អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាព​អឺរ៉ុប​​និង​​អង់គ្លេស​​បើក​ការ​ចរចា​​Brexit ​ជុំទី៣​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទ​នេះ ​សហភាព​អឺរ៉ុប​និង​អង់គ្លេស​ចូលតុ​ពិភាក្សា​គ្នា​ជាលើកទី៣ ទាក់ទង​នឹង​​និតិវិធី​ប្រិចស៊ីត។ កិច្ចពិភាក្សា​នឹង​ធ្វើ​ដល់ថ្ងៃព្រហស្បតិ៍ រវាង​រដ្ឋមន្ត្រី​​តំណាងភាគី​​អង់គ្លេេសគឺ​​ ​លោក​ដាវីដ ដាវីស និង​ជនជាតិ​បារាំង តំណាង​អោយ​ភាគី​អឺរ៉ុប គឺ​លោក​មីឆែល បានីញ៉េ។ អង់គ្លេស​កំពុង​​អន្ទះសា​ចង់​​ចរចា​ភ្លាមៗ​ពី​អនាគត​​​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហភាពអឺរ៉ុប ប៉ុន្តែ ​សហភាព​អឺរ៉ុបបាន​បង្ហាញ​ជំហរ​រឹងប៉ឹង​ដោយ​​​​ទាមទារ​អោយ​ចរចា​ពី​អាទិភាព​​៣ចំណុច​អោយ​រួចរាល់សិន​ ទើបអាច​និយាយ​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​បាន។ ​

តំណាង​ភាគិ​អង់គ្លេស លោក​ដាវីដ ដាវីស (ឆ្វេង) និងតំណាង​ភាគី​អឺរ៉ុប ​​លោក​មីឆែល បានីញ៉េ ក្នុង​កិច្ចពិភាក្សា​ជុំទី២ នៅព្រុចសែល ​កាលពី​ខែកក្កដា។
តំណាង​ភាគិ​អង់គ្លេស លោក​ដាវីដ ដាវីស (ឆ្វេង) និងតំណាង​ភាគី​អឺរ៉ុប ​​លោក​មីឆែល បានីញ៉េ ក្នុង​កិច្ចពិភាក្សា​ជុំទី២ នៅព្រុចសែល ​កាលពី​ខែកក្កដា។ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

អាទិភាព​៣ចំណុច ក្នុង​ក្រសែ​ភ្នែក​អឺរ៉ុប ​ដែល​ជា​ប្រភព​នៃ​ភាព​តានតឹង​ក្នុងទំនាក់ទំនង​អង់គ្លេស-អឺរ៉ុប

អឺរ៉ុប​ចង់​ដោះស្រាយ​អោយ​ដាច់ស្រេច​នូវ​អាទិភាព​៣ចំនុច មុននឹង​ចរចា​ពីអនាគត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស។ អាទិភាព​ទាំង​៣ចំណុច​នេះ ទី១ អង់គ្លេស​ត្រូវ​បង់លុយ​ទាក់ទង​នឹង​ការ​ដកខ្លួន​ចេញពី​អឺរ៉ុប​អោយ​ហើយសិន ចំណុចទី២​គឺ​ទាក់ទង​នឹងសិទ្ធិ​របស់​​ពលរដ្ឋ​អឺរ៉ុប​៣លាននាក់​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​ក្នុង​ទឹកដី​អង់គ្លេស ហើយ​ទី៣ គឺ​អនាគត​ព្រំដែនពន្ធ​រវាង​អឺរ៉ុប និង​​​អៀឡង់​ខាងជើង។ ដើរចេញ​ពី​អឺរ៉ុប​ តំរូវ​អោយ​អង់គ្លេស​បង់ថវិកា​ពី​៦០ពាន់លាន ទៅ​១០០ពាន់លាន​​អឺរ៉ូ។ កន្លងមក អង់គ្លេស​បដិសេធមិនចង់​​បង់​លើសពី​៤០ពាន់លាន​អឺរ៉ូទេ។ ​ទាក់ទង​​នឹង​សិទ្ធិ​ពលរដ្ឋអឺរ៉ុប​ដែល​រស់នៅ​អង់គ្លេសវិញ សហភាព​អឺរ៉ុប​ចង់​អោយ​តុលាការ​​អឺរ៉ុប​នៅតែ​មានវត្តមាន មានសិទ្ធិ​​ ក្នុង​ដំណោះស្រាយ​សិទ្ធិពលរដ្ឋ​អឺរ៉ុប​នៅ​អង់គ្លេស។

ទាក់ទង​នឹងដំណោះស្រាយ​សិទ្ធិ​ពលរដ្ឋ​អឺរ៉ុប​នេះ ​កន្លងមក នាយករដ្ឋមន្ត្រី​តេរេសា មៃ ​ចង់អោយ​តុលាការ​​​អង់គ្លេស​​មា​នសេរីភាព ដោយ​លើកហេតុផល​ពី​បូរណភាព​អង់គ្លេស។​ ប៉ុន្តែ​យោងតាម​ឯកសារ​ដែលអង់គ្លេស​​ចុះផ្សាយ​ទាក់ទង​ជំហរ​ចំពោះ​ប្រិចស៊ីត ប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ ​គេឃើញថា ​អង់គ្លេស​​បាន​បន្ទន់​ឥរិយាបថ​បន្តិច​មកវិញ។ អង់គ្លេស​​​​បាន​លើកឡើង​ពីលទ្ធភាព​នៃ​ការ​បង្កើត​​​គណៈកម្មាធិការ​អាជ្ញាកណ្តាល​រវាង​អឺរ៉ុប​និង​អង់គ្លេស ហើយ​អាច​នឹង​មានការសុំអោយ​តុលាការ​អឺរ៉ុប​ចូលរួម​ដោះស្រាយ​ជម្លោះ​រវាង​អង់គ្លេស​និង​ព្រុចសែល​ទៀតផង។ មានន័យថា តុលាការ​អឺរ៉ុបអាច​មាន​​តួនាទី​បែបប្រយោល​វិញ។ ចំពោះ​អាទិភាព​ទី៣ ទាក់ទង​​ព្រំដែន​ពន្ធ​អឺរ៉ុប​ជាមួយ​​អៀឡង់ខាងជើង ​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ អឺរ៉ុប​ប្រាប់ថា នេះ​​គ្រាន់តែ​ជា​ចំណុច​​បច្ចេកទេស អាទិភាព​ពេលនេះ​ ​​គឺ​អឺរ៉ុប​ចង់​រកអោយ​បាន​​កិច្ចព្រម​ព្រៀង​ស្រួលបួល​​​មួយ​​ជាមួយអង់គ្លេសសិន​ ទាក់ទង​នឹង​ប្រិចស៊ីត​។

អាទិភាព​ទាំង៣​ដែលលើកឡើង​ខាងលើ​ ដែល​អឺរ៉ុប​តំរូវ​អោយ​ចរចា​ពេលនេះ ​ជាបញ្ហា​​តានតឹង​រវាង​អង់គ្លេស​និង​អឺរ៉ុប។ ​ដូច​បានលើកឡើង​ខាងដើម​អញ្ចឹង អង់គ្លេស​យល់ថា​​បង់លុយ​ ​រហូត​ដល់​៦០ពាន់លាន​អឺរ៉ូទេ គ្រាន់តែត្រូវដើរចេញ​ពីអឺរ៉ុប ដូចជា​ថ្លៃ​ពេកហើយ ប៉ុន្តែ នេះ​ជា​កាតព្វកិច្ច​មិនមែន​សម្រាប់​តែ​អង់គ្លេស​តែម្នាក់​ទេ ​គឺសម្រាប់​គ្រប់​​សមាជិក​អឺរ៉ុប​​ ដែល​ចង់​ដើរចេញ​ពី​សហភាព​អឺរ៉ុប។ ​​ប្រជាជន​អង់គ្លេស​ភាគច្រើន​ចង់អោយ​រដ្ឋាភិបាលឈប់រួញរា​ត្អូញត្អែរ​ទៀត ត្រូវតែ​បង់ថវិកា​នេះ​ទៅអឺរ៉ុប​អោយ​​​រួចរាល់​ ​ដើម្បី​កុំអោយ​ជាប់ដៃ​ជាប់ជើង​នឹង​អឺរ៉ុប​យូរពេក។​ ពលរដ្ឋ​អង់គ្លេស​បាន​បោះឆ្នោត​ប្រជាមតិ​អោយ​ចេញ​ពី​អឺរ៉ុប ក៏​ដោយសារ​ពួកគេ​​មិនចង់​អោយ​ពលរដ្ឋ​អឺរ៉ុបចូល​មកដណ្តើមការងារ​ពួកគេ ធ្វើអោយ​ពលរដ្ឋ​អង់គ្លេស​បាត់បង់​ការងារធ្វើដែរ។

ប៉ុន្តែ ​អង់គ្លេស​មិនសូវ​ជា​​​អត់ធ្មត់​ច្រើនទេ ​​អន្ទះសា​ចង់​តែ​ផ្តោត​ការ​​ចរចា​ទៅលើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុបជា​អាទិភាព​។ ​អ្នកណា​ក៏ដឺងដែរ​ថា​ អង់គ្លេស​ចូលចិត្ត​ដើរ​ខ្សែ២ គឺ​ចង់​ចេញពី​អឺរ៉ុប ដោយ​មិនព្រមលះបង់​អ្វីច្រើនទេ តែ​ក៏​នៅតែ​ចង់​​​ទទួលបាន​ប្រយោជន៍ច្រើន​​​ពីអឺរ៉ុប ពិសេស​ប្រយោជន៍​ពាណិជ្ជកម្ម​​​ស​តែម្តង។​ ដើរចេញ​ពីអឺរ៉ុបធ្វើអោយ​អង់គ្លេស​ខ្លួនមួយ ​ត្រូវទៅចរចា​ពាណិជ្ជកម្មដោយឡែក ​​ជាមួយ​ប្រទេស​ដល់ទៅ​២៧។ ហើយ​បើ​ចង់​មាន​មុខមុន​អឺរ៉ុប ក្នុង​ទំនាក់ទំនង​​ជាមួយ​ប្រទេស​ក្រៅដែនដី​អឺរ៉ុប ដូចជា​ចិន​រឺ​ក៏អាមេរិក ក៏ពិបាក ព្រោះ​ចិន​ រឺ​ក៏​អាមេរិក​ គេត្រូវ​មើល​សហភាព​អឺរ៉ុប​ដែល​មា​នប្រជាជន​រាប់រយ​លាននាក់​មុនហើយ អង់គ្លេស​លែង​មា​នអាទិភាព​ដូចមុន​ទៀតហើយ។ ក្រុមហ៊ុន​សហគ្រាស​ក្នុងស្រុក​កំពុង​បារម្ភ​ពី​ផលវិបាកប្រិចស៊ី​ត ចំពោះ​សកម្មភាព​រកស៊ី​របស់ពួកគេ។ ​

ដោយសារ​ឃើញថា ខាត​ប្រយោជន៍​បែបនេះ ក្នុង​ពេល​ចរចា​លែងលះ​ពី​អឺរ៉ុបពេលនេះ អង់គ្លេស​មិនចង់​បាត់ប្រយោជន៍សេដ្ឋកិច្ច​ភ្លាមៗទេ គឺ​ចង់​មា​នអន្តរកាល​ប្រិចស៊ីត​មួយ ​អនុញ្ញាត​អោយ​អង់គ្លេស​នៅតែ​អាច​ស្ថិតក្នុង​​​ទីផ្សារ​រួម​​​អឺរ៉ុប​ ​ក្នុង​​សហភាពពន្ធ បានច្រើន​ឆ្នាំ​ទៀត។ ​​ ​​

​ការ​​ចរចា​និតិវិធី​លែងលះ​​ពី​អឺរ៉ុបគឺត្រូវធ្វើ​​អោយ​រួចរាល់ នៅខែមិនា ឆ្នាំ​២០១៩។ ​ប៉ុន្តែ ​ការចរចា​​មកដល់ពេលនេះ ដូចជា​យឺតបន្តិច​ហើយ ប្រៀបនឹង​អ្វី​ដែលត្រូវធ្វើ​អោយ​ចប់សព្វគ្រប់ មុនខែមិនា​​ឆ្នាំ២០១៩។ ខាងសហភាព​អឺរ៉ុប​ប្រាប់ថា ​ពេលវេលា​​មិនមែន​ជាបញ្ហា​ទេ បញ្ហា​​​គឺ​នៅខាងអង់គ្លេសឯណោះទេ។ អឺរ៉ុប​ពិបាក​ទុកចិត្ត​អង់គ្លេស​។​​ ប្រាកដហើយ ​អង់គ្លេស​មិនចង់បង់លុយជាកាតព្វកិច្ច​នៃ​ការ​​ដើរចេញ​ពី​អឺរ៉ុប​ មិនចង់​អោយ​ពលរដ្ឋ​អឺរ៉ុប​មានសិទ្ធិដើរហើរ​ក្នុង​ទឹកដី​ខ្លួន មិនចង់​ទទួល​យកកូតា​ជន អន្តោប្រវេសន៍​ដែល​អឺរ៉ុប​កំណត់អោយ។ ទាំងអស់នេះសុទ្ធតែ​​​ជាបញ្ហា​​​ដែល​នាំអោយ​ការចរចា​ប្រិចស៊ីត​​រាំងស្ទះ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ