អានតួអត្ថបទ

អាល្លឺមង់​ចង់​បញ្ឈប់​ការ​ចរចាសុំ​ចូល​សហភាព​អឺរ៉ុបរបស់​តួកគី​

នៅក្នុង​ការ​​តស៊ូ​មតិ​ជាមួយ​គូប្រជែង​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ត្រៀម​បោះឆ្នោត​សភា​អាល្លឺម៉ង់​នៅ​ចុង​ខែ លោកស្រី​ប្រមុខ​រដ្ឋាភិបាល អង់ហ្គឺឡា មែរកិល​ Angela Merkel ដែល​បាន​វោហា​និង​មាន​ប្រៀប​ខ្លាំង​ បាន​ប្រកាស​យ៉ាង​ក្តែងៗ និង​ច្បាស់ៗ ​ថា​អាល្លឺម៉ង់​ចង់​បិទ​បញ្ចប់​ការ​ចរចា​ជាមួយ​តួកគី​រឿង​សុំ​ចូល​ជា​សមាជិក​សភាពអឺរ៉ុប​ ព្រោះ​លោក​ស្រី​​គ្មាន​ជំនឿសោះ​ថា ​ ​តួកគី​​​អាច​ចូលក្នុង​ក្រុម​​​អឺរ៉ុបបាន។

លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Angela Merkel
លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Angela Merkel Christof STACHE / AFP
ផ្សាយពាណិជ្ជកម្ម

“ច្បាស់​ណាស់​ដែល​ថា តួកគី​មិន​ត្រូវ​កា្លយជា​សមាជិក​សហភាព​អឺរ៉ុបទេ" ! នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​ដែល​នឹង​អាច​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​ជា​លើក​ទី​បួន នៅ​ថ្ងៃ​ទី ២៤​កញ្ញា ខាងមុខ។ មិន​តែ​ប៉ុណ្ណោះ​លោកស្រី មែរកិល បាន​​សន្យា​ថា​នឹង​ទៅ​ជជែក​ពិភាក្សា​ជាមួយ​សមាជិក​សហភាព​អឺរ៉ុប​ផ្សេង​ទៀត ដើម្បី​ស្វែង​រក​ការ​ព្រមព្រៀង​រួម​គ្នា ក្នុង​ការ​បិទ​បញ្ចប់​កិច្ចចរចា​សុំ​ចូល​ជា​សមាជិក​អឺរ៉ុប​ជាមួយ​តួកគី​តែ​ម្តង។​

សម្រាប់​លោកស្រី​ដែល​មិន​ជឿ និង​មិន​ធ្លាប់​មាន​ជំនឿ​សោះ​ ថា​តួកគី​អាច​ក្លាយ​ជា​អឺរ៉ុប​នឹង​គេ​នោះ បញ្ហា​ចោទ​ពេល​នេះ​គឺ​ស្ថិត​នៅ​ត្រង់​ថា​​តើ​នរណានឹង​​ប្រកាស​ដក​ខ្លួន​ចេញ​មុន តួកគី​ខ្លួន​ឯង ឬ​អឺរ៉ុប ?!

សូម​បញ្ជាក់​ថា ការ​ចរចា​សុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​តួកគី​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០០៥​មក ប៉ុន្តែ​​វា​ត្រូវ​ជាប់​គាំង​ស្តូក តាំង​ពីស្ថានភាព​នយោបាយ​តួកគី​បាន​ប្តូរ​ផ្លាស់ ប្រធានាធិបតី​អ៊ែរដូហ្កាន​ជាប់​ចោទ​ដឹកនាំ​ប្រទេសតាម​បែប​​ផ្តាច់ការ​។ ហើយ​ការ​បញ្ឈប់​កិច្ច​ចរចា​ទាំង​ស្រុង​អាច​ធ្វើ​ទៅ​បាន​ដរាប​ណា​បាន​ទទួល​ការ​យល់​ព្រម​ជា​ឯកច្ឆ័ន្ទ​ពី​សមាជិក​សហភាព​ទាំង​អស់​សិន។

អាល្លឺម៉ង់​របស់​លោកស្រី​មែរកិល​ មាន​ជំហរ​តឹង​រឹង​ខ្លាំង​ណាស់​ដាក់​តួកគី​ ! រដ្ឋាភិបាល​នេះ​ហាក់​គ្មានចេតនា​បន្ធូរបន្ថយ​ទេ។ តាំង​ជា​ច្រើន​ខែចុងក្រោយ​នេះ អង់ការ៉ា និង​ប៊ែរឡាំង​ ដំឡើង​សំឡេង​​ដាក់​គ្នា​យ៉ាង​ខ្លាំង ក្នុង​សំណុំរឿង​ជា​ច្រើន។

អាល្លឺម៉ង់​បាន​ចោទ​រដ្ឋាភិបាល​តួកគី​ថា​បាន​ចាប់​ខ្លួន​ពលរដ្ឋ​អាល្លឺម៉ង់​ ដែល​ខ្លះ​មានកាន់​​សញ្ជាតិតួកគី​មួយ​ទៀត ក្រោម​លេស​នយោបាយ រហូត​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​​​តួកគី​​ជាច្រើនផង ប៉ុន្តែ​ពុំ​ធ្លាប់​ប៉ះពាល់​ដល់​រឿង​ចរចា​ជាមួយ​អឺរ៉ុប​ទេ។ ដូច្នេះ​ប្រសិន​បើ​លោកស្រី​មែលកិល​សម្រេច​ស្នើ​សុំ​សហភាព​អឺរ៉ុប​​ឈប់​ចរចា​មែន នោះ​មាន​ន័យ​ថា​គ្មាន​ថ្ងៃ​បក​ក្រោយ​បាន​វិញ​ឡើយ ក្នុង​ទំនាក់ទំនង​ជាមួយ​តួកគី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ