត់ចោល យន្តការ​កូតា បែងចែក​ជនភៀសខ្លួន ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប។

ទៅតាម​យន្តការ​បែងចែក​កូតា​ជនភៀសខ្លួន របស់​សហភាព​អឺរ៉ុប ប្រទេស​សមាជិក​អឺរ៉ុប​ត្រូវ​ជួយ​សម្រាល​បន្ទុក​របស់​អ៊ីតាលី និងក្រិក ដោយត្រូវ​យល់ព្រម ទទួល​ជនភៀសខ្លួន ទៅតាម​កូតា ដែល​កំណត់​ដោយ​សហភាព​អឺរ៉ុប។ ជារួម ប្រទេស​សមាជិក​ទាំង​២៨​របស់​អឺរ៉ុប​ត្រូវ​បែងចែក​ទទួល​យក​ជនភៀសខ្លួន សរុប ១សែន ៦ម៉ឺននាក់ នៅក្នុង​រយៈពេល​២ឆ្នាំ។ ប៉ុន្តែ ក្នុង​២​ឆ្នាំ​ចុងក្រោយនេះ មាន​តែ​ជនភៀសខ្លួន ២៤ ០០០នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​សិទ្ធិជ្រកកោន​នៅ​អឺរ៉ុប។

រហូតមក អាល្លឺម៉ង់ ក្នុង​នាមជាប្រទេស​ដែល​ផ្តល់​វិភាគទាន​ច្រើន​ជាងគេ​នៅ​ក្នុង​កេសថវិកា​អឺរ៉ុប បាន​ទទួល​លំហូរ​ជនភៀសខ្លួន ដល់ទៅ​ជាង ១លាននាក់។ ចំណែក​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ដែល​ជាអតីត​ប្រទេស​សង្គមនិយម ដូចជា​ហុងគ្រី ស្លូវ៉ាគី​ជាដើម បាន​បដិសេធ មិន​ទទួល​យក​គោលនយោបាយ​បែងចែក​របស់​អឺរ៉ុប មិនចង់​ទទួល​ជនភៀសខ្លួន ដែល​កាន់​សាសនា​អ៊ីស្លាម ដូចជា​ជនជាតិ​ស៊ីរី​ជាដើម។ ​រដ្ឋាភិបាល​របស់​ប្រទេស​អឺរ៉ុប​ខាងកើត​បានលើក​ហេតុផលថា ពួកគេ​មិនត្រឹម​តែ​គ្មាន​ហេដ្ឋារចនា​សម្ព័ន្ធ គ្រប់គ្រាន់​ដើម្បី​ទទួល​ជនភៀសខ្លួន ពួកគេ​គ្មាន​ផងដែរ គោលនយោបាយ​ដើម្បី​ធ្វើ​សមាហរណម្ម អ្នកកាន់​សាសនា​អ៊ីស្លាម​ទៅក្នុង​ប្រទេស​ដែល​សំបូរ​ដោយ​ប្រជាជន​កាន់គ្រិស្តសាសនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ