អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចាប់​ពី​ថ្ងៃ​២​សីហាទៅ​ មនុស្សជាតិរស់​ក្នុង​បំណុលរបស់​​ភព​ផែនដី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី២​សីហា​នេះ ​ជា​ថ្ងៃ​ដែល​មនុស្សជាតិ​រស់នៅ​ដោយ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​លើសពី​អ្វី​ដែល​ភពផែនដីមាន​សមត្ថភាព​ផលិតបាន​ក្នុងមួយឆ្នាំ។ ចាប់ពីថ្ងៃនេះ​​ទៅ រហូតដល់​ថ្ងៃទី៣១ធ្នូ ធនធាន​ធម្មជាតិ​ដែល​យើង​ប្រើប្រាស់ គឺ​ជា​ធនធានបម្រុង។ ធនធាន​បម្រុង​ក៏​នឹង​ត្រូវ​អស់​ហិនហោច​នៅ​ថ្ងៃ​ណា​មួយ​ ប្រសិន​បើ​​មនុស្ស​ជាតិបន្ត​ប្រើ​ប្រាស់​ធនធានធម្មជាតិ​លើស​សមត្ថភាព​ផលិត​របស់​ភពផែនដី។ បើ​តាម​ការ​សិក្សា ចំនួន​ថ្ងៃ​ដែល​មនុស្ស​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ផលិត​ដោយ​ផែនដី​ក្នុង​មួយ​ឆ្នាំៗ មាន​កាន់​តែ​ខ្លី​ទៅៗ​ជា​លំដាប់ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​មក។

មនុស្សជាតិ​បាន​ប្រើប្រាស់​អស់​ធនធាន​ធម្មជាតិ​ដែល​ផែនដី​ផលិត​បាន​ក្នុង​មួយ​ឆ្នាំ​ នៅ​ថ្ងៃទី​២​សីហា ២០១៧
មនុស្សជាតិ​បាន​ប្រើប្រាស់​អស់​ធនធាន​ធម្មជាតិ​ដែល​ផែនដី​ផលិត​បាន​ក្នុង​មួយ​ឆ្នាំ​ នៅ​ថ្ងៃទី​២​សីហា ២០១៧ ®WWF
ផ្សាយពាណិជ្ជកម្ម

មនុស្សសត្វ​គ្រប់​រូប សុទ្ធតែមាន​កំរិត​​សមត្ថភាពរបស់​ខ្លួន​ ក្នុង​ការ​ធ្វើ​ ឬ​ផលិត​អ្វី​មួយ ! ​ធម្មជាតិក្រោម​ដី​លើ​ដី​ ទឹក​ប្រេង​ខ្យល់​ រុក្ខាលកវល្លិ៍ ពោល​គឺ ភពផែន​ដី​ទាំង​មូល ក៏​មាន​សមត្ថភាព​​លូតលាស់ ផលិត ​របស់​ខ្លួន ក្នុង​កំរិត​ច្បាស់​លាស់​ណា​មួយ​ដែរ ! ប៉ុន្តែ​អ្វី​ដែល​ភព​​ផែនដីអាច​​ផលិតបាន​​​ក្នុងរយៈ​ពេល​មួយ​​ឆ្នាំ​២០១៧​នេះ អាច​យក​បម្រើ​តម្រូវការ​​មនុស្ស​ជាតិ​​​បាន​ត្រឹម​តែ​៧​ខែ ត្រឹម​ថ្ងៃទី ២ សីហានេះប៉ុណ្ណោះ។ មនុស្ស​ជាតិ បាន​ប្រើ​អស់​រលីង​នូវ​អ្វី​ដែល​ធម្មជាតិមាន​សមត្ថភាព​ផលិត​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។ ដូច្នេះ​ពី​ថ្ងៃ​នេះ​ទៅ​ដល់​​ថ្ងៃ​៣១​ធ្នូ ដើម្បី​អាច​រស់ ដើម្បី​អាច​មាន​ទឹកហូប មាន​អាហារ​បរិភោគ អាច​ធ្វើ​បំល្លាស់​ទី ឬ​អាច​មាន​ថាមពល​ប្រើ​បាន មនុស្សជាតិ​ត្រូវ​យកឈ្នះ​ប្រព័ន្ធ​អេកូសាស្ត្រ​ បង្កើន​ការ​ផលិតបង្ខំ​ផែនដី​ឱ្យ​ប្រឹងធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​ធម្មជាតិ​របស់​ពួកគេ ពោល​គឺទៅយក​ធនធាន​បម្រុង​របស់​ផែន​ដី​មក​ប្រើ។

វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​មាន​ទីស្នាក់ការ​នៅ​ Oakland សហរដ្ឋ​អាមេរិក Global Footprint Network បានសិក្សា​គណនា​​​ ​ជារៀង​រាល់​ឆ្នាំ​ ថ្ងៃ​ដែល​មនុស្សជាតិ​ប្រើ​អស់​ធនធាន​ធម្មជាតិ​នៃ​ភពផែនដី ដោយ​សំអាង​លើ​ទិន្នន័យ​ជាង ១៥០០០​របស់​​អង្គការ​សហប្រជាជាតិ។ វិទ្យាស្ថាន​បាន​ធ្វើ​​ការសិក្សាដោយប្រើ​​វិធី​គណនា​​យ៉ាង​សាមញ្ញអំពី​ទំនួល​ខុស​ត្រូវ​របស់​មនុស្ស​និង​បរិស្ថាន តែ​​មិន​បានបូក​​ការ​ប្រើប្រាស់​ទឹក​ ការ​បំផ្លាញ​ព្រៃឈើ ឬ​ធនធាន​ក្រោមដី​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មាន​ពាក្យ​រិះគន់​ថា ការ​សិក្សា​នេះ​​មិន​ពេញ​លេញ​។ ប៉ុន្តែ​សមហេតុផល​បំផុត​ក្នុង​ការ​ដាស់​តឿន​មតិសាធារណៈ​ទូទៅ។

ចំនួន​ថ្ងៃ​ដែល​មនុស្សជាតិ​ប្រើ​ប្រាស់​ធនធាន​​ធម្មជាតិ​ហួស​ពី​សមត្ថភាព​ផលិត​របស់​ភព​ផែនដី កើន​ឡើង​ជា​លំដាប់

វិទ្យាស្ថាន​បាន​ប្រៀប​ធៀប​ស្នាម​បរិស្ថានរបស់​មនុស្ស​ដែល​វាស់​វែង​អំពី​កំរិត​ប្រើ​​​ធនធាន​ធម្មជាតិ ជា​មួយ​នឹងជីវៈ​​សមត្ថភាពផលិត​​​របស់ភពផែន​ដី​ ពោល​គឺ​សមត្ថភាព​​ស្ថាបនា​ធនធាន​បម្រុង​និង​សមត្ថភាព​ស្រូប​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុង​មួយ​ឆ្នាំៗ។ លទ្ធផល​បាន​បង្ហាញ​ថា ​ តម្រូវការ​មនុស្សមាន​ច្រើន​ជាង​ធនធាន​ដែល​មាន​ដល់​ទៅ​៧០%។ និយាយ​​បែប​ផ្សេង ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​មនុស្ស​ជាតិ គេ​គួរ​តែ​មាន​ភពផែនដី​ ១,៧។

ការ​សិក្សា​បាន​បង្ហាញ​ទៀត​ថា​ យើង​កាប់​ដើម​ឈើ​ក្នុង​ល្បឿន​លឿន​ជាងការ​​ដុះ​លូត​លាស់​នៃ​ព្រៃ ! យើងបរិភោគ​ច្រើន​ជ្រុល​ ​ទៅ​ចាប់​​ត្រី​ពី​សមុទ្ទ​ច្រើន​ជាងចំនួន​ត្រី​កើត​ក្នុង​មួយ​ឆ្នាំៗ​ ហើយ​យើង​បញ្ចេញ​ឧស្ម័ន​ពុល​​នៅ​ក្នុង​បរិយាកាស​ច្រើន​ខ្លាំង​ដែល​ព្រៃ​និង​សមុទ្ទ​មិន​អាច​ស្រូប​អស់។ កា​រនេះ​បាន​បង្ក​ផល​វិបាក​យ៉ាង​ខ្លាំង​ដល់​ភព​ផែន​ដី​ទាំង​មូល​ កាប់​ព្រៃ​ធ្វើ​​ឱ្យ​ថយ​​និង​ផុតពូជ​ជីវចម្រុះ​ ខ្សោះ​ទឹក សមុទ្ទ​លែង​សូវ​ប្រៃ ដីច្រោះ សំរាម​​កើន​ឡើង​គ​ជា​ភ្នំ ការ​ចិញ្ចឹម​សត្វ​​​បង្កើន​ឧស្ម័ន​កាបូនិច​ក្នុង​បរិយាកាស។​

កាលពី​ឆ្នាំ​១៩៦១ ផែន​ដី​មាន​សល់ផល​ធនធានធម្មជាតិ។ មនុស្ស​លោក​​ប្រើប្រាស់តែ​បីភាគ​បួន​នៃ​​ធនធាន​ធម្មជាតិ​​ផលិត​​ដោយ​ភពផែនដីប៉ុណ្ណោះ​។ តែ​ចាប់​ពី​ឆ្នាំ ១៩៧០​មក មនុស្ស​ជាតិ​ចាប់​ផ្តើម​ជាប់​បំណុល​ភពផែនដី។ នៅ​ឆ្នាំ​១៩៨៥ សមត្ថភាព​ផលិត​របស់​ភពផែនដី​អាច​ចិញ្ចឹម​មនុស្ស​បាន​ត្រឹម​​ថ្ងៃ​ទី ៥ វិច្ឆិកា - ១​តុលា​នៅ​ឆ្នាំ​១៩៩៨- ២០​សីហា នៅ​ឆ្នាំ​២០០៩- ១៩​សីហា នៅ​ឆ្នាំ​២០១៤ -៨សីហា​នៅ​ឆ្នាំ​២០១៦។ ថ្វី​បើ​នៅ​ទសវត្សរ៍​ចុងក្រោយ​ល្បឿន​នៃ​កើន​ថ្ងៃ​បំណុល​មិន​សូវ​លឿន​ខ្លាំង​មែន ប៉ុន្តែ​ប្រសិន​តែ​នៅ​បន្ត​ដូច្នេះ​ទៀត នោះគេ​ត្រូវ​រក​ភព​ផែនដី​មួយ​ទៀត​ហើយ​​នៅ​ឆ្នាំ​២០៣០ ទើប​អាច​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​ ក្នុង​មួយ​ឆ្នាំៗ​របស់​មនុស្ស​បាន។

តើ​នរណា​ប្រើប្រាស់​ធនធាន​​ផែនដី​ជាងគេ?

បើ​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​ទទួល​បន្ទុក​សិក្សា​លើ​បញ្ហា​នេះ គឺ​ក្រុមប្រទេស​អភិវឌ្ឍន៍​ និង​ជឿន​លឿន​ ជា​អ្នក​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ខ្លាំង​ជាងគេ ដល់​៥​ដង​លើស​ប្រទេស​ក្រីក្រ។ ជាមួយ​នឹង​របៀបរបប​រស់​នៅ​របស់​ជនជាតិ​អាមេរិក​​ឬ​អូស្ត្រាលី គេ​ត្រូវ​ការ​មាន​ភពផែនដី​ដល់​ទៅ​៥​ឯណោះ​ដើម្បី​រស់។ ទម្លាប់​រស់​នៅ​របស់​បារាំង​វិញ គេ​ត្រូវ​រក​ផែនដី​ពីរ​ទៀត​មក​បន្ថែម ហើយ​បើ​រស់​តាម​បែប​ចិន គេ​មាន​ភពផែន​ដី​ជាងពីរ និង​ប្រសើរ​បំផុត​គឺ​ខ្សែ​ជីវិត​ឥណ្ឌា ដែល​ហូប​អស់ធនធាន​ធម្មជាតិពិភពលោក​​តែ​៦០%​ប៉ុណ្ណោះ។

បើ​ប្រៀប​ធៀប​នឹង​ធនធាន​ធម្មជាតិ​ជាតិ​វិញ ជប៉ុន​ត្រូវ​ការ​មាន​ប្រទេស​ធំ​ជាង​សព្វ​ថ្ងៃ​៧​ដង​ដើម្បី​បំពេញ​តម្រូវការ​​ប្រជាជន អ៊ីតាលី​និង​អង់គ្លេសត្រូវ​ការ​មាន​ប្រទេស​ធំជាង​បួន​ដង។​

តើ​គេ​អាច​ប្តូរ​និន្នាការ​នេះ​ ​បាន​ដែរ​ឬទេ ?

ប្រសិន​បើ​យើ​ង​ចង់​ឱ្យ​មានលំនឹង​រវាង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​របស់​មនុស្ស​ជាតិ និង​ការ​ផលិត​បាន​របស់​ភព​ផែនដីក្នុង​មួយ​ឆ្នាំៗ នៅ​ឆ្នាំ​២០៣០ គេ​ត្រូវ​ចាប់​ផ្តើម​កាត់​បន្ថយចំនួន​ថ្ងៃ​ជំពាក់​ផែនដី បួន​ថ្ងៃ​កន្លះ​ក្នុង​មួយ​ឆ្នាំ។

​បើ​តាម​ការ​សិក្សា ជា​បឋម​ យើង​ត្រូវ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ជា​ដើម​ហេតុ​នៃ​បញ្ហាប៉ះពាល់​បរិស្ថាន​ពិភពលោក​​ដល់​ទៅ​៦០%។ បើ​ពិភពលោក​អាច​កាត់​បន្ថយ​ការ​បញ្ចេញឧស្មមន័​កាបូនិក​បាន​៥០​% នោះគេ​នឹង​អាច​ចំណេញ​ថ្ងៃ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ស្រប​តាម​កម្លាំង​ផែនដី​បាន​បី​ខែ។

បន្ទាប់​មក​ត្រូវ​កំរិត​ការឡើង​កម្តៅ​នៃ​ភព​ផែនដី ស្រប​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ដើម្បី​ជីវចម្រុះ​អាច​ដុះ​លូត​លាស់​បាន​​ត្រឹម​ត្រូវ​និង​មាន​លំនឹង។ បញ្ឈប់​ការ​​កាប់​ព្រៃឈើ និង​ប្តូរ​ទម្លាប់​រស់​នៅ កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ខ្ជះ​ខ្ជាយ​ចំណី​អាហារ​ ប្រកាន់​ខ្ជាប់​ការ​ធ្វើ​កសិកម្មសរីរាង្គ កសិកម្ម​មិន​ចេះ​រីង​ស្ងួត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ