អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អេស្ប៉ាញ​កាន់​ទុក្ខ​ ៣ថ្ងៃ ក្រោយ​ទទួល​រង​ភេរវកម្ម​ពីរ​ផ្ទួន​គ្នា​សម្លាប់​មនុស្ស​យ៉ាង​តិច ១៤នាក់ និង​របួស​ជាង ១០០នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ រដ្ឋាភិបាល​បាន​ប្រកាស​នា​ថ្ងៃ​សុក្រ ទី១៨​សីហា​ពី​ការ​កាន់​ទុក្ខជាតិ​រយៈពេល ៣ថ្ងៃ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​ជនរងគ្រោះ​នៅ​ក្នុង​អំពើ​ភេរវកម្ម​ពីរ​ផ្ទួន​គ្នា។ គឺ​ជា​អំពើ​ភេរវកម្ម​ដែល​ភេរវជន​បាន​បរ​រថយន្ត​សំដៅ​លើ​ហ្វូង​មនុស្ស​នៅ​ក្នុង​ក្រុង​ទេសចរណ៍​បាសឺឡូនណា (Barcelone) និង​ស្រុក​ឆ្នេរសមុទ្រ​កំប្រីល (Cambrils)។ តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១៤នាក់ និង​របួស​ជាង ១០០នាក់​ដែល​ភាគ​ច្រើន​ជា​អ្នកទេសចរណ៍​បរទេស។ អង្គការ​រដ្ឋអ៊ីស្លាម​បាន​ចេញ​មុខ​ប្រកាស​នៅ​ក្រោយ​ហេតុការណ៍​ថា ជា​ស្នាដៃ​របស់​ខ្លួន។ ប្រតិកម្ម​ថ្កោលទោស​ពី​បរទេស មាន​អាមេរិក និង​បារាំង​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់។

អេស្ប៉ាញ​កាន់​ទុក្ខ​ ៣ថ្ងៃ ក្រោយ​ទទួល​រង​ភេរវកម្ម​ពីរ​ផ្ទួន​គ្នា​សម្លាប់​មនុស្ស​យ៉ាង​តិច ១៤នាក់ និង​របួស​ជាង ១០០នាក់
អេស្ប៉ាញ​កាន់​ទុក្ខ​ ៣ថ្ងៃ ក្រោយ​ទទួល​រង​ភេរវកម្ម​ពីរ​ផ្ទួន​គ្នា​សម្លាប់​មនុស្ស​យ៉ាង​តិច ១៤នាក់ និង​របួស​ជាង ១០០នាក់ REUTERS/Sergio Perez
ផ្សាយពាណិជ្ជកម្ម

ភេរវកម្ម​ទាំង​ពីរ​ត្រូវ​បាន​ភេរវជន​ប្រើ​វិធីសាស្រ្ត​តែ​មួយ គឺ​ប្រើ​រថយន្ត​បរ​សំដៅ​លើ​ហ្វូង​មនុស្ស​ក្នុង​ចេតនា​សម្លាប់ ឬ​ធ្វើ​ឲ្យ​របួស។ ភេរវកម្ម​ទាំង​ពីរ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​តែ​មួយ គឺ​កាតាឡូញញ៉ា (Catalognia) តែ​នៅ​កន្លែង​ពីរ​ខុស​គ្នា ទី១ នៅ​បាសឺឡូនណា (Barcelona) ដែល​ជា​ទីក្រុង​របស់​កាតាឡូញញ៉ា និង​ទី២ នៅ​ស្រុក​ឆ្នេរសមុទ្រ​កំប្រីល (Cambrils) ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ១២០គីឡូម៉ែត្រ​ពី​ទីក្រុង​បាសឺឡូនណា។ គួរ​បញ្ជាក់​ថា កាតាឡូញញ៉ា (Catalognia) ជា​តំបន់​ស្វយ័ត​របស់​អេស្ប៉ាញ។ ភេរវកម្ម​នៅ​ក្រុង​បាសឺឡូនណា​ដែល​ជា​តំបន់​ទេសចរណ៍​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ៥ល្ងាច ម៉ោង​ក្នុង​ប្រទេស​អេស្ប៉ាញ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ សីហា​ដោយ​ភេរវជន​បាន​បើក​ឡាន​សំដៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​ដើរ​លេងកំសាន្ត។

ភេរវកម្ម​នៅ​ក្រុង​បាសឺឡូនណា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៤នាក់ របួស​ប្រមាណ​ជា ១០០នាក់ ហើយ​ជនដៃ​ដល់​ក៏​បាន​ចុះ​ពី​ឡាន​រត់​គេច​ខ្លួន​បាត់។ ៧ម៉ោង​ក្រោយ​មក ពោល​នៅ​វេលា​រំលង​អធ្រាត្រ​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី១៨ សីហា ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ជិះ​គ្នា ៥នាក់​បាន​បើក​សំដៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​ដើរ​ឆ្លង​ផ្លូវ​ក្នុង​ស្រុក​ឆ្នេរសមុទ្រ​កំប្រីល (Cambrils)។ ហេតុការណ៍​នៅ​ស្រុក​កំប្រីល (Cambrils)​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទេ តែ​របួស ៧នាក់ ក្នុង​នោះ​មាន​ប៉ូលិស​ម្នាក់។ ចំណែក​ភេរវជន​ទាំង ៥នាក់​ត្រូវ​បាន​កម្លាំង​ប៉ូលិស​សំលេស​ចោល​ទាំង​អស់។

ព័ត៌មាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ភេរវជន​ស្លាប់​ទាំង ៥នាក់​នោះ មាន​ខ្លះ​ដាក់​ជាតិផ្ទុះ​ជាប់​នឹង​ខ្លួន​ទៀត​ផង។ សរុប​មក អំពើ​ភេរវកម្ម​ទាំង​ពីរ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៤នាក់ និង​របួស​ជាង ១០០នាក់។ នេះ​គ្រាន់​ជា​តួលេខ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ព្រោះ​មាន​របួស​ធ្ងន់​ស្ទើរ​ស្លាប់ ស្ទើរ​រស់​ជា​ច្រើន​នាក់​កំពុង​ទទួល​ការ​ព្យាបាល​បន្ទាន់។ ក្នុង​ចំណោមអ្នក​ស្លាប់ និង​របួស​មាន​ជនជាតិ​អាល្លឺម៉ង់ អេស្ប៉ាញ អាហ្សង់ទីន ហូឡង់ វ៉េណេស៊ុយអេឡា បែលហ្សិក អូស្រា្តលី ហុងគ្រី ប៉េរូ អៀឡង់ ក្រិក គុយបា ម៉ាសេដ្វាន ចិន អ៊ីតាលី រូម៉ានី និង​បារាំង​ដែល​មាន​របួស ២៦នាក់ ក្នុង​នោះ​របួស​ធ្ងន់ ១១នាក់។

អង្គការ​រដ្ឋអ៊ីស្លាម​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​ខ្លួន

ភេរវកម្ម​នៅ​ក្រុង​បាសឺឡូនណា និង​នៅ​ស្រុក​កំប្រីល​ត្រូវ​បាន​ប៉ូលិស​អេស្ប៉ាញ​សន្និដ្នាន​ភ្លាមៗ​ថា មាន​ចំណង​ទាក់ទង​គ្នា។ ខណៈ​នេះ កម្លាំង​ប៉ូលិស​អេស្ប៉ាញ​កំពុង​ចេញ​ប្រតិបត្តិការ​យ៉ាង​សកម្ម​តាម​រក​ចាប់​ខ្លួន​ជនដៃដល់​ដែល​បាន​បរឡាន​សំដៅ​លើ​ហ្វូង​មនុស្ស​ក្នុង​ក្រុង​បាសាឡូនណា។ ម្យ៉ាង​ទៀត គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​មាន​ជន​ប៉ុន្មាន​នាក់​ដែល​ជិះ​ក្នុង​ឡាន​នោះ ហើយ​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាន​រៀបចំ​សេណារីយ៉ូ​នោះ។ យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ មាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​ប៉ូលិស​ក្រុង​កាតាឡូនណា​ចាប់​ខ្លួន ម្នាក់​ជា​ជនជាតិ​ម៉ារ៉ុក និង​ម្នាក់​ទៀត​មាន​ដើមកំណើត​ពី​ក្នុង​ស្រុក​ម៉ែលីឡា​ដែល​ជា​ស្រុក​ស្វយ័ត​មួយ​ទៀត​របស់​អេស្ប៉ាញ។ តែ​អ្នក​ឃាត់​ខ្លួន​ទាំង​ពីរ​នាក់​មិនមែន​ជា​អ្នក​បើក​រថយន្ត​នោះ​ទេ។

ងាក​ទៅ​ស្រុក​កំប្រីល ប៉ូលិស​បាញ់​សម្លាប់​ភេរវជន​ទាំង ៥នាក់​ដែល​ជិះ​នៅ​ក្នុង​រថយន្ត។ មាន​ការ​លើក​ឡើង​ថា ការ​ដែល​ភេរវជន​ទាំង ៥នាក់​បើក​បុក​មនុស្ស​ដែល​កំពុង​ឆ្លង​ផ្លូវ​ធ្វើ​ឲ្យ​របួស​ជា​រឿង​ចៃដន្យ ព្រោះ​តាម​ពិត គម្រោង​ការ​របស់​ពួក​គេ គឺ​ធ្វើ​ដំណើរ​ទៅ​បំផ្ទុះ​ជាតិផ្ទុះ​ជាប់​ខ្លួន​គេ​នៅ​កន្លែង​ទីប្រជុំជន​ផ្សេង។ យ៉ាង​ណា​ក៏​ដោយ អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​សារភាព​ថា ភេរវកម្ម​ទាំង​ពីរ​ជា​ស្នាដៃ​របស់​ខ្លួន។

អេស្ប៉ាញ​ជា​ជង្រុក​របស់​ពួក​អ៊ីស្លាមនិយមជ្រុល?

បើ​ធៀប​នឹង​ប្រទេស​អឺរ៉ុប​ផ្សេង ដូច​យ៉ាង​បារាំង បែលហ្សិក អង់គ្លេស ឬ​អាល្លឺម៉ង អេស្ប៉ាញ​ជា​ប្រទេស​អឺរ៉ុប​មួយ​ដែល​រួច​ផុត​ពី​ការ​វាយប្រហារ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា អេស្ប៉ាញ​មិន​ធ្លាប់​រង​ការ​វាយប្រហារ​ពី​ពួក​អ៊ីស្លាមនិយមជ្រុល​នោះ​ទេ។ ជាក់ស្តែង​កាល​ពី​ជាង ១០ឆ្នាំ​មុន ពោល​ក្នុង​ឆ្នាំ ២០០៤ អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ជាង ១០គ្រាប់​ក្នុង​រថភ្លើង​ដែល​កំពុង​ធ្វើ​ដំណើរ​ពី​ខេត្ត​ទៅ​កាន់​ទីក្រុង​ម៉ាឌ្រីដ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៩១នាក់ និង​របួស​ប្រមាណ​ជា ២ ០០០នាក់​ផ្សេង​ទៀត។ អំពើ​ភេរវកម្ម​កាល​ណោះ​ជា​ស្នាដៃ​របស់​ពួក​អ៊ីស្លាមនិយមជ្រុល​អាល់កៃដា។ ម្យ៉ាង​ទៀត អេស្ប៉ាញ​ខ្លួន​ឯង​ក៏​ធ្លាប់​បាន​ទទួល​រង​ភេរវកម្ម​ពី​ពួក​អ្នក​ទាមទារ​ផ្តាច់ទឹកដី​និយម ETA ដែរ។

ពិត​ណាស់​ថា​រហូត​មក​ទល់​ពេល​នេះ អេស្ប៉ាញ​រួច​ផុត​ពី​ការ​វាយប្រហារ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម តែ​ចូរ​កុំ​ភ្លេច​ថា អេស្ប៉ាញ​ជា​កន្លែង​ជ្រកកោណ​មួយ​ដ៏​សំខាន់​របស់​ពួកជីហាត។ របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​មួយ​ក្នុង​ឆ្នាំ ២០១៦ ឲ្យ​ដឹង​ថា ក្នុង​ចំណោម​មនុស្ស​ដែល​ប៉ូលិស​អេស្ប៉ាញ​ឃាត់ខ្លួន​ពី​បទ​មាន​ចំណង​ទាក់ទង​ជាមួយ​​អង្គការ​រដ្ឋអ៊ីស្លាម មាន ៤៥% ជា​ជនជាតិ​អេស្ប៉ាញ និង ៤១% ជា​ជនជាតិ​ម៉ារ៉ុក។ តាម​របាយការណ៍​ដដែល ក្រុង​បាសឺឡូនណា​ជា​ជង្រុក​ពួកជីហាត​ដ៏​សំខាន់​នៅ​ក្នុង​ទឹកដី​អេស្ប៉ាញ នោះ​បើ​អេស្ប៉ាញ​មិន​សូវ​មាន​ជនជាតិ​ខ្លួន​ចេញ​ទៅ​ចូលរួម​ជាមួយ​យុទ្ធជន​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់ ឬ​ស៊ីរី​ក៏​ដោយ។

មួយ​វិញ​ទៀត អេស្ប៉ាញ​មិន​បាន​បញ្ជូន​កម្លាំង​ទ័ព​ទៅ​ចូលរួម​ជាមួយ​កម្លាំង​សម្ព័ន្ធមិត្ត​វ៉ៃប្រហារ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់​ដែរ។ តែ​បាន​បញ្ជូន​ទាហាន​ជា​ច្រើន​នាក់​ទៅ​ជួយ​ហ្វឹកហ្វឺន​កម្លាំង​ទាហ៊ាន​អ៊ីរ៉ាក់។ គឺ​ទង្វើ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​អេស្ប៉ាញ​រង​ការ​វាយប្រហារ​នៅ​ពេល​នេះ ដូច​ដែល​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ពួក​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ