អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ខួប​គម្រប់​៣​ឆ្នាំ​ តាំង​ពី​រុស្ស៊ី​ដាក់​ទណ្ឌកម្ម​បក​ទៅ​ បស្ចិមលោក​វិញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បី​ឆ្នាំ​មុន​ថ្ងៃ​៦​សីហា​ឆ្នាំ​២០១៤ លោក​ប្រធានាធិបតី វ៉្វាឌីមៀរ ពូទីន បាន​ចេញ​ក្រិត្យ​លាន់​រន្ទឺ​ដែល​ហាម​មិន​ឲ្យ​នាំ​គ្រឿង​បរិភោគ​លោកខាងលិច​ចូល​ប្រទេស​រុស្ស៊ី​ក្នុង​ឋានៈ​ជា​ចម្លើយ​តប​នឹង​ទណ្ឌកម្ម​ដែល​បស្ចិមលោក​ពួតដៃ​គ្នា​ដាក់​ទល់​នឹង​ម៉ូស្គូ​ក្រោម​លេស​ថា ម៉ូស្គូ​រំលោភ​លើ​ច្បាប់​អន្តរជាតិ ដោយ​បាន​ភ្ជាប់​យក​ទឹកដី​គ្រីមេ​ទាំង​ផ្តាច់​វា​ចេញ​ពី​រដ្ឋ​អ៊ុយក្រែន។ យោង​ទៅលើ​តួលេខ​អង្គការ​សហប្រជាជាតិ ប្រមុខ​រដ្ឋ​រុស្ស៊ី ថ្លែងថា​ដោយ​មក​ពី​ទណ្ឌកម្ម​ទៅ​វិញ​ទៅ​មក​ក្នុង​រយៈពេល​នេះ រុស្ស៊ី​ខាត​បង់​អស់​ប្រមាណ ៥២.០០០ លាន​ដុល្លារ​ចំណែក​លោក​ខាង​លិច​ខាត​បង់​អស់​ដល់​ទៅ ១០០.០០០ លាន​ដុល្លារ។

លោក​ប្រធានាធិបតី​​រុឹស្ស៊ី  ពូទីន​​
លោក​ប្រធានាធិបតី​​រុឹស្ស៊ី ពូទីន​​ REUTERS/Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

លើក​ចុង​ក្រោយ​គឺ​ថ្ងៃ​៣០​មិថុនា​កន្លង​ទៅ​ដែល​តាម​សំណើ​លោក​នាយករដ្ឋមន្ត្រី ឌ្មីទ្រី មេដវេដេវ លោកប្រធានាធិបតី​ពូទីន បាន​ចុះហត្ថលេខា​លើ​ក្រិត្យ​ពន្យារ​ទណ្ឌកម្ម​បក​វិញ​ពី​ខាង​រុស្ស៊ី​នោះ​ មួយ​ឆ្នាំ​កន្លះ​ទៅមុខ​ទៀត​រហូត​ដល់​ថ្ងៃ​៣១​ធ្នូ​ឆ្នាំ​២០១៨។ ពន្យារ​នេះ គឺ​ក្រោយពី​សហភាព​អឺរ៉ុប បាន​ពន្យា​សុពលភាព ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ដល់​ថ្ងៃ ៣១​មករា​ឆ្នាំ​ក្រោយ​នោះ។

ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​ទៅ​ស្របនឹង​ការណែនាំ​របស់​រដ្ឋាភិបាល ក្នុង​ប្រទេស​រុស្ស៊ី​គេ​សង្វាត​ផ្តល់​ផលិតផល​ជាតិ​ជា​ជំនួស​ការនាំ​ចូល​គ្រឿង​បរិភោគ​ពីបណ្តាប្រទេស​ខាង​លិច។ ឥឡូវ​ស្ថានការណ៍​វិវឌ្ឈន៍ដល់​ដំណាក់កាល​ដែល​ពួក​ម្ចាស់​កសិដ្ឋាន​ក្នុង​ប្រទេស​ដែល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចេះ​ផ្តល់​កសិផល​បាន​កាន់តែ​ក្រាស់ក្រែល​ហើយ​ទទួល​ចំណូល​កាន់តែ​ច្រើន​ទៅ​ដែរ​ដោយ​មាន​ការគាំទ្រ​ពី​ខាង​ពួក​មន្ត្រី​រដ្ឋការ​នាំគ្នា​ទទូច​ថ្នាក់​ដឹកនាំ​ឲ្យ​ពន្យា​បម្រាម​ហាមការ​នាំ​ចូល​គ្រឿងបរិភោគ​ពី​បស្ចិមលោក​រាប់ឆ្នាំ​ទៀត។ កាលពីដើម​កក្កដា លោក​រដ្ឋមន្ត្រី​កសិកម្ម Alexandre Tkatchev បាន​សំដែង​សេចក្តី​សង្ឃឹមថា​បម្រាម​រុស្ស៊ី​នោះ​នឹង​ពន្យា​ទៅ​យ៉ាងហោច​ណាស់ ១០​ឆ្នាំ​ទៅ​មុខ​ទៀត។

ប្រទេស​ដែល​ជាប់​ក្នុង​បម្រាម​ហាមមិន​ឲ្យ​នាំគ្រឿងបរិភោគ​ចូល​រុស្ស៊ី គឺ​២៨​ប្រទេស​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក , កាណាដា , អូស្ត្រាលី ,ន័រវ៉ែស ព្រមទាំង​ប្រទេស​ដែល​សាមគ្គី​ជាមួយ​បស្ចិមលោក​ក្នុង​ការដាក់​ទណ្ឌកម្ម​រុស្ស៊ី​ពោលគឺ​អាល់បានី, ម៉ុងតេណេគ្រោ , អ៊ីស្លង់ , លីចតេនស្តេន​និង​អ៊ុយក្រែន។

ចំណែក​គ្រឿងបរិភោគ​ដែល​ហាម​មិនឲ្យ​នាំចូល​រុស្ស៊ី​ពី​ប្រទេស​ទាំង​នោះ គឺ ៖ សាច់គោ សាច់ជ្រូក សាច់មាន់ សាច់ទា សាច់ក្ងាន​និង​សាច់​បសុបក្សី​ផ្សេង​ទៀត​ត្រី បន្លែ ផ្លែឈើ ទឹកដោះគោ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​បែបយ៉ាង​ហ្វ្រូម៉ាស។ល។ តាមតួលេខ លើកយក​មក​បង្ហាញ​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​រុស្ស៊ី​ក្នុង ៣ឆ្នាំ​កន្លង​ទៅ​ អាជ្ញាធរ​រុស្ស៊ី​ចេះទប់ស្កាត់​មិនឲ្យ​នាំចូល​មក​រុស្ស៊ី​គឺ​គ្រឿងបរិភោគ​ពី​បស្ចិមលោក​ដែល​ប្តូរ​ស្លាកម៉ាក​ក្លែង​ជា​ផលិតផល​របស់​ប្រទេស​ជិតខាង​និង​រុស្ស៊ី​ក្នុង​លំហ​អតីត​សហភា​សូវៀត សរុប​ទៅ ១៨.០០០ តោន​ហើយ​ត្រូវ​បាន​ដុត​កំទេចចោល​ក្រោម​ស្នូរ​សោកស្តាយ​ថា បើ​យក​វា​ទៅ​ចែក​ឲ្យ​អ្នកស្រុក​ក្រីក្រ គឺប្រសើរ​ជាង។

ចំហៀង​អវិជ្ជមាន ដែល​មិន​អាច​មើល​រំលង​បាន គឺ​ថា ដោយ​មក​ពី​ទណ្ឌកម្ម​បក​វិញ​ពី​ខាង​រុស្ស៊ី តាម​ស្ថិតិ​រដ្ឋ គិតពី​ខែ​សីហា​ឆ្នាំ​២០១៤ ដល់​ខែ​កក្កដា​ឆ្នាំ​២០១៧ គ្រឿងបរិភោគ​នៅ​រុស្ស៊ី​លើកលែង​តែ សុរា បា​ឡើង​ថ្លៃ​ដល់​ទៅ ៤៥%។ បើនិយាយ​លំអិត គឺ​ថា​សាច់​គ្រប់​ប្រភេទ​បាន​ឡើង​ថ្លៃ ២៦% ,ត្រី​និង​គ្រឿង​សមុទ្រ​បានឡើង​ថ្លៃ ៦៦% , ទឹកដោះគោ​និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ បាន​ឡើង​ថ្លៃ ៥៧%, បន្លែ​និង​ផ្លែឈើ បានឡើង​ថ្លៃ ៤៤%។

ប្រាកដណាស់ ដើម្បី​បំពេញ​ដល់​តម្រូវការ​ខ្លួន ជាជំនួសការ​នាំចូល​ពី​ប្រទេស​ខាង​លិច​និង​សម្ព័ន្ធមិត្ត​គេ រុស្ស៊ី បាន​រក​ឃើញ​ទីផ្សារ​ផ្សេង​សម្រាប់​នាំ​ចូល​នូវ​គ្រឿង​បរិភោគ បែបយ៉ាង​ពី​បណ្តា​ប្រទេស​មជ្ឈឹមបូព៌ា មាន​តួកគី អេហ្ស៊ីប អ៊ីស្រាអែល ជាដើម​និង​បណ្តា​ប្រទេស​អាមេរិក​ឡាទីន។ រួចដោយហេតុថា រុស្ស៊ី​ខ្លួន​ឯង​ក៏​បង្កើន​ការ​ផលិត​គ្រឿង​បរិភោគ​ផ្ទាល់​ខ្លួន​ដែរ បាន​ជា​ក្រសួង​កសិកម្ម​ដោយ​បូក​សរុប​តុល្យាការ ៣​ឆ្នាំ​កន្លង​ទៅ​ធ្វើការ​ប្រៀបធៀប​ថា ៖ បើ​ក្នុង​ឆ្នាំ ២០១៣​គឺ​សម័យ​មុន​ទណ្ឌកម្ម​ទៅវិញទៅមក​ខាង​សាច់ជ្រូក រុស្ស៊ី​បាននាំ​ចូល​ដល់​ទៅ ២៦% នោះក្នុង​ឆ្នាំ​២០១៦ វាធ្លាក់​មក​នៅ​ត្រឹម ៨%, ខាង​សាច់​បសុបក្សី​គឺ​ធ្លាក់​ចុះ អស់ ២​ដង​កន្លះ​មក​នៅ​ត្រឹម ៥%ប៉ុណ្ណោះ ខាង​បន្លែ​និង​ផ្លែឈើ​គឺ​ធ្លាក់​ចុះ​ដល់ទៅ ៣​ដង។ គិតជា​ទឹកប្រាក់បើ​ក្នុង​ឆ្នាំ ២០១៣ រុស្ស៊ី​បាន​ចំណាយ​ដល់​ទៅ ៤៣.០០០ លាន​ដុល្លារ​សម្រាប់​នាំ​ចូល​គ្រឿង​បរិភោគ​នោះក្នុង​ឆ្នាំ​២០១៦​ទំហំ​នាំ​ចូល​នេះ​ស្រុត​ចុះ​ដល់​ទឹកប្រាក់ត​ ២៥.០០០ លាន​ដុល្លារ។

គួរនិយាយថា រុស្ស៊ី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​នាំមុខ​គេ ខាង​នាំចេញ​នូវ​ស្រូវសាលី​សម្រាប់​ធ្វើ​នំប៉័ង​ដោយក្នុង​១​ឆ្នាំៗ​នាំ​វា​ចេញ​ក្នុង​បរិមាណ​ពី ២៥ ទៅ ៣០ លាន​តោន​ទៅ​កាន់​ប្រទេស​ចំនួន​សឹង ១០០ ឯណោះ ដែល​ពី​ក្នុង​នោះ​ទិញ​ច្រើន​ជាង​គេ​គឺ​អេហ្ស៊ីប តួកគី ចិន វៀតណាម។

ជាការរំលឹក ៖ ទណ្ឌកម្ម​រុស្ស៊ី​ក្នុង​ទម្រង់​ជា​បម្រាមហាម​មិនឲ្យ​នាំគ្រឿង​បរិភោគ​ពី​បស្ចិមលោក​ចូល​រុស្ស៊ី​ជាចម្លើយ​តប​នឹង​ទណ្ឌកម្ម​ដែល​មុន​ដំបូង​សហភាព​អឺរ៉ុប​រួច​បន្ទាប់មក​សហរដ្ឋអាមេរិក និង​កាណាដា​នាំគ្នាប្រកាស​ដាក់​ជា​បន្តបន្ទាប់​ទល់​នឹង​រូបវន្ត​បុគ្គល​រុស្ស៊ី​មក​ទល់​ឥឡូវ​ឡើង​ដល់ ៣៨៨​នាក់​និង​នីតិបុគ្គល​រុស្ស៊ី​មកទល់ឥឡូវ​ឡើង​ដល់​ចំនួន ១០៥ ទៅ​ហើយ​ដែល​ថាពាក់ព័ន្ធ​នឹង​ការ​ផ្តាច់ទឹកដី​គ្រីមេ​ចេញ​ពី​អ៊ុយក្រែន​ហើយ​ភ្ជាប់វា​មក​នឹង​រុស្ស៊ី។ ក្នុងចំណោម រូបវន្ត​បុគ្គល​នោះ​ដែល​បើគេ​មាន​លុយ​ក្នុង​ធនាគារ​ប្រទេស​ខាងលិច គឺ​ត្រូវ​បង្កក​ទុក​ហើយមិន​អាច​ទទួល​ទិដ្ឋាការ​ដើម្បី​ធ្វើដំណើរ​ចូល​ប្រទេស​ខាង​លិច​ឡើយ គឺ​មាន ៖ ប្រធាន​នៃ​សភា​ទាំង​ពីរ​ថ្នាក់​ដែល​បាន​អនុម័ត​វិសោធនកម្ម​កែប្រែ​រដ្ឋធម្មនុញ្ញ​រុស្ស៊ី អនុញ្ញាត​ឲ្យ​ខេត្ត​ចំណុះសហព័ន្ធ​រុស្ស៊ី​ឡើង​ពី​ចំនួន ៨៣ ដល់ ៨៥ តាម​រយៈ​ការ​រទទួល​សាធារណរដ្ឋគ្រីមេ​និង​ក្រុងផែ សេបាស្តូប៉ុល ជាមូលដ្ឋាន​កងនាវា​រុស្ស៊ី​ប្រចាំ​នៅ​សមុទ្រ​ខ្មៅ​ទៅ​ជា​ខេត្ត​ចំណុះ​ថ្មី , រដ្ឋមន្ត្រី​ក្រសួង​កម្លាំង​នានា​បូក​ទាំង​នាយអគ្គ​សេនាធិការដ្ឋាន​កងទ័ព​រុស្ស៊ី​ដែល​ថា​បាន​ប្រើ​កម្លាំង​យោធា​ក្នុង​ព្រឹត្តិការណ៍នោះ​។ ហើយ​ក្នុងចំណោម​នីតិបុគ្គល​ជាប់​ក្នុង​ទណ្ឌកម្ម​បស្ចិមលោក មាន​ជា​អាទិ៍ គឺ​ក្រុមហ៊ុន​រុស្ស៊ី​ណា​ដែល​មាន​និស្ស័យ​ជាប់​ទៅ​នឹង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​គ្រីមេ។

លោក​ប្រធានាធិបតី​ពូទីន រមែង​ថ្លែងថា ៖ បើ​បស្ចិមលោក​លុប​ទៅ​វិញ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី នោះ​ម៉ូស្គូ​ក៏លុប​ទៅ​វិញ​ដែរ​បម្រាមហាម​មិន​ឲ្យ​នាំ​គ្រឿង​បរិភោគ​ពី​បណ្តា​ប្រទេស​ខាង​លិច​ចូល​រុស្ស៊ី។ ម៉ូស្គូ មិន​យល់​ព្រមពិភាក្សា​បញ្ហា​ទណ្ឌកម្ម​ឡើយ​ដ្បិត​មិនមែន​រុស្ស៊ី​ទេ​ដែល​បាន​បង្ក​រឿង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ