អានតួអត្ថបទ
បារាំង

ជនមិន​ស្គាល់មុខ បើកឡាន​បុក​​ទាហាន​បារាំង នៅ​ជាយក្រុង​ប៉ារីស

អយ្យការ​បារាំង​ផ្នែក​ប្រឆាំង​ភេរវកម្ម បាន​បើក​ការស៊ើបអង្កេត​ភ្លាម បន្ទាប់ ពី​ទាហាន​បារាំង​៦នាក់ នៅព្រឹក​ថ្ងៃ​ពុធនេះ ត្រូវបាន​ជនមិន​ស្គាល់​មុខ បើកឡាន​សម្រុក បុក ដោយ​របួស នៅ​ជាយក្រុង​ប៉ារីស។ រដ្ឋមន្រ្តី​ការពារ​ជាតិ​បារាំង លោកស្រី Florence Parly​បាន​ថ្កោលទោស សកម្មភាព​ឧក្រិដ្ឋ ប្រឆាំង​ទាហាន​បារាំង។

ទាហាន​បារាំង​ឈរ​យាម​នៅ​លើ​ផ្លូវ ដែល​ទាហាន​បារាំង ៦នាក់ ត្រូវ​ជនមិនស្គាល់​មុខ បើកឡាន​បុក ឲ្យ​របួស​នៅ​ក្រុង​ Levallois-Perret, ដែល​ស្ថិតនៅ​ជាយក្រុង​ប៉ារីស នៅថ្ងៃទី ៩​សីហា ២០១៧
ទាហាន​បារាំង​ឈរ​យាម​នៅ​លើ​ផ្លូវ ដែល​ទាហាន​បារាំង ៦នាក់ ត្រូវ​ជនមិនស្គាល់​មុខ បើកឡាន​បុក ឲ្យ​របួស​នៅ​ក្រុង​ Levallois-Perret, ដែល​ស្ថិតនៅ​ជាយក្រុង​ប៉ារីស នៅថ្ងៃទី ៩​សីហា ២០១៧ © REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

ទាហាន​យាមល្បាត របស់​បារាំង​៦នាក់ ត្រូវ​បាន​ជនមិនស្គាល់​មុខ បុក​ឲ្យ​របួស នៅ​ម៉ោង ៨​ព្រឹក ត្រូវ​នឹង​ម៉ោង ១​រសៀល នៅ​ប្រទេស​កម្ពុជា។ ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​ទីក្រុង Levallois ជាយក្រុង​ប៉ារីស នៅ​ខណៈពេល​ដែល​ទាហាន ទើប​ចាប់ផ្តើម​សកម្មភាព ដើរល្បាត​របស់​ខ្លួន នៅក្នុង​ក្របខ័ណ្ឌ រក្សា​សន្តិសុខ កម្រិតខ្ពស់ នៅ​ប្រទេស​បារាំង។

 

ប៉ូលិស​បារាំង​កំពុង​សកម្ម បើកឡាន តាម​រុករក ចាប់ ជនល្មើស ដែល​ពេលនេះ កំពុង​បើក រត់ គេច​បាត់ស្រមោល នៅក្រោយ​បើកឡាន បុក​ទាហាន​បារាំង។ នៅក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ថ្ងៃនេះ លោកស្រី​រដ្ឋមន្រ្តី​ការពារ​ជាតិ​បារាំង Florence Parly បាន​និយាយ​ថា គេ​បាន​បើក​ការស៊ើបអង្កេត ដើម្បី​បញ្ជាក់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជនមិនស្គាល់​មុខ បើកឡាន បុកទាហាន​នៅថ្ងៃនេះ។

 

ចៅហ្វាយក្រុង​ Levallois លោក​Patrick Balkany​បាន​ចាត់ទុក​សកម្មភាព​ខាងលើ​ថា ជា​ការគ្រោងទុក មុន​របស់​ជនល្មើស។ តាម​ចៅហ្វាយក្រុង Levallois ដែល​និយាយ​ប្រាប់​ទូរទស្សន៍​បារាំង BFM ជនល្មើស បាន​រង់ចាំ​ឲ្យ​ទាហាន ដើរចេញ​ពី​បន្ទាយ​ក្បែរ​នោះ និង​បាន​បើកឡាន សំដៅ​បុក នៅពេល​ពួកគេ​ប្រុង​ឡើង​ឡាន ដែល​ទាហាន​ទៅ​ដើរល្បាត ក្នុង​ក្រុង។

 

ទាហាន​ទាំង​៦​នាក់ ដែល​ពីរនាក់ រងរបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍​បើកឡាន​បុកសម្លាប់​មនុស្ស​នៅ​ព្រឹកមិញនេះ ស្ថិតនៅក្នុង​កងវរសេនាធំ​ថ្មើរជើង លេខ ៣៥ ដែល​ត្រូវ​ចូលរួម នៅក្នុង​ប្រតិបត្តិការ​ដើរល្បាត រក្សា​សន្តិសុខ ឈ្មោះ Sentinell នៅតាម​ទីក្រុង​បារាំង។

 

ជាសរុប​មាន​ទាហាន​បារាំង ៧ពាន់​នាក់ ដែល​ត្រូវ​ដើរល្បាត ជារៀងរាល់​ថ្ងៃ នៅ​តាម​ផ្លូវ ក្នុង​ទីក្រុង នៅក្នុង​ប្រតិបត្តិការ​Sentinell ដែល​រដ្ឋាភិបាល​បារាំង បាន​ដាក់​ឲ្យ​ដំណើរការ នៅក្រោយ ការវាយប្រហារ​ភេរវកម្ម សម្លាប់​មនុស្ស​ជាង ១០០​នាក់ នៅ​ទីក្រុង​ប៉ារីស នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៥។ នៅក្រោយ​រងការវាយប្រហារ​ភេរវកម្ម និង​ដោយសារ​ការគំរាមកំហែង​ពី​ក្រុមជីហាត ភេរវនិយម រដ្ឋាភិបាល​បារាំង បាន​ប្រកាស​ដាក់​បារាំង ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់ មិនធ្លាប់​មាន​ពីមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ