អានតួអត្ថបទ
​ស៊ីរី-កាហ្សាក់ស្ថាន

កិច្ចពិភាក្សា​​ស៊ីរីខែ​​កញ្ញា នៅ​ក្រុងអាស្តាណា ផ្តោត​លើ​ការពង្រឹង​​តំបន់​​ដែល​លែង​​មាន​ការផ្ទុះអាវុធ​​

យោងតាម​សេចក្តីថ្លែងការ​របស់​រដ្ឋមន្ត្រី​ការបរទេស​កាហ្សាក់ស្ថានចុះផ្សាយ​ថ្ងៃសុក្រ​នេះ​ ​កិច្ចពិភាក្សា​ថ្មីៗ ដើម្បី​​​រកដំណោះស្រាយ​វិបត្តិ​ស៊ីរី​ រវាងរដ្ឋាភិបាល​ស៊ីរី និង​ក្រុមឧទ្ទាម ​នឹងប្រព្រឹត្តទៅ​នៅ​ក្រុងអាស្តាណា ថ្ងៃ​១៤-១៥កញ្ញា​នេះ។ កិច្ចពិភាក្សា​នេះ​ផ្តួចផ្តើម​ដោយ​រុស្ស៊ី​និងអ៊ីរ៉ង់ ​នឹង​ផ្តោត​លើ​ការពង្រឹង​តំបន់ដែល​លែង​មានការតតាំង​​​អាវុធ​​នៅ​ស៊ីរី។ ដោយឡែក បេសកជន​​ពិសេស​អង្គការ​សហ​ប្រជាជាតិសម្រាប់​ស៊ីរី ​រំពឹងថា អាមេរិក​និង​កងកម្លាំង​ប្រជាធិបតេយ្យ​​ស៊ីរី​​អាច​​នឹង​វាយ​យក​បាន​ទីតាំង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅ​ដំណាច់ខែ​តុលានេះ ហើយ​យ៉ាងយូរ​មួយឆ្នាំទៀត អាច​​នឹង​មាន​ការបោះឆ្នោត​ដោយ សេរីបាន។​

ទាហាន​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរីម្នាក់ នៅ​រ៉ាក់កា
ទាហាន​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរីម្នាក់ នៅ​រ៉ាក់កា REUTERS/Goran Tomasevic
ផ្សាយពាណិជ្ជកម្ម

កិច្ចពិភាក្សា​រកដំណោះស្រាយ​វិបត្តិស៊ីរី​នៅ​ក្រុងអាស្តាណា ប្រទេស​កាហ្សាក់ស្ថាន នឹង​បន្ត​ធ្វើ​នៅថ្ងៃ​១៤-១៥កញ្ញា​ ខាងមុខ​នេះ ដោយ​ផ្តោត​ទៅលើ​ប្រធានបទ ទាក់ទង​នឹង​ការពង្រឹង​តំបន់​​ដែល​លែងមាន​ការតតាំង​អាវុធ​គ្នា​។ កិច្ចពិភាក្សា​នៅ​អាស្តាណា រវាង​​រដ្ឋាភិបាល​ស៊ីរី និង​ក្រុមឧទ្ទាមត្រូវបាន​រុស្ស៊ី​តួកគី ​និង​អ៊ីរ៉ង់​ផ្តួចផ្តើម​អោយមាន តាំងពី​ខែ​មករា​មក។

ភាគីចូលរួម​នៅថ្ងៃ​១៤-១៥កញ្ញា​ខាងមុខ​នេះ ចង់​គូសបញ្ជាក់ឡើងវិញ​នូវដែនដី​ដែល​ស្ថិត​នៅ​ជុំវិញ​តំបន់​ផ្សេងៗ ដែល​លែង​មាន​ការ​តតាំង​អាវុធ​គ្នា​។ តំបន់​​ទាំងនេះ មាន​​​អ៊ីដឡេប ហូមស៍​ និង​ហ្គូតាភាគខាងកើត ​ជិត​ក្រុង​ដាម៉ាស។ នេះ​បើយោងតាម​ការប្រកាស​​របស់​រដ្ឋាភិបាល​ក្រុង​អាស្តាណា​ប្រទេសកាហ្សាក់ស្ថាន។ ប៉ុន្តែ​ ​រដ្ឋាភិបាល​កាហ្សាក់ស្ថាន​មិនបាន​លើកឡើង​ពី​តំបន់​ទី៤ ​នៅភាគ​ខាងត្បូងស៊ីរីទេ។ តំបន់​នេះ​ធ្លាប់បាន​លើក​មកពិភាក្សា​នៅ​ក្រុងអាស្តាណា កាលពី​ខែកក្កដា។ ​​ទាក់ទង​តំបន់​ទី៤នេះ ​អ៊ីស្រាអែល​​និង​អាមេរិក​កំពុង​បាមរ្ភ​ថា អាច​មាន​ការលូកដៃពី​អ៊ីរ៉ង់​ ក្រោយ​អាមេរិក​និង​​រុស្ស៊ី​ផ្តួចផ្តើម​អោយ​មាន​​បទឈប់បាញ់​ កាលពី​ខែកក្កដាមក។ ​​​

ដោយឡែក ​រុស្ស៊ី​ធ្លាប់បាន​ដាក់​ពង្រាយ​កងកម្លាំង​យោធា​នៅភាគខាងត្បូង​ស៊ីរី ​​ក្នុង​តំបន់​ហ្គូតា ភាគ​ខាងកើត​ និង​តាមទីតាំង​ខ្លះៗ ក្នុង​តំបន់ហូម​ស៍​រួចហើយ គឺ​ក្នុង​ក្របខណ្ឌ​នៃ​ដាក់ចេញ​បទឈប់បាញ់​តាមតំបន់​ទាំងនោះ​ឯង។ ​ទន្ទឹម​នឹងកិច្ចពិភាក្សា​ក្រុងអាស្តាណា បេសកជន​អង្គការ​សហប្រជាជាតិ​សម្រាប់​ស៊ីរី លោក​ស្តាហ្វាន់ ដឺ មីស្ទូរ៉ា រំពឹងថា កិច្ចពិភាក្សា​ក្រុងហ្សឺណែវ​រវាង​ក្រុមឧទ្ទាម​និង​រដ្ឋាភិបាល​ស៊ី​រី រៀបចំ​ដោយ​​​អង្គការ​សហប្រជា​ជាតិ​ រក​ដំណោះស្រា​យវិបត្តិ​ស៊ីរី​ ​​​អាច​ធ្វើឡើង​ នៅ​ខែ​តុលា​ខាងមុខ​ដែរ​។ កិច្ចព្រមព្រៀង​ក្រុងហ្សឺណែវ ​មាន​តាំងពី​ឆ្នាំ២០១៤​ តែ​ កន្លងមក ពិបាក​រកច្រកចេញ​ដោយសារ​តែ​មានការជំទាស់គ្នា​លើ​អំណាច​របស់​លោក​អាសាដ។ ក្រុមឧទ្ទាម​មិនចង់ អោយ​លោក​អាសាដ​បន្ត​អំណាច​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​មិនព្រម។ ​ថ្ងៃសុក្រ​នេះ រដ្ឋាភិបាល​បារាំង​បាន​បង្ហាញ​ជំហរ​ជំទាស់នឹង​វត្តមានលោក​អាសាដ​​ក្នុង​អន្តរកាល​នយោបាយ​ស៊ីរី៕ ​ ​​​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ