អានតួអត្ថបទ
អាល្លឺម៉ង់-តួកគី

អាល្លឺម៉ង់​បរិហារ​រិះគន់​តួកគី​ដែល​បាន​ចាប់​ជនជាតិ​អាល្លឺម៉ង់​ពីរនាក់​បន្ថែមទៀត

ភាពតានតឹង​រវាង​ប៊ែរឡាំង និង​អង់ការ៉ា កាន់តែ​ធ្លាក់​ធ្ងន់ធ្ងរ។ នៅ​ថ្ងៃ​សុក្រ​ទី ១​កញ្ញា ក្រសួងការបរទេស​អាល្លឺម៉ង់​បាន​បរិហារ​រិះគន់ អាជ្ញាធរ​តួកគី ថា បាន​ចាប់ជនជាតិ​អាល្លឺម៉ង់ ក្នុង​ហេតុផល​នយោបាយ។ តាម​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាល្លឺម៉ង់ ជនជាតិ​អាល្លឺម៉ង់​ពីររូប​ត្រូវ​បាន​ប៉ូលិស​តួកគី​ចាប់ខ្លួន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ សីហា។

នៅ​ខែ​កក្កដា ២០១៧ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ទទួល​លោក​អ៊ែរដូហ្កាន ប្រធានាធិបតី​តួកគី នៅ​ក្នុង​ជំនួប​កំពូល G២០
នៅ​ខែ​កក្កដា ២០១៧ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ទទួល​លោក​អ៊ែរដូហ្កាន ប្រធានាធិបតី​តួកគី នៅ​ក្នុង​ជំនួប​កំពូល G២០ ©Tobias SCHWARZ / AFP
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អាល្លឺម៉ង់​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង ផ្លូវការ​ពី​ខាង​ភាគី​តួកគី នៅក្នុង​រឿង​ចាប់ខ្លួន ជនជាតិ​អាល្លឺម៉ង់ ពីរនាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះទេ។ គឺ​ប្រភព​ក្រៅរដ្ឋាភិបាល​ដែល​បាន​ជូនដំណឹង​នេះ ទៅ​ស្ថានកុងស៊ុល​អាល្លឺម៉ង់ ដែល​ស្ថិតនៅ​ក្រុងកំពង់ផែ Izmir​របស់​តួកគី។ តាមទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ប៉ូលិស​តួកគី នៅ​ព្រលាន​យន្តហោះ Antalya បាន​បញ្ជាក់​ពី​ការចាប់ខ្លួន​ជនជាតិ​អាល្លឺម៉ង់​ទាំងពីរ​រូប។

អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាល្លឺម៉ង់​បាន​ចាត់ទុក​ការចាប់ខ្លួន​ជនជាតិ​អាល្លឺម៉ង់ ថា ជារឿង​នយោបាយ និង​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តួកគី​ដោះលែង​ជនជាតិ​អាល្លឺម៉ង់ ដែល​តួកគី​បាន​ចាប់ខ្លួន ដោយ​គ្មាន​ហេតុផល។ សរុបមក មាន​ជនជាតិ​អាល្លឺម៉ង់ ១២​រូប ដែលនៅក្នុង​នោះ ៤​រូប​មាន​សញ្ជាតិ​ពីរ ត្រូវ​បាន​អាជ្ញាធរ​តួកគី ចាប់ឃុំ​ខ្លួន នៅក្នុង​ពេល​ពួកគេ​មាន​វត្តមាន​ក្នុង​ទឹកដី​តួកគី។

ករណី​ចាប់ខ្លួន​ជនជាតិ​អាល្លឺម៉ង់ ដែល​ចម្រូងចម្រាស​ជាងគេ គឺ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ជាតិ​អាល្លឺម៉ង់ ដើមកំណើត​តួកគី ម្នាក់ ដែល​ត្រូវ​បាន​ប៉ូលិស​តួកគី​ចាប់ឃុំខ្លួន តាំង​ពី​ខែ កុម្ភៈ ពី​បទ​ឃោសនា ឲ្យ​ក្រុមភេរវនិយម ហើយ​និង​ញុះញង់​ឲ្យ​មាន​ការស្អប់​នៅ​តួកគី។ ប្រធានាធិបតី​តួកគី លោក​រេស៊ីប អែរដូហ្កាន ធ្លាប់​បាន​ប្រកាស​ចាត់ទុក​កាសែត​អាល្លឺម៉ង់ ថា ជា​ជនបំបែកខ្លួន គួដ ​និងជា​ចារកិច្ច យកការណ៍​សម្ងាត់​ឲ្យ​អាល្លឺម៉ង់។

ទំនាក់ទំនង​តួកគី និង​អាល្លឺម៉ង់​បាន​ចុះ​ល្អក់កករ តាំង​ពី​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច​នៅ​តួកគី នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៦។ ក្រុង​អង់ការ៉ា​បាន​ចោទប្រកាន់​អាល្លឺម៉ង់ ថា​បាន​សណ្តោសប្រណី ដល់​ក្រុមភេរវនិយម តាមរយៈ​ការផ្តល់​ជំរក​ដល់​ក្រុមទាមទារ​បំបែក​ទឹកដី គួដ ហើយ​និង​ជនជាតិ​តួកគី ដែល​បាន​ចូលរួម​នៅក្នុង​រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន។ អាល្លឺម៉ង់វិញ បាន​រុញច្រាន​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​តួកគី និង​បាន​បរិហារ វិធានការ របស់​រដ្ឋាភិបាល​តួកគី ដែលបាន​បោសសម្អាត ចាប់ខ្លួន មនុស្ស ក្នុង​ទ្រង់ទ្រាយ​ធំ នៅ​ក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច។

អង់ការ៉ា និង​ប៊ែរឡាំង​មិន​ខ្វះ​រឿង ដើម្បី​ដំឡើង​សំឡេង​ដាក់គ្នា។ ជម្លោះ​ការទូត​ចុង​ក្រោយ​​រវាង​តួកគី និង​អាល្លឺម៉ង់ ទើប​តែ​កើតមាន​នៅ​ដើម​ខែ​សីហានេះ នៅពេល​ប្រធានាធិបតី​តួកគី បាន​អំពាវនាវ​ដល់​ជនជាតិ​តួកគី រស់នៅ​អាល្លឺម៉ង់ ធ្វើ​ពហិការ មិន​ទៅ​បោះឆ្នោត ឲ្យ គណបក្ស​របស់​លោកស្រី នាយករដ្ឋមន្រ្តី​មែរកិល ដែល​លោក​ចាត់ទុក​ជា​គណបក្ស​សត្រូវ​របស់​តួកគី។ នៅ​ថ្ងៃ​ទី​២៤ កញ្ញា​ខាងមុខ អាល្លឺម៉ង់​នឹង​រៀបចំ​បោះឆ្នោត​សភា សហព័ន្ធ។ អាល្លឺម៉ង់ ដែល​មាន​ប្រជាជន​តួកគី រស់នៅ ប្រមាណ ៣លាន​នាក់ និង​ពាក់កណ្តាល​មាន​សិទ្ធិ​បោះឆ្នោត ជាតិ បាន​ចោទប្រកាន់​ប្រធានាធិបតី​តួកគី ថា បាន​លូកដៃ​ចូលកិច្ចការ​ផ្ទៃក្នុង​របស់​អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ